ពលរដ្ឋ​រាប់រយ​គ្រួសារ​រស់នៅ​តាម​ដង​ទន្លេ​​ខេត្ត​កណ្តាល និង​កំពង់ចាម​លក់​ផ្ទះ​ព្រោះ​ខ្លាច​បាក់​ច្រាំង​ដោយសារ​អាជីវកម្ម​បូម​ខ្សាច់

ពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់​នៅ​តាម​បណ្តោយ​ទន្លេមេគង្គ ក្នុង​ខេត្តកណ្តាល និង​ខេត្ត​កំពង់ចាម បង្ខំចិត្ត​លក់​ផ្ទះ និង​ដី​លំនៅឋាន ព្រោះ​បារម្ភ​ពី​អាជីវកម្ម​បូម​ខ្សាច់ បណ្តាល​ឱ្យ​បាក់​ច្រាំង​ទន្លេមេគង្គ​ទ្រង់ទ្រាយ​ធំ​។ អ្នកភូមិ​អះអាង​ថា ច្រាំងទន្លេ​មេគង្គ​ប្រវែង ៣ គីឡូម៉ែត្រ ក្នុងស្រុក​ខ្សាច់​កណ្តាល និង​ស្រុក​ស្រី​សន្ធរ បន្ត​បាក់​ស្រុត​ជា​រៀងរាល់​ឆ្នាំ បណ្តាល​ឱ្យ​ផ្ទះសម្បែង​ពលរដ្ឋ​ជាច្រើន​ខ្នង​ស្រុត​ចុះ​ទន្លេ។

ច្រាំងទន្លេ​មេគង្គ​ប្រវែង​ជាង ៣​គីឡូម៉ែត្រ​ចាប់ពី​ចំណុច​ថ្មដា ភូមិ​ជ័យ ឃុំ​មានជ័យ ខេត្តកំពង់ចាម រហូត​ទាល់​នឹង​ភូមិ​ត្រាំង​លើ ស្រុក​ខ្សាច់កណ្ដាល និង​ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្តកណ្តាល នៅតែ​បន្ត​បាក់​ស្រុត​ជា​រៀងរាល់​ឆ្នាំ​បណ្តាល​ឱ្យ​ផ្ទះសម្បែង​ពលរដ្ឋ​ជាច្រើន​ខ្នង​ផុង​ចូល​ទន្លេ។

បាតុភាព​នេះ បាន​លង​បន្លាច​ស្មារតី​ពលរដ្ឋ ដែល​មាន​លំនៅឋាន តាម​បណ្តោយ​មាត់ទន្លេ​មេគង្គ ដោយមាន​ពលរដ្ឋ​ខ្លះ រុះរើ​ផ្ទះ​រំកិល​ទៅ​ឆ្ងាយ​ពី​ច្រាំង​ទន្លេ និង​មាន​ពលរដ្ឋ​ខ្លះទៀត បង្ខំចិត្ត​លក់​ផ្ទះ​ក្នុង​តម្លៃថោកៗ។

ពលរដ្ឋ​ដែល​មាន​លំនៅឋាន​ជាប់មាត់​ទន្លេ ក្នុងភូមិ​ជ័យ ឃុំ​មានជ័យ ឱ្យ​ដឹង​ថា ពេល​នេះ គ្រឿងចក្រ​មិន​ក្រោម ៤០ គ្រឿង​រួមមាន កាណូត និង​សា​ឡង់ បន្ត​ដឹក​ខ្សាច់ អណ្ដែត​ពេញ​ទន្លេមេគង្គ​ជា​រៀងរាល់ថ្ងៃ នៅ​ចំណុច​កោះ​រកា រហូតដល់​ឃុំ​រកា​កោង ខេត្តកណ្តាល ទល់នឹង​ឃុំ​មានជ័យ ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម។ អ្នកភូមិ​ថា អាជីវកម្ម​បូម​ខ្សាច់​ខ្នាត​ធំ​ទាំងនេះ កើតមាន​ជិត ១០ ឆ្នាំ​មក​ហើយ។

ពលរដ្ឋ​រងគ្រោះ រស់នៅ​ភូមិ​ជ័យ ឃុំ​មានជ័យ លោក ម៉ាយ សាវែន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី១៨ វិច្ឆិកា ថា គ្រួសារ​លោក បង្ខំចិត្ត​រុះរើ​ផ្ទះ​ឈើ ២​ដង​មក​ហើយ ដើម្បី​រំកិល​ទៅ​ទី​សុវត្ថិភាព ដោយសារតែ​ច្រាំងទន្លេ​មេគង្គ បន្ត​បាក់​ស្រុត​ជា​រៀងរាល់​ឆ្នាំ​។ លោក​ថា ការ​រុះរើ​ផ្ទះ​ឈើ​ម្តងៗ ត្រូវ​ចំណាយ​ប្រាក់​ជាង ១​ម៉ឺន​ដុល្លារ និង​ពេលវេលា​ជាច្រើន​ខែ ។ រីឯ​ផ្ទះថ្ម ពុំ​អាច​រុះរើ​បាន​ឡើយ តែងតែ​បាក់​ស្រុត​ចូល​ទន្លេ​អស់​ជាច្រើន​ខ្នង។

