ភ្ញៀវ​ទេសចរ​បន្ត​រិះគន់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ថា​គ្រប់គ្រង​កាក​សំណល់​មិន​បាន​ល្អ

0:00 / 0:00

ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ និង​មន្ត្រី​សង្គម​ស៊ីវិល បន្ត​រិះគន់​ថ្នាក់​ដឹក​នាំ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​នៅ​តាម​មន្ទីរ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ ថា​មិន​ទាន់​គ្រប់គ្រង​កាក​សំណល់​រឹង​រាវ​ឲ្យ​មាន​អនាម័យ​ត្រឹមត្រូវ។

មន្ត្រី​សង្គម​ស៊ីវិល ក៏​បាន​អះអាង​ថា សកម្មភាព​បង្ហូរ​ទឹក​ស្អុយ ឬ​កាក​សំណល់​ចូល​ទឹក​សមុទ្រ​នៅ​ខេត្ត​ទេសចរណ៍​មួយ​នេះ បាន​បន្ត​កើត​មាន និង​គ្មាន​ការ​ទប់ស្កាត់​ពី​អាជ្ញាធរ​ទេ។ បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ ព្រមាន​ថា អាជ្ញាធរ​ខេត្ត​នេះ​ត្រៀម​ផាក​ពិន័យ​ចំពោះ​ម្ចាស់​អាជីវកម្ម ឬ​ប្រជាពលរដ្ឋ​ណា​ដែល​ទុក​ដាក់​កាក​សំណល់​រឹង​រាវ​មិន​បាន​ល្អ​នៅ​តាម​ទីតាំង​នីមួយៗ​ក្នុង​ពេល​ឆាប់ៗ​នេះ។

ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក និង​បរទេស បង្ហាញ​អារម្មណ៍​ខ្ពើម​រអើម​ចំពោះ​ក្លិន​ស្អុយ​អសោច ដែល​ភាយ​ចេញ​ពី​លូ​បង្ហូរ​ទឹក​ស្អុយ និង​កាក​សំណល់​សំរាម​ហូរ​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ​នា​ខេត្ត​ព្រះសីហនុ។

ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក និង​បរទេស ដូចជា​មក​ពី​ប្រទេស​អូស្ត្រាលី បារាំង និង​សហរដ្ឋ​អាមេរិក ជាដើម ដែល​ចូល​ទៅ​កម្សាន្ត​តាម​ឆ្នេរ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ ក្នុង​ខែ​មេសា នេះ​បាន​រិះគន់​ថា ឆ្នេរ​មួយ​ចំនួន​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ​មិន​ទាន់​មាន​អនាម័យ​ល្អ​ទេ។ ជាង​នេះ​ទៀត មាន​ភ្ញៀវ​ទេសចរ​ខ្លះ​បាន​ក្អួត​ចង្អោរ កាល​បើ​ចុះ​ងូត​ទឹក​សមុទ្រ​ឃើញ​មាន​កាក​សំណល់​សំរាម ឬ​ថង់​ប្លាស្ទិក និង​ទឹក​មាន​ក្លិន​ស្អុយ​ដូច​លាមក អណ្ដែត​ប៉ះ​រាងកាយ​ពួក​គេ​ពេល​ចុះ​ងូត​ទឹក​សមុទ្រ​នៅ​តាម​ឆ្នេរ​ខ្លះ ពិសេស​ឆ្នេរ​អូរឈើទាល។

នៅ​ចុង​ខែ​មេសា នេះ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មួយ​ក្រុម​មាន​សមាជិក​ប្រមាណ ២០​នាក់ ដែល​បាន​ជួល​ទូក​ទេសចរណ៍​ជិះ​កម្សាន្ត​តាម​ឆ្នេរ​ជ័យជម្នះ ឆ្នេរ​ហាវ៉ៃ និង​បាន​មក​ចុះ​ងូត​ទឹក​នៅ​ឆ្នេរ​អូរឈើទាល បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ថា អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ មិន​ទាន់​គ្រប់គ្រង​កាក​សំណល់ និង​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​បាន​ត្រឹមត្រូវ​ទេ។ ភ្ញៀវ​ទេសចរ​ទាំង​នោះ បាន​ស្នើ​ដល់​លោក​អភិបាល​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​នៅ​តាម​មន្ទីរ​ពាក់ព័ន្ធ​នានា មាន​មន្ត្រី​មន្ទីរ​ទេសចរណ៍ ឬ​មន្ទីរ​បរិស្ថាន​ជាដើម ពិសេស​អភិបាល​ក្រុង​ព្រះសីហនុ គួរ​ចុះ​ត្រួត​ពិនិត្យ ឬ​ទប់ស្កាត់​សកម្មភាព​បង្ហូរ​ទឹក​ស្អុយ ឬ​កាក​សំណល់​ចូល​សមុទ្រ​ឲ្យ​បាន​ត្រឹមត្រូវ។

