អង្គការមាតាធម្មជាតិចេញផ្សាយវីដេអូខ្លីមួយ នៅថ្ងៃទី៧ កុម្ភៈ ស្នើសុំឱ្យពលរដ្ឋខ្មែរ ជាពិសេសយុវជន ផ្ដល់ព័ត៌មានឱ្យខ្លួន ទាក់ទងនឹងបទល្មើសធនធានធម្មជាតិ និងការបំផ្លិចបំផ្លាញផលប្រយោជន៍ជាតិខ្មែរ។ ស្ថាបនិកអង្គការនេះអះអាងថា មានតែការចូលរួមដោយផ្ទាល់ពីពលរដ្ឋ និងយុវជននោះទេ ទើបអាចជួយឱ្យដោះស្រាយបញ្ហានេះបាន។ សកម្មជនបរិស្ថាន និងអ្នកឃ្លាំមើលសង្គម គាំទ្រចំពោះគំនិតផ្ដួចផ្ដើមថ្មីនេះ ដើម្បីជួយឱ្យមានតម្លាភាពក្នុងសង្គម។
ប្រធានអង្គការមាតាធម្មជាតិ លោក អាឡិច ហាន់ដ្រូហ្គាន់ហ្សាលេស ដេវីតសុន (Alejandro Gonzalez Davidson) ថ្លែងថា ការបង្កើតយន្តការរាយការណ៍ព័ត៌មានទាក់ទងនឹងការបំផ្លិចបំផ្លាញធនធានធម្មជាតិ អំពើពុករលួយ និងបទល្មើសនានានេះ គឺដើម្បីឱ្យមានស្ថាប័នឯករាជ្យមិនពាក់ព័ន្ធនឹងរដ្ឋាភិបាល ដែលពលរដ្ឋអាចផ្ដល់ព័ត៌មានជូនបានក្នុងលក្ខខណ្ឌអនាមិក ឬមិនបង្ហាញអត្តសញ្ញាណ។ លោកថា យន្តការនេះមានធ្វើនៅប្រទេសជាច្រើនលើពិភពលោក ប៉ុន្តែនៅកម្ពុជាមិនទាន់ឃើញមាននៅឡើយ៖ «ឧទាហរណ៍នៅក្នុងដៃរបស់អ្នកមានវីដេអូសកម្មភាពកាប់ឈើ អាជីវកម្មរ៉ែមាស ឬខ្សាច់ ការបំពុលទឹក ការបំផ្លាញទន្លេ ឬសមុទ្រ ព័ត៌មានពាក់ព័ន្ធនឹងអំពើពុករលួយផ្សេងៗ ឬក៏ភស្តុតាងពាក់ព័ន្ធនឹងផលប្រយោជន៍ជាតិ បងប្អូនអាចទាក់ទងពួកយើងតាមរយៈទំព័រហ្វេសប៊ុកមាតាធម្មជាតិ ហើយយើងសន្យាថា នឹងរក្សាភាពអនាមិកជូនបងប្អូនឱ្យបានល្អ ជាពិសេសសម្រាប់មន្ត្រីរាជការ ឬបុគ្គលិកក្រុមហ៊ុនដែលពាក់ព័ន្ធ។ សូមចូលរួមជាមួយពួកយើង ដើម្បីការពារធនធានធម្មជាតិដែលនៅសេសសល់»។
លោក អាឡិច អះអាងថា រាល់ព័ត៌មានដែលពលរដ្ឋ និងយុវជនផ្ដល់មកឱ្យអង្គការមាតាធម្មជាតិ នឹងត្រូវរក្សាការសម្ងាត់ ហើយអង្គការនេះនឹងស្រាវជ្រាវ ឬស៊ើបអង្កេតករណីទាំងនោះ ដើម្បីលាតត្រដាងឱ្យសាធារណជនបានដឹងឮ ទៅតាមលទ្ធភាពដែលអាចធ្វើបាន។ លោកជឿជាក់ថា យន្តការនេះនឹងជួយឱ្យមានតម្លាភាព និងគណនេយ្យភាពសង្គមជាងមុន ខណៈរបបក្រុងភ្នំពេញបានបរាជ័យក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ លុបបំបាត់អំពើពុករលួយ និងបទល្មើសនានាជាច្រើនទៀត។