លោក​បន្ថែម​ថា មក​ទល់​ពេល​នេះ អ្នកភូមិ​រាប់​រយ​គ្រួសារ បង្ខំចិត្ត​លក់​ផ្ទះ តាម​បណ្តោយ​មាត់ទន្លេ​ក្នុង​តម្លៃថោកៗ និង​មាន​ពលរដ្ឋ​ខ្លះទៀត រុះរើ​ផ្ទះ។

លោក ម៉ាយ សាវែន៖ «សរុប​តាំងពី​តា​ឯក​មក ដល់​ភូមិ​ជ័យ ប្រហែលជា​រាប់​រយ​គ្រួសារ មិនដឹង​ប៉ុន្មាន​រយ តែ​ទន្លេ​បាក់​រត់​ហើយ ហើយ​តាម​មាត់ទន្លេ​លក់​ថោកៗ បើ​មិន​រើ​ទៅ ចូល​ទន្លេ​គ្មាន​នរណា​សង​យើង​ទេ​។ ព្រួយបារម្ភ​ពី​អ្នកស្រុក​បាក់​ច្រាំង ដល់​បាក់​មិនដឹង​ទៅណា ក្រ​លក់​ចោល​ទៅ​»។​

កសិករ​រូប​នេះ​បន្ថែម​ថា កាលពី​ជាង ៤០ ឆ្នាំមុន អាង​ទន្លេមេគង្គ​នៅ​តំបន់​ដែល​លោក​រស់នៅ មាន​ទទឹង​ជិត ១០០ ម៉ែត្រ ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន ផ្ទៃ​ទឹកទន្លេ​កាន់តែ​រីកធំឡើង​ជា​រៀងរាល់​ឆ្នាំ ដោយមាន​ប្រវែង​ទទឹង ៣ គីឡូម៉ែត្រ​។ លោក​ថា គ្រួសារ​លោក បង្ខំចិត្ត​លក់​ផ្ទះ​មួយ​កន្លែង នៅ​មាត់​ទន្លេមេគង្គ ក្នុង​តម្លៃ ៥​ពាន់​ដុល្លារ ( ៥០០០ ) ព្រោះតែ​គ្មាន​ជម្រើស

ពលរដ្ឋ​ម្នាក់ទៀត ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ឯកជន​មួយចំនួន បន្ត​ទាញ​យក​ខ្សាច់​ធម្មជាតិ លក់​ដោយ​មិន​ខ្វល់​ពី​ផល​ប៉ះពាល់​ផ្ទះសម្បែង ផ្លូវថ្នល់ និង​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ ដែល​បាក់​ស្រុត​ចូល​ទន្លេ​នោះ​ឡើយ​។ លោក​ថា អ្នកភូមិ​កំពុង​ភ័យខ្លាច បាតុភាព​នេះ តែ​ពួកគាត់​មិន​ហ៊ាន​លើកគ្នា​តវ៉ា​នោះ​ឡើយ ខ្លាចក្រែង​អាជ្ញាធរ​ធ្វើបាប។

លោក​បន្ថែម​ថា កន្លង​ទៅ ដីស្រែ​ចម្ការ​អ្នកភូមិ និង​ផ្ទះ​ពលរដ្ឋ​រាប់​សិប​ខ្នង ក្នុង​ឃុំ​ឫស្សី​ជ្រោយ ឃុំ​តាឯក និង​ឃុំ​រកាកោង បាន​បាក់​ស្រុត​ចូល​ទន្លេ អាជ្ញាធរ​បាន​យក​អំណោយ​តិចតួច ចែក​ជូន​ពលរដ្ឋ​រង​គ្រោះ ដោយ​មិនបាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន ផ្តល់​សំណង​នោះ​ទេ​៖

