តុលាការខេត្តស្ទឹងត្រែងនៅល្ងាចថ្ងៃទី ២៦ ខែមិថុនា បានសម្រេចបញ្ជូនប្រធានសហគមន៍ការពារព្រៃឈើលោក ម៉ឹង រដ្ឋា ទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តស្ទឹងត្រែង ពាក់ព័ន្ធនឹងសំណុំរឿង បទល្មើសព្រៃឈើ ផ្អែកតាមបណ្តឹងរបស់មន្ត្រីបរិស្ថាន។
ការឃុំខ្លួននេះធ្វើឡើង ក្រោយពីសកម្មជនការពារព្រៃឈើរូបនេះ ជំទាស់នឹងឈ្មួញម្នាក់ត្រូវរ៉ូវជាមួយអាជ្ញាធរ រំលោភបំពានដីព្រៃសហគមន៍ភ្នំជម្រកសត្វទំហំជាង ៣ពាន់ហិកតារ (៣.០៦៤)ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ជុំវិញរឿងនេះមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តស្ទឹងត្រែង លោក ចឹក ចិត្រា ដែលឃ្លាំមើលសំណុំរឿងនេះ យល់ថា ចំណាត់ការរបស់តុលាការធ្វើឡើង ហាក់មានអ្វីនៅពីក្រោយ ខណៈដែលអ្នកការពារព្រៃឈើរូបនេះ កំពុងមានទំនាស់ជាមួយ ក្រុមហ៊ុនឯកជនដែលឈូសឆាយដីព្រៃសហគមន៍ភ្នំជម្រកសត្វទ្រង់ទ្រាយធំ។
លោកបន្ថែមថា សមាគមអាដហុកនឹងពិភាក្សាក្នុងការស្វែងរកមេធាវី ការពារក្តីឱ្យសកម្មជនការពារព្រៃឈើរូបនេះ។
លោក ចឹក ចិត្រា៖«យើងជាសង្គមស៊ីវិលទទូចឱ្យតុលាការ សិក្សាស្រាវជ្រាវបន្ថែម ជាជាងមានចំណាត់ការ ការដាក់ទោសទណ្ឌ លើសហគមន៍តាមមូលដ្ឋាន ព្រោះរឿងនេះគំរាមកំហែងលើអ្នកការពារដីធ្លី និងដីសហគមន៍»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺបន្ថែម ពីតំណាងអយ្យការអមសាលាដំបូង ខេត្តស្ទឹងត្រែង លោក ជា សុភ័ក្ក្រ បាននៅឡើយទេនៅថ្ងៃទី ២៥ មិថុនា ដោយទូរស័ព្ទហៅចូលតែគ្មានអ្នកលើក។
ប្រធានសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ លោក ម៉ឹង រដ្ឋា ដែលតុលាការបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តស្ទឹងត្រែង តែងតែចេញមុខតវ៉ាមិនពេញចិត្តនឹងទង្វើរបស់អាជ្ញាធរខេត្តនេះ ដែលអនុញ្ញាតឱ្យឈ្មួញមានឥទ្ធិពលម្នាក់ គឺអ្នកស្រី កែកុល សោភា ម្ចាស់ក្រុមហ៊ុន លឹម វត្តី ឈូសឆាយដីព្រៃអភិរក្ស ទំហំជាង ៣ ពាន់ហិកតារ (៣០៦៤) ប៉ះចំដីព្រៃសហគមន៍ដែនជម្រកសត្វ ប៉ះពាល់ប្រភពចំណូលសហគមន៍ និង ព្រៃឈើបន្សល់ចុងក្រោយទាក់ទាញភ្ញៀវទេសចរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។