ក្រុមយុវជន និងនិស្សិតរកឃើញសកម្មភាពកាប់ទន្ទ្រានដីព្រៃទ្រង់ទ្រាយធំ ក្នុងខេត្តកំពង់ធំ ដែលពួកគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងអ្នកមានលុយមានអំណាច។ ការលើកឡើងនេះ ក្រោយពីពួកគេបានចុះស្រាវជ្រាវ និងសិក្សាពីស្ថានភាពគម្របព្រៃបម្រុងទុកជាប់ដែនជម្រកសត្វព្រៃឡង់ ក្នុងខេត្តកំពង់ធំ កាលពីចុងសប្ដាហ៍មុន។
ក្រុមយុវជន និងនិស្សិតសោកស្ដាយ នៅគ្រាដែលប្រទះឃើញសកម្មភាពឈូសឆាយ និងកាប់ផ្តួលដើមឈើទាំងតូចធំ ដើម្បីយកដីធ្វើជាសម្បត្តិបុគ្គលកំពុងកើតមានបែបអនាធិបតេយ្យឋិតនៅជាប់ដែនជម្រកសត្វព្រៃឡង់ក្នុងឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ពួកគេមើលឃើញថា អាជ្ញាធរមានសមត្ថកិច្ចខេត្តនេះហាក់មិនខ្វល់ខ្វាយក្នុងការទប់ស្កាត់បទល្មើសព្រៃឈើនោះទេ។
និស្សិតដែលចុះស្រាវជ្រាវរឿងនេះមកពីរាជធានីភ្នំពេញ កញ្ញា ស៊្រន់ ស្រីល័ក្ខ ឱ្យដឹងនៅថ្ងៃទី១ កុម្ភៈថា គ្រាន់តែផ្លូវមួយច្រក ដែលក្រុមយុវជនធ្វើដំណើរប្រទះឃើញដីព្រៃរាប់សិបហិកតារ ត្រូវគេឈូសឆាយ និងកាប់ឆ្ការ ដើម្បីយកដីធ្វើជាកម្មសិទ្ធិឯកជន។ លើសពីនេះ កញ្ញាបារម្ភថា ការឈូសឆាយ និងកាប់ឆ្ការព្រៃនឹងកាន់តែរីកធំឡើង បើអាជ្ញាធរព្រងើយកន្តើយក្នុងការទប់ស្កាត់។ កញ្ញាខកចិត្តការដែលពុំបានចូលព្រៃឡង់ដោយសារមន្ត្រីបរិស្ថានមិនអនុញ្ញាត ហើយពួកគេបានបោះតង់ស្នាក់នៅមួយយប់ ក្នុងព្រៃសហគមន៍អូរដាស់ស្គរ៖ «ការដើរទៅមើលព្រៃឈើនៅទីនោះគឺ ពិតជាឃើញទិដ្ឋភាពកាប់ដើមឈើ និងកាប់ព្រៃឈើជាច្រើនពិតមែន ហើយមានទាំងស្នាមចាស់ និងស្នាមថ្មីជាច្រើនក្នុងព្រៃហ្នឹងបង ហើយមានកន្លែងមួយទៀត គឺគេហៅថា គម្របជាយព្រៃឡង់ គឺឃើញការកាប់បំផ្លាញច្រើនដែរ មើលទៅដាច់កន្ទុយភ្នែកហ្មង »។
កាលពីចុងខែកុម្ភៈកន្លងទៅ និស្សិតព្រះសង្ឃ និងប្រជាសហគមន៍ជាង ៥០នាក់ បានចុះល្បាតព្រៃនៅចំណុចអូរចន្លង់តៃ និងអូរដាស់ស្គរជាប់ព្រៃឡង់ប្រទះឃើញគម្របព្រៃបម្រុងទុកជាង ១០០ហិកតារ ត្រូវគេឈូសឆាយ និងកាប់ទន្ទ្រាន ដើម្បីយកដីធ្វើជាកម្មសិទ្ធិ និងមានផ្នែកខ្លះ ដីព្រៃជាង ១០ហិកតារ ត្រូវគេកាប់រុករានថ្មីៗ នេះ។ ដំណើរបេសកកម្មនេះ ក្រុមយុវជនមានទិសដៅប្រមូលភស្តុតាង និងសិក្សាពីស្ថានភាពព្រៃឈើ ដើម្បីចងក្រងជាឯកសារស្រាវជ្រាវ។