«បូម​យក​ខ្សាច់​កាលណា​ជាតិ​ទឹក វា​ហៀ​ចេញ​ពីសា​ឡង់​មកវិញ ហើយ​នេសាទ​ត្រី​លែង​មាន​ហើយ ហើយ​ពលរដ្ឋ​លែង​នេសាទ​ហើយ ព្រោះ​នេសាទ​ត្រី​លែង​បាន»។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​ជុំវិញ​ក្តី​កង្វល់​របស់​ពលរដ្ឋ​ពី​អភិបាលខេត្ត​កណ្តាល លោក គង់ សោភ័ណ្ឌ ក៏​មិនអាច​សុំ​ការ​បំភ្លឺ​បាន​ដែរ ដោយ​ទូរសព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។

ប៉ុន្តែ​អភិបាល​ខេត្ត​រូប​នេះ បាន​ចុះ​ពិនិត្យ​ស្ថានភាព​បូម​ខ្សាច់​នៅ​ដង​ទន្លេមេគង្គ ខេត្ត​កណ្តាល កាល​ពី​ថ្ងៃ​ទី១៧ វិច្ឆិកា ដោយ​ថ្លែងប្រាប់​ពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ថា អាជ្ញាធរ​ខេត្ត​នឹង​ធ្វើ​របាយការណ៍​បាតុភាព​នេះ ស្នើ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ ដើម្បី​ចាត់​វិធានការ​ដោះស្រាយ។

មេឃុំ​មានជ័យ លោក ដឹប ប៊ុនហុង ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​បាក់​ច្រាំងទន្លេ ជា​គ្រោះ​ធម្មជាតិ ដែល​តែងតែ​កើតមាន​តាំងពី​បុរាណកាល​មក ប៉ុន្តែ​ពលរដ្ឋ​បាន​ទម្លាក់កំហុស​រឿង​នេះ​ថា មក​ពី​អាជីវកម្ម​បូម​ខ្សាច់។ លោក​ថា ពលរដ្ឋ​ដែល​លក់​ផ្ទះ​តាម​បណ្តោយ​មាត់​ទន្លេ ដោយសារ​ដី​ឡើងថ្លៃ ហើយ​ពួកគាត់​ទៅ​ទិញ​ផ្ទះ នៅ​តំបន់​ផ្សេងទៀត​។ លោក​បន្ថែម​ថា កន្លងទៅ​មាន​ក្រុមហ៊ុន​ឯកជន​មួយ កំពុង​ស្នើសុំ​ក្រសួង​ពាក់ព័ន្ធ ធ្វើ​ច្រាំងទន្លេ ដើម្បី​ការពារ​កុំឱ្យ​បាក់​ច្រាំង​ក្នុង​ឃុំ​របស់​លោក។

លោក ដឹប ប៊ុនហុង៖ «គាត់​រុះរើ​ផ្ទះ​ដោយសារ​វា​នៅ​ជិត​ច្រាំង ហាងឆេង​ដី​មាត់ទន្លេ​មាន​ហេង​ផង គាត់​លក់​ចេញ ហើយ​យក​លុយ​ទិញ​ដី​កន្លែង​ផ្សេង ដើម្បី​សង់ផ្ទះ​វិញ»។

ចំណែក​អ្នកនាំពាក្យ​ក្រសួង​រ៉ែ លោក អ៊ឺង ឌីប៉ូឡា ថ្លែង​ក្នុង​សន្និសីទ​មួយ កាល​ពី​ដើម​ខែ​សីហា​ថា មុននឹង​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​អាជីវកម្ម​បូម​ខ្សាច់ ក្រសួង​បាន​សិក្សា​ច្បាស់​លាស់ ហើយ​មក​ទល់​ពេល​នេះ ក្រសួង​បាន​ចេញ​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​តាម​ដង​ទន្លេ និង​ស្ទឹង សរុប ជាង ២ ពាន់​ហិកតារ (២.០០០)​នៃ​ទំហំ​ផ្ទៃ​ទឹក​។ លោក​ទទួលស្គាល់​ថា បូម​ខ្សាច់​បណ្តាល​ឱ្យ​បាក់​ច្រាំងទន្លេ ប្រសិនបើ​ការ​ទាញ​យក​ខ្សាច់ មិន​គោរព​តាម​លក្ខខណ្ឌ​បច្ចេកទេស និង​អាជ្ញាប័ណ្ណ​ដែល​ក្រសួង​កំណត់៖

លោក អ៊ឺង ឌីប៉ូឡា៖ «ការដែល​ក្រសួង​ចេញ​អាជ្ញាប័ណ្ណ​ដល់​អាជីវកម្ម​បូម​ខ្សាច់ ត្រូវ​ពិនិត្យ​ច្បាស់លាស់​។ តើ​មូលហេតុ​អ្វី​ដែល​យើង​ចេញ​នៅ​តំបន់​ណាមួយ?មិន​ត្រឹមតែ​មើល​ទៅលើ សក្ដានុពល​រ៉ែ​ទេ គឺ​យើង​មើល​ទៅដល់​សង្គម​និង​បរិស្ថាន​។ ហើយ​ជាពិសេស​គឺ​យើង ជួយ​ថែមទៀត គឺ​សម្រួល​ដល់​ផ្លូវ​នាវាចរណ៍ មិន​ត្រឹមតែ​នាវាចរណ៍​ទេ គឺ​យើង​បូម​ដើម្បី​កាត់បន្ថយ​ការ​បាក់​ច្រាំង»។

