ព្រះសង្ឃ និងយុវជនស្ម័គ្រចិត្តនៃចលនាមាតាធម្មជាតិបង្ហោះវីដេអូតាមបណ្ដាញសង្គមហ្វេសប៊ុកបង្ហាញ ពីការបង្ហូរទឹកកខ្វក់ចូលស្ទឹងសង្កែខេត្តបាត់ដំបងដោយមិនបានឆ្លងកាត់ការចម្រោះ។ អ្នកនាំពាក្យក្រសួងបរិស្ថានអះអាងថា បញ្ហាទឹកកខ្វក់នេះនឹងត្រូវបានដោះស្រាយក្នុងពេលដ៏ខ្លីខាងមុខ។
ភ្ជាប់ជាមួយវីដេអូរយៈពេលជាង ២នាទី ព្រះសង្ឃនិងយុវជនស្ម័គ្រចិត្តនៃចលនាមាតាធម្មជាតិ រៀបរាប់ថា ទឹកកខ្វក់ដែលបង្ហូរចូលទឹកស្ទឹងសង្កែ ខេត្តបាត់ដំបងនោះ អាចបង្កផលប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋ ដែលប្រើប្រាស់ជាប្រចាំ៖ «យោងទៅតាមវិទ្យាស្ថានប៉ាស្ទ័រដែលយើងបានយកសំណាក់ទឹកទាំងនេះទៅពិសោធន៍ទទួលបានលទ្ធផលថា មានផ្ទុកសារធាតុដ៏គ្រោះបំផុត ដែលសារធាតុនេះបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាជនដែលបរិភោគត្រីក្នុងស្ទឹងសង្កែ បង្កការគំរាមកំហែងដល់អ្នកប្រើប្រាស់ទឹកស្ទឹងជាប្រចាំជារួមអ្នកចូលចិត្តហែលទឹក ជាពិសេសកុមារ»។
ព្រះតេជព្រះគុណ ពក សុខឺយ ឱ្យអាស៊ីសេរីដឹងថា តាមការស្រាវជ្រាវ ពលរដ្ឋដែលរស់នៅជុំវិញស្ទឹងនេះ បានប្រើប្រាស់ទឹកស្ទឹង ដើម្បីលាងចានឆ្នាំង និងស្រោចស្រពបន្លែ ប៉ុន្តែពលរដ្ឋមិនបានផឹកទឹកនេះទេ។ ព្រះតេជព្រះគុណមានថេរដីកាបន្តថា តាមស្រាវជ្រាវ របស់ក្រុមយុវជន និងព្រះសង្ឃសង្ស័យថា ទឹកកខ្វក់នេះមានប្រភពពីសណ្ឋាគារ ផ្ទះសំណាក់ និងមន្ទីរពេទ្យ ជាដើម៖ «វាជិតនឹងមន្ទីរពេទ្យផង អ៊ីចឹងយើងអាចថាទំនងជាចេញពីមន្ទីរពេទ្យហ្នឹង ក៏ប៉ុន្តែយើងមិនបានចោទពិតជាហូរចេញមន្ទីរពេទ្យ នេះជាការសង្ស័យ»។
តាមរយៈវីដេអូនេះដែរ យុវជននៃចលនាមាតាធម្មជាតិ ទាមទារឱ្យអភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ ចេញមុខឆ្លើយបំភ្លឺករណីនេះ៖ «តាមរយៈវីដេអូនេះក្នុងនាមពួកខ្ញុំពលរដ្ឋចង់ប្រើសិទ្ធិរបស់ពួកខ្ញុំដែលចែងក្នុងរដ្ឋមាត្រា៣៥ នៃរដ្ឋធម្មនុញ្ញកម្ពុជាដើម្បីសួរទៅកាន់លោកអភិបាលខេត្ត នូវសំណួរដ៏សាមញ្ញថា តើលោកនឹងចាត់វិធានការអ្វីខ្លះដើម្បីដោះស្រាយបញ្ហានេះ»។
អាស៊ីសេរីបានទូរស័ព្ទសុំការបំភ្លឺទៅអភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ នៅថ្ងៃទី៦ ខែមីនា ប៉ុន្តែទូរស័ព្ទចូលជាច្រើនដងគ្មានអ្នកទទួល។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្ត្រា ឱ្យអាស៊ីសេរីដឹងថា ការគ្រប់គ្រងទឹកកខ្វក់ក្នុងក្រុងបាត់ដំបង គឺក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិនិត្យលើរបាយការណ៍ ពីផលប៉ះពាល់ដល់បរិស្ថាន ហើយគម្រោងនេះ នឹងត្រូវអនុវត្តនាពេលដ៏ខ្លីខាងមុខ។ លោកបញ្ជាក់ថា គម្រោងនោះ គឺជាការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ ហើយលោករំពឹងថា បញ្ហាទឹកកខ្វក់នឹងត្រូវបានដោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។