ជនជាតិ​ដើម​ភាគតិច​ព្នង​ខេត្តមណ្ឌលគិរី​សោកស្តាយ​ភ្នំ​អារក្ស​ជាង​១០​កន្លែង​រង​ការទន្ទ្រាន​កាន់​កាប់​ពី​អ្នក​មាន​អំណាច

0:00 / 0:00

ភ្នំ​អារក្ស​ចំនួន ១២ ភ្នំ​ជា​កន្លែង​ប្រតិបត្តិ​ជំនឿ​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច បាន​ទទួលរង​ការ​ទន្ទ្រាន​យក​ជា​សម្បត្តិ​ឯកជន ជា​បន្ត​បន្ទាប់​នៅ​រយៈពេល​ជាង ១០​ឆ្នាំ​កន្លង​ទៅ​នេះ។

រីឯ​ជនជាតិ​ដើម​ភាគតិច​ព្នង ដែល​លើកគ្នា​តវ៉ា​ការពារ​ភ្នំ​ទាំងនេះ​មិន​ត្រឹមតែ​គ្មាន​ដំណោះស្រាយ​នោះ​ទេ ថែម​ទាំង​ជាប់​បណ្តឹង​នៅ​តុលាការ​ជាង ២០​នាក់ និង​ជាង ១០​នាក់​ផ្សេងទៀត​ជាប់​ពន្ធនាគារ។

ភ្នំ​អារក្ស​ជាង ១០​កន្លែង​ទាំងនោះ ជា​តំបន់​ដែល​ជនជាតិ​ដើម​ភាគតិច​ព្នង​តែង​គោរព​បូជា​អារក្ស​អ្នកតា និង​អាស្រ័យ​ផល​បែប​ទំនៀមទម្លាប់​ប្រពៃណី បាន​ប្រែ​ក្លាយ​រមណីយដ្ឋាន និង​ផ្ទះ​លម្ហែ​របស់​ក្រុម​អ្នក​មាន​លុយ​មាន​អំណាច​ជា​បន្តបន្ទាប់។

ប្រជា​សហគមន៍​ចាត់ទុក ការ​បាត់បង់​សម្បត្តិ​ធម្មជាតិ​ទាំងនេះ គឺជា​ជាន់ឈ្លី​ទំនៀមទម្លាប់​ប្រពៃណី​វប្បធម៌ របស់​ពួកគាត់ ហើយ​អាច​ឈាន​ដល់​បាត់បង់​ពូជ​អម្បូរ​ជនជាតិ​ដើម​ភាគតិច​នៅ​ថ្ងៃ​ខាងមុខ។

ប្រធាន​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ លោកស្រី ភ្លឹក ភីរុំ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អាជ្ញាធរ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ធ្វើ​ឯកសារ​មិន​ប្រក្រតី រំលោភ​យក​ដី​ភ្នំ​រ៉ាដាង និង​ភ្នំ​ដទៃទៀត ហើយ​នៅ​ពេល​ដែល​ជនជាតិ​ដើម​ភាគតិច​តវ៉ា​ទាមទារ​ដី​ភ្នំ​នេះ​វិញ បើ​ទោះ​បី​ជា​មាន​ភស្តុតាង និង​ឯកសារ​ច្បាស់លាស់​ក្តី ក៏​អាជ្ញាធរ​គ្មាន​ឆន្ទៈ​មិន​ដោះស្រាយ​ដោយ​យុត្តិធម៌​ដែរ

លោកស្រី​ថា អាជ្ញាធរ​មិនបាន​យក​ច្បាប់​មក​អនុវត្ត​នោះ​ទេ ដោយ​ពួកគាត់​មានការ​យោគយល់​គ្នា បក្ខពួក​និយម​ជាមួយ​អ្នក​មាន​អំណាច ដើម្បី​រំលោភ​យក​ភ្នំ​អារក្ស ដែល​ជា​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ និង​ឈូស​ឆាយ​ព្រៃឈើ​នៅ​តំបន់​ភ្នំ។

លោកស្រី ភ្លឹក ភីរុំ៖ «គេ​យក​ព័ទ្ធ​របង​ភ្នំ​ហ្នឹង រួច​ជុំវិញ​ហ្នឹង​ទៀត ត្រូវ​គេ​ឈូស​ឆាយ​ព្រៃឈើ​ទាំងអស់​ហ្នឹង ត្រូវ​បាន​ក្រុមហ៊ុន និង​អ្នក​ទន្ទ្រាន​ឈូស​ឆាយ ព្រៃឈើ​ជុំវិញ​ហ្នឹង​។ មួយទៀត​ខ្ញុំ​និយាយ លុប​បំបាត់​អត់ឱ្យ​មានពូជ​ជនជាតិ​ដើម​ភាគតិច​ហ្មង»។

