អង្គការសង្គមស៊ីវិលសំខាន់ៗចំនួន ៣ សហការគ្នាអនុវត្តគម្រោងថ្មីមួយដែលហៅថា គម្រោងសំឡេងសម្រាប់ព្រៃឈើតំបន់មេគង្គ (Voices For Mekong Forests) មានរយៈពេលចំនួន ៥ឆ្នាំ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។ គម្រោងថ្មីនេះ ត្រូវបានគេអនុវត្តនៅក្នុងប្រទេសតាមដងទន្លេមេគង្គចំនួន ៥ រួមមានកម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា ឬភូមា និងថៃ។ សម្រាប់នៅក្នុងប្រទេសកម្ពុជា គម្រោងសំឡេងសម្រាប់ព្រៃឈើតំបន់មេគង្គ ត្រូវអនុវត្តដើម្បីតាមដាននៅតំបន់ដែនជម្រកសត្វព្រៃ ស្ថិតក្នុងខេត្តមណ្ឌលគិរី។
គម្រោងសំឡេងសម្រាប់ព្រៃឈើតំបន់មេគង្គ (V4MF) ដែលអនុវត្តដោយអង្គការមិនមែនរដ្ឋាភិបាលជាដៃគូចំនួន ៣ រួមមានមជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (The Center For People and Forest) អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) និងអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (The NGO Forum On Cambodia) គឺជាគម្រោងដែលមានការផ្ដល់មូលនិធិគាំទ្រដោយសហភាពអឺរ៉ុបជាង ៥លានអឺរ៉ូ។
គម្រោងនេះ មានបំណងដើម្បីពង្រឹងតំបន់អភិបាលកិច្ចព្រៃឈើ តាមរយៈបង្កើតប្រព័ន្ធត្រួតពិនិត្យអភិបាលកិច្ចព្រៃឈើ ការបង្កើនសមត្ថភាពដល់សហគមន៍ ជាពិសេសក្រុមជនជាតិដើមភាគតិច និងអង្គការមិនមែនរដ្ឋាភិបាលដើម្បីតាមដានតំបន់ទេសភាពព្រៃឈើ និងការកសាងសមត្ថភាពដល់អង្គការមិនមែនរដ្ឋាភិបាល ដើម្បីចូលរួមអភិវឌ្ឍន៍គោលនយោបាយរបស់រដ្ឋាភិបាល។
នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា លោក តឹក វណ្ណារ៉ា ថ្លែងនៅក្នុងសិក្ខាសាលាចាប់ផ្ដើមអនុវត្តគម្រោងសំឡេងសម្រាប់ព្រៃឈើតំបន់មេគង្គ នៅឯភោជនីយដ្ឋានទន្លេបាសាក់២ នៅថ្ងៃទី១៥ មិថុនា ថា ការកសាងសមត្ថភាពដល់សហគមន៍មូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាល គឺដើម្បីអាចឱ្យពួកគេ អាចរាយការណ៍ពាក់ព័ន្ធនឹងអភិបាលកិច្ចព្រៃឈើ ឬបទល្មើសព្រៃឈើផ្សេងៗ ដោយប្រើប្រាស់ប្រព័ន្ធទូរស័ព្ទដៃ ឬប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ដូច្នោះការរាយការណ៍ទាំងនោះដែលមានទាំងរូបថតជាភស្តុតាងផង នឹងមានលក្ខណៈកាន់តែច្បាស់លាស់ជាងមុន ដើម្បីឱ្យរដ្ឋាភិបាលចាត់វិធានការទប់ស្កាត់៖ «ពេលដែលគាត់ចាប់ផ្ដើមអនុវត្តទៅ គាត់បានភស្តុតាងជាក់ស្ដែង ហើយនរណាក៏មិនអាចប្រកែកបានលើរបាយការណ៍ហ្នឹងទេ ព្រោះមានទាំងរូបថត និងទីតាំងភូមិសាស្ត្រ»។
ប្រជាជនប្រមាណ ៨៥លាននាក់នៃតំបន់មេគង្គ គឺរស់នៅអាស្រ័យព្រៃឈើ ហើយជាងមួយភាគបីនៃជនជាតិទាំងនេះ គឺជនជាតិភាគតិច។ ប្រជាជនចំនួន ៣០ភាគរយនៅជនបទក្នុងតំបន់មេគង្គ កំពុងរស់នៅក្នុងភាពក្រីក្រ ហើយបើគិតពីឆ្នាំ១៩៩០ មកដល់ឆ្នាំ២០១៥ ការបាត់បង់ព្រៃឈើជាមធ្យមនៅក្នុងតំបន់មេគង្គ មាន ៤,៩ភាគរយ។