សកម្មជនរូបនេះអះអាងថា ការតស៊ូមតិរបស់អង្គការមាតាធម្មជាតិរឿងអាជីវកម្មខ្សាច់ខុសច្បាប់នៅខេត្តកោះកុងកាលពីពេលកន្លងទៅនោះ គឺផ្ដើមចេញដោយសារការផ្ដល់ព័ត៌មានសម្ងាត់ពីពលរដ្ឋនេះឯង។ លោកឱ្យដឹងទៀតថា នៅពេលថ្មីៗនេះ អង្គការមាតាធម្មជាតិក៏បានទទួលយកវីដេអូរបស់សកម្មជនបរិស្ថានទាក់ទងនឹងការបំផ្លិចបំផ្លាញធនធានធម្មជាតិមកផ្សព្វផ្សាយបន្តផងដែរ ដើម្បីជួយជំរុញឱ្យមានការអនុវត្តច្បាប់លើជនល្មើស៖ «អតីតបុគ្គលិកក្រុមហ៊ុន LYP ( លី យ៉ុងផាត់ ) គាត់បាននិយាយក្នុងភាពអនាមិក បានបកស្រាយពីចំនួនខ្សាច់ដែលបាត់ ហើយក៏បានផ្ដល់ព័ត៌មានឱ្យយើង។ បន្ទាប់ពីទទួលព័ត៌មានហ្នឹង យើងចាប់ផ្ដើមស៊ើបអង្កេត ហើយលាតត្រដាង អ៊ីចឹងកន្លងមក វាមាន ហើយមានច្រើនណាស់។ មួយអាទិត្យមានមួយពីរអ៊ីចឹងទៅ ប៉ុន្តែយន្តការដែលយើងចាប់ផ្ដើមថ្ងៃហ្នឹង គឺធ្វើយ៉ាងណាឱ្យវាស្រួល ឱ្យវារលូនជាងមុន ហើយប្រសិនបើយើងឃើញថា ហួសសមត្ថភាពយើង យើងអាចបញ្ជូនទៅស្ថាប័នផ្សេង»។
សកម្មជនបរិស្ថាន លោក ថុន រដ្ឋា គាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់អង្គការមាតាធម្មជាតិនេះ។ លោកបញ្ជាក់ថា លោកបានសហការផ្ដល់ព័ត៌មាន និងវីដេអូដែលលោកបានផលិតទាក់ទងនឹងការបំពុលបរិស្ថាននៅខេត្តព្រះសីហនុ ទៅឱ្យអង្គការមាតាធម្មជាតិជួយផ្សព្វផ្សាយ ដោយសារគេហទំព័ររបស់អង្គការមាតាធម្មជាតិមានចំនួនអ្នកចូលទស្សនាច្រើន។ លោកជំរុញឱ្យពលរដ្ឋ និងយុវជនដែលមានព័ត៌មានសម្ងាត់ទាក់ទងនឹងរឿងផលប្រយោជន៍របស់ជាតិ ឬការបំផ្លិចបំផ្លាញធនធានធម្មជាតិ គួរតែផ្ដល់ព័ត៌មានទាំងនោះទៅឱ្យអង្គការមាតាធម្មជាតិ ប្រសិនបើពួកគេមិនហ៊ានបញ្ចេញព័ត៌មានទាំងនោះជាសាធារណៈដោយខ្លួនឯង៖ «ប្រជាពលរដ្ឋខ្មែរទូទៅ រួមទាំងមន្ត្រីរាជការផងដែរ គាត់ប្រាកដជាមានព័ត៌មានសម្ងាត់ណាមួយដែលគាត់ចង់បញ្ចេញ ប៉ុន្តែគាត់មិនទុកចិត្តស្ថាប័នណាមួយដែលអាចថា ផ្សាយព័ត៌មានទៅមានប្រសិទ្ធភាព ឬក៏ពេលផ្សាយព័ត៌មានទៅអាចជួយលាក់ការឱ្យគាត់។ អ៊ីចឹងខ្ញុំគិតថា ជម្រើសដែលមាតាធម្មជាតិកំពុងតែធ្វើនេះ គឺជាជម្រើសល្អមែនទែន បើកឱកាសឱ្យសាធារណជនបានបញ្ចេញព័ត៌មានដែលពួកគាត់លាក់ទុក ហើយវាជាព័ត៌មានដែលសំខាន់ចាំបាច់សម្រាប់ជួយដល់ការអភិវឌ្ឍប្រទេសជាតិទាំងមូល»។
ស្រដៀងគ្នានេះ ប្រធានអង្គការសម្ពន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងថា ការបង្កើតយន្តការណាមួយដែលអាចជួយដល់ការប្រឆាំងអំពើល្មើសច្បាប់ ការបំផ្លិចបំផ្លាញធនធានធម្មជាតិ និងអំពើពុករលួយនោះ គឺជារឿងដ៏ប្រសើរ៖ «យើងមើលឃើញថា ការតាមដានបទល្មើស ឬក៏មធ្យោបាយនៃការរាយការណ៍ហ្នឹង វាមិនទាន់គ្រប់គ្រាន់នោះទេ ហើយយើងស្វាគមន៍រាល់គំនិតច្នៃប្រឌិតថ្មីៗ ដើម្បីរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវការប្រឆាំងអំពើពុករលួយ ការរាយការណ៍ពីបទល្មើសទាក់ទងធនធានធម្មជាតិ ការរំលោភសិទ្ធិមនុស្សជាដើម»។