លោកស្រី ភ្លឹក ភីរុំ ស្តាយស្រណោះ​សម្បត្តិ​ធម្មជាតិ​ជា​អត្តសញ្ញាណ​កុលសម្ព័ន្ធ​ជនជាតិ​ដើម និង​សម្រស់​ធម្មជាតិ គួរតែ​អភិរក្ស​បម្រើ​វិស័យ​ទេសចរ ជួយ​សេដ្ឋកិច្ច​សហគមន៍ មិន​គួរ​គ្រប់គ្រង​ជា​ទ្រព្យ​បុគ្គល​នោះ​ទេ។

របាយការណ៍​របស់​បណ្តាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ឱ្យ​ដឹង​ថា ភ្នំ​អារក្ស ដែល​ក្រុម​ឈ្មួញ​រំលោភ​យក​ជាង ១០​ភ្នំ រួមមាន ភ្នំ​ដោះ​ក្រមុំ ភ្នំ​ក្រោល ភ្នំ​រ៉ាដាង ភ្នំ​ព្រះ ភ្នំ​ក្បាល​ខ្មោច ភ្នំ​បាយ​ឆៅ និង​ភ្នំ​ពូពែ ជាដើម។

រីឯ​ជនជាតិ​ដើម​ភាគតិច​យ៉ាងហោច​ណាស់​ជាង ២០​នាក់ ជាប់​បណ្តឹង​នៅ​តុលាការ និង ១០​នាក់​ផ្សេង​ទៀត ជាប់​ពន្ធនាគារ នៅ​ពេល​ចេញមុខ​ការពារ​ភ្នំ​ទាំង​នេះ។

ប្រជា​សហគមន៍​បន្ថែម​ថា កាលពី​ជាង ១០ ឆ្នាំ​មុន ភ្នំ​អារក្ស​ទាំង​នេះ មាន​ទេសភាព​ស្រស់បំព្រង ជើងភ្នំ​សំបូរ​ដោយ​ព្រៃឈើ សត្វព្រៃ កន្លែង​ឃ្វាលគោ​ក្របី និង​ព្រៃ​អាស្រ័យ​ផល របស់​ជនជាតិ​ដើម​ភាគតិច​ជា​ច្រើន​គ្រួសារ។

ក៏ប៉ុន្តែ​បច្ចុប្បន្ន​តំបន់​នោះ​មាន​របង​ហ៊ុមព័ទ្ធ ផ្ទះ​វីឡា និង សំណង់​អគារ ហាមឃាត់​ពលរដ្ឋ​មិន​ឱ្យ​ចេញចូល​។ រីឯ​ព្រៃឈើ​ដុះ​តាម​ជម្រាលភ្នំ និង​ទឹកជ្រោះ​ធម្មជាតិ​នៅ​តំបន់​ខ្លះ ក៏​ត្រូវ​គេ​រំលោភ​យក​ជា​សម្បត្តិ​ឯកជន​ដែរ។

សមាជិក​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ម្នាក់​ទៀត​ដែល​ជាប់​បណ្តឹង​នៅ​តុលាការ លោកស្រី រឿង ហែង កត់សម្គាល់​ថា ទោះបីជា​ប្រជា​សហគមន៍ រក​ឃើញ​ឯកសារ​ព័ស្តុតាង​មិន​ប្រក្រតី ដែល​ក្រុម​ឈ្មួញ បន្លំ​ស្នាម​មេដៃ​ពលរដ្ឋ ដើម្បី​រំលោភ​យក​ដី​ភ្នំ​អារក្ស​ទាំងមូល​ក្តី ក៏​អាជ្ញាធរ និង​តុលាការ​មិន​អើពើ​ដោះស្រាយ​ដែរ។

លោកស្រី​បន្ថែម​ថា ក្រុម​ឈ្មួញ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​រំលោភ​យក​ដី​ភ្នំ និង​ឈូស​ឆាយ​ព្រៃឈើ​ខុសច្បាប់ គ្មាន​ទោសពៃរ៍​នោះ​ទេ។

