រដ្ឋាភិបាល​កម្ពុជា​គួរ​ដោះស្រាយ​បញ្ហា​ទន្លេ​មេគង្គ ដែល​ «ប៉ះពាល់​ដោយសារ​ទំនប់​វារីអគ្គិសនី​ចិន»

ក្នុង​រយៈពេល​៤​ឆ្នាំ​មកនេះ ទំនប់​វារីអគ្គិសនី​នៅ​ទន្លេមេគង្គ​ផ្នែក​ខាងលើ របស់​ប្រទេស​ចិន និង​ការ បូម​យក​រ៉ែ​ខ្សាច់ ក្នុង​ទ្រង់ទ្រាយ​ធំ​ពី​បាតទន្លេ បាន​ធ្វើឱ្យ​ទន្លេមេគង្គ​នៅ​ផ្នែក​ខាងក្រោម ទទួល​របប​ទឹក​មិន​គ្រប់គ្រាន់ ហើយ​បង្ក​ឱ្យ​ប៉ះពាល់​ដល់​បញ្ហា​បរិស្ថាន ជីវចម្រុះ ការ​ប្រកប​របរ​នេសាទ​ព្រមទាំង ការ​ធ្វើ​កសិកម្ម​ជាដើម។

ដោយសារតែ​របប​ទឹកទន្លេ​មេគង្គ នៅ​ផ្នែក​ខាងលើ មានការ​រាំង​ខ្ទប់​ដោយ​ទំនប់​វារីអគ្គិសនី​នេះ វា​ក៏​កំពុង​ជះឥទ្ធិពល​ធ្វើ​ឱ្យ​ប៉ះពាល់​មក​ដល់​បឹង​ទន្លេសាប​របស់​កម្ពុជា​ផង​ដែរ។

ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល និង​ប្រជា​នេសាទ​មួយចំនួន ដែល​រស់​នៅ​តាម​បណ្ដោយ​ដង​ទន្លេមេគង្គ ជំរុញ ឱ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​ធ្វើការងារ​ជាមួយ​នឹង​ប្រទេស​ដែល​ពាក់ព័ន្ធ ដោយ​ពិភាក្សា​គ្នា ដើម្បី​រក​ដំណោះ ស្រាយ​ដ៏​ចាំបាច់ ចំពោះ​ទំនប់​វា​រី​អគ្គិសនី​នៅ​ទន្លេមេគង្គ​ខាងលើ ដែល​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​បរិស្ថាន និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​ដង​ទន្លេមេគង្គ​ក្រោម។

ប្រជា​ពលរដ្ឋ ដែល​រស់នៅ​ភូមិ​ទន្សោង ឃុំ​សៀមបូក ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង​ម្នាក់ ក្នុង​ចំណោម ប្រជា​នេសាទ​ជាច្រើន​ទៀត លោកស្រី ខា ស្រស់ មាន​ប្រសាសន៍​ថា ចាប់​តាំងតែ​ពី​អំឡុង​ឆ្នាំ​២០១៩​មក ការ​នេសាទ ត្រី​នៅ​តាម​ទន្លេមេគង្គ​ក្រោម​របស់​គាត់ គឺ​មិន​ប្រសើរ​ដូច​កាលពីមុន​ទេ​។​លោកស្រី ខា ស្រស់ មាន​ប្រសាសន៍​ទៀត​ថា បច្ចុប្បន្ន​នេះ រូប​គាត់​មិនមែន​មាន​កង្វល់​តែ​លើ​ការ​នេសាទ​ត្រី​ប៉ុណ្ណោះ​ទេ គឺ​មាន បញ្ហា​ជាច្រើន​ទៀត ដូចជា​ទឹកទន្លេ​ឡើង​និង​ស្រក​ខុស​ប្រក្រតី​ធ្វើ​ឱ្យ​ច្រាំងទន្លេ​បាក់​ដី​ស្ទើរ​គ្រប់កន្លែង រក​ដី ដាំ​បន្លែ​ក៏​មិនបាន​។ ចំណែក​នៅ​រដូវប្រាំង​វិញ​ទឹកទន្លេ​ក៏​មាន​កើត​ស្លែ​ច្រើន ប្រសិនបើ​ចុះទៅ​ងូត​ក៏​មិនបាន ដោយ​អាច​កើត​រមាស់​និង​ជម្ងឺ​ផ្សេងៗ។

