យុវតី​ចូលរួម​យុទ្ធនាការ​ជិះ​កង់​៦០០​គីឡូម៉ែត្រ​ដើម្បី​បរិស្ថាន និង​ចង់​ផ្លាស់ប្ដូរ​​ផ្នត់​គំនិត​ថា​ «​ស្ត្រី​ជា​មនុស្ស​ទន់ខ្សោយ»

0:00 / 0:00

យុវតី​ម្នាក់​ក្នុងចំណោម​យុវតី​៦​នាក់​ទៀត គឺ​កញ្ញា ធួន ស្រីពៅ បាន​លះបង់​សេចក្ដីសុខ​ផ្ទាល់ខ្លួន​ចូលរួម​ជិះ​កង់​ជុំវិញ​ព្រៃឡង់ និង​ព្រៃ​ព្រះរកា ចម្ងាយ​៦០០​គីឡូម៉ែត្រ ដើម្បី​ការពារ​បរិស្ថាន​។ ធួន ស្រីពៅ ថ្លែង​ថា បើ​ទោះ​ជា​ជួប​ការ​លំបាក​ជាច្រើន​ក៏ដោយ ក៏​កញ្ញា​នៅតែ​ធ្វើដំណើរ​ទៅដល់​គោល​ដៅ​ដដែល។ កញ្ញា​នៅតែ​បន្ត​ដោយ​ស្នាមញញឹម និង​ភាព​ក្លាហាន​ថា ការ​ធ្វើ​បែបនេះ ដើម្បី​ផ្ញើ​សារ​ទៅកាន់​សាធារណជន​ថា «​ស្ត្រី​មិនមែន​ជា​មនុស្ស​ទន់ខ្សោយ​»​ដូច​ការ​លើកឡើង​នោះ​ទេ។

មាន​វ័យ​អាយុ​២០ កញ្ញា ធួន ស្រីពៅ បាន​តស៊ូ​ជិះ​កង់​ជុំវិញ​ព្រៃ​ឡង់​ដែល​ឆ្លងកាត់​ខេត្ត​ចំនួន​បួន គឺ​ខេត្ត​កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និង​ខេត្តក្រចេះ រហូត​ដល់​ថ្ងៃ​បញ្ចប់​។ ការ​ជិះ​កង់​នេះ​បាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​២០ ខែ​ឧសភា កន្លង​ទៅ​។ កញ្ញា​យល់​ថា ការ​ចូលរួម​ដើម្បី​បរិស្ថាន និង​ព្រៃឈើ​នៅ​កម្ពុជា​ជា​កាតព្វកិច្ច​ដែល​យុវជន​ត្រូវ​តែ​បំពេញ។

កញ្ញា ធួន ស្រីពៅ មាន​ដើមកំណើត​នៅ​ស្រុក​ស្រីស្នំ ខេត្តសៀមរាប ជា​យុវតី​មាន​ភាព​រុះ​រាយ​រាក់ទាក់ ស្រឡាញ់​យុត្តិធម៌​សង្គម ហើយ​តែងតែ​ចូលរួម​គ្រប់​សកម្មភាព​ការពារ​បរិស្ថាន​។ កញ្ញា ធួន ស្រី​ពៅ បាន​ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា សំឡេង​ស្ដ្រី​ដើម្បី​យុត្តិធម៌​សង្គម​មាន​តិច​តូច​ណាស់ ស្រប​ពេល​ដែល​សង្គម​សព្វថ្ងៃ​មិន​សូវ​ផ្ដល់​តម្លៃ​ដល់​ស្ត្រី​។ យុវតី​រូប​នេះ​បន្ត​ថា បើសិនជា​ស្ត្រី​ភាគច្រើន​ផ្ដេកផ្ដួល​ទៅ​ការ​លើកឡើង​របស់​សង្គម​ប្រាកដ​ណាស់​ស្ត្រី នឹង​ស្ថិត​នៅ​ក្នុង​ក្រសែភ្នែក​របស់​សាធារណជន​ថា​ជា​ «មនុស្ស​ទន់ខ្សោយ»។

