ក្រុមយុវជន មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋ ប្រតិកម្មនឹងទង្វើរបស់អាជ្ញាធរខេត្តព្រះសីហនុ ដែលបណ្ដែតបណ្ដោយឱ្យក្រុមហ៊ុនឯកជន សាងសង់សំណង់រឹង បំពានដីឆ្នេរសមុទ្រ ប៉ះពាល់សោភ័ណបរិស្ថាន និងអារម្មណ៍ភ្ញៀវទេសចរណ៍។ ពួកគាត់ទាមទារឱ្យអាជ្ញាធរខេត្តនេះ ត្រូវរុះរើសំណង់រឹងទាំងនោះជាបន្ទាន់ និងអនុវត្តច្បាប់ដល់អ្នកពាក់ព័ន្ធ។
ក្រុមយុវជន មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋចាត់ទុកការសាងសង់សំណង់រឹងរំលោភឆ្នេរអូរឈើទាល ជាការបំពានច្បាប់ និងអនុក្រឹត្យរបស់រដ្ឋាភិបាល ដែលណែនាំឱ្យអាជ្ញាធរ ថែរក្សាឆ្នេរសមុទ្រ ឱ្យល្អដើម្បីប្រយោជន៍សេដ្ឋកិច្ចជាតិ និងបរិស្ថាន។
យុវជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុធ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣ កុម្ភៈថា ការបណ្តោយឱ្យក្រុមហ៊ុនឯកជន សង់អគារសង់លើឆ្នេរ មិនត្រឹមតែខូចសោភ័ណភាពបរិស្ថាននោះទេ ការបង្ហូរទឹកលូ និងកាកសំណល់ចូលទឹកសមុទ្រនឹងកើតមានច្រើននៅថ្ងៃខាងមុខ ហើយវានឹងប៉ះពាល់គុណភាពទឹក និងអារម្មណ៍ភ្ញៀវទេសចរណ៍។
លោកយល់ថា អំពើពុករលួយ គឺជាមូលហេតុដែលធ្វើឱ្យសំណង់រឹងទាំងនេះផុសឡើង ហើយអាចនឹងរីករាលដាលថែមទៀត បើរដ្ឋាភិបាលមិនប្រញាប់ដោះស្រាយទេនោះ៖
លោក លី ចាន់ដារ៉ាវុធ៖ «ខ្ញុំបារម្ភពេលវាប៉ះពាល់លើទឹកសមុទ្រ ពេលយើងមានអគារសាងសង់រំលោភលើឆ្នេរសមុទ្រ តើដោះស្រាយបញ្ហាសំរាម និងកាកសំណង់ទឹកស្អុយ បង្គន់ជាដើម។ កន្លងមកយើងឃើញថា អគារសង់លើឆ្នេរសមុទ្រ មានការបង្ហូរទឹកស្អុយចូលសមុទ្រ។ ខ្ញុំយល់ថា វាប៉ះពាល់ខ្យល់ ដោយសារទឹកស្អុយចេញពីបំពង់បង្ហូរលូហ្នឹង»។
ប្រតិកម្មនេះ កើតមានឡើងក្រោយពីអាជ្ញាធរខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនមួយ ដែលពលរដ្ឋមិនស្គាល់ឈ្មោះ សង់សំណង់រឹង និងរបងថ្មទំហំទទឹងជិត ១០០ម៉ែត្រ បណ្តោយជិត ១០០ ម៉ែត្រ នៅឆ្នេរអូរឈើទាល។ អាជ្ញាធរមិនទាន់បង្ហាញអត្តសញ្ញាណថា ក្រុមហ៊ុនឯកជនណានៅឡើយទេ ដែលសាងសង់សំណង់លើឆ្នេរសមុទ្រ នៅរយៈពេលជាង កន្លះឆ្នាំចុងក្រោយនេះ ។
ពលរដ្ឋរស់នៅខេត្តព្រះសីហនុ លោក សាយ ខាលី ហួសចិត្តដែលអាជ្ញាធរបណ្តោយឱ្យក្រុមហ៊ុនសង់សំណង់រឹង រំលោភឆ្នេរសមុទ្រ ដែលប៉ះពាល់ប្រយោជន៍សាធារណៈ និងកន្លែងភ្ញៀវទេសចរណ៍ លេងកម្សាន្ត។ លោកថា ពួកលោកធុញទ្រាំ និងជ្រេញ ចំពោះការបកស្រាយរបស់អាជ្ញាធរថា សំណង់រឹងទាំងនេះស្របច្បាប់។
លោក សាយ ខាលី៖«ដូចអត់មានប្រសិទ្ធភាពទេច្បាប់ ធម្មតាបើច្បាប់អត់រឹងមាំ ខ្ញុំគិតថា វាពិបាកណាស់ច្របូកច្របល់។ អស់សង្ឃឹមជាមួយច្បាប់ ច្បាប់បានតែអ្នកតូចតាច បើអ្នកធំគេធ្វើបាន។ អ្នកយើងជាពលរដ្ឋបានតែរអ៊ូរទាំមិនដឹងធ្វើម៉េច?
