សត្វព្រៃ​នៅ​តំបន់​ព្រៃភ្នំ​តាម៉ៅ​កំពុង​ប្រឈម​ហានិភ័យ​ខណៈ​ក្រុមហ៊ុន​ចាប់ផ្ដើម​កាប់​ព្រៃឈើ

0:00 / 0:00

ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​ដី​តំបន់​ឧទ្យាន​សួនសត្វ​ភ្នំ​តាម៉ៅ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​បាន​ចាប់ផ្ដើម​កាប់​ដើមឈើ​ធំៗ​ក្នុង​ព្រៃ​តំបន់​នេះ​។ សកម្មជន​បរិស្ថាន និង​មន្ត្រី​សង្គម​ស៊ីវិល ព្រួយបារម្ភ​ការ​ប៉ះពាល់​ដល់​សត្វព្រៃ​ដែល​ធ្លាប់​បាន​ជួយ​សង្គ្រោះ និង​អភិរក្ស​នៅក្នុង​ព្រៃ​នេះ និង​ស្នើ​ដល់​រដ្ឋាភិបាល​រក្សា​ព្រៃ​តំបន់​ភ្នំ​តាម៉ៅ​កុំ​ឱ្យ​បាត់បង់។

ក្រុមហ៊ុន​ឡេងណាវ៉ាត្រា ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​ក្រុមហ៊ុន ហ្វ្រេស មីល ឯ​.​ក នៅ​ព្រៃ​មជ្ឈមណ្ឌល​អភិរក្ស និង​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ បាន​ចាប់ផ្ដើម​កាប់​ព្រៃ​ក្នុង​តំបន់​នេះ កាលពី​ថ្ងៃទី​២៨ កក្កដា។

​អ្នកគ្រប់គ្រង​គម្រោង​សង្គ្រោះ និង​ថែរក្សា​សត្វព្រៃ​នៃ​អង្គការ​សម្ព័ន្ធ​សត្វព្រៃ លោក និច ម៉ាក់ (Nick Marx) ប្រាប់​អាស៊ីសេរី​ឱ្យ​ដឹង​ថា លោក​តក់ស្លុត​ជា​ខ្លាំង​នៅ​ពេល​ទទួល​បាន​ដំណឹង​ពី​ការ​កាប់​ព្រៃ​តំបន់​ភ្នំ​តាម៉ៅ ព្រោះ​កាល​ពី​ឆ្នាំ​២០០៩ អង្គការ​សម្ព័ន្ធ​សត្វព្រៃ បាន​ចុះ​កិច្ចសន្យា (MOU) សហការ​ជាមួយ​គ្នា ដើម្បី​ការពារ​ព្រៃ​តំបន់​ភ្នំ​តាម៉ៅ​ដែល​មាន​ទំហំ ២,៣០០​ហិកតារ តែ​នៅពេល​គេ​កាប់​ព្រៃ បែរ​ជា​មិន​ជូន​ដំណឹង​ដល់​លោក។ លោក​បន្ថែម​ថា លោក​ព្រួយបារម្ភ​ជា​ខ្លាំង ដល់​ជីវិត​សត្វព្រៃ​ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់​នេះ ដោយ​ក្នុង​នោះ​ក៏​មាន​សត្វព្រៃ​កម្រ​ជិត​ផុត​ពូជ ដូចជា​សត្វ​ប្រើស រមាំង ឈ្លូស ដែល​អង្គការ​សម្ព័ន្ធ​សត្វព្រៃ​បាន​ជួយសង្គ្រោះ និង​ដោះលែង​នៅ​ទីនោះ​។ ជាមួយ​គ្នា​នេះ លោក​យល់​ថា រដ្ឋាភិបាល​គួរ​អភិវឌ្ឍ​ព្រៃ​តំបន់​ភ្នំ​តាម៉ៅ​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍​វិញ​ប្រសើរ​ជាង បំផ្លាញ​ព្រៃឈើ​ទាំងនេះ៖ «កាប់​ព្រៃ​ឥឡូវ ខ្ញុំ​គិតថា​គេ​បំផ្លាញ យ៉ាប់​ហ្មង​យ៉ាប់ គេ​អត់​ខ្វល់ រដ្ឋ​នៅ​ស្រុក​ខ្មែរ​អត់​ខ្វល់​បរិស្ថាន អត់​ខ្វល់​ព្រៃ ខ្វល់​តែ​លុយ»។

