សំឡេង​កិន​ថ្ម​ភ្នំ​ចេញ​ពី​ការដ្ឋាន​ក្នុង​តំបន់​បាភ្នំ​ខេត្ត​ព្រៃវែង​បង្ក​ការ​រំខាន​ដល់​ការ​សិក្សា​របស់​សិស្ស

0:00 / 0:00

សំឡេង​កិន​ថ្ម​ភ្នំ ចេញ​ពី​ការដ្ឋាន​កិន​ថ្ម​ក្នុង​តំបន់​បាភ្នំ​ខេត្ត​ព្រៃវែង នៅតែ​បង្ក​ការ​រំខាន​ប៉ះពាល់​ដល់​ការសិក្សា​របស់​សិស្សានុសិស្ស​រាប់​រយ​នាក់​ក្នុង​តំបន់​នោះ។ ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ថា បញ្ហា​នេះ​ងាយ​នឹង​ធ្វើ​ឱ្យ​កុមារ​បោះបង់​ការ​សិក្សា។

ពលរដ្ឋ​និង​មន្ត្រី​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​សិក្សា​ឡើង​វិញ ពី​អាជីវកម្ម​កាយ​កម្ទេច​ភ្នំ​ក្នុង​តំបន់​បាភ្នំ ខេត្តព្រៃវែង មាន​សំឡេង​លាន់​ឮ​ខ្លាំងៗ រំខាន​ដល់​ការសិក្សា​ របស់​សិស្សានុសិស្ស ដែល​កំពុង​រៀន​នៅ​សាលាបឋមសិក្សា​សុបិន្ត​ស្វាយសាមសិប ឋិត​ក្នុង​ភូមិ​ស្វាយ​សាមសិប ឃុំ​ជើងភ្នំ។ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ប្រចាំ​​ខេត្តព្រៃវែង លោក អ៊ាង គឹមលី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២៧ វិច្ឆិកា ថាក្រសួង​អប់រំនិង​អាជ្ញាធរ​ខេត្ត​ព្រៃវែង​គួរតែ​រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​នេះ​ព្រោះ​សំឡេង​ឮ​ខ្លាំងៗចេញ​ពី​ការដ្ឋាន​កិន​ថ្មនៅ​កៀក​នឹង​សាលា​រៀន​ធ្វើ​ឱ្យ​សិស្សានុសិស្ស​ពិបាក​នឹង​ផ្ដោត​អារម្មណ៍​រៀន។
អ្នកស្រី​បារម្ភ​ថាបញ្ហា​នេះ​ប្រសិន​បើ​អាជ្ញាធរ​មិន​ដោះស្រាយ​ទេវា​នឹង​ប៉ះពាល់​ដល់​អនាគត​កុមារ។

អ្នកស្រី អ៊ាង គឹមលី៖«ច្រក​ដែល​ការពារ​ព្រៃឈើ​បាន​បើ​រាជរដ្ឋាភិបាល​នៅ​តែ​បណ្ដែតបណ្ដោយ​ឱ្យ​មន្ត្រី​ថ្នាក់​ក្រោម​ធ្វើ​តែ​ម្នាក់​ឯង នោះ​ព្រៃឈើ​មិន​អាច​គង់វង្ស​បាន​ទេ។ ទាល់​តែ​មាន​ប្រជា​ពលរដ្ឋ​កៀក​ស្មា​កាន់​ដៃ​គ្នា​ដើរ។ តែ​ប៉ុណ្ណេះ​ក៏​សង្ឃឹម​ថា​ព្រៃឈើ​យើង​អាច​សល់​ខ្លះ​ដែរ។ ច្បាប់​មាន​ហើយ ប៉ុន្តែ​អ្នក​អនុវត្ត​ច្បាប់​មិន​ត្រឹមត្រូវ​ ព្រោះ​គេ​នៅ​តែ​ពាក់​វ៉ែនតា​ខ្មៅ​លូកដៃ​ក្រុម​តុ​ទទួល​អំណោយ​ច្រើន​ដែរ»។

កន្លង​ទៅ​ព្រះសង្ឃ និងពលរដ្ឋបាន​ធ្វើ​ដំណើរ​ដល់​ទីតាំង អាជីវកម្មកាយ​កម្ទេច​ភ្នំ ​និង​ការដ្ឋាន​កិន​ថ្ម​របស់​ក្រុមហ៊ុន​ចិន​មួយ​កន្លែងឋិត​នៅ​កៀកនឹង​សាលា​បឋម​សិក្សា​សុបិន្ដ​ស្វាយ៣០។ ពលរដ្ឋ​ថា​កន្លង​ទៅ​លោក​គ្រូ​អ្នក​គ្រូបាន​សរសេរ​លិខិត​ស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ដោះស្រាយ​ទុក្ខ​កង្វល់​រួមរបស់​ពលរដ្ឋ​ ជាពិសេស​សិស្សានុសិស្ស​រៀន​មិន​ចូលដោយសារ​តែ​ការ​រំខាន​ដោយ​សំឡេង​និង​ហុយ​ធូលី ដី។
អ្នកភូមិ​ថាស្ទើរ​ជា​រៀង​រាល់​ថ្ងៃឱ្យ​តែ​ដល់​ម៉ោង​រៀនគេ​ឃើញ​លោកគ្រូ​អ្នកគ្រូ​បិទទ្វារ​និង​បង្អួច​សាលា​ដើម្បី​កាត់​បន្ថយ​សំឡេង​រំខាននិង​ការ​ហុយ​កម្ទេច​ថ្មប៉ះពាល់​ដល់​កុមារ​ដែល​កំពុង​រៀន។