សកម្មជន​ការពារ​បរិស្ថាន សង្កេត​ឃើញ​ថា ចំនួន​ខ្សាច់​ដែល​បូម​ចេញ​ពី​ទន្លេ​ក្នុង​ចន្លោះ ៤០ ទៅ ៥០​ភាគរយ គឺ​សម្រាប់​លុប​បឹង​ធម្មជាតិ​ក្នុង​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ ក្រោម​ទម្រង់​អភិវឌ្ឍន៍​ទីក្រុង​រណប សង់​អគារ និង​ផ្សារ​ទំនើប​ជាដើម។

សកម្មជន​ការពារ​បរិស្ថាន ដែល​ចុះ​ស្រាវជ្រាវ​រឿង​នេះ គឺ​លោក ថុន រដ្ឋា មើល​ឃើញ​ថា ការ​ទាញ​យក​ខ្សាច់​ក្នុង​អាង​ទន្លេមេគង្គ លើស​បរិមាណ​ដែល​ខ្សាច់​ធម្មជាតិ​កើតឡើង​វិញ គឺជា​មូលដ្ឋាន នាំ​ឱ្យ​បាក់​ច្រាំងទន្លេ​ទ្រង់ទ្រាយ​ធំ​។ លោក​ថា អាជីវកម្ម​បូម​ខ្សាច់​ខ្នាត​ធំ​ទាំងនេះ បង្កប់​ភាព​មិន​ប្រក្រតី និង ខ្វះ​តម្លាភាព ដែល​ក្រុមហ៊ុន និង​អាជ្ញាធរ បិទបាំង​ព័ត៌មាន​ពី​ការនាំចេញ​ខ្សាច់​លក់​ក្នុងស្រុក និង​ក្រៅ​ប្រទេស។

លោក ថុន រដ្ឋា៖ «យើង​តែងតែ​ស្នើ​ឱ្យ​ក្រសួង​បង្ហាញ​ពី​តម្លាភាព ជុំវិញ​ការ​បូម​ខ្សាច់ តើ​ខ្សាច់​បូម​ចំនួន​ប៉ុន្មាន ហើយ​បង្ហាញ​ពី​ការសិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ជាមុន តែ​យើង​សោកស្តាយ យើង​អត់​ដែល​បាន​ទទួល​ឯកសារ​សំខាន់​នេះ​ទេ ហើយ​ច្រាំងទន្លេ​នៅតែ​បាក់។

សកម្មជន​ការពារ​បរិស្ថាន​រូប​នេះ សង្កេត​ឃើញ​ថា កន្លង​ទៅផ្ទះ​សម្បែង​របស់​ពលរដ្ឋ​ជាច្រើន​ខ្នង បាក់​ស្រុត​ចូល​ទន្លេ មិនឃើញ​អាជ្ញាធរ និង​ក្រុមហ៊ុន ទទួលខុសត្រូវ​ដោយ​ផ្តល់​សំណង​សមរម្យ​នោះ​ឡើយ គឺ​ឃើញ​តែ​ផ្តល់​ជំនួយ​មនុស្សធម៌ តិចតួច​ប៉ុណ្ណោះ។

លោក​ថា ផល​ប៉ះពាល់ ដោយ​បាតុភូត​បាក់​ច្រាំងទន្លេ និង​ការបាត់បង់​ចំនួន​ត្រី​ក្នុង​អាង​ទន្លេមេគង្គ ពុំបាន​ធូរស្បើយ​នោះ​ឡើយ ដរាបណា​សកម្មភាព​ទាំងនេះ មិនបាន​ដោះស្រាយ​ឱ្យ​ជ្រះស្រឡះ។ រីឯ​ពលរដ្ឋ​បន្ត​រងគ្រោះ​កាន់តែ​រាល​ធំ​ឡើយ ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយ​អ្នក​ដែល​ទទួលផល​ប្រយោជន៍​ពី​សម្បត្តិ​ជាតិ​ទាំងនេះ គឺ​ក្រុមហ៊ុន​ឯកជន អាជ្ញាធរ​ខិលខូច និង​ក្រុម​អ្នក​មាន​អំណាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។