ពលរដ្ឋដែលជំទាស់មិនទទួលសំណង ពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ រស់នៅឃុំស្រែគរ អំពាវនាវសុំឲ្យអាជ្ញាធរខេត្តស្ទឹងត្រែង ចុះស៊ើបអង្កេត និងទប់ស្កាត់សកម្មភាពកាយក្រវាត់ព្រំដី រំលោភយកដីព្រៃសហគមន៍ភូមិស្រែគចាស់ប្រមាណជាង ៥០ហិកតារ ពីសំណាក់ក្រុមហ៊ុន ភូ ម៉ាឌី (Phou Mady Investment CO,LD)។ អ្នកភូមិចាត់ទុកព្រៃសហគមន៍នេះ ជាកេរធម្មជាតិដ៏មានតម្លៃ ដែលពួកគាត់ចង់ឱ្យអាជ្ញាធរជួយថែទាំឱ្យបានល្អ ដើម្បីប្រយោជន៍យូរអង្វែងរបស់ពលរដ្ឋ។
ពលរដ្ឋ ជាង ៦០គ្រួសារ រស់នៅឃុំស្រែគរ ស្រុកសេសាន ភ័យព្រួយពីជោគវាសនាព្រៃសហគមន៍ភូមិស្រែគរ ដែលនៅកៀក នឹងភូមិកំណើតរបស់ពួកគាត់ នឹងប្រឈមការបាត់បង់ ប្រសិនបើគ្មានការដោះស្រាយឱ្យទាន់ពេល ពីសំណាក់អាជ្ញាធរខេត្តស្ទឹងត្រែងនោះទេ។
អ្នកភូមិថា កាលពីខែមុនមន្ត្រីជំនាញសុរិយោដីមួយក្រុម និងតំណាងក្រុមហ៊ុន ភូ ម៉ាឌី បានមកបាញ់ថ្នាំក្រហម និងបោះបង្គោល កាត់ឆ្វៀលដីព្រៃសហគមន៍ទំហំជាង ៥០ហិកតារ ដោយមិនបានពិភាក្សាជាមួយតំណាងសហគមន៍នោះឡើយ។
តំណាងសហគមន៍ភូមិស្រែគ លោក ហ្វុត ឃឿន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២១ មីនាថា ពលរដ្ឋដែលក្រាញននៀល មិនទទួលសំណង រំពឹងលើព្រៃសហគមន៍នេះ ដែលជាកន្លែងអាស្រ័យផលយ៉ាងសំខាន់ ចិញ្ចឹមជីវិត និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ហេតុនេះពួកគាត់មិនចង់ឃើញក្រុមហ៊ុនកាត់ឆ្វៀល យកដីសហគមន៍នេះទៀតទេ។ លោកបញ្ជាក់ថា តំណាងក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន ធ្លាប់បានជីកប្រឡាយក្រវាត់ព្រំដី បំពានចូលដីព្រៃសហគមន៍អស់ជាច្រើនហិកតារកាលពីឆ្នាំមុន ប៉ុន្តែពលរដ្ឋបានលើកគ្នាតវ៉ា ទើបក្រុមហ៊ុនបានផ្អាកជាប៉ុណ្ណោះអាសន្ន៖ «មិនឱ្យក្រុមហ៊ុនយកទេ បើក្រុមហ៊ុនយកឈើកន្លែងហ្នឹងអស់ តើពលរដ្ឋមានសង្ឃឹមអី។ ដល់ពេលវាអស់ហើយ នៅសល់បន្តិចមួយហ្នឹង ដីហ្នឹង»។
តំណាងសហគមន៍រូបនេះ បន្ថែមថា បច្ចុប្បន្នព្រៃសហគមន៍ភូមិស្រែគរ នៅសល់ផ្ទៃដីជាង ១ពាន់ហិកតារប៉ុណ្ណោះ ហ៊ុមព័ទ្ធដោយផ្ទៃទឹក ប្រៀបបានទៅនឹងកោះតូចមួយ បន្ទាប់ពីទំនប់វារីអគ្គិសនីសេសានក្រោមពីរបិទទ្វារទឹក ធ្វើឱ្យព្រៃអភិរក្សមួយនេះ បានក្លាយជាផ្ទៃអាងអស់មួយផ្នែកធំ។ លោកថា ជំហររបស់អ្នកភូមិចង់ទុកព្រៃនេះឱ្យគង់វង្ស និងដាំដើមឈើស្ដារព្រៃឡើងវិញ មិនចង់ឱ្យកាត់ឆ្វៀលវិនិយោគឱ្យក្រុមហ៊ុនឯកជន បំផ្លាញធនធានធម្មជាតិនោះឡើយ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង មានប្រសាសន៍ថា លោកមិនទាន់ទទួលព័ត៌មាននេះនៅឡើយទេ ប៉ុន្តែជំហររបស់អភិបាលខេត្ត ចង់ពន្លឿនចុះបញ្ជីដីសមូហភាព ជូនពលរដ្ឋរស់នៅភូមិស្រែគរចាស់។ លោកបញ្ជាក់ថា បច្ចុប្បន្នមិនទាន់មានផែនទីកំណត់ផ្ទៃដី កាត់ឆ្វៀលដីចេញពីព្រៃសហគមន៍ភូមិស្រែគរ នៅឡើយទេ ខណៈដែលមន្ទីរដែនដី កំពុងសិក្សាពីផលប៉ះពាល់នានា។ រីឯពលរដ្ឋនៅតំបន់នោះ ក៏ធ្លាប់បានព្រមព្រៀង ចុះបញ្ជីដីសមូហភាពជាមួយអាជ្ញាធរដែរ៖ «ជារឿងត្រឹមត្រូវបើសិនជា ដីសហគមន៍នេះ មិនមានផលប៉ះពាល់ជាមួយដីផ្សេងៗ ទៀតទេ គឺរៀបចំដីសហគមន៍ រដ្ឋបាលខេត្ត និងអភិបាលខេត្ត មានឆន្ទៈគាំទ្រណាស់ ដើម្បីឱ្យសហគមន៍ថែរក្សា និងចូលរួមចំណែកក្នុងការការពារ»។
ក្រុមហ៊ុន ភូ ម៉ាឌី ទទួលបានដីជិត ១ម៉ឺនហិកតារនៅឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដើម្បីវិនិយោគដំណាំកៅស៊ូ កាលពីឆ្នាំ២០០៦ ពីក្រសួងកសិកម្ម។ អ្នកភូមិថា ក្រុមហ៊ុននេះ ជារបស់ឧកញ៉ា អាន ម៉ារឌី។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺរឿងនេះពីតំណាងក្រុមហ៊ុន ភូ ម៉ាឌី បាននៅឡើយទេ នៅថ្ងៃទី២១ មីនា។
រីឯមេឃុំជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិ ដែលរដ្ឋាភិបាលដកចេញពីតំណែងលោក សៀក មេគង្គ សង្កេតឃើញថា រយៈពេលជាង ៥ឆ្នាំកន្លងមកនេះ អ្នកភូមិថែរក្សាព្រៃសហគមន៍នេះ បានល្អប្រសើរ គួរតែអាជ្ញាធរលើកទឹកចិត្ត មិនគួរកាត់ឆ្វៀលឱ្យក្រុមហ៊ុនឯកជននោះទេ ព្រោះបំផ្លាញសេចក្ដីសុខរបស់ពលរដ្ឋ៖ «បើកាត់ទៅហើយ ពួកគាត់មានអី ៥០គ្រួសារ បើគាត់តកូន តចៅ ជំនាន់ក្រោយ តើពួកគាត់មានអី ? អានេះសំខាន់ណាស់»។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តស្ទឹងត្រែង លោក ប៊ី វ៉ាន់នី ចាត់ទុកព្រៃសហគមន៍នេះ ជាព្រៃបន្សល់ចុងក្រោយ ដែលអ្នកភូមិចង់ថែទាំឱ្យគង់វង្ស ដើម្បីកូនចៅជំនាន់ក្រោយ ព្រោះពួកគាត់បានរំកិលមករស់នៅលើទីទួលសុវត្ថិភាព ក្រោយពីក្រុមហ៊ុនបិទទ្វារទឹកពន្លិចភូមិកំណើត កាលពីឆ្នាំ២០១៧៖ «សហគមន៍ស្នើសុំឱ្យក្រុមហ៊ុន និងអាជ្ញាធរមេត្តាគោរព ព្រំក្រវាត់ចាស់ដែលកាយរួចហើយ កាលណាកាយថ្មីវា ប៉ះពាល់ដីព្រៃសហគមន៍។ យើងស្នើសុំធ្វើការដោះស្រាយ និងគោរពតាមព្រំក្រវាត់ចាស់ មិនត្រូវធ្វើព្រំថ្មី ប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋទេ»។
មកទល់ពេលនេះពលរដ្ឋរស់នៅឃុំក្បាលរមាស ៦០គ្រួសារ បូករួមទាំងពលរដ្ឋបំបែកគ្រួសារបដិសេធមិនព្រមទទួលយកគោលនយោបាយសំណងពីក្រុមហ៊ុន ហើយបច្ចុប្បន្នពួកគេបន្តរស់នៅលើទីទួលខ្ពស់ ត្រង់ចំណុចខ្ទមអ្នកតា។ ក្រុមពលរដ្ឋទាំងនោះរស់ពឹងផ្អែកលើព្រៃសហគមន៍ ដែលជាប្រភពចំណូលសេដ្ឋកិច្ចរបស់ពួកគេ ដូចជា ឃ្វាលគោក្របី នេសាទត្រី ធ្វើចម្ការវិលជុំ រកអនុផលព្រៃឈើ បេះបន្លែ និងដងជ័រទឹកជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។