ព្រះសង្ឃ​គង់​នៅ​វត្ត​មួយ​ក្នុង​ខេត្ត​ព្រៃវែង គឺ​ព្រះតេជព្រះគុណ ផន ភាន់ មាន​ថេរដីកា​ថាផល​ប៉ះពាល់​នេះ​បាន​កើត​មាន​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយនៅ​មិន​ទាន់​ឃើញ​អាជ្ញាធរ​ដោះស្រាយ​នៅ​ឡើយ​ទេ។ ព្រះអង្គ​បន្ថែម​ថាអាជ្ញាធរ​ហាក់​មើល​រំលង​ផល​ប៉ះពាល់​នេះហើយ​ចាត់​ទុក​ថា​បញ្ហា​នេះ​ជា​រឿង​តូចតាចធ្វើ​ឱ្យ​អ្នកភូមិ​មិន​សប្បាយ​ចិត្តដោយសារ​កូនចៅ​របស់​ពួកគាត់​រៀន​មិន​ចូល។

ព្រះតេជព្រះគុណ ផន ភាន់៖«និយាយ​ឱ្យ​ខ្លី​ទៅ​កន្លែង​ណា​ដែល​បំផ្លាញ​ព្រៃឈើ​គេ​រារាំង​ហើយ គេ​មិន​ឱ្យ​យើង​ទៅ​ទេ ព្រោះ​វា​ជា​ឆ្នាំង​បាយ​លាភ​សក្ការៈ​របស់​គេ។ ដូច​រូប​ខ្ញុំ​អ៊ីចឹង​ចុះ​ទៅ​ម្ដង​ម្កាល​សោះ​បរិស្ថាន​តាម​យាម​រារាំង​ដែរ​ហ្នឹង។ ប៉ុន្តែ​ខ្ញុំ​មិន​ខ្លាច​ទេ ព្រោះ​ខ្ញុំ​ទៅ​ការពារ​ព្រៃ​មិន​មែន​ទៅ​កាប់​ឆ្ការ​ព្រៃ​ទេ»។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទងសុំ​ការ​បំភ្លឺ​រឿង​នេះពី​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ អ្នកស្រី ឃួន វិច្ឆិកា បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី ២៧ វិច្ឆិកា ដោយ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។

ក៏​ប៉ុន្តែ​មេឃុំ​ជើង​ភ្នំ លោក ឈុន ពុធគុណ មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ទទួល​ព័ត៌មាន​ ឬ​ក៏​ពាក្យ​បណ្តឹង​ពី​លោក​គ្រូ/អ្នកគ្រូ ជុំវិញ​រឿង​នេះ​ទេ។ តែ​យ៉ាង​ណា​លោក​ថា​ លោក​នឹង​ប្រជុំ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ ដើម្បី​ចាត់​ឱ្យ​អាជ្ញាធរ​ភូមិ​ចុះ​ទៅ​ពិនិត្យ​ករណី​នេះ​ឡើង​វិញ។

ជុំវិញ​រឿង​នេះ​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី យល់​ថាបញ្ហា​នេះ​គឺ​ជា​ការ​ទទួលខុស​ត្រូវ​របស់​អាជ្ញាធរ​មូលដ្ឋានដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ធ្វើ​យ៉ាង​ណា​ឱ្យ​សិស្សានុសិស្ស​ទទួល​បាន​បរិយាកាស​សិក្សា​ល្អ​ឡើង​វិញ។

អ្នកស្រី អ៊ុក ឆាយ៉ាវី៖«ក្នុង​វិស័យ​អប់រំ​ប្រសិន​បើ​មាន​ការ​រំខាន​បែប​នឹង​ ធ្វើ​ឱ្យ​សិស្សានុសិស្ស​នៅ​សាលា​មិន​អាច​ទទួល​បាន​ការ​អប់រំ​បាន​ប្រសើរ​ល្អ​នោះ​ទេ​ ដែល​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​ការ​សិក្សា​របស់​ពួកគាត់​អត់​មាន​គុណភាព​ដែរ»។

ពលរដ្ឋ​បន្ថែម​ថា សំឡេង​ចេញ​ពី​ការដ្ឋាន​កិន​ថ្ម ប៉ះពាល់​ដល់​ការ​សិក្សា​របស់​កុមារ​ បាន​កើត​មាន​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​អ្នកភូមិ និង​លោក​គ្រូ​អ្នកគ្រូ តែង​តែ​ទទូច​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ រក​មធ្យោបាយ​ដោះស្រាយ ​ក៏​ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ។ រីឯ​អាជ្ញាធរ​តែង​គេចវេះ​ មិន​ទទួលខុសត្រូវ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។