កញ្ញា ធួន ស្រីពៅ បន្ត​ថា ការងារ​ដើម្បី​ផលប្រយោជន៍​រួម​មិន​ត្រូវ​មាន​ការ​រើសអើង​គ្នា​នោះ​ទេ ខណៈ​ដែល​ស្ត្រី​ក៏​គួរតែ​ចូលរួម​ឱ្យ​បាន​ច្រើន ដើម្បី​លើកកម្ពស់​ភាពជា​ស្ត្រី​រឹងមាំ​នៅក្នុង​សង្គម​។ យុវតី​រូប​នេះ​អំពាវនាវ​សុំ​ឱ្យ​សាធារណជន​ទម្លាក់​ការ​គិត​អវិជ្ជមាន​ដែល​ថា «​ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ​» ដោយ​ផ្ទុយ​មក​វិញ ស្រី​ជា​មនុស្ស​រឹងមាំ​អាច​ធ្វើ​បាន​ដូច​បុរស​ដែរ ហើយ​ស្ត្រី​ពិតជា​ចូលរួម​ចំណែក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ​បាន។ «»

​អ្នក​ខេត្តសៀមរាប រូប​នេះ​បាន​បន្ត​ថា បើ​ទោះ​ជា​មានការ​គាំទ្រ​ពី​គ្រួសារ បងប្អូន​ឱ្យ​ចូល​រួម​កិច្ច​ការងារ​បរិស្ថាន និង​កិច្ច​ការងារ​សង្គម​ក៏ដោយ ប៉ុន្តែ​ក៏​មាន​ការ​មិន​គាំទ្រ​ពី​សំណាក់​មិត្តភក្ដិ និង​គ្រូ​បង្រៀន​ផង​ដែរ​។ កញ្ញា​បាន​លើក​ឡើង​ថា ការ​ជិះ​កង់​ដើម្បី​ការពារ​បរិស្ថាន​មិនអាច​រំពឹង​ថា​មាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក​ប្រជាពលរដ្ឋ​ទាំងអស់​នោះ​ទេ ប៉ុន្តែ​កញ្ញា នៅតែ​ពេញចិត្ត ហើយ​សង្ឃឹម​ថា ការ​ខិត​ប្រឹងប្រែង​មួយ​នេះ នឹង​ក្លាយជា​គំរូ​ភាព​សម្រាប់​អ្នក​ជំនាន់​ក្រោយ។ «»

យុវតី​រាង​ល្អិត​រូប​នេះ ជា​កូន​កសិករ​ក្រីក្រ​ម្នាក់ ដែល​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជំនាញ​អភិវឌ្ឍន៍ជនបទ ឆ្មាំ​ទី​២។ កញ្ញា​បន្ត​ថា ទោះជា​មាន​ជីវភាព​ខ្វះខាត​ក៏ដោយ ក៏​កញ្ញា​នៅតែ​ប្រឹងប្រែង​បន្ត​សិក្សា​នៅ​រាជធានី​ភ្នំពេញ​ដដែល​។ កញ្ញា​បាន​លើក​ឡើង​ថា ការ​បណ្ដុះ​ឱ្យ​និស្សិត​យល់ដឹង​ពី​បញ្ហា​សង្គម និង​ការ​ចូល​ដើម្បី​បរិស្ថាន​គឺ​មិន​មាន​នោះ​ទេ​នៅ​សាលា ខណៈ​ដែល​និស្សិត​ភាគច្រើន​គិតតែ​ពី​រៀន​មេរៀន​ដែល​គ្រូបង្រៀន​ប៉ុណ្ណោះ ដែល​បណ្ដាល​ឱ្យ​ពួកគេ​មិនសូវ​មានគំនិត​ជាតិនិយម​នោះ​ទេ​។ កញ្ញា​បន្ត​ថា ទោះជា​មាន​ការ​​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួនឯង​ខ្លះ ក៏ប៉ុន្តែ នៅ​បន្ត​ធ្វើ​ការងារ​ដើម្បី​យុត្តិធម៌​សង្គម និង​បរិស្ថាន។ «»