ចំណែកមន្ត្រីសម្របសម្រួលគម្រោងសំឡេងសម្រាប់ព្រៃឈើតំបន់មេគង្គ មកពីអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ លោក ជ័យ គូឡង់ បានថ្លែងដែរថា សហគមន៍ដែលនឹងទទួលបានការបណ្ដុះបណ្ដាលពីគម្រោងនេះ គឺមានចំនួនប្រហែល ៣០០នាក់ ហើយពួកគេនឹងបំពេញការងារនៅតំបន់គោលដៅផ្ទាល់ដើម្បីប្រមូលព័ត៌មានពីបញ្ហាព្រៃឈើផ្ដល់មកថ្នាក់ជាតិ៖ «ហើយមួយទៀត គាត់គឺជាភ្នាក់ងារចែករំលែកបទពិសោធន៍ជាក់ស្ដែង ហើយគាត់អាចអ្នកតំណាងមកដើម្បីជជែកជាមួយភាគីរដ្ឋាភិបាល ឬទៅខាងគម្រោងផ្សេងៗទៀត»។
តំបន់គោលដៅនៃគម្រោង គឺផ្ដោតសំខាន់មកលើតំបន់ទេសភាពព្រៃឈើចំនួន៣ ដូចជាតំបន់ជម្រករបស់ប្រជាសហគមន៍ តំបន់ដែនមានធនធានជីវចម្រុះខ្ពស់ និងតំបន់ដែលផ្ដល់សេវាបរិស្ថាន ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ភ្នំព្រិច និងកែវសីមា នៃខេត្តមណ្ឌលគិរី។
ពាក់ព័ន្ធនឹងអភិបាលកិច្ចការពារព្រៃឈើ និងអភិរក្សសត្វព្រៃនេះ អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន លោក ខៀវ បូរិន ក៏បញ្ជាក់ថា តំបន់ធម្មជាតិជាង ៧លានហិកតារ ត្រូវបានរដ្ឋាភិបាលសម្រេចដាក់ជាតំបន់អភិរក្ស ឬជាតំបន់ឧទ្យានជាតិ និងតំបន់ការពារសត្វព្រៃ។ ទន្ទឹមនឹងនេះ លោកបន្តថា រដ្ឋាភិបាលក៏បានទប់ស្កាត់ការជួញដូរឈើទ្រង់ទ្រាយធំៗ ប៉ុន្តែនៅមានករណីសេសសល់ ដែលជាការកាប់ឈើ និងការបរបាញ់សត្វព្រៃតិចតួច ធ្វើឡើងដោយប្រជាពលរដ្ឋ៖ «ប្រជាជនដែលគាត់ពឹងអាស្រ័យ លើការបរបាញ់ និងការកាប់ឈើតិចតួច គឺយើងកំពុងចាត់វិធានការផ្សេងៗ ដើម្បីពង្រឹងគាត់»។
មន្ត្រីរដ្ឋាភិបាលរូបនេះបញ្ជាក់ទៀតថា ដ្បិតក្រុមអង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាលទទួលបានប្រាក់ពីសហភាពអឺរ៉ុប ដើម្បីបង្កើតគម្រោងថ្មីនេះ ប៉ុន្តែចាំបាច់ណាស់ ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ ត្រូវតែចូលរួមសហការជាមួយក្រសួងបរិស្ថាន ឬមន្ត្រីរដ្ឋបាលជលផល ដើម្បីគូសផ្សំគ្នាជាកម្លាំងតែមួយក្នុងការកែប្រែតំបន់ធនធានធម្មជាតិ កុំឱ្យក្លាយជាតំបន់កាប់បំផ្លាញព្រៃឈើ និងតំបន់បរបាញ់សត្វព្រៃតទៅទៀត។
ភាគីអនុវត្តគម្រោងសំឡេងសម្រាប់ព្រៃឈើតំបន់មេគង្គ បានរំពឹងថា នៅឆ្នាំ២០២១ ស្ថាប័នមិនមែនរដ្ឋាភិបាលនៅតំបន់ទេសភាពព្រៃឈើទាំងបី ដែលជាគោលដៅនៃគម្រោង នឹងមានលទ្ធភាពភ្ជាប់បណ្ដាញជាមួយគ្នាទៅវិញ ដើម្បីតាមដាន និងចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់អភិបាលកិច្ចព្រៃឈើ ជាពិសេសចូលរួមយន្តការពង្រឹងអនុវត្តច្បាប់ស្ដីពីព្រៃឈើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។