អភិបាលខេត្តព្រះសីហនុ បានអះអាងថា អាជ្ញាធរកំពុងស្ថាបនាលូបង្ហូរទឹកស្អុយមួយចំនួន នៅតាមមាត់សមុទ្រ ដើម្បីបង្ហូរទឹកស្អុយ ចូលទៅអាងច្រោះទឹកស្អាត មុននឹងបង្ហូរចូលទៅក្នុងលំហសមុទ្រ។
ការអះអាងនេះ កើតឡើងក្រោយពេលមានការរិះគន់ពីសំណាក់មន្ត្រីសង្គមស៊ីវិល ភ្ញៀវទេសចរ និងក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (FaceBook) មួយចំនួន បានចោទថ្នាក់ដឹកនាំខេត្តទេសចរណ៍មួយនេះ និងមន្ទីរពាក់ព័ន្ធថា គ្មានសមត្ថភាពទប់ស្កាត់សកម្មភាពបង្ហូរកាកសំណល់ និងទឹកស្អុយចូលទឹកសមុទ្ររួចមក។
អភិបាលខេត្តព្រះសីហនុ លោក ឈិត សុខុន មានប្រសាសន៍ថា នឹងមិនមានការបង្ហូរកាកសំណល់សំរាម ឬទឹកស្អុយចូលសមុទ្រ នាតំបន់ឆ្នេរអូរឈើទាលដូចពេលមុនទៀតទេ ព្រោះអាជ្ញាធរកំពុងស្ដារ និងដាក់លូដើម្បីរំដោះទឹកស្អុយ ដែលម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ឬប្រជាពលរដ្ឋ បង្ហូរចូលទៅក្នុងសមុទ្រ ដោយមិនបានឆ្លងការអាងច្រោះទឹកស្អាតត្រឹមត្រូវ។
លោក ឈិត សុខុន ក៏បានព្រមានផាកពិន័យ ទៅលើប្រជាពលរដ្ឋ ឬប្រតិបត្តិករទេសចរទាំងឡាយណា ដែលទុកដាក់កាកសំណល់រឹងរាវ គ្មានសណ្ដាប់ធ្នាប់ នៅតាមទីសាធារណៈ ក្នុងពេលឆាបៗនេះ។
បន្ថែមលើនេះ លោក ឈិត សុខុន បានអំពាវនាវ ដល់ភ្ញៀវទេសចរ ដែលចូលមកកម្សាន្តខេត្តព្រះសីហនុ ត្រូវសហការថែរក្សា ឬវេចខ្ចប់កាកសំណល់បន្សល់ទុក ពីអាហារហូបចុករៀងៗខ្លួន ដើម្បីរួមចំណែកសំអាតអនាម័យឆ្នេរ ឲ្យមានសោភណភាពល្អ៖ «ឥឡូវនេះខ្ញុំបានដាក់ម៉ូទ័រ និងទុយយោបូមទឹកស្អុយ បញ្ជូនទៅក្នុងអាងច្រោះទឹកស្អាតបានចំនួន ៩០ម៉ែត្រគីបរួចហើយៗរង់ចាំមើលថា តើលូធ្លាប់បង្ហូរចូលទៅសមុទ្រនោះស្ងួតឬបែបណា ? ទើបអាជ្ញាធរ មានវិធានការបន្តទៀត លើបញ្ហាកាកសំណល់រឹងរាវហូរចូលសមុទ្រនាឆ្នេរអូរឈើទាល ដោយមិនបានឆ្លងកាត់អាងច្រោះទឹកស្អាតឲ្យបានត្រឹមត្រូវជាមុននេះ។ បញ្ហាការបង្ហូរទឹកស្អុយចូលសមុទ្រ នាខេត្តព្រះសីហនុ គឺអាជ្ញាធរខេត្តបានចាត់វិធានការរួចហើយ»។
អភិបាលខេត្តព្រះសីហនុ បន្តថា ដើម្បីរក្សាសោភណភាព និងអនាម័យ ឲ្យបានប្រសើរនាថ្ងៃខាងមុខ អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ ក៏បានស្ថាបនាលូជាច្រើនខ្សែទៀត នៅទល់មុខកំពង់ផែអន្តរជាតិ និងតាមឆ្នេរ ទល់មុខសាលាខេត្តជាដើម ដើម្បីរំដោះទឹកស្អុយ ចូលទៅអាងស្តុកច្រោះទឹកស្អាត មុននឹងបង្ហូរចូលសមុទ្រ។
ត្រង់ចំណុចនេះ លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ឬហៅស៊ីអ៊ិនរ៉ូ សាខាខេត្តព្រះសីហនុ បានស្នើដល់ អាជ្ញាធរខេត្ត ឬមន្ទីរពាក់ព័ន្ធ គួរស្ថាបនាលូបង្ហូរទឹកស្អុយ ដើម្បីបង្ហូរទឹកស្អុយ ចូលទៅអាងច្រោះទឹកស្អាតឲ្យបានច្រើនជាងពេលបច្ចុប្បន្ន។