​ចំណែក​ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គីមហុង ដែល​ជា​អ្នក​រៀបចំ​ឱ្យ​មាន​យុទ្ធនាការ​ជិះ​កង់​៦០០​គីឡូម៉ែត្រ​ដើម្បី​បរិស្ថាន ជុំវិញ​ព្រៃឡង់ បានឱ្យ​ប្រាប់​វិទ្យុអាស៊ីសេរី​ថា ការចូលរួម​របស់​ស្ត្រី​នៅក្នុង​យុទ្ធនាការ​នេះ​បាន​បង្ហាញ​ពី​គំរូ​ភាព​យ៉ាង​ល្អ​ដល់​ស្ត្រី​ដទៃ​។ លោក​បន្ត​ថា ជា​ពិសេស យុវតី ធួន ស្រី​ពៅ មានការ​ប្ដេជ្ញាចិត្ត​ខ្ពស់ ទោះជា​ឆ្លងកាត់​កម្ដៅថ្ងៃ​ក្ដៅ​ខ្លាំង និង​មេឃ​ភ្លើង​ជា​ហូរហែ​ក៏ដោយ ក៏​កញ្ញា​មិន​ដែល​គិត​ថា ចង់​បោះបង់​ការ​ជិះ​កង់​នោះ​ទេ។ «»

លោក​បន្ត​ថា នៅ​ក្នុង​យុទ្ធនាការ​ជិះ​កង់​ដើម្បី​បរិស្ថាន មិនមែន​ជា​រឿង​ដែល​ងាយស្រួល​នោះ​ទេ ប៉ុន្តែ កញ្ញា​ស្រី​ពៅ ក្នុង​ចំណោម​ស្ត្រី​៦​នាក់​ផ្សេងទៀត​នោះ បន្ត​ជិះ​រហូតដល់​ថ្ងៃ​បញ្ចប់​កាលពី​ថ្ងៃទី​២០ ខែ​ឧសភា​។ លោក​បន្ត​ថា នេះ​ជា​បេសកកម្ម​មួយ​របស់​ស្ត្រី​នៅ​កម្ពុជា​ដើម្បី​បរិស្ថាន​។ លោក​បន្ថែម​ថា ស្ត្រី​ជា​កម្លាំង​ចលករ​សម្រាប់​ការ​អភិវឌ្ឍន៍​សង្គមជាតិ ដែល​មិន​អាច​អត់​បាន។ «»

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​ការ​ចូលរួម​របស់​ស្ត្រី​លើ​វិស័យ​បរិស្ថាន​បាន​ទេ ដោយ​ទូរ​សព្ទ​ចូល​តែ​គ្មាន​អ្នកទទួល នៅ​ថ្ងៃទី​២៤​ខែ​ឧសភា​នេះ ។ ចំណែក លោកស្រី ស ស៊ីណែត អគ្គនាយិកា​រង​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​សង្គម​របស់​ក្រសួង​កិច្ចការ​នារី ក៏​មិន​អាច​ឆ្លើយ​បាន ដោយ​ថា កំពុង​ជាប់រវល់។

របាយការណ៍​ជាតិ​ស្ដីពី​លទ្ធផល​ចុងក្រោយ​ជំរឿន​ទូទៅ​ប្រជាជន​កម្ពុជា​ឆ្នាំ​២០១៩ បាន​បង្ហាញ​ថា កម្ពុជា​មាន​ចំនួន​ប្រជាជន​សរុប​មាន ១៥.៥​លាន​នាក់ ក្នុង​នោះ​ប្រុស​ចំនួន​ជាង​៧.៥​លាន​នាក់ និង​ស្រី​ចំនួន​៧.៩​លាន​នាក់។