អង្គការមាតាធម្មជាតិ (Mother Nature) ត្រូវបានក្រសួងមហាផ្ទៃលុបឈ្មោះចេញពីបញ្ជីនៃអង្គការមិនមែនរដ្ឋាភិបាល កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីសកម្មជនពីរនាក់របស់អង្គការនេះត្រូវបានអាជ្ញាធរខេត្តកោះកុងចាប់ខ្លួនដាក់ពន្ធនាគារ ដោយសារបានចុះទៅស៊ើបអង្កេតរឿងការធ្វើអាជីវកម្មខ្សាច់របស់ក្រុមហ៊ុនលោក លី យ៉ុងផាត់ ដែលជាឧកញ៉ាដ៏មានឥទ្ធិពលស្និទ្ធនឹងលោក ហ៊ុន សែន។
ក៏ប៉ុន្តែលោក អាឡិច អះអាងថា នេះមិនមែនជាឧបសគ្គដែលរារាំងលោកមិនឱ្យបន្តសកម្មភាពការពារបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជាឡើយ។ លោកបញ្ជាក់ថា លោកបានចុះបញ្ជីអង្គការមាតាធម្មជាតិនៅក្រៅប្រទេសរួចហើយ ហើយអង្គការនេះនៅតែបន្តបេសកកម្មរបស់ខ្លួនតទៅទៀត។ លោកបញ្ជាក់ថា លោកគ្មានជំនឿលើរបបក្រុងភ្នំពេញរឿងលុបបំបាត់អំពើពុករលួយ និងការបំផ្លិចបំផ្លាញធម្មជាតិនោះឡើយ ដូច្នេះលោកស្នើឱ្យសាធារណជន ពិសេសយុវជន រួមគ្នាធ្វើសកម្មភាពនេះដោយខ្លួនឯង និងផ្តល់ព័ត៌មានទាំងឡាយដែលពួកគេបានដឹងមកអង្គការមាតាធម្មជាតិ៖ «យន្តការដែលយើងបង្កើតថ្ងៃហ្នឹង គឺជាយន្តការមួយល្អដែលប្រជាពលរដ្ឋរាប់លាននាក់អាចចូលរួមបាន ហើយមានសុវត្ថិភាព ៩៩ % ហើយក៏អាចមានប្រសិទ្ធភាពដែរ អ៊ីចឹងខ្ញុំអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ យុវជន បុគ្គលិកក្រុមហ៊ុនឯកជន មន្ត្រីរាជការដែលធ្វើការនៅក្នុងក្រសួងពាក់ព័ន្ធ ជាពិសេស ក្រសួងរ៉ែ និងថាមពល ឬក៏ក្រសួងបរិស្ថាន សូមឱ្យចូលរួមផ្ដល់រូបភាព ផ្ដល់ឯកសារ ឬក៏ផ្ដល់ព័ត៌មានអ៊ីចឹងទៅ ដើម្បីការពារអ្វីដែលសេសសល់»។
លោក អាឡិច ត្រូវបានអាជ្ញាធរនៃរបបក្រុងភ្នំពេញ បណ្ដេញចេញពីកម្ពុជា កាលពីចុងខែកុម្ភៈ ឆ្នាំ ២០១៥ ដោយផ្អែកលើហេតុផលថា ទិដ្ឋាការរបស់លោកផុតកំណត់។ សកម្មជនបរិស្ថានរូបនេះ បានស្វះស្វែងតាមមធ្យោបាយជាច្រើន ដើម្បីអាចវិលត្រឡប់មកកម្ពុជាវិញ ក៏ប៉ុន្តែអាជ្ញាធររបបក្រុងភ្នំពេញបានបដិសេធ ដោយសាររបបនេះបានដាក់ឈ្មោះលោកនៅក្នុងបញ្ជីខ្មៅនៃជនដែលមិនត្រូវបានអនុញ្ញាតឱ្យចូលទឹកដីកម្ពុជានោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។