មន្ត្រី​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង​ថា ករណី​ឃាត់ខ្លួន​ពលរដ្ឋ​ពីរ​នាក់​កាប់​រាន​ព្រៃឡង់ តម្រូវ​ឱ្យ​បង់ប្រាក់ ៤​ពាន់​ដុល្លារ ជា​ការ​អនុវត្ត​ច្បាប់

0:00 / 0:00

ប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់​ខេត្តស្ទឹងត្រែង​បាន​ចេញ​លិខិត​បំភ្លឺ​មួយ​ថ្លែង​ការពារ​ថា មន្ត្រីបរិស្ថាន​ដែល​ឃាត់ខ្លួន​ពលរដ្ឋ​ពីរ​នាក់ ករណី​កាប់​រាន​ព្រៃ​ឡង់​ខុសច្បាប់​ ហើយ​តម្រូវ​ឱ្យ​បង់​ប្រាក់​ សរុប​ជិត ៤.០០០ដុល្លារ គឺ​ជា​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​តំបន់​ការពារ​ធម្មជាតិ ដើម្បី​យក​ថវិកា​ចូល​រដ្ឋ។

ប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង​ថ្មីៗនេះ បាន​សរសេរ​លិខិត​បំភ្លឺ​ថ្លែង​ការពារ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង លោក​ស្រេង ជាហេង ដែល​រង​ការ​ចោទ​ថា ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ជំរិត​ទារ​លុយ​ពី​ពលរដ្ឋ ២នាក់ ដែល​លួច​កាប់​ទន្ទ្រាន​ព្រៃ​ឡង់​ចំនួន ៤ពាន់​ដុល្លារ ដោយ​ក្នុង​ម្នាក់ៗ ត្រូវ​បង់ ២ពាន់​ដុល្លារ​ដុល្លារ (២.០០០) ជា​ថ្នូរ​ដោះ​លែង​ឱ្យ​រួច​ខ្លួន​វិញ។

ប្រធាន​ដែន​ជម្រក​ជម្រក​សត្វ​ព្រៃឡង់ ខេត្តស្ទឹងត្រែង លោក ទូច វិចិត្រ បាន​សរសេរ​លិខិត​បំភ្លឺ កាល​ពី​ថ្ងៃ​ទី១៨ កញ្ញា​ឱ្យ​ដឹង​ថា ជន​សង្ស័យ ២នាក់​ឈ្មោះ វែន វុទ្ធី វ័យ ៥៣ឆ្នាំ និង​ឈ្មោះ វ៉ន ថា វ័យ ៤២ឆ្នាំ មន្ត្រី​ជំនាញ បាន​ពិន័យ​អន្តរការណ៍ ដើម្បី​យក​ថវិកា​ចូល​រដ្ឋ ផ្អែក​តាម​មាត្រា ៥៩ នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ និង​អប់រំ​ណែនាំ​ធ្វើ​កិច្ច​សន្យា។

លោក​បញ្ជាក់​ថា ការ​បង្គាប់​ឱ្យ​បង់​ប្រាក់​ពិន័យ​បែប​នេះ ក្រោយ​ពី​មន្ត្រី​បរិស្ថាន​រក​ឃើញ​ថា ជន​សង្ស័យ​ទាំង​នេះ បាន​កាប់​ទន្ទ្រាន​ព្រៃឡង់ នៅ​ចំណុច​អូរម្រះ ក្នុង​ភូមិ​អន្លង់ភេ ឃុំអន្លង់ភេ ស្រុក​ថា​ឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង រួច​ក៏​ដោះលែង​ពួក​គាត់​វិញ។

លិខិត​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន មាន​បង្កាន់​ដៃ​បង់​ប្រាក់ ពិន័យ​តែ​ឈ្មោះ វ៉ន ថា ម្នាក់​ប៉ុណ្ណោះ គឺ​បង្គាប់​ឱ្យ​វិន័យ​ជា​ប្រាក់​រៀល​ចំនួន ជិត ៨លាន​រៀល (៧.៩៧០.០០០) ឬ​ស្មើ​ជិត ២ពាន់​ដុល្លារ​អាមេរិក។

ប្រការ​នេះ គឺ​ផ្ទុយ​ពី​កំណត់​ហេតុ របស់​ប្រធាន​ដែន​ជម្រក​សត្វ​ព្រៃឡង់ លោក ទូច វិចិត្រ ដែល​សរសេរ​ថា ជន​សង្ស័យ​ទាំង​ពីរ​នាក់​នេះ ត្រូវ​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ ជិត ៨លាន​រៀល​សរុប​ជិត ៤ពាន់​ដុល្លារ ស្រប​តាម​មាត្រា ៥៩ ចំណុច ១ នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ ដោយ​អប់រំ​ណែនាំ និង​ប្រគល់​ដី​ដែល​កាប់​រាន​ជូន​រដ្ឋ​វិញ។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ​បន្ថែម ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៥ មិថុនា។

