យុវតី​ស្រឡាញ់​បរិស្ថាន​មិន​បោះបង់​ឆន្ទៈ​ការពារ​ធនធាន​ធម្មជាតិ ទោះ​ត្រូវ​ចោទ​ប្រកាន់​ថា ធ្វើ​ខុស​ច្បាប់​ក្ដី

0:00 / 0:00

យុវតី​ស្រឡាញ់​បរិស្ថាន​មិន​បោះបង់​ឆន្ទៈ​ការពារ​ធនធានធម្មជាតិ​ទេ បើ​ទោះ​ត្រូវ​ក្រសួង​បរិស្ថាន​ចោទ​ថា សកម្មភាព​របស់​ពួកគេ​ថា អាច​ខុសច្បាប់​យ៉ាងណាក្ដី។ ក្រុម​យុវតី​អះអាង​បែបនេះ​ឆ្លើយ​តប​នឹង​ក្រសួង​បរិស្ថាន ដែល​ចាត់ទុក​ការ​ទាមទារ​ឱ្យ​ក្រសួង​សាមី​មួយ​នេះ​ការពារ និង​រក្សាទុក​តំបន់​មាន​សក្ដានុពល​ធនធាន​ធម្មជាតិ​ជា​ឧទ្យាន​ជាតិ​ថា ជា​សកម្មភាព​ផ្ទុយ​ពី​ច្បាប់។

ក្រុម​យុវតី​ស្នើ​ឱ្យ​ក្រសួង​បរិស្ថាន​យកចិត្តទុកដាក់​ការពារ​ធនធានធម្មជាតិ​ឱ្យ​គង់វង្ស​សម្រាប់​ក្មេង​ជំនាន់​ក្រោយ និង​បើកឱកាស​ឱ្យ​យុវជន​មាន​សិទ្ធិ​ពេញលេញ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​ជាជាង​រារាំង និង​គំរាមកំហែង​ក្រុម​យុវជន។

យុវតី​ស្រឡាញ់​បរិស្ថាន កញ្ញា មាន លីសា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រសួង​បរិស្ថាន​គួរ​យក​ពេល និង​ធនធាន​ទៅ​ចំណាយ​ដើម្បី​ដោះស្រាយ​បញ្ហា​ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ឈប់​លាប​ពណ៌​ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន​តទៅទៀត​។ កញ្ញា​ថា​ប្រតិកម្ម​តប​នឹង​ក្រុម​យុវជន​របស់​ក្រសួង​បរិស្ថាន​បង្ហាញថា​ក្រសួង​រើសអើង​ក្រុម​យុវជន បើ​ប្រៀបធៀប​នឹង​ក្រុម​យុវជន ដែល​ដឹកនាំ​ដោយ​កូនៗ​របស់​លោក​នាយករដ្ឋមន្ត្រី។ កញ្ញា​ថា ចាំបាច់​ណាស់ ដែល​ក្រសួង​ត្រូវ​គោរព​សិទ្ធិ​យុវជន ដែល​ជា​ពលរដ្ឋ​ជំនាន់​ក្រោយ​ក្នុង​ផ្នែក​ការពារ​ធនធាន​ធម្មជាតិ ដែល​ជា​ភោគទ្រព្យ​រួម​របស់​ជាតិ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

កញ្ញា មាន លីសា៖ «ចំពោះ​យុវជន ដែល​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្ដី តាមរយៈ​លោក ហ៊ុន ម៉ាណែត តាមរយៈ​យុវជន ស​.​ស​.​យ​.​ក ក្ដី ដែល​ចូលរួម​កិច្ចការ​សង្គម​ដូចជា ស៊ីហ្គេម ឬក៏​មហាសង្ក្រាន្ត​អី​ផ្សេងៗ គឺ​ការចូលរួម​ហ្នឹង​ចូលរួម​ដូចគ្នា ហើយ​ត្រឡប់មកវិញ​ក៏​យើង​ជា​យុវជន​ចូល​កិច្ចការ​សង្គម​ដូចគ្នា គ្រាន់តែ​យើង​លើកឡើង​នូវ​រឿង ដែល​ជា​អំពើពុករលួយ​នៅក្នុង​ធនធាន​ធម្មជាតិ​បរិស្ថាន​ទាំងអស់​ហ្នឹង បែរជា​មក​បន្ទច់​បង្អាក់​យើង បែរ​ជា​មិន​ប្រតិបត្តិ​ចំពោះ​យើង ដូច​ដែល​ប្រតិបត្តិ​ចំពោះ​យុវជន ដែល​នៅ​ខាង ស​.​ស​.​យ​.​ក ឬ​ដែល​ចុះចូល​ជាមួយ​រដ្ឋាភិបាល​វិញ។ អីចឹង​យើង​មើល​ឃើញ​ថា​វា​គឺជា​ការ​មិន​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់​ទេ»។

ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី​២៤ ខែ​ឧសភា បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន ដោយ​ចោទប្រកាន់​ក្រុម​យុវជន ដែល​ភាគច្រើន​ជា​យុវតី ដែល​ចេញមុខ​ដាក់​ញត្តិ​ទៅ​ក្រសួង​នេះ​ថា ជា​បណ្ដាញ​អង្គការ​ចាត់តាំង​ខុសច្បាប់​ប្រើ​ឈ្មោះ «​មាតា​ធម្មជាតិ​» ដឹកនាំ​ដោយ​លោក អាឡិចហាន់ដ្រូ ហ្គាន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ដែល​ក្រសួង​នេះ​ចាត់ទុកថា​ពុំ​មាន​លក្ខណៈ​សម្បត្តិ​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​។ សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​ចោទប្រកាន់​ថា រាល់​សកម្មភាព​របស់​ក្រុម​អង្គការ​នេះ​ផ្ទុយ​ពី​ច្បាប់ និង​ប្រាសចាក​ឧត្តម​ប្រយោជន៍​ជាតិ។ លើស​ពី​នេះ​ក្រសួង​បរិស្ថាន​ព្រមាន​ថា អ្នកចូលរួម​ធ្វើ​សកម្មភាព​ជាមួយ​ក្រុម​នេះ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​បរិស្ថាន​នេះ​ធ្វើឡើង​បន្ទាប់ពី​ក្រុម​យុវជន រួម​នឹង​យុវជន​ចលនា​មាតា​ធម្មជាតិ នាំគ្នា​ចេញមុខ​ទាមទារ​ទៅ​ក្រសួង​បរិស្ថាន​ជា​ញឹកញាប់ ទាំង​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ដាក់​ញត្តិ​ទៅ​ក្រសួង​បរិស្ថាន​ឱ្យ​ការពារ​ធនធាន​ធម្មជាតិ បញ្ឈប់​កាត់​ឆ្វៀល​ដី​តំបន់​ឧទ្យាន​ជាតិ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន ដូចជា​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុសុមៈ​គិរីរម្យ ដកហូត​កោះកុង​ក្រៅ​មក​ជា​សម្បត្តិ​រដ្ឋ និង​រក្សា​ទុកជា​ឧទ្យាន​ជាតិ​សមុទ្រ​ជាដើម។

ចុង​ក្រោយនេះ​ក្រុម​យុវជន​មកពី​អង្គការ​ស្ថាប័ន​មួយចំនួន​នាំគ្នា​ជិះ​កង់ លើក​កម្ពស់​យល់​ដឹង​ជា​សាធារណៈ​ទាក់ទង​កិច្ចការពារ​ធនធានធម្មជាតិ​តំបន់​ឧទ្យានជាតិ និង​ដាក់​ញត្តិ​ទៅ​ក្រសួង​បរិស្ថាន​ដែរ នៅ​មុន​ទិវា​បរិស្ថាន​ពិភពលោក ថ្ងៃទី​៤ ខែ​មិថុនា។

យុវតី​ម្នាក់ទៀត កញ្ញា ធួន ស្រីពៅ ថ្លែង​ថា ក្រុម​យុវជន​មាតា​ធម្មជាតិ​បាន​យល់ដឹង​ច្បាស់​ថា ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ដែល​មិនមែន​ជា​រឿង​ខុសច្បាប់​ទេ។ កញ្ញា ស្រីពៅ ថា ការ​គំរាមកំហែង​ទាំងឡាយ​របស់​អាជ្ញាធរ​មិន​មាន​ឥទ្ធិពល​បន្ទច់បង្អាក់​ឆន្ទៈ​យុវតី​ដូច​កញ្ញា​ឱ្យ​បោះបង់​ការងារ​តស៊ូ​មតិ​ដ៏​ត្រឹមត្រូវ​នេះ​ឡើយ។ កញ្ញា​មាន​ចម្ងល់​ថា​តើ​ក្រសួង​បរិស្ថាន​បំពេញ​ការងារ​រាល់​ថ្ងៃ ដើម្បី​ពលរដ្ឋ ឬ​ដើម្បី​បុគ្គល​មាន​លុយ មាន​អំណាច។