លោកស្រី រឿង ហែង៖ «ប្រមូល​ភស្តុតាង​ឃើញ​ច្បាស់​ហើយ​ថា យើង​នឹង​ខុស​។ ចុះ​អ្នក​ក្រែង​បន្លំ​ឯកសារ មិន​ដែន​មាន​ទោស​ពៃរ៍ មាន​ទាំង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ថែម​ទៀត គំរាម​ពលរដ្ឋ ពលរដ្ឋ​យើង​តើ​មាន​ទោសពៃរ៍»។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី លោក នាង វណ្ណៈ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី ១៤ ធ្នូ ដោយ​ទូរ​សព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក​។ រីឯ​អភិបាលខេត្ត​មណ្ឌលគិរី លោក ថង សាវុន ក៏​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ចំណែក ចៅ​សង្កាត់​រមនា ស្រុក​សែន​មនោរម្យ លោក ភី ងូក បដិសេធ​មិន​បំភ្លឺ​រឿង​នេះ​ទេ ព្រោះ​លោក​ថា ហួស​ពី​ភារកិច្ច​អាជ្ញាធរ​ឃុំ។

លោក នាង វណ្ណៈ៖ «មិនបាច់​សួរ​ទេ សួរ​ខ្ញុំ ខ្ញុំ​រក​ការងារ​ធ្វើ​មិន​កើត​ផង»។

ជុំវិញ​រឿង​នេះ អ្នកសម្របសម្រួល​លេខាធិការដ្ឋាន​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា លោក យុន ឡូរ៉ង់ សង្កេត​ឃើញ​ថា ក្រសួង​ពាក់ព័ន្ធ​យឺតយ៉ាវ​ក្នុង​ការ​កំណត់​ដី​សាធារណៈ​របស់​រដ្ឋ និង​ដី​ភ្នំ​អារក្ស រួម​ទាំង​ដី​ជំនឿ ដែល​ជា​ប្រភេទ​ដី​បេតិកភណ្ឌ​របស់​ជនជាតិ​ដើម ទើប​បង្ក​ឱ្យ​កើត​មាន​ការទិញ​លក់​ដី​ភ្នំ​អារក្ស នាំ​ឱ្យ​កើត​មាន​ជម្លោះ​ដីធ្លី​មិន​ទាន់​ដោះស្រាយ​ចេញ។

លោក យុន ឡូរ៉ង់៖ «អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ បណ្តោយ​ឱ្យ​មាន​អំពើពុករលួយ នៅតែ​ហេតុផល​សំខាន់​មាន​ការ​ទន្ទ្រាន​ដី​សាធារណៈ​របស់​រដ្ឋ និង​ការបែងចែក​ដី​ជនជាតិ​ដើម​ភាគតិច​ទាំង​ហ្នឹង​កើត​ឡើង»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា អ្នក​ដែល​រំលោភ​យក​ដី​ភ្នំ មាន​ទំនាក់ទំនង​ស្និទ្ធ​ជាមួយ​មន្ត្រី​ធំៗ ថ្នាក់​ជាតិ ធ្វើ​ឱ្យ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ពិបាក​នឹង​ដោះស្រាយ​។ រីឯ​តុលាការ​មិនបាន​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​នោះ​ទេ ដោយ​ពួកគេ​តែង​យក​ឯកសារ​ជា​សំអាង ដើម្បី​ដាក់​សម្ពាធ​ជនជាតិ​ដើម​ភាគតិច​ឱ្យ​ចាញ់​ក្តី។

រដ្ឋធម្មនុញ្ញ​មាត្រា ៥៨ និង ៥៩ ចែងថា ទ្រព្យសម្បត្តិ​របស់​រដ្ឋ ដីធ្លី ក្រោម​ដី ភ្នំ​សមុទ្រ បាតសមុទ្រ ឆ្នេរសមុទ្រ អាកាស បឹង ព្រែក ស្ទឹង អូរ និង​ទន្លេ រួម​ទាំង​មជ្ឈមណ្ឌល​វប្បធម៌​សេដ្ឋកិច្ច​មូលដ្ឋាន ការពារ​ប្រទេស ត្រូវ​កំណត់​ថា ជា​របស់​រដ្ឋ។ រដ្ឋ​ត្រូវ​ការពារ​បរិស្ថាន និង​តុល្យភាព​នៃ​ភោគទ្រព្យ​ធម្មជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។