ប្រជាពលរដ្ឋរស់នៅតំបន់អូរត្រូន ខេត្តក្រចេះ អះអាងថា មានក្រុមហ៊ុនចំនួន២ កំពុងធ្វើអាជីវកម្មរ៉ែមាស និងថ្មម៉ាប បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅតំបន់នោះ ។ អ្នកភូមិស្នើឲ្យអាជ្ញាធរនិងក្រុមហ៊ុនជួយរកដំណោះស្រាយឲ្យពលរដ្ឋ ។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា អាជ្ញាធរត្រូវតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងត្រូវដោះស្រាយតាមសំណើរបស់ពលរដ្ឋ។
ប្រជាពលរដ្ឋស្ថិតនៅតំបន់អូរត្រូន ភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ អះអាងថា ក្រុមហ៊ុនចំនួន២ គឺ ក្រុមហ៊ុន សឹង យន្ដ គ័ង យិក ខូអិលធីឌី (XING YUAN KANNG YEAK CO., LTD. ) ធ្វើអាជីវកម្មរ៉ែមាស គ្រប់គ្រង កាកសំណល់មិនបានត្រឹមត្រូវហូរទឹកកខ្វក់ចូលអូរធម្មជាតិ និងក្រុមហ៊ុន សំបូរ ម៉ូនីង ដឹកជញ្ជូនថ្មម៉ាបធ្វើឲ្យខូចខាតផ្លូវដីហ៊ុយប៉ះពាល់ដល់សុខភាព និងដឹកថ្មធ្លាក់ពីរថយន្តបង្កគ្រោះថ្នាក់ដល់អ្នកភូមិជាបន្តបន្ទាប់ ។អ្នកភូមិចង់ឲ្យក្រុមហ៊ុនទាំង២ គ្រប់គ្រងអាជីវកម្មរបស់ខ្លួនកុំបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅតំបន់នោះ ហើយអាជ្ញាធរត្រូវតែមានវិធានការទៅលើក្រុមហ៊ុនណាដែលបង្កផលប៉ះពាល់ពលរដ្ឋ។
តំណាងសហគមន៍ភូមិអូរត្រូន លោក ចន ចាន់ថុន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៥ ខែកុម្ភៈថា ក្រុមហ៊ុនធ្វើអាជីវកម្មថ្មម៉ាប កំពុងកាយយកថ្មជាង ២០កន្លែង ហើយបានដឹកជញ្ជូនធ្វើឲ្យខូចខាតផ្លូវដីហ៊ុនប៉ះពាល់សុខភាព និងមានថ្មធាក់ពីលើរថយន្តបង្កឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាបន្តបន្ទាន់។ លោកព្រួយបារម្ភខ្លាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារកន្លងទៅអាជ្ញាធរមិនមានដំណោះស្រាយសមរម្យណាដល់ពលរដ្ឋឡើយ។
លោក ចន ចាន់ថុន៖ «ខ្ញុំបារម្ភការហុយវាខូចសុខភាពដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវទីមួយ ទីពីរបារម្ភខ្លាំងបាត់បង់ធនធានធម្មជាតិខ្មែរយើង យើងឲ្យក្រុមហ៊ុនបរទេសគេមកវិនិយោគ វិនិយោគដូចធ្វើនំអត់ម្សៅក៏មានហើយគេចំណេញច្រើនរដ្ឋយើងនឹងវាបានតិច»។
លោក ចន ចាន់ថុន ចង់ឃើញរដ្ឋាភិបាលគិតគូរថែរក្សាសម្បត្តិជាតិ ប្រសើរជាងបណ្ដោយឲ្យក្រុមហ៊ុនឯកជនទាំងនោះបំផ្លាញ និងមិនបានប្រយោជន៍អ្វីដល់ជាតិជាដុំកំភួនឡើយ។
រីឯសកម្មជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុត ឲ្យដឹងថា លោកមិនគាំទ្រចំពោះគម្រោងដែលបង្កឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ ហើយរាល់គម្រោងទាំងនោះមិនមានផលចំណេញដល់ប្រទេសជាតិដែរ ដោយសារកន្លងទៅថ្មីៗនេះរដ្ឋាភិបាលបានលើកលែងពន្ធនាំចេញថ្មទៅក្រៅប្រទេស ។ លោកបន្ថែមថា រដ្ឋាភិបាលត្រូវតែសិក្សាឲ្យបានត្រឹមត្រូវ និងមានតម្លាភាព ទៅលើគម្រោងទាំងនោះ ដើម្បីកុំឲ្យមានផលប៉ះពាល់ដល់ពលរដ្ឋ។
