ពលរដ្ឋ ដែលរស់នៅក្បែរបឹងតាមោក និងសកម្មជនបរិស្ថាននៅតែព្រួយបារម្ភថា បឹងធម្មជាតិបឹងតាមោកនឹងរលាយបាត់ ខណៈពួកគាត់ឃើញនៅតែមានការចាក់ដីលុប និងកាត់ឆ្វៀលដីក្នុងតំបន់នេះឲ្យទៅអ្នកមានលុយ មានអំណាច និងអ្នកល្បីឈ្មោះដូចជាកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ជាដើម។ ពួកគាត់យល់ថា លោក ព្រាប សុវត្ថិ ដែលធ្លាប់តែមានអ្នកគាំទ្រច្រើន និងជាបុគ្គលស្អាតស្អំ មិនគួរចង់បានដីបឹងធម្មជាតិនេះទេ។
ពលរដ្ឋ និងសកម្មជនបរិស្ថានរិះគន់តារាចម្រៀងជួរមុខ លោក ព្រាប សុវត្ថិ ដែលពួកគាត់ធ្លាប់គាំទ្រ បែរជាមកពាក់ព័ន្ធរឿងដីធ្លីចំនួន៣ហិកតារ ដែលរដ្ឋាភិបាលបានកាត់ឲ្យលោក កាលពីថ្ងៃទី១៣ ខែមេសា កន្លងទៅ។ ពួកគាត់ថា លោក ព្រាប សុវត្ថិ មិនគួរមកប្រឡូកប្រឡាក់ចង់បានដីបឹងធម្មជាតិ ដែលកំពុងមានភាពចម្រូងចម្រាសជាមួយប្រជាពលរដ្ឋនោះទេ។
មន្ត្រីផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា CYN លោក ហេង គឹមហុង ប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ថា លោកខកចិត្តជាខ្លាំងចំពោះតារាចម្រៀងលោក ព្រាប សុវត្ថិ ដែលមានឈ្មោះមិនល្អក្នុងការលុបបំបាត់ធនធានធម្មជាតិ ដោយបានចូលរួមចំណែកក្នុងការទទួលយកដីបឹងតាមោកពីរដ្ឋាភិបាល។ លោកបន្តថា លោកនឹងធ្វើពហិការឈប់គាំទ្រ និងស្ដាប់ចម្រៀងរបស់តារាចម្រៀង១នេះទៀត ហើយលោកក៏ស្នើដល់យុវជនធ្វើពហិការ ដោយឈប់ចូលរួមមើលការសម្ដែងរបស់លោក ព្រាប សុវត្ថិ តទៅទៀត ដើម្បីរួមចំណែកការពារមិនឲ្យបុគ្គលល្បីឈ្មោះបំផ្លិចបំផ្លាញធម្មជាតិ។ លោកមើលឃើញថា រដ្ឋាភិបាលនៅមិនទាន់មានឆន្ទៈគ្រប់គ្រាន់ក្នុងការថែរក្សាបឹងតាមោកឲ្យនៅគង់វង្សនោះទេ ដោយសារនៅតែមានការកាត់ឆ្វៀលដីបឹងនេះ ឲ្យទៅមន្ត្រីក្នុងជួររដ្ឋាភិបាល និងអ្នកមានលុយមានអំណាច ជាបន្តបន្ទាប់។ លោកបញ្ជាក់ថា ការដែលអស់បឹងធម្មជាតិ នឹងធ្វើឲ្យទីក្រុងជន់លិចដោយងាយ ម្យ៉ាងទៀតបឹងតាមោកពលរដ្ឋរស់នៅ និងអាស្រ័យផលលើដីបឹងនេះយូរមកហើយ បើបាត់បង់នឹងប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់៖ «ជុំវិញករណីបឹងតាមោកនេះ យើងឃើញថា ជាបន្តបន្ទាប់ ត្រូវបានកាត់ចេញជាដុំៗ ឲ្យទៅបណ្ដាក្រុមអ្នកមាន ក្រុមអ្នកមានអំណាច ក្រុមបុគ្គលល្បីល្បាញ ឬក៏អ្នករកស៊ីអីហ្នឹង បន្តបន្ទាប់ដែរ ហើយយើងមើលទៅដំណើរឆ្ពោះទៅមុខនៃការបាត់បង់បឹងតាមោកទាំងស្រុងហ្នឹងហាក់បីដូចជាខិតជិតទៅៗហើយបាទ។ អាក់អន់ស្រពន់ចិត្តខ្លាំងមែនទែន ជាពិសេសចំពោះវត្តមានតារាចម្រៀង ព្រាប សុវត្ថិ នេះបាទ ដោយសារអី ? គាត់គឺជាបុគ្គលម្នាក់ ដែលមានកេរ្តិ៍ឈ្មោះស្អាតស្អំហ្នឹងយូរហើយមិនសូវជាមានរឿងអាស្រូវអីច្រើន ដូចតារាផ្សេងទៀតហ្នឹងណា៎»។
ការប្រតិកម្មរបស់លោក ហេង គឹមហុង នេះបន្ទាប់ពីអនុក្រឹត្យមួយដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន កាត់ដីបឹងតាមោកចំនួន៣ហិកតារ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញឲ្យលោក ព្រាប សុវត្ថិ កាលពីថ្ងៃទី១៣ ខែមេសា ហើយឯកសារនេះទើបតែចុះផ្សាយជាសាធារណៈនៅក្នុងអាទិត្យនេះ។ ក្រៅពីលោក ព្រាប សុវត្ថិ នៅមានបុគ្គលម្នាក់ទៀតឈ្មោះ គី សេង ក៏ទទួលបានដីបឹងតាមោកពីអនុក្រឹត្យនេះដែរ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក ព្រាប សុវត្ថិ និងបុគ្គលឈ្មោះ គី សេង ដើម្បីសាកសួររឿងនេះបានទេ នៅថ្ងៃទី ០៣កញ្ញា។
ទោះជាយ៉ាងណា ពលរដ្ឋដែលរងផលប៉ះពាល់ពីការលុបបឹងតាមោក រស់នៅភូមិសំរោងត្បូង លោកស្រី ផន សុខុម ប្រាប់ថា លោកអភិបាលខណ្ឌព្រែកព្នៅសន្យានឹងចេញប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ពលរដ្ឋនៅតំបន់បឹងតាមោក តែលោកស្រីហាក់នៅមិនទាន់សង្ឃឹមបានមួយភាគរយនោះទេ ព្រោះនៅតែឃើញមានការចាក់លុបបឹងឥតឈប់ ហើយខូចខាតដល់ឡូចិញ្ចឹមត្រីរបស់អ្នកភូមិ។ លោកស្រីស្នើដល់ រដ្ឋាភិបាលចេញប្លង់កម្មសិទ្ធិដល់ពួកគាត់ឲ្យបានឆាប់ ដោយសារពួកគាត់ព្រួយកង្វល់ពីការបណ្ដេញចេញដោយបង្ខំ ពីសំណាក់អាជ្ញាធរមូលដ្ឋាន៖ «គាត់មិនគិតពីលោភលន់អីទេ ធ្វើម៉េចបើបានគាត់អាស្រ័យផលពីកេរដូនតាមក ហើយគាត់ចង់បើបានប៉ះដោះស្រាយឲ្យគាត់ទៅ មិនទៅទាមទារអីណាហួសពីសមត្ថភាពទេ។ អ៎ ! ចេះតែមានព្រួយបារម្ភអារឿងលិចទឹក ប៉ុន្តែយើងទៅធ្វើម៉េច យើងត្រឹមតែរាស្ត្រ យើងគ្មានសិទ្ធិអីទេអូន។ សុំមេត្តាថា ឲ្យគាត់ចាក់ប៉ះអី ឲ្យគាត់ដោះស្រាយទៅតែប៉ុណ្ណឹងទេ។ មិនគិតអីឲ្យហួសហ្នឹងទេអូន គាត់ថាប៉ះស៊ងណាដោះស្រាយស៊ងហ្នឹង ដល់គាត់ចាក់លុបគាត់អត់ដោះផងហ្នឹង វាខុសពីពាក្យគាត់និយាយ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការស្រាយបំភ្លឺជុំវិញបញ្ហានេះ ពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានទេ នៅល្ងាចថ្ងៃទី៣ ខែកញ្ញា ដោយទូរស័ព្ទហៅចូលជាច្រើនដង តែពុំមានអ្នកទទួល។