លោកស្រី ខា ស្រស់៖ «កាលពីមុន​ដូច​នៅ​តាម​កំពង់ទឹក ដាក់មង​អី​បាន​សុទ្ធតែ​ត្រី​ប៉ា​ស៊ីអ៊ី ត្រី​ប៉ាវ៉ា។​តាម​ដង​ទន្លេ​ពេល​ទឹក​ស្រក​ពី​ដើម​មក​យើង​ដាំ​ស្ពៃ ស្លឹកគ្រៃ ត្រប់​ដាំ​ម្ទេស ដូចជា​ល្ពៅ ដាំ​ទៅ​បាន​បេះ​ត្រួយ​មក​ស្ល បាន​លក់។ ឥឡូវ​ដី​វា​បាក់​គ្រប់​កន្លែង រក​កន្លែង​ដាំ​គ្មាន»។

គណៈកម្មការ​ទន្លេមេគង្គ (MRC)​ថ្នាក់​តំបន់​អាស៊ី​អាគ្នេយ៍ និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​ធនធានទឹក ឡាន​ឆាង​មេគង្គ (Lancang-Mekong)​របស់​ចិន​បាន​បង្ហាញ​ការ​រក​ឃើញ​រួមគ្នា កាល​ពីដើម​ខែតុលា កន្លង​ទៅ ថា ទំនប់​វារីអគ្គិសនី​របស់​ប្រទេស​ចិន ក៏ដូចជា​ការ​ជីក​យក​រ៉ែ​ខ្សាច់ ទ្រង់ទ្រាយ​ដ៏​ធំ​ពី​បាតទន្លេ ព្រមទាំង​ការ សង់​ទំនប់​វារីអគ្គិសនី របស់​ប្រទេស​មួយ​ចំនួន​ទៀត នៅ​ផ្នែក​ខាងលើ​ទន្លេ​មេគង្គ បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​មក​ទន្លេ​មេគង្គ​ខាងក្រោម។

ក្នុង​រយៈពេល​ពីរ​ទសវត្ស​ចុង​ក្រោយ​នេះ មានការ​ប៉ះពាល់​ជាច្រើន​នៅ​ទន្លេ​មេគង្គ​ផ្នែក​ខាងក្រោម​ដូចជា​មាន​ទឹកជំនន់ គ្រោះ​រាំងស្ងួត មិន​សមស្រប​តាម​រដូវ​កាល កម្រិត​ទឹក​ទាប​នៅ​រដូវប្រាំង ការ​ធ្លាក់​ចុះ​បរិមាណ​នៃ​ដីល្បាប់​ជីវជាតិ​តាម​ដង​ទន្លេ ការប្រែប្រួល​អាកាសធាតុ ការ​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ព្រៃឈើ ព្រៃកោងកាង វិស័យ​ជលផល ប៉ះពាល់​ដល់​វិស័យ​កសិកម្ម​និង​ការប្រើប្រាស់​ទឹក​តាម​ដង​ទន្លេ​ជាដើម។

ការ​ថយ​ចុះ​បរិមាណ​ដីល្បាប់​ជីវជាតិ​នៅ​តាម​ដង​ទន្លេមេគង្គ​ក្រោម បង្ក​ឱ្យ​មាន​ផលវិបាក​ដល់​ប្រជាជន ប្រមាណ​ជាង​៦០​លាន​នាក់ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ពឹង​ផ្អែកលើ​ទន្លេ​មេគង្គ​សម្រាប់​រក​ប្រាក់​ចំណូល ពី​កសិកម្ម​ការ​នេសាទ​និង​វារីវប្បកម្ម។

ដោយសារតែ​ឥទ្ធិពល​នៃ​ការសាងសង់​ទំនប់​វារីអគ្គិសនី របស់​ចិន​និង​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​ផ្នែក​ខាងលើ​នៃ​ទន្លេមេគង្គ​នេះ បាន​ធ្វើ​ឱ្យ​កម្ពុជា​ប៉ះពាល់​ទាំង​របប​ទឹក​កម្រិត​ទាប បរិស្ថាន​និង​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្ដោយ​ដង​ទន្លេមេគង្គ និង​ជុំវិញ​បឹង​ទន្លេសាប​ផង​ដែរ។

បើ​ទោះបីជា​យ៉ាងណា​អនុប្រធាន​អាជ្ញាធរ​ជាតិ​បឹង​ទន្លេសាប លោក ហ៊ែល តូនី បាន​បដិសេធ​សុំ​មិន​អធិប្បាយ​ជុំវិញ​រឿង​នេះ​ទេ ដោយ​លោក​ជំរុញ​ឱ្យ​សួរ​ទៅ​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម។

លោក ហ៊ែល តូនី៖ «អ្នកនាំពាក្យ​ឯកឧត្តម ច័ន្ទ យុត្ថា ព្រោះ​ខ្ញុំ​ក៏​មិនអាច​និយាយ​បាន​ដែរ ត្រូវ​មាន​អ្នកនាំពាក្យ​ទៅតាម​ប្រព័ន្ធ​រដ្ឋបាល»។