លោក លី ចាន់ដារ៉ាវុត៖ «រដ្ឋាភិបាលគួរតែធ្វើការការពារធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា ដោយយកចិត្តទុកដាក់ប្រសើរជាងការទាញយកធនធានធម្មជាតិទាំងអស់នោះក្នុងលឿនមួយដ៏លឿនហើយមួយទៀត គឺបំផ្លិចបំផ្លាញអ្វីដែលមានស្រាប់ ជាពិសេសគឺភ្នំដូច្នេះវាមិនសមហេតុផលទាល់តែសោះ ដែលយើងត្រូវដូរធនធានធម្មជាតិដ៏មានតម្លៃរបស់យើងជាមួយនឹងជំនួញអត់បានផ្ដល់ផលចំណេញដល់កម្ពុជាទាល់តែសោះ»។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អភិបាលខេត្តក្រចេះ លោក វ៉ា ថន និងប្រធានមន្ទីររ៉ែនិងថាមពល ខេត្តក្រចេះ លោក សុខ គីរីរតន៍ ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី១៥ ខែកុម្ភៈ ដោយសារទូរស័ព្ទចូលគ្មានអ្នកលើក។
សហគមន៍លើកឡើងថា ក្នុងមួយថ្ងៃក្រុមហ៊ុន សំបូរ ម៉ុនីង ធ្វើការដឹកជញ្ជូនដោយរថយន្តវេអង ក្នុង១ថ្ងៃ ចាប់ពី៧០គ្រឿងទៅ ១០០គ្រឿង ទៅលក់នៅប្រទេសវៀតណាម និងប្រទេសចិន ។ ចំណែកក្រុមហ៊ុនចិន សឹង យន្ដ គ័ង យិក ខូអិលធីឌី (XING YUAN KANNG YEAK CO., LTD. ) អង្គការសមធម៌កម្ពុជា(Equitable Cambodia ) រកឃើញថា កំពុងធ្វើឲ្យប៉ះពាល់បរិស្ថាននៅជុំវិញតំបន់ដែលប្រជាពលរដ្ឋកំពុងរស់នៅសព្វថ្ងៃ។
កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម បានអនុញ្ញាតឲ្យក្រុមឈ្មួញរកស៊ីលក់ថ្មធម្មជាតិ និងណែនាំឲ្យក្រុមឈ្មួញទាំងនោះធ្វើតាមការអនុញ្ញាតរបស់រដ្ឋាភិបាល ដើម្បីងាយស្រួលជាងមុនក្នុងការនាំចេញថ្មកែច្នៃធម្មជាតិ និងថ្មធម្មជាតិមិនទាន់កែច្នៃ។
ទាក់ទិននឹងបញ្ហានេះ នាយកប្រតិបត្តិនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង យល់ឃើញថា រាល់ការធ្វើអាជីវកម្មដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋមូលដ្ឋាន អាជ្ញាធរមូលដ្ឋានត្រូវតែចុះសិក្សាស្រាវជ្រាវ និងរាយការណ៍ជូនអាជ្ញាធរថ្នាក់ជាតិ ដើម្បីចុះត្រួតពិនិត្យនិងត្រូវផ្អាកសកម្មភាពទាំងនោះជាបន្ទាន់ បើមិនដូច្នោះទេនឹងធ្វើឲ្យពលរដ្ឋរងផលប៉ះពាល់កាន់តែខ្លាំង។
លោក ហេង គឹមហុង៖ «ដូច្នេះយើងខ្ញុំមានការបារម្ភ បារម្ភខ្លាំងមែនទែន នៅតែបង្កការរំខានផ្ដល់ហានិភ័យដល់សុវត្ថិភាពសហគមន៍ យើងខ្ញុំទទូចថា សុំឲ្យមានការផ្អាកជាបណ្ដោះអាសន្នរហូតដល់ក្រុមហ៊ុននេះគោរពទៅតាមបទដ្ឋានស្តង់ដារច្បាស់លាស់ បើមិនអ៊ីចឹងទេ វាអាចបង្កគ្រោះថ្នាក់ដល់ពលរដ្ឋនិងប្រព័ន្ធអេកូឡូស៊ីរបស់សហគមន៍មូលដ្ឋាន»។
ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល ជំរុញឲ្យអាជ្ញាធររដ្ឋាភិបាល និងក្រុមហ៊ុនរកស៊ីទាំងនោះ ត្រូវមានការទទួលខុសត្រូវខ្ពស់ ដោយមិនត្រូវគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនខ្វល់អំពីការខូចខាតដល់ប្រយោជន៍សាធារណៈ ប៉ះពាល់លើប្រជាពលរដ្ឋ និងបរិស្ថាននោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។