ជុំវិញ​រឿង​នេះ សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ភួន កែវរស្មី ហួសចិត្ត មិន​នឹកស្មាន​ថា ឧកញ៉ា​ដែល​មាន​ជំនួញ​ច្រើន​មុខ មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ តែ​បែរ​ជា​មក​បំផ្លាញ និង​ដណ្ដើម​យក​ជម្រក​សត្វព្រៃ​ទៅវិញ​។ បើ​ទោះ​បី​ជា​ក្រុមហ៊ុន​ចាប់ផ្ដើម​កាប់​ព្រៃឈើ ហើយ​មាន​គម្រោង​ឈូស​ឆាយ​ដី​ត្រឹមតែ​៥០០​ហិកតារ​ក្ដី កញ្ញា​យល់​ឃើញ​ថា វា​នឹង​ប៉ះពាល់​ដល់​កា​រស់នៅ​របស់​សត្វ​ដែល​កំពុង​រស់នៅ​ក្នុង​ព្រៃ​ក្រៅរបង​សួនសត្វ​ភ្នំ​តាម៉ៅ​យ៉ាង​ខ្លាំង​ដែរ ព្រោះ​ព្រៃ​ក្រៅរបង​សួនសត្វ​ភ្នំ​តាម៉ៅ​មាន​ត្រឹមតែ​១,៩០០​ហិកតារ​ប៉ុណ្ណោះ៖ «អាជីវកម្ម​របស់​គាត់​ហ្អាស មាន​ទាំង​កសិផល​ផង ដី​ឡូតិ៍ ផ្ទះល្វែង មាន​ទាំង​ផលិតកម្ម​ចម្រៀង​ផង ខ្ញុំ​ថា​មុខរបរ​ជាច្រើន​ដែល​គាត់​កំពុងតែ​ក្ដោប​ក្ដាប់​ទៅ​ហើយ ហៃ​ខ្ញុំ​មិន​នឹក​ស្មាន​ថា ខ្វះ​ដី​អភិវឌ្ឍ​រហូត​ទៅដល់​ទៅ​ដណ្ដើម​ផ្ទះ សត្វ​ដែល​គ្នា​កំពុងតែ​នៅ​សុខៗ ហើយ​ហាក់ដូចជា​មិន​ដែល​បង្ក​ការ​រំខាន​មក​ដល់​មនុស្ស ហើយក៏​ជា​កន្លែង​ដែល​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​លំហែ​កម្សាន្ត​ទស្សនា​សត្វ»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​តាកែវ លោក អ៊ូច ភា ដើម្បី​សុំ​អត្ថាធិប្បាយ​អំពី​ការ​កាប់​ព្រៃឈើ​នៅ​តំបន់​ភ្នំ​តាម៉ៅ​បាន​ទេ នៅ​ថ្ងៃទី​៣០ កក្កដា ដោយ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។

កាលពី​ថ្ងៃទី​១៤ មករា កន្លង​ទៅ ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ខូយ ឃុនហ៊ួរ បាន​ចុះ​ហត្ថលេខា ស្នើសុំ​ដោះដូរ​ដី​ស្ថានីយ​ចិញ្ចឹម​គោ​ពូជ​ភ្នំ​តាម៉ៅ​ទំហំ ៣០០​ហិកតារ និង​ដី​ស្ថិតនៅ​ទីតាំង​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ ៥០០​ហិកតារ ដើម្បី​វិនិយោគ​ឱ្យ​ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក និង​អនុញ្ញាត​ផ្ទេរ​កម្មសិទ្ធិ​ឱ្យ​ក្រុមហ៊ុន និង​ដៃគូ​សហការ​មុន​ធ្វើការ​អភិវឌ្ឍ ដោយ​ផ្អែក​តាម​ចំណារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ឧទ្យាន​ជាតិ​សួនសត្វ​ភ្នំ​តាម៉ៅ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ មាន​ផ្ទៃដី ២ ពាន់ ៣​រយ ហិកតារ (២.៣០០) ត្រូវ​បាន​ចុះបញ្ជី​ជា​តំបន់​អភិរក្ស​ពី​ក្រសួង​កសិកម្ម កាលពី​ឆ្នាំ​១៩៩៥ ឋិត​ក្នុងស្រុក​បាទី ខេត្ត​តាកែវ​។ តំបន់​អភិរក្ស​នេះ មាន​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ​កំពុង​រស់នៅ និង​បង្ក​កំណើត រួមមាន ខ្លាឃ្មុំ​ច្រើន​ជាង​គេ​លើ​ពិភពលោក ដោយមាន​កម្មវិធី​បង្កាត់​កូន​ក្រពើ​ភ្នំ ឱ្យ​រស់នៅ​ក្នុង​ព្រៃ នៅ​តំបន់​នោះ ដែល​ជា​សត្វ​កម្រ​ជិត​ផុត​ពូជ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។