ភ្ញៀវ​ទេសចរ​ទាំង​ជាតិ ពិសេស​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​មក​ទស្សនា​តាម​ឆ្នេរ​ខេត្ត​ព្រះសីហនុ បង្ហាញ​អារម្មណ៍​ខក​ចិត្ត​កាល​បើ​ចុះ​ងូត​ទឹក​សមុទ្រ ហើយ​ឃើញ​ទឹក​សមុទ្រ​ពោរពេញ​ទៅ​ដោយ​សំណល់​ថង់​ប្លាស្ទិក ឬ​សំរាម​ផ្សេងៗ និង​ទឹក​មាន​ក្លិន​ស្អុយ​អសោច បាន​រសាត់​ប៉ះ​រាងកាយ​ពួក​គេ។

បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធ ក៏​បាន​អះអាង​ថា ពិត​ជា​មាន​ករណី​បង្ហូរ​ទឹក​ស្អុយ​តាម​លូ និង​កាក​សំណល់​ផ្សេងៗ​ចូល​សមុទ្រ​នា​ខេត្ត​ទេសចរណ៍​មួយ​នេះ​ពិត​មែន ពិសេស​នៅ​ឆ្នេរ​អូរឈើទាល គឺ​មាន​លូ​បង្ហូរ​ទឹក​ស្អុយ​ដ៏​ធំ​មួយ បង្ហូរ​ចូល​សមុទ្រ​ដោយ​មិន​បាន​ឆ្លង​កាត់​អាង​ចម្រោះ​ទឹក​ស្អាត​ទេ។ ក្រៅ​ពី​នេះ លោក​ថា​ក៏​មាន​ករណី​ម្ចាស់​ផ្ទះ​សំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន និង​ហាង​ផឹក​ស៊ី​ខ្លះ​ទៀត​មាន​ទីតាំង​ជាប់​ឆ្នេរ​សមុទ្រ ត្រូវ​ម្ចាស់​ទីតាំង​ទាំង​នោះ​បាន​ស្ថាបនា​លូ​បង្កប់​ក្រោម​ដី ដើម្បី​បង្ហូរ​ទឹក​កខ្វក់​ចូល​ទៅ​ក្នុង​សមុទ្រ ដើម្បី​បំភ័ន្ត​ភ្នែក​អាជ្ញាធរ​ថែម​ទៀត៖ «ក្រុមហ៊ុន​ដែល​ប្រមូល​សំរាម​នា​ខេត្ត​ព្រះសីហនុ គឺ​មិន​បាន​ប្រមូល​សំរាម​ឲ្យ​បាន​អស់​ទេ​នៅ​តាម​ទីតាំង​មួយ​ចំនួន​ទេ។ ហើយ​ពាក់ព័ន្ធ​កាក​សំណល់​រាវ​វិញ តាម​ការ​សង្កេត​ឃើញ​មាន​លូ​ទឹក​ស្អុយ​បង្ហូរ​ចូល​សមុទ្រ​នៅ​តាម​ឆ្នេរ​អូរឈើទាល និង​តាម​ការ​សាកសួរ​ពលរដ្ឋ ពលរដ្ឋ​អះអាង​ថា ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​នៅ​តំបន់​នេះ ដោយសារ​តែ​រដ្ឋ​មិន​ទាន់​បាន​ភ្ជាប់​បណ្ដាញ​លូ​ទឹក​ស្អុយ​មួយ​ចំនួន​នៅ​តាម​ឆ្នេរ ចូល​ទៅ​អាង​ចម្រោះ​ទឹក​ស្អាត​នៅ​ឡើយ​ទេ។ ហើយ​សកម្មភាព​បង្ហូរ​ទឹក​ស្អុយ​នេះ នៅ​តែ​បង្ហូរ​តាម​លូ​ចូល​ទៅ​សមុទ្រ​នៅ​តាម​របង​អតីត​ក្រុមហ៊ុន​អារីស្តុន នេះ​ជា​រៀង​រាល់​ថ្ងៃ​ដដែល»