កញ្ញា ធួន ស្រីពៅ៖ «ខ្ញុំ​គិត​ថា ក្រសួង​គឺ​ជា​អ្នក​បម្រើ​ប្រជាពលរដ្ឋ ខ្ញុំ​គិតថា​ក្រសួង​នឹង​មិន​បម្រើ​បុគ្គល​មាន​អំណាច​ណា​ម្នាក់​ទេ។ អញ្ចឹង​ក្នុង​ពេល​ដែល​ពួកគាត់​ដោះស្រាយ​បញ្ហា​ហ្នឹង​ខ្ញុំ​គិត​ថា ល្អ​ជាជាង​ដែល​គាត់​ប្រកាស​ព័ត៌មាន​ចោទប្រកាន់​លាប​ពណ៌​មក​លើ​ពួក​យើង​ដូច​រាល់ដង។ អាច​ថា មិនមែន​ជា​ការ​គំរាមកំហែង​លើក​ទី​១ ឬ​លើក​ទី​២​ទេ​។ និយាយ​ទៅ​ឱ្យ​តែ​សកម្មភាព​របស់​ពួក​យើង​ទៅ ពួក​យើង​តែងតែ​រង​ការ​គំរាមកំហែង​។ សម្រាប់​ខ្ញុំ​វា​មិនមែន​ជា​រឿង​មួយ ជា​ពាក្យ​មួយ ដែល​អាច​មក​បង្អាក់​សកម្ម​ភាព​របស់​យើង​បាន​។ ព្រោះ​វា​គ្រាន់តែ​ជា​ការ​ចោទប្រកាន់​រំលោភ​លើ​សេរីភាព​របស់​ពួក​យើង​។ ពួក​យើង​មាន​សេរីភាព​ពេញលេញ​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ»។

ច្បាប់រដ្ឋធម្មនុញ្ញ​ជំពូក​៣ មាត្រា ៣១ ចែង​ថា​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់ មាន​សិទ្ធិ​សេរីភាព និង​ករណីយកិច្ច​ដូចគ្នា​ទាំងអស់ ដោយ​ឥតមាន​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ ភេទ​ភាសា ជំនឿ​សាសនា និង​និន្នាការ​នយោបាយ ដើម​កំណើត ឋានៈ​សង្គម ឬ​ស្ថានភាព​ឯទៀត​ឡើយ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ដើម្បី​សុំ​ការ​ឆ្លើយ​តប​បន្ថែម​អំពី​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី៣១ ខែ​ឧសភា។

យុវតី​ម្នាក់ទៀត កញ្ញា រាម ស្រីពេជ្ររតនា បញ្ជាក់​ថា កញ្ញា​នឹង​បន្ត​ចូលរួម​ការងារ​ការពារ​មិន​ឱ្យ​មាន​ការ​បំផ្លិចបំផ្លាញ​បរិស្ថាន ធនធាន​ធម្មជាតិ​តទៅ​ទៀត ហើយ​ក្រុម​កញ្ញា នៅតែ​ចង់​បង្ហាញ​ទៅ​ពលរដ្ឋ​និង​ក្រសួង​បរិស្ថាន​ថា សកម្មភាព​ទាំងនេះ​ជា​កាតព្វកិច្ច​ក្នុង​នាម​កញ្ញា​ជា​ពលរដ្ឋ។