ជុំវិញរឿងនេះដែរ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរលោក កើត សារ៉ាយ យល់ឃើញថា ការបែងចែកដីរដ្ឋដល់ប្រជាពលរដ្ឋ ហាក់ដូចជាមានលំនាំពីរ ព្រោះពលរដ្ឋក្រីក្រ ដែលទទូចសុំប័ណ្ណកម្មសិទ្ធិដីពីរដ្ឋាភិបាល មិនឃើញមានការចាត់ចែងឲ្យពលរដ្ឋដោយសមរម្យនោះទេ ចំណែកមន្ត្រីរាជការ ឬអ្នកល្បីឈ្មោះដែលអែបអបរដ្ឋាភិបាល បែរជាទទួលបានដីដោយងាយ។ លោក បន្ថែមថា ការអភិវឌ្ឍរបស់រដ្ឋាភិបាល មិនគួរឲ្យមានទឹកភ្នែកពលរដ្ឋនៅទីនោះទេ ពលរដ្ឋគួរតែទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍទាំងនោះ៖ «យើងមើលឃើញថា រវាងគម្លាតប្រជាពលរដ្ឋស្លូតត្រង់ ហើយនឹងអ្នកដែលនៅជិតរដ្ឋាភិបាល ដែលស្និទ្ធស្នាលនឹងរដ្ឋាភិបាលហ្នឹង ហាក់ដូចជាការទទួលអាស្រ័យនូវផលប្រយោជន៍ហ្នឹងគឺខុសគ្នាមែនទែន។ ហើយជាពិសេស យើងមើលឃើញទៀតថា វានៅតំបន់បឹងតាមោកតែម្ដង ដែលជាតំបន់ប្រជាពលរដ្ឋគ្នាស្រែកសុំអង្វរ ហើយបែរជាមាន ឮវត្តមានតារាចម្រៀងថា មានវត្តមានយកដី៣ហិកតារ នៅតំបន់នោះដែរ នេះជារឿងមួយ ដែលយើងសោកស្ដាយមែនទែន ក្នុងនាមជាតារាចម្រៀង ដែលធ្លាប់ទទួលបានការគាំទ្រពីពលរ»។
ផ្ទៃបឹងតាមោក មានទំហំជាង ៣ពាន់ហិកតារ (៣.២៣៩) តាមអនុក្រឹត្យចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦។ ប៉ុន្តែបឹងនេះបានរួមតូចបន្តិចម្ដងៗ បន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន សែន សម្រេចកាត់ផ្ទៃបឹង និងអនុញ្ញាតឱ្យចាក់ដីលុបអស់រាប់រយហិកតារ ក្រោមហេតុផលអភិវឌ្ឍន៍ តែពលរដ្ឋនៅតំបន់នេះមិនទាន់ទទួលបានផលប្រយោជន៍ ពីការអភិវឌ្ឍនោះទេ និងប្រឈមនឹងការបណ្ដេញចេញទាំងបង្ខំគ្រប់ពេល។
គិតត្រឹមឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ទំហំដីបឹងតាមោកជាងពីរពាន់ហិកតារ ត្រូវបានរដ្ឋាភិបាលបានកាត់ឆ្វៀល និងដោះដូរ ទៅឱ្យស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងមនុស្សមួយក្រុម ជាអ្នកមានលុយមានអំណាច និងក្រុមគ្រួសាររបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ដើម្បីឱ្យពួកគេកសាងអគារ បុរី វីឡា ខុនដូ និងធ្វើជាកម្មសិទ្ធិឯកជនជាដើម៕