សំរាម និង​ទឹក​ស្អុយ​ដែល​ហូរ​ចូល​សមុទ្រ​នៅ​តំបន់​ឆ្នេរ​អូរឈើទាល ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៥
សំរាម និង​ទឹក​ស្អុយ​ដែល​ហូរ​ចូល​សមុទ្រ​នៅ​តំបន់​ឆ្នេរ​អូរឈើទាល ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៥ (RFA/Den Ayuthyea)

ខេត្ត​ព្រះសីហនុ ដែល​មាន​សក្ដានុពល​ទេសចរណ៍ និង​មាន​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​របស់​ប្រទេស​កម្ពុជា ត្រូវ​បាន​ប្រសិទ្ធិនាម​ថា​ជា «តារា​រះ​នា​ទិស​និរតី»។ ប៉ុន្តែ​ប្រសិទ្ធិនាម​នេះ លោក ប៊ួន ណារិទ្ធ រិះគន់​ថា អនាម័យ​កខ្វក់​នៅ​តាម​ឆ្នេរ​ខ្លះ​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ មិន​សក្ដិសម​ប្រសិទ្ធិនាម​ដ៏​មាន​ន័យ​ពីរោះ​នេះ​ទេ ព្រោះ​បរិស្ថាន​តាម​ឆ្នេរ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ មិន​ទាន់​មាន​អនាម័យ ហើយ​ឆ្នេរ​ខ្លះ​ទៀត ត្រូវ​ឈ្មួញ និង​មន្ត្រី​មាន​អំណាច​ហ៊ុមព័ទ្ធ​របង​ថ្ម​ធ្វើ​កម្មសិទ្ធិ​ផ្តាច់​មុខ ដោយ​មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​ដើរ​ឆ្លង​កាត់​នោះ​ទេ៖ «ខ្ញុំ​មិន​យល់​ទាល់​តែ​សោះ​អំពី​គម្រោង​វិនិយោគ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ឲ្យ​ចូល​មក​កាន់​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​បែរ​ជា​តំបន់​ឆ្នេរ​ដែល​ថា​ជា​ឆ្នេរ​ស្រស់​ស្អាត​ជាង​គេ​នៅ​លើ​សកលលោក ស្រាប់​តែ​ឃើញ​មាន​ឆ្នេរ​ភាគ​ច្រើន​ត្រូវ​បាន​ក្រុមហ៊ុន​ដែល​បាន​ជួល​ដី​ពី​រដ្ឋ ឬ​ក៏​ក្រុមហ៊ុន​វិនិយោគ​សាងសង់​សណ្ឋាគារ​នៅ​តាម​តំបន់​ឆ្នេរ​ហ្នឹង បែរ​ជា​ធ្វើ​របង​បិទ​ព័ទ្ធ​ជិត​ឆ្នេរ ដោយ​ទុក​ឲ្យ​ស្មៅ​សំរាម​ដុះ​ទ្រុបទ្រុល​តាម​ឆ្នេរ។ ហើយ​ភ្ញៀវ​ទេសចរ​ខ្លះ​ដែល​ឃើញ​បរិស្ថាន​មិន​ល្អ ក៏​បាន​ជិះ​ទូក​ផ្សង​គ្រោះថ្នាក់​ទៅ​លេង​តាម​កោះ​វិញ»