វិទ្យុ​អាស៊ីសេរី មិនអាច​សុំ​ការ​ពន្យល់ ពី​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម លោក ច័ន្ទ យុត្ថា បាន​ថា​យ៉ាងណា​នៅឡើយ ដោយសារតែ​លោក​មិន​ទទួល​ទូរស័ព្ទ។

មន្ត្រី​អង្គការ​ទន្លេ​បី លោក លាង ប៊ុនលាភ មាន​ប្រសាសន៍​ថា បើ​តាម​លោក​ដឹង គឺ​ប្រទេស​ចិន​បាន​ទប់​ទឹក ទន្លេ​មេគង្គ នៅ​ផ្នែក​ខាងលើ​សម្រាប់​ទុក​ប្រើប្រាស់​នៅ​រដូវប្រាំង​ផង និង​សម្រាប់​វារីអគ្គិសនី​ផង ព្រមទាំង​ការសាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ឡាវ​ផង ជាហេតុ​ធ្វើ​ឱ្យ​ទន្លេមេគង្គ​ផ្នែក​ខាងក្រោម​ប្រែប្រួល​ដូចជា ខ្វះ ទឹក នៅ​រដូវវស្សា ចំណែក​រដូវប្រាំង​បែរជា​មាន​ទឹក​ជន់ ដោយសារ​ការ​បង្ហូរ​ទំនប់​វារីអគ្គិសនី​ជាដើម។

លោក លាង ប៊ុនលាភ មានប្រសាសន៍​ទៀត​ថា ដោយសារតែ​ទន្លេមេគង្គ ក្រោម​ទទួល​របប​ទឹក​កម្រិត​ទាប ក្នុង​រយៈពេល​៤​ឆ្នាំ​មកនេះ វា​ធ្វើ​ឱ្យ​មាន​បញ្ហា​ជាច្រើន ដូចជា​ប៉ះពាល់​ដល់​ជីវចម្រុះ បាត់បង់​ដីល្បាប់ មាន​ជី ជាតិ ដែល​ធ្លាប់តែ​ហូរ​ចាក់​តាម​មាត់ទន្លេ​ព្រមទាំង​បាត់​ទឹកធំ​សម្រាប់​ការ​ធំធាត់​របស់​ព្រៃ​លិច​ទឹក និង​ធ្វើ​ឱ្យ​មច្ឆា​ជាតិ ដែល​ធ្លាប់តែ​ពង កូន​តាម​ព្រៃ​លិច​ទឹក ត្រូវ​បាត់បង់​ជម្រក​និង​ការ​បន្ត​ពូជ​ជាដើម​។​

លោក លាង ប៊ុនលាភ៖ «កាលណា​បាត់​ដីល្បាប់ បាត់​ត្រី​ឆ្លងកាត់​អីចឹង​ទៅ​ទន្លេ​លែង​ជា​ទន្លេ​ធម្មជាតិ​ស្រដៀង​ទៅជា​បឹង​ដោយសារ​វា​ដាច់​មួយ​កង់ៗ​។​វា​ធ្វើ​ឱ្យ​ទឹក​ក៏​មិន​មាន​គុណភាព​ល្អ​ប្រសើរ​ហើយ​បម្រែបម្រួល​ទឹក​ក៏​ឡើង​ចុះ​មិន​ទៀងទាត់ ជីវចម្រុះ​ក៏​បាត់បង់។ រឿង​នេះ​ជា​រឿង​សំខាន់ សុំ​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ពី​រឿង​ធ្វើ​ម៉េច​ឱ្យ​ទន្លេ​របស់​យើង​ស្ថិត​នៅ​ជា​ទន្លេ​ធម្មជាតិ»។

ចំណែក​នាយក​អង្គការ​អឹម វី អាយ (Mvi) បណ្ឌិត លន់ ពេជ្រដារ៉ា មានប្រសាសន៍​ប្រហាក់ប្រហែល គ្នា​និង​មន្ត្រី​អង្គការ​ទន្លេ​បី​ដែរ​ថា ការប្រែប្រួល​របប​ទឹកទន្លេ​មេគង្គ​ក្រោម បាន​ធ្វើ​ឱ្យ​មានការ​ប្រែប្រួល ដល់​បរិស្ថាន​ទឹក ការ​បាក់​ដី​ច្រាំងទន្លេ ប៉ះពាល់​ដល់​ការ​នេសាទ​ត្រី ព្រមទាំង​វិស័យ​កសិកម្ម ដែល​ប្រជាពលរដ្ឋ ធ្លាប់​ដាំ​ដុះ ចិញ្ចឹមជីវិត​នៅ​តាម​មាត់ទន្លេ​មេគង្គ​ផង។

លោក​បណ្ឌិត លន់ ពេជ្រដារ៉ា បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​សិក្សា និង​មាន​ដំណោះស្រាយ​ទៅ​លើ​បញ្ហា​ទាំងនេះ។