កញ្ញា រាម ស្រីពេជ្ររតនា៖ «ពួក​យើង​សោកស្ដាយ​មួយ​ត្រង់​ថា ពួកយើង​ជា​យុវជន​ជា​ឈាម​ខ្មែរ ជា​ពលរដ្ឋ ជា​ជន​សាមញ្ញ​ទេ មិន​មែន​មកពី​អង្គការ​មួយ​ណា​ចាត់តាំង​ឱ្យ​ខ្ញុំ​ទៅ​ដង្ហែ ដើម្បី​បាន​លុយ​ពី​បរទេស ដូច​ក្រសួង​បរិស្ថាន​ចេញ​នៅក្នុង​សេចក្ដីថ្លែងការណ៍ ក៏​មិន​បាន​ទទួល​លុយ​ពី​អង្គការ​ណា​ដែរ គឺ​យើង​ធ្វើ​ដោយ​ទឹកចិត្ត​មួយ​ស្រឡាញ់ ហើយ​ចង់​ការពារ​ទុកជាមុន ដោយសារ​យើង​មាន​បទពិសោធន៍​មួយ​កាលពី​ភ្នំ​តា​ម៉ៅ ពួក​យើង​មាន​ភាព​យឺតយ៉ាវ ធ្វើ​ឱ្យ​សោកស្ដាយ​បាត់បង់​ព្រៃ​ច្រើន»។

ទាក់ទង​នឹង​ការចោទប្រកាន់​ក្រុម​យុវជន ដែល​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ដោយ​ស្ម័គ្រចិត្ត​នេះ ប្រធាន​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ស្នើ​ថា អាជ្ញាធរ​ពិសេស​ក្រសួង​បរិស្ថាន​គួរ​ឈប់​លាប​ពណ៌​ក្រុម​យុវជន អនុវត្ត​ច្បាប់​ឱ្យ​ស្មើភាព​គ្នា​មិនមែន​ឱ្យ​តម្លៃ​តែ​លើស​ម្ដី​អ្នកមាន លុយ​មានអំណាច ដើម្បី​បញ្ចៀស​គំនុំ​សង្គម។

លោក កើត សារ៉ាយ៖ «នៅ​ពេល​ដែល​ពួក​យើង អត់​ធ្វើ​អី​មួយ ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ ហើយ​យើង​ព្យាយាម​ធ្វើ​តាមតែ​សម្ដី​អ្នក​មាន​អំណាច អ្នកណា​ធំ​អ្នក​ហ្នឹង​និយាយ​ទៅ​ទឹក​មាត់ប្រៃ។ អ្នកណា​ធំ​និយាយ​ទៅ​ច្បាប់​មាន​ប្រសិទ្ធភាព អាហ្នឹង​ហើយ​វា​ធ្វើ​ឱ្យ​គំនុំ​សង្គម​កើត។ គំនុំ​សង្គម​វា​កើត​ចេញ​ពី​ស្អី​?វា​កើត​ចេញ​ពី​ជនរងគ្រោះ ដីធ្លី​អត់​ដោះស្រាយ កើតជា​គំនុំ ពួក​អ្នក​វិនិយោគ​អត់​មាន​ខ្នង​អត់​មាន​បក្សពួក វិនិយោគ​អត់​ឈ្នះ​គេ កកើត​ទៅ​ជា​គំនុំ ហើយ​គំនុំ​ទាំងអស់​នេះ ទោះ​ជា​វា​មិន​ស្ដែង​ចេញ​នៅ​ពេល​នេះ​ក្ដី ក៏​វា​នឹង​ស្ដែង​ចេញ​នៅពេល​អនាគត​នៅ​ពេល​ប្រទេស​ធ្លាក់​ក្នុង​ស្ថានភាព​អស្ថិរភាព​នយោបាយ​ធ្ងន់ធ្ងរ»។

លោក កើត សារ៉ាយ អំពាវនាវ​ដល់​យុវជន​ដែល​ស្រឡាញ់​បរិស្ថាន​កុំ​ចុះចាញ់​ការ​គំរាមកំហែង ត្រូវ​ពង្រឹង​សកម្មភាព​ការពារ​សម្បត្តិ​ធនធាន​ធម្មជាតិ​តទៅ​ទៀត។

ក្នុង​ពេល​ដែល​សកម្មភាព​របស់​ពួកគេ មិន​បាន​អាជ្ញាធរ​ទទួល​ស្គាល់​បែប​នេះ​ក្ដី ក៏​ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន ពិសេស​ក្រុម​យុវតី​នៅតែ​សង្ឃឹម​ថា សាធារណជន​នឹង​បាន​យល់ដឹង​ពី​បំណង​ពិត​នៃ​សកម្មភាព​ពួកគេ និង​ចូលរួម​លើកទឹកចិត្ត​ពួកគេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។