ប្រធានសហគមន៍ការពារព្រៃឈើអូរដាស់ស្គរ គឺលោក មិន សុខលាត ប្រាប់អាស៊ីសេរីថា ដីគម្របព្រៃបម្រុងទុកជាប់ព្រៃឡង់ក្នុងឃុំមានរិទ្ធិ ពិតជាទទួលរងការកាប់ទន្ទ្រានអស់ជាង ១០០ហិកតារ ហើយប្រជាសហគមន៍កំពុងស៊ើបអង្កេតរកមុខជនល្មើស និងអ្នកនៅពីក្រោយខ្នង។ លោកថា សកម្មភាពឈូសឆាយនេះ ធ្វើឱ្យព្រៃមួយផ្នែកធំក្លាយជាវាលរហោឋានគ្រប់គ្រងជាកម្មសិទ្ធិឯកជន៖ «ប្រសាសន៍របស់ប្រជាជននៅជាប់ព្រៃហ្នឹងនៅអែបហ្នឹង គេបានបង្ហើបប្រាប់ខ្ញុំថា ប្រហែលជាមានបុគ្គលមានអំណាចមួយចំនួនតូច ដែលឃុបឃិតគ្នា ក្នុងការកាប់រុករានដីព្រៃ »។
អាស៊ីសេរីមិនទាន់សុំការឆ្លើយតបរឿងនេះពីអភិបាលខេត្តកំពង់ធំ លោក សុខ លូ បាននៅឡើយទេ នៅថ្ងៃទី១ មីនា ព្រោះទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកលើក។
ចំណែកមេឃុំមានរិទ្ធិ លោក សាំង យិន វិញ លោកទទួលស្គាល់ថា ពិតជាមានសកម្មភាពកាប់ទន្ទ្រានដីព្រៃមែន ក៏ប៉ុន្តែទង្វើនេះ ប្រព្រឹត្តឡើងដោយពលរដ្ឋក្រីក្រ ខ្វះខាតដីធ្វើកសិកម្មពុំជាប់ពាក់ព័ន្ធនឹងបុគ្គលមានអំណាចទេ។ លោកបញ្ជាក់ថា ពលរដ្ឋមូលដ្ឋានប្រមាណ ៤០គ្រួសារ បានទៅកាប់ទន្ទ្រានដីព្រៃនៅទីនោះ ៦ឆ្នាំមកហើយ ដើម្បីយកដីធ្វើចម្ការចិញ្ចឹមជីវិត៖ «គាត់ខ្វះខាត លួចលក់ហ្នឹងណា ប៉ុន្តែវាតិចតួច វាច្រើនគ្រួសារគាត់សុំមួយរស់ ៣០ ទៅ ៤០គ្រួសារតិចតួចម្នាក់ ១ហិកតារ និងកន្លះហិកតារ »។
សកម្មជនការពារព្រៃឈើលោក ហេង ស្រស់ ដែលចុះអង្កេតរឿងនេះ អំពាវនាវឱ្យអាជ្ញាធរត្រូវស៊ើបអង្កេតរកជនល្មើស និងអ្នកពាក់ព័ន្ធមកអនុវត្តច្បាប់។ លោកថា ក្រុមឈ្មួញកំពុងត្រៀមឈូសឆាយដីព្រៃជាច្រើនហិកតារទៀត នៅតំបន់នោះ ប្រសិនបើអាជ្ញាធរមិនទប់ស្កាត់ឱ្យទាន់ពេលទេ ដីគម្របព្រៃបម្រុងទុកមួយផ្នែកធំនឹងវិនាសហិនហោចនៅពេលដ៏ខ្លីខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។