បណ្ឌិត លន់ ពេជ្រដារ៉ា៖ «គណៈកម្មាធិការ​ទន្លេ​មេគង្គ បាន​ទទួល​ស្គាល់​ថា របប​ទឹកទន្លេ​មេគង្គ មានការ​ផ្លាស់ប្ដូរ ឡើង​ចុះ​មិន​ទៀងទាត់។ ទី​២​ការ​កករ​ឡើង​ដីល្បាប់​ក៏​ច្រើន ហើយ​និង​ភាព​រាំងស្ងួត​បើសិន​ជា​មាន​ទឹកជំនន់​ក៏​ខ្លាំង​ដោយសារ​ការ​បញ្ចេញ​ទឹក​ពី​ទំនប់​ខាងលើ​មក​មិន​ទៀងទាត់។ ហ្នឹង​ប្រហែលជា​ទាមទារ​ឱ្យ​មាន​ការសិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់លាស់»។

អគ្គលេខាធិការ​ទន្លេ​កម្ពុជា របស់​វេទិកា​នៃ​អង្គការក្រៅរដ្ឋាភិបាល​ស្ដីពី​កម្ពុជា ហៅ​កាត់​ថា NGO Forum លោក ម៉ក់ ប៊ុនធឿន មានប្រសាសន៍​ថា អង្គការ​របស់​លោក​និង​អង្គការ​ដៃគូ ជាច្រើន​ទៀត​ធ្លាប់​បាន​ចូលរួម​ផ្ដល់​យោបល់​ជាមួយ​ស្ថាប័ន​នានា​ជាពិសេស​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ឱ្យ​យក​បញ្ហា​ដែល​ប៉ះពាល់​ជាច្រើន ដោយសារតែ​ទំនប់​វារីអគ្គិសនី នៅ​ទន្លេមេគង្គ​ផ្នែក​ខាងលើ ដើម្បី​ជជែក​ជាមួយ​ប្រទេស​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​រក​ដំណោះស្រាយ។

លោក ម៉ក់ ប៊ុនធឿន៖ «សហគមន៍​ដែល​គាត់​រស់​តាម​ដង​ទន្លេមេគង្គ​ហ្នឹង គឺជា​សហគមន៍​ដែល​ងាយ​ទទួលរង​ផល​ប៉ះពាល់​ជាងគេ ពី​ខេត្ត​ស្ទឹងត្រែង​មក​ខេត្ត​ក្រចេះ កំពង់ចាម​និង​បណ្ដា​ខេត្ត​ដែល​នៅ​ជុំវិញ​បឹង​ទន្លេសាប ដោយសារ​ទឹក​ពី​ទន្លេមេគង្គ​លើ​មក​ហូរ​ចូល​ទន្លេសាប។ ស្រុក​ខ្មែរ​យើង​កសិកម្ម​ពឹងផ្អែក​ទៅលើ​ទឹក​ភ្លៀងហើយ​ទន្លេមេគង្គ​ក៏​ទទួលរង​ឥទ្ធិពល​អំពី​ទឹកភ្លៀង​ដែរ»។

វេទិកា​គណៈកម្មាធិការ​ទន្លេ​មេគង្គ (MRC)​ថ្នាក់​តំបន់​អាស៊ី​អាគ្នេយ៍ និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​ធនធានទឹក ឡាន​ឆាង​មេគង្គ (Lancang-Mekong) លើក​ទី​១៣ ដែល​បាន​ធ្វើឡើង​នៅ​ហ្លួងព្រះបាង​ប្រទេស​ឡាវ កាលពីដើម​ខែតុលា ក៏បាន​រក​ឃើញ​ថា ទំនប់​វារីអគ្គិសនី ណាំអ៊ូ (Nam Ou) ចុងក្រោយបង្អស់​និង​ទំនប់​វារីអគ្គិសនី​ចំនួន​ប្រាំពីរ ទៀត​នៅក្នុង​ប្រទេស​ឡាវ ដែល​ផ្តល់​ហិរញ្ញប្បទាន និង​សាងសង់​ដោយ​សាជីវកម្ម សំណង់​ថាមពល​របស់​រដ្ឋាភិបាល​ចិន បាន​លេចចេញ​ជា​រូបរាង​កាលពី​ឆ្នាំ​២០២០។ ទំនប់​ទាំងនេះ​ត្រូវ​បាន​សាងសង់​ដោយ​គ្មាន​វិធានការ​កាត់បន្ថយ និង​បញ្ចៀស​ការ​ប៉ះពាល់​កំរិត​ទឹក បរិស្ថាន​និង​ដីល្បាប់​នៃ​ទន្លេ​មេគង្គ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។