ទាក់ទិន​បញ្ហា​នេះ លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់​ក្នុង​របាយការណ៍​ទិសដៅ​អនុវត្តន៍​សកម្មភាព​ការងារ និង​ទិសដៅ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០១៤-២០១៥ ថា ខេត្ត​នេះ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ មាន​ដូចជា ម្ចាស់​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ខ្លះ​មិន​បាន​ចូលរួម​អនុវត្ត​ច្បាប់​ស្ដីពី​ទេសចរណ៍ តាម​ការ​ណែនាំ​របស់​ថ្នាក់​ដឹក​នាំ​ខេត្ត ឬ​មន្ទីរ​ទេសចរណ៍​នោះ​ទេ។ បញ្ហា​មិន​ទាន់​ចូលរួម​របស់​ភ្ញៀវ​ទេសចរ ប្រតិបត្តិករ​ទេសចរ និង​ប្រជាពលរដ្ឋ ក្នុង​ការ​ថែរក្សា​បរិស្ថាន ឬ​ការ​ទុក​ដាក់​សំរាម​ក្នុង​ធុង​សំរាម និង​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ទៅ​ក្នុង​សមុទ្រ បាន​ធ្វើ​ឲ្យ​បាត់បង់​សោភ័ណភាព និង​តាម​ឆ្នេរ​ខេត្ត​ព្រះសីហនុ គ្មាន​អនាម័យ។

លោក នូ សុផល សង្កត់​ធ្ងន់​ថា បញ្ហា​ចោល​សំណល់​រឹង​រាវ និង​ថង់​ប្លាស្ទិក​ចូល​ទៅ​ក្នុង​សមុទ្រ នៅ​តែ​ជា​កង្វល់​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​បរិស្ថាន​នា​ខេត្ត​ព្រះសីហនុ ហើយ​ក៏​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​កំណើន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្ត​នេះ​នា​ថ្ងៃ​អនាគត។

ត្រង់​ចំណុច​នេះ លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា បញ្ហា​ទុក​ដាក់​កាក​សំណល់ ឬ​ទឹក​ស្អុយ​នៅ​តែ​ជា​បញ្ហា​ចោទ​សម្រាប់​ខេត្ត​ទេសចរណ៍​ជាប់​មាត់​សមុទ្រ​មួយ​នេះ។ លោក​បន្ត​ថា នឹង​ជំរុញ​ឲ្យ​មន្ត្រី​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​គ្រប់គ្រង​ការ​បង្ហូរ​ទឹក​ស្អុយ និង​កាក​សំណល់​ផ្សេងៗ​ចូល​ទៅ​ក្នុង​សមុទ្រ ដើម្បី​រក្សា​អនាម័យ និង​សោភ័ណភាព​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ប្រសើរ​នា​ថ្ងៃ​អនាគត។

ជាង​នេះ លោក ឈិត សុខុន ក៏​បាន​ព្រមាន​ថា នឹង​សុំ​គោលការណ៍ ឬ​ពិនិត្យ​ផ្លូវ​ច្បាប់ ដើម្បី​ឈាន​ទៅ​ផាក​ពិន័យ​ទៅ​លើ​ប្រជាពលរដ្ឋ ឬ​ម្ចាស់​អាជីវកម្ម​ទាំង​ឡាយ​ណា​ដែល​បោះ​ចោល​សំរាម​គ្មាន​របៀប​រៀបរយ​នៅ​តាម​ឆ្នេរ ឬ​តាម​ទី​សាធារណៈ នាំ​ឲ្យ​ប៉ះពាល់​សោភ័ណភាព​ឆ្នេរ​នានា​ក្នុង​ពេល​ឆាប់ៗ​នេះ។ លោក​ថា បញ្ហា​នេះ​អាជ្ញាធរ​ខេត្ត​បាន​លើក​យក​សកម្មភាព​បោះ​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់ ដាក់​ជូន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ដើម្បី​ពិនិត្យ​ផ្លូវ​ច្បាប់ ឈាន​ដល់​ផាក​ពិន័យ​អ្នក​ចោល​សំរាម​នៅ​តាម​ឆ្នេរ ឬ​តាម​ទី​សាធារណៈ​ឲ្យ​បាន​ធ្ងន់ធ្ងរ៖ «ខាង​កាក​សំណល់ ឬ​សំរាម​នេះ គឺ​យើង​បាន​និយាយ​ជា​ញឹកញាប់​មក​ហើយ ហើយ​ទំហំ​នៃ​ការ​បោះ​ចោល​សំរាម​ក្នុង​ខេត្ត​នេះ គឺ​អ្នក​យក​មក​ចោល​គ្មាន​សណ្ដាប់ធ្នាប់​មាន​ចំនួន​ច្រើន​ឡើងៗ។ យើង​នឹង​ពិនិត្យ​ឡើង​វិញ​ពី​ច្បាប់​ផាក​ពិន័យ ចំពោះ​ការ​ចោល​សំរាម​អនាធិបតេយ្យ​នៅ​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ។ ហើយ​បញ្ហា​នេះ យើង​នឹង​ស្នើ​យោបល់​ទៅ​ក្រុមប្រឹក្សា​ខេត្ត ដើម្បី​ឲ្យ​ការ​ផាក​ពិន័យ​នេះ​ស្រប​តាម​ច្បាប់»