សង្គម​ស៊ីវិល​តែងតែ​លើកឡើង​ថា តួនាទី​របស់​ស្ត្រី​នៅ​តាម​ស្ថាប័ន​ក្រសួង​ធំៗ​មិនសូវ​មាន​នោះ​ទេ ខណៈ​ដែល​ស្ត្រី​ចូលរួម​លើ​កិច្ច​ការងារ​សិទ្ធិមនុស្ស​ក៏​កាន់តែ​តិច។

នាយិកា អង្គការ​ក្លាហាន កញ្ញា បុណ្យ រចនា បាន​ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃទី​២៤ ខែ​ឧសភា​នេះ​ថា ការ​ចូលរួម​របស់​ស្ត្រី​គួរតែ​ទទួល​បាន​ការ​លើកទឹកចិត្ត​ខ្ពស់​លើ​វិស័យ​ចលនា​សង្គម ជាពិសេស​លើ​ការ​តស៊ូ​មតិ ខណៈ​ដែល​មាន​ស្ត្រី​តិច​តូច​ណាស់​បាន​ចូលរួម​លើ​វិស័យ​ទាំងនោះ​។ កញ្ញា​បន្ត​ថា ស្ត្រី​ចូលរួម​លើ​កិច្ចការ​បរិស្ថាន​គឺជា​គំរូ​ភាព​ដល់​អ្នក​ជំនាន់​ក្រោយ ក្នុង​ការ​ផ្លាស់ប្ដូរ​ផ្នត់គំនិត​សង្គម​ដែល​តែងតែ​ដាក់​សម្ពាធ​លើ​ស្ត្រី​ថា ជា​មនុស្ស​ទន់ខ្សោយ។ «»

កញ្ញា ធួន ស្រី បាន​លើកឡើង​ថា អត្រា​នៃ​ការចូលរួម​របស់​ស្ត្រី​មិន​មាន​ច្រើន​នោះ​ទេ​នៅក្នុង​សង្គម​បច្ចុប្បន្ន ដែល​ធ្វើ​ឱ្យ​សំឡេង​ស្ត្រី និង​យុត្តិធម៌​សង្គម​កាន់តែ​ធ្លាក់ចុះ ចំណែក​ការ​​រំលោភបំពាន​លើ​ស្ត្រី​ក៏​ចេះតែ​បន្ត​កើតមាន​ជា​ហូរហែ។ កញ្ញា​ស្នើ​ឱ្យ​ស្ត្រី​គួរតែ​បន្ត​ចូលរួម​ឱ្យ​បាន​ច្រើន តាមរយៈ​ការ​បញ្ចេញ​មតិ និង​ការប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ឯង​ឱ្យ​បាន​ពេញលេញ។ «»

របាយការណ៍​របស់​អង្គការ Freedom House បាន​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០២១​ថា ចំណាត់ថ្នាក់​សេរីភាព​នៅ​កម្ពុជា​បន្ត​ធ្លាក់ចុះ​បន្ត​ទៀត​នៅ​ឆ្នាំ​២០២១ ដោយ​ទទួល​បាន​ពិន្ទុ​តែ​២៤ លើ​១០០ ដែល​មាន​ន័យថា ជា​ប្រទេស​គ្មាន​សេរីភាព​។ ការ​ធ្លាក់​ចុះ​១​ពិន្ទុ​បន្ថែម​ទៀត​នេះ ដោយសារតែ​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​ទទួល​បានតែ​៥​ពិន្ទុ​លើ​៤០ ខណៈ​សិទ្ធិ​ស៊ីវិល​ទទួល​បានតែ​១៩​ពិន្ទុ លើ​៦០​។ សង្គម​ស៊ីវិល បារម្ភ​បី​ស្ថានភាព​នៃ​ការរំលោភ​សិទ្ធិមនុស្ស ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​ការចូលរួម​របស់​ស្ត្រី​មាន​ការ​ធ្លាក់ចុះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។