ក្រុមយុវជនស្នើឱ្យអាជ្ញាធរខេត្តកោះកុង រកមធ្យោបាយគ្រប់គ្រងសំរាម និងថង់ប្លាស្ទិកឱ្យបានត្រឹមត្រូវ ក្នុងតំបន់ឆ្នេរខ្សាច់កោះកុងក្រៅ ខេត្តកោះកុង ដើម្បីទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់ជីវភាពសហគមន៍។
តំបន់ឆេរខ្សាច់កោះកុងក្រៅ ដែលក្រុមយុវជនចាត់ទុកថា ជាឋានសួគ៌ទេសភាព កំពុងក្លាយជាទីតាំងដាក់សំរាម ពាសវាលពាសកាល។ កាក់សំណល់សំរាមទាំងនោះរួមមាន កំប៉ុងស្រា ដបទឹក ដបស្រា និងថង់ប្លាស្ទិក ជាដើម ត្រូវគេបោះចោលរាយប៉ាយ ក្នុងតំបន់ឆ្នេរទី៣ និងឆ្នេរមួយចំនួនទៀតនៅចំណុចកោះកុងក្រៅ ក្នុងភូមិអាវឡាតាន់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ។
យុវជនរស់នៅរាជធានីភ្នំពេញដែលទៅកម្សាន្តកោះកុងក្រៅ គឺលោក រំចង់ សំណាង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៨ មេសាថា ឆ្នេរខ្សាច់ភាគច្រើន ក្នុងតំបន់កោះកុងក្រៅ មិនទាន់គ្រប់គ្រងកាកសំណល់សំរាម ត្រឹមត្រូវនៅឡើយ ធ្វើឱ្យប៉ះពាល់បរិស្ថាន គុណភាពទឹក និងអារម្មណ៍ភ្ញៀវទេសចរ។
លោកស្នើឱ្យអាជ្ញាធរយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្កើនប្រភពចំណូលពលរដ្ឋ៖
លោក រំចង់ សំណាង៖ «គ្មានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ និងគ្មានការចូលរួមពីភ្ញៀវទេសចរខ្លួនឯងផ្ទាល់។ ខ្ញុំគិតថា កន្លែងទេសចរមួយស្អាតយ៉ាងណាក៏ដោយ វានឹងក្លាយជាកន្លែងពោរពេញសំរាម។ លែងមានប្រយោជន៍សម្រាប់សហគមន៍ លែងមានភ្ញៀវទេសចរទៅទៀត»។
ពួកគាត់លើកឡើងបែបនេះ បន្ទាប់បានចុះទៅបំពេញទស្សនកិច្ចសិក្សា នៅតំបន់កោះកុងក្រៅ រយៈពេល២ ថ្ងៃ កាលពីចុងខែមីនាកន្លងទៅ។ ក្រុមយុវជនបារម្ភថា កាក់សំណល់សំរាមទាំងនេះ កំពុងធ្វើឱ្យប៉ះពាល់ដល់បរិស្ថានឆ្នេរសមុទ្រដែលសហគមន៍ទាញប្រយោជន៍ពីសម្រស់ទេសភាពបម្រើវិស័យទេសចរក្នុងតំបន់។
អាជីវករនិងជាអ្នកគ្រប់គ្រងឆ្នេរទី៣ ក្នុងតំបន់កោះកុងក្រៅ លោក អ៊ិត អ៊ាល ទទួលស្គាល់ថា ពិតជាមានសំរាមច្រើន ដោយសារភ្ញៀវទេសចរខ្លះ ទុកដាក់សំរាមមិនបានត្រឹមត្រូវ។
លោកថា ម្ចាស់គ្រប់គ្រងឆ្នេរជាមន្ត្រីយោធាជើងទឹកកំពុងពិភាក្សាដោះស្រាយរឿងនេះ ដោយជំរុញឱ្យមានការប្រមូលសំរាមជាប្រចាំនិងបោសសំអាត ឱ្យបានត្រឹមត្រូវ៖
លោក អ៊ំ ឆាល៖ «គាត់ខំប្រឹងប្រែងកន្លែងហ្នឹង ដើម្បីឱ្យប្អូនទេសចរយើងគាត់ចូលមកលេងឱ្យបានច្រើន។ ឥលូវកំពុងរៀបចំតែមិនទាន់បានស្អាតបាតអ៊ីចឹង»។
ឆ្លើយតបរឿងនេះ មេភូមិអាវឡាតាន់ លោក សេង ហាក់ មានប្រសាសន៍ថា អាជ្ញាធរភូមិ ឃុំ ប្រជាសហគមន៍ និងមន្ត្រីយោធាសមុទ្រ បន្តជជែកគ្នាដោះស្រាយរឿងនេះ ដោយជំរុញឱ្យភ្ញៀវទេសចរត្រូវទទួលខុសត្រូវ ក្នុងការទុកដាក់សំរាម។
លោកថា ភ្ញៀវទេសចរភាគច្រើនធ្វើដំណើរកម្សាន្តនៅតំបន់នោះតែងតែបោះតង់ស្នាក់នៅជាក្រុមៗ ដោយមិនបានទុកដាក់សំរាមត្រឹមត្រូវនៅឡើយទេ។ រីឯអាជ្ញាធរតែងតែអប់រំផ្សព្វផ្សាយប្រាប់ពលរដ្ឋ និងអាជីវករឱ្យយល់ពីបញ្ហានេះ។
ជុំវិញរឿងនេះប្រធានកម្មវិធីបណ្ដាញនិងតស៊ូមតិ នៃអង្គការភាពជាដៃគូដើម្បីបរិស្ថាននិងការ អភិវឌ្ឍ លោក សាន់ ម៉ាឡា យល់ថា អាជ្ញាធរគួរតែរៀបចំកន្លែងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដាក់ស្លាកសញ្ញា និងផាកពិន័យដល់ជនទាំងឡាយណា ដែលបោះសំរាមចោលផ្តេសផ្តាស៖
លោក សាន់ ម៉ាឡា៖ «ដបស្រា កំប៉ុងស្រា និងស្នោរ រួមទាំងឧបករណ៍បម្រើឱ្យប្រើប្រាស់កម្មវិធីជប់លៀង ទាមទារឱ្យអ្នកទេសចរក្នុងស្រុក មានការយល់ដឹងបានខ្ពស់ និងមានសុជីវធម៌ និងចាត់ចែងទុកដាក់សំរាមរបស់ខ្លួន បន្ទាប់ពីប្រើប្រាស់រួច»។
តំបន់ឆ្នេរកោះកុងក្រៅ ជាកន្លែងទាក់ទាញភ្ញៀវទេសចរកំពុងពេញនិយម ឋិតក្នុងឃុំជ្រោយប្រស់ស្រុកកោះកុង ខេត្តកោះកុង ឆ្ងាយពីទីក្រុងខេមរភូមិន្ទជាង ៣០គីឡូម៉ែត្រ។ តំបន់នោះមានឆ្នេរខ្សាច់សក្បុស ៩កន្លែង សម្បូរទៅដោយធនធានធម្មជាតិសំបូរបែប សត្វព្រៃ ទឹកជ្រោះ និងជីវៈចម្រុះ។ បច្ចុប្បន្នទីនោះឋិតក្រោមការគ្រប់គ្រងនិងយាមល្បាតដោយអង្គភាពយោធាជើងទឹកផ្នែកលំហសមុទ្រ នៃក្រសួងការពារជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។