ត្រង់​ចំណុច​នេះ លោក សុខ សុខុម ប្រធាន​អង្គការ​ស៊ីអ៊ិនរ៉ូ (CNRO) ប្រចាំ​ខេត្ត​ព្រះសីហនុ ក៏​បាន​រិះគន់​ប្រតិបត្តិករ​ទេសចរ​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ ដែល​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​មិន​បាន​ចូលរួម​សហការ​សម្អាត​អនាម័យ​ឆ្នេរ​ជាមួយ​អាជ្ញាធរ​ខេត្ត​ឲ្យ​បាន​ត្រឹមត្រូវ។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ បាន​សាទរ​វិធានការ​ផាក​ពិន័យ​ទៅ​លើ​ប្រតិបត្តិករ​ទេសចរ ឬ​ប្រជាពលរដ្ឋ​ដែល​បោះ​ចោល​សំរាម​អនាធិបតេយ្យ​នៅ​តាម​ទី​សាធារណៈ និង​នៅ​តាម​ឆ្នេរ​ជាដើម៖ «មាន​សំរាម គឺ​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ចំនួន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្ត​នេះ​នា​ថ្ងៃ​អនាគត។ ភ្ញៀវ​ទេសចរ​បើ​កាល​ណា​គេ​ឃើញ​មាន​បរិស្ថាន​មិន​ស្អាត ឬ​មាន​សំរាម​ចោល​រាយប៉ាយ​ពេញ​ឆ្នេរ ឬ​នៅ​តាម​ទី​សាធារណៈ ពួក​គេ​នឹង​មិន​មក​ទស្សនា ឬ​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ ទៀត​ទេ ហើយ​បញ្ហា​នេះ គឺ​នាំ​ឲ្យ​ប៉ះពាល់​ដល់​កំណើន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្ត​នេះ​នា​ថ្ងៃ​ខាង​មុខ។ ខ្ញុំ​គាំទ្រ​វិធានការ​ផាក​ពិន័យ​តាម​ផ្លូវ​ច្បាប់​របស់​អាជ្ញាធរ​ខេត្ត ទៅ​លើ​ការ​ទុក​ដាក់​សំរាម​មិន​បាន​ត្រឹមត្រូវ​នា​ថ្ងៃ​អនាគត»

បញ្ហា​នេះ​ដែរ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ នា​ពេល​កន្លង​មក​ក៏​ធ្លាប់​ដឹក​នាំ​មន្ត្រី​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ បើក​យុទ្ធនាការ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ និង​ប្រតិបត្តិករ​ទេសចរ ចូលរួម​រក្សា​អនាម័យ​ឆ្នេរ​ឲ្យ​បាន​គ្រប់​គ្នា ប្រយោជន៍​ដើម្បី​រួម​ចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​ទស្សនា​ខេត្ត​នេះ​បាន​កាន់​តែ​ច្រើន​នា​ថ្ងៃ​អនាគត។ ជាង​នេះ លោក​ក៏​បាន​អំពាវនាវ​ដល់​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ជាប់​មាត់​សមុទ្រ ត្រូវ​បន្ត​បំផុស​ឲ្យ​ប្រជាពលរដ្ឋ ឬ​ក្រុម​អាជីវករ​ចូលរួម​សម្អាត​អនាម័យ​ជា​ប្រចាំ​នៅ​តាម​មូលដ្ឋាន​នីមួយៗ។

ឆ្នេរ​សមុទ្រ​ប្រទេស​កម្ពុជា សរុប​មាន​ប្រវែង ៤៤០​គីឡូម៉ែត្រ។ ខេត្ត​មាន​មូលដ្ឋាន​ជាប់​ឆ្នេរ​សមុទ្រ​រួម​មាន ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​កំពត និង​ខេត្ត​កែប។ ខេត្ត​ទាំង ៤​នេះ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១១ នៅ​ប្រទេស​សេណេហ្គាល់ (Senegal)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។