សកម្មជន​ការពារ​បរិស្ថាន លោក អ៊ុក ម៉ៅ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៥ កញ្ញា​ថា តំបន់​ព្រៃឡង់ ដែល​មន្ត្រី​បរិស្ថាន​អនុវត្ត​ច្បាប់ ក្នុង​សំណុំរឿង​នេះ គឺ​ជា​កន្លែង​ដែល​លោក ស្រេង ជាហេង ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង ប្រើ​ល្បិច​ចោទ​ប្រកាន់​លោក ប្ដឹង​លោក​ទៅ​តុលាការ ដោយ​គ្មាន​មូលដ្ឋាន។

អ្នកការពារ​ព្រៃឡង់​រូប​នេះ ចាត់​ទុក​ពាក្យ​បណ្ដឹង​នេះ ជា​ល្បិច​មួល​បង្កាច់ ដើម្បី​គំរាមកំហែង​លោក ​ ព្រោះ​មន្ត្រី​បរិស្ថាន មិន​សប្បាយ​ចិត្តនឹង​សកម្មភាព​របស់​ប្រជា​សហគមន៍ ដែល​តែងតែ​រិះគន់​អាជ្ញាធរ​មិន​អនុវត្ត​ច្បាប់​ព្រៃឈើ និង​បណ្ដែតបណ្ដោយ​ឱ្យ​កើត​មាន​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

លោក អ៊ុក ម៉ៅ៖ «បំភាន់​ដើម្បី​លុបលាង​កំហុស​ខ្លួនឯង។ បំភាន់​ភ្នែក​មតិ​មហាជន ពី​ដំបូង​គាត់​ថា បដិសេធ​យក​លុយ ៤ពាន់​ដុល្លារ។ ដល់​ពេល​ចុង​ក្រោយ​មក គាត់​ថា ពិន័យ​អន្តរការណ៍​ចូល​រដ្ឋ។ ដី​ទីតាំង​ហ្នឹង ប្ដឹង​ឈ្មោះ​ខ្ញុំ ហើយ​តុលាការ​ឱ្យ​ស៊ើប​អង្កេត ដល់​ពេល​ស៊ើប​ទៅ​ចាប់​អ្នក​ផ្សេង​យក​លុយ​លែង ដល់​ឈ្មោះ​ខ្ញុំ​នៅ​តុលាការ​ដដែល ដែល​ខ្ញុំ​អត់​ដឹង​អី​សោះ»។

ជុំវិញ​រឿង​នេះ មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន នៃ​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់​ថា ប្រសិន​បើ​ការ​បង់​ប្រាក់​ពិន័យ​មិន​ត្រឹមត្រូវ​តាម​អ្វី​ដែល​ ពលរដ្ឋ​បាន​បង់ គឺ​ជា​ការ​កេងប្រវ័ញ្ច​ថវិកា​រដ្ឋ​ខុសច្បាប់៖

លោក ប៉ែន បុណ្ណារ៍៖ «វា​បាត់​ពាក់​កណ្ដាល វា​មិន​ត្រឹមត្រូវ​តាម​អ្វី ដែល​ពលរដ្ឋ​បង់​ពិន័យ​អន្តរការណ៍​វា​ជា​កេង​ប្រវ័ញ្ច​ថវិកា​ជាតិ ព្រោះ​ការ​ផាក​ការ​ពិន័យ ត្រូវ​ចូល​ថវិកា​ជាតិ វា​ជា​ល្មើស​ព្រហ្ម​ទណ្ឌ។ មន្ត្រី​នគរបាល​យុត្តិធម៌ ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ បើ​សិន​ជា​ខ្លួន​ហ៊ាន​កេង​ប្រវ័ញ្ច​ការ​ផាក​ពិន័យ​អន្តរការណ៍​ហ្នឹង»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា បណ្ដឹង​ចោទ​ប្រកាន់​លើ​សកម្មជន​ព្រៃឡង់​រូប​នេះ ជា​ការ​ធ្វេស​ប្រហែស​របស់​មន្ត្រី​នគរបាល​យុត្តិធម៌ ដែល​កសាង​សំណុំ​រឿង​មិន​ត្រឹមត្រូវ។ លោក​បញ្ជាក់​ថា លោក​នឹង​ប្ដឹង​បរិហារ​លើ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង និង​មន្ត្រី​មួយ​ចំនួន​ទៀត ដែល​ធ្វើ​ឯកសារ​មិន​ត្រឹមត្រូវ ក្នុង​សំណុំ​រឿង​កាប់​ទន្ទ្រាន​ព្រៃ​ឡង់ និង​សំណុំ​រឿង​បណ្ដែត​បណ្ដោយ​ឱ្យ​កើតមាន​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន៕

កំ ណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។