មន្ត្រីសង្គមស៊ីវិលរូបនេះ បានគាំទ្រផែនការ ផាកពិន័យធ្ងន់ធ្ងរ ទៅលើប្រតិបត្តិករទេសចរ ឬប្រជាពលរដ្ឋ ដែលបោះចោលសំរាមរឹងរាវ គ្មានរបៀបរៀបរយ នៅតាមទីសាធារណៈ ដែលអាចនាំឲ្យជះឥទ្ធិពលដល់វិស័យទេសចរណ៍។
លោក សុខ សុខុម បន្តថា ភាពគ្មានអនាម័យ នៅតាមឆ្នេរនានា អាចនាំឲ្យប៉ះពាល់ដល់កំណើនភ្ញៀវទេសចរ ចូលមកទស្សនាខេត្តព្រះសីហនុ នាបណ្ដាឆ្នាំខាងមុខ បើអាជ្ញាធរមិនបានគិតគូរសំអាតបរិស្ថានឆ្នេរ ឲ្យមានសោភណភាពល្អនោះ៖ «អាជ្ញាធរខេត្តព្រះសីហនុ គួរតែសម្របសម្រួលឲ្យឆ្នេរនានា នៅក្នុងខេត្តនេះ ឲ្យមានលក្ខណៈធំទូលាយ និងមានសោភណភាពអនាម័យ ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរជាតិអន្តរជាតិ ឲ្យចូលមកទស្សនាខេត្តព្រះសីហនុបានកាន់តែច្រើន និងឲ្យសាកសមជាទីក្រុងទេសចរណ៍ ហើយមានឆ្នេរស្រស់ស្អាតបំផុតនៅលើពិភពលោក»។
ទាក់ទិនបញ្ហានេះ លោក នូ សុផល ប្រធានមន្ត្រីទេសចរណ៍ ខេត្តព្រះសីហនុ ឲ្យដឹងដែរថា បច្ចុប្បន្ននេះ ទាំងភ្ញៀវទេសចរ និងប្រតិបត្តិករទេសចរ នៅមិនទាន់ចូលរួមសហការ ទៅតាមការណែនាំ របស់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ឬអាជ្ញាធរខេត្ត ក្នុងការថែរក្សាអនាម័យឆ្នេរ ឲ្យបាន១រយភាគរយទេ។
លោកថា បញ្ហានេះទាំងភ្ញៀវទេសចរ និងប្រតិបត្តិករទេសចរភាគច្រើន បានគិតពីប្រយោជន៍ ឬការចំណេញលើមុខរបររៀងៗខ្លួន ដោយមិនបានគិតជួយថែរក្សាបរិស្ថាន ដើម្បីរួចចំណែកទាក់ទាញកំណើនភ្ញៀវទេសចរ ឲ្យចូលមកទស្សនាខេត្តនេះនាថ្ងៃអនាគតនោះទេ៖ «មិនថាប្រតិបត្តិករទេសចរ ឬក៏ភ្ញៀវទេសចរទេ គឺសូមឲ្យបងប្អូនសូមមានការភ្ញាក់រលឹក និងយល់ដឹង ហើយរួមគ្នាថែរក្សាសំអាតអនាម័យ ឬសំណល់រឹងរាវ នៅតាមឆ្នេរខេត្តព្រះសីហនុជាប្រចាំ។ ជាពិសេសសំណល់សំរាម ដែលទុកចោលនៅមុខផ្ទះរៀងៗខ្លួន គឺធ្វើយ៉ាងណារក្សាបរិស្ថានឲ្យបានល្អ»។
ទាក់ទិនបញ្ហានេះ ប្រជាពលរដ្ឋ និងប្រតិបត្តិករទេសចរ ថ្លែងថា ពួកគេរង់ចាំសហការសំអាតអនាម័យនៅក្នុងមូលដ្ឋាន ខេត្តព្រះសីហនុ ជារហូតជាមួយអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ។ ប៉ុន្តែភារៈស្ថាបនាលូបង្ហូរទឹកស្អុយ ដើម្បីរំដោះទឹកស្អុយចូលទៅក្នុងអាងច្រោះទឹកស្អាត មុនបង្ហូរចូលសមុទ្រ គឺជាភារៈកិច្ច ឬជាការទទួលខុសត្រូវ របស់អាជ្ញាធរពាក់ព័ន្ធខេត្តព្រះសីហនុ ហើយពួកគេរង់ចាំសហការរក្សាបរិស្ថាននេះជាប់ជានិច្ច។
ទោះជាបែបនេះក្ដី លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ បានព្រមានថា អាជ្ញាធរខេត្ត បានសុំគោលការទៅស្ថាប័នពាក់ព័ន្ធ ដើម្បីឈានដល់ផាកពិន័យអ្នកបោះចោលកាកសំណល់រឹងរាវ គ្មានអនាម័យ ឲ្យបានធ្ងន់ធ្ងរ នាថ្ងៃអនាគត បើសិននៅបន្តចោលសំរាមអនាធិបតេយ្យ ឬបន្តបង្ហូរទឹកស្អុយ ចេញពីទីតាំងធ្វើអាជីវកម្មរបស់ខ្លួន ចូលទៅក្នុងសមុទ្រ ដោយមិនឆ្លងកាត់អាងច្រោះទឹកស្អាតជាមុននោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។