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បាននៅឡើយទេ នៅថ្ងៃទី៣ កុម្ភៈ ដោយទូរស័ព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។ ចំណែក អភិបាលរងខេត្ត និងអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ ថ្លែងថា លោកមិនទាន់អាចឆ្លើយបំភ្លឺរឿងនេះបានភ្លាមៗទេ ដោយសារទូរស័ព្ទអស់ថ្ម។
តែយ៉ាងណា អ្នកនាំពាក្យរូបនេះ បានប្រាប់កាសែតក្នុងស្រុកថា ទីតាំងដីដែលសង់សំណង់រឹង លើឆ្នេរសមុទ្រនោះ រដ្ឋាភិបាលបានសម្រេច ធ្វើអនុបយោគពីដីសាធារណៈរបស់រដ្ឋ ទៅដីឯកជនរបស់រដ្ឋរួចហើយ ហើយអាជ្ញាធរសម្រេចចុះបញ្ជីជាកម្មសិទ្ធិ ឱ្យក្រុមហ៊ុនឯកជន តាំងពីឆ្នាំ ២០០៨ មកម្ល៉េះ។ លោកបញ្ជាក់ថា ដីឆ្នេរសមុទ្រដែលសង់សំណង់រឹងនេះ គឺមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ របស់ក្រុមហ៊ុនឯកជន ដែលមានទំហំផ្ទៃដីជិត ១ហិកតារ(៨.៤០០ m2)។
បើទោះបីជាអាជ្ញាធរខេត្តព្រះសីហនុថ្លែងការពារ ពីភាពស្របច្បាប់ ចំពោះការសាងសង់សំណង់រឹងលើឆ្នេរសមុទ្រទាំងនេះក្តី ក៏ទង្វើនេះ គឺផ្ទុយពីបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ព្រមានលុបចោលប័ណ្ណកម្មសិទ្ធិទាំងឡាយណា ដែលសង់បំពានដីឆ្នេរសមុទ្រ និងដីភ្នំ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ លោកថា កន្លងទៅ មានការលួចធ្វើប្លង់រឹង បំពានដីសាធារណៈរបស់រដ្ឋ តែនៅពេលដែលនាយករដ្ឋមន្ត្រីដឹងរឿងរ៉ាវនេះ លោកបានបញ្ជាឱ្យមោឃភាពចោលទាំងអស់។
លោក ហ៊ុន សែន៖ «វាមិនដែលម៉ែអាណា?ទៅយកដីមាត់សមុទ្រ ហើយទៅកាន់កាប់ ឆ្នេរមាត់សមុទ្រទៅទៀត រដ្ឋត្រូវយកវិញ។ អារឿងយកចេញប្លង់ដីឱ្យគេ រដ្ឋត្រូវលុបចោល មោឃភាពចោល អត់បញ្ហាទេ។ មោឃភាពចោល ទៅលើដីណា ដែលជាចំណែករបស់រដ្ឋ»។
ឆ្នេរសមុទ្រកម្ពុជា ត្រូវចាត់បញ្ចូល ជាសមាជិកក្លឹបសមុទ្រ ដែលស្អាតបំផុតលើសកលលោក កាលពីឆ្នាំ២០១១ ដោយសារមានភាពប្រណីតនៃបរិស្ថានធម្មជាតិ សម្បូរបែបជីវចម្រុះ តម្លៃអេកូឡូស៊ី ប្រពៃណីក្នុងតំបន់ សេដ្ឋកិច្ច និងវប្បធម៌ទាក់ទាញភ្ញៀវទេសចរណ៍។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សុផាត យល់ថា ការផ្តល់ប័ណ្ណកម្មសិទ្ធិឱ្យក្រុមហ៊ុនឯកជន គ្រប់គ្រង និងសង់សំណង់រឹងលើដីឆ្នេរសមុទ្រ គឺផ្ទុយពីស្មារតីច្បាប់ភូមិបាល និង រដ្ឋធម្មនុញ្ញ។ លោកថា គណៈកម្មការគ្រប់គ្រងឆ្នេរសមុទ្រ មានតួនាទីថែរក្សាសោភ័ណឆ្នេរ ដែលមិនគួរបណ្តោយឱ្យក្រុមហ៊ុនសង់សំណង់រឹងដូច្នេះទេ៖
លោក វណ្ណ សុផាត៖«ការដែលអះអាងថា ជាដីស្របច្បាប់ ហើយបានប្រគល់ឱ្យក្រុមហ៊ុន កាលពីប៉ុន្មានឆ្នាំមុនគឺថា អាហ្នឹងវាខុសនឹងនីតិវិធី ផ្ទុយនឹងច្បាប់យើង។ នៅកន្លែងហ្នឹងវាមិនទាន់ អស់ប្រយោជន៍សាធារណៈ ជាកន្លែង និងជាតំបន់ទេសចរណ៍»។
អនុក្រឹត្យលេខ ៩៨ ដែលចុះហត្ថលេខា ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន កាលពីឆ្នាំ២០១៥ ចែងថា ការកាន់កាប់ឆ្នេរ និងពាមសមុទ្រ ត្រូវមានចម្ងាយ លើសពី១០០ ម៉ែត្រ គិតពីមាត់ឆ្នេរ ឬ គិតចាប់ពី ពេលទឹកសមុទ្រជោរខ្ពស់បំផុត។
កន្លងទៅ រដ្ឋបាលក្រុងខេត្តព្រះសីហនុ តែងតែព្រមានពលរដ្ឋ និងអាជីវករលក់ដូរ មិនឲ្យសង់សំណង់ថ្មី ដែលគ្មានច្បាប់ ហើយក្នុងករណីមិនគោរពតាមទេ អាជ្ញាធរនឹងបញ្ជូនសំណុំរឿងនេះទៅកាន់តុលាការផ្ដន្ទាទោស។ ក៏ប៉ុន្តែពលរដ្ឋសង្កេតឃើញថា អាជ្ញាធរបែរជាអនុញ្ញាតច្បាប់ឲ្យក្រុមហ៊ុនវិនិយោគធំៗ និងឈ្មួញមានទ្រព្យ អាចមានសិទ្ធិសង់សំណង់រឹងមាំធំៗ នៅលើឆ្នេរសមុទ្រ ព្រមទាំងហ៊ុមព័ទ្ធឆ្នេរមិនឲ្យមនុស្សដើរឆ្លងកាត់ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។