ក្រុមយុវជនដែលធ្វើការងារសង្គមប្ដេជ្ញាចិត្តយកគំរូតាមសកម្មជនចលនាមាតាធម្មជាតិ ដើម្បីបន្តការងារការពារបរិស្ថាន និងការទាមទារឲ្យមានយុត្តិធម៌សង្គម បើទោះបីជាត្រូវប្រឈមនឹងការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលក្តី។ មន្ត្រីសង្គមស៊ីវិល ទទូចឲ្យរដ្ឋាភិបាលបញ្ឈប់ការយាយី និងធ្វើទុក្ខបុកម្នេញទៅលើសកម្មជនបរិស្ថាន និងសកម្មជនសង្គមតទៅទៀត។
ក្រុមយុវជនដែលសកម្មក្នុងការងារសង្គម និងការពារបរិស្ថាន ប្ដេជ្ញាចិត្តបន្តបេសកកម្មរបស់សកម្មជនចលនាមាតាធម្មជាតិបន្តទៀត បើទោះបីអាជ្ញាធរចាប់សកម្មជន ៥នាក់ដាក់ពន្ធនាគារ ដើម្បីបំបាក់ស្មារតីពួកគេយ៉ាងណាក្ដី។ ពួកគេចាត់ទុក ការចាប់ខ្លួនសកម្មជនការពារបរិស្ថានទាំង៥នាក់ ជារូបភាពមួយដែលជំរុញពួកគេឲ្យមានកម្លាំងចិត្តកាន់តែខ្លាំងឡើង ក្នុងការបន្តការងារការពារបរិស្ថាន ទាមទារឲ្យមានយុត្តិធម៌សង្គម និងមានសន្តិភាពពិតប្រាកដ។
យុវជន ផៃ ផាន់យ៉ា ដែលតែងតែចូលរួមការងារសង្គម និងកំពុងរៀននៅសាកលវិទ្យាល័យន័រតុន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣ ខែកក្កដា ថា លោកមិនបោះបង់ឆន្ទៈរបស់យុវជនចលនាមាតាធម្មជាតិឡើយ ដរាបណាអ្នកទាំងនោះមិនមានសេរីភាព និងមិនមានយុត្តិធម៌ដល់ពួកគាត់ ហើយនឹងបន្តធ្វើការងារដែលសកម្មជនបរិស្ថានទាំង៥រូបបានធ្វើកន្លងមក។ លោកថា ការចាប់ខ្លួនយុវជនចលនាមាតាធម្មជាតិ គឺជារូបភាពមួយដែលផ្ដល់កម្លាំងចិត្តដល់យុវជនដទៃទៀត ហ៊ានចេញមុខធ្វើការងារការពារបរិស្ថាន និងការងារសង្គមនានា។ លោកផ្ដាំទៅរដ្ឋាភិបាលថា ការចាប់ចងដាក់ពន្ធនាគារបែបនេះ មិនបានធ្វើឲ្យយុវជនបាក់ស្មារតីបោះបង់ការងារជួយសង្គមជាតិឡើយ។
យុវជន ផៃ ផាន់យ៉ា៖ «សម្រាប់យុវជនដែលគាំទ្រពួកគាត់ចង់ផ្ដាំផ្ញើថាថ្ងៃម្សិលមិញនេះ មិនមែនជាថ្ងៃដែលធ្វើឲ្យយើងបាក់ស្បាតទេ អ៊ីចឹងសូមឲ្យអ្នកទាំងអស់គ្នាកុំបាក់ស្បាតអ្វីដែលពួកគាត់ចង់ឃើញគឺចង់ឃើញយុវជនបន្តដំណើរទៅមុខទៀត អ៊ីចឹងងើបឡើងខ្លួនឯងទាមទាររកយុត្តិធម៌ ទាមទាររកសន្តិភាព ទាមទាររកសេរីភាពឲ្យពួកគាត់ យើងនឹងមិនបាក់ស្បាតទេ»។
យុវតីម្នាក់ ដែលបានចូលរួមសកម្មភាពការពារបរិស្ថានជាមួយក្រុមចលនាមាតាធម្មជាតិ កញ្ញា លាង សុវណ្ណា ឲ្យដឹងថា រដ្ឋាភិបាលមិនគួរចាប់សកម្មជនការពារបរិស្ថានដាក់គុកនោះទេ ខណៈអ្នកបំផ្លាញធនធានធម្មជាតិពិតប្រាកដបែរជារស់នៅសុខស្រួលមានសេរីភាពពេញលេញ មានទ្រព្យសម្បត្តិហូរហៀរ និងខ្លះថែមទាំងមានមុខតំណែងខ្ពង់ខ្ពស់នៅក្នុងជួរស្ថាប័នជាតិទៀត។
កញ្ញា លាង សុវណ្ណា៖ «ខ្ញុំនៅតែមានឆន្ទៈនៅតែមានមនសិការនឹងបន្តបេសកកម្មបើទោះបីជារាល់ថ្ងៃនេះមានការគំរាមកំហែង មានការមកឃ្លាំមើលមកដល់ផ្ទះមានការឈ្លបមើលអ្វីជាដើម ប៉ុន្តែខ្ញុំនៅតែមិនអសកម្មឬក៏ការបាក់ស្បាតអ្វីនោះទេ ការលើកទឹកចិត្តបងប្អូននៅតែមានអ៊ីចឹងហើយ ខ្ញុំនៅតែមានឆន្ទៈនៅតែមានមនសិការក្នុងការគោរពស្រឡាញ់ការពារសិទ្ធិមនុស្សការពារធនធានធម្មជាតិ»។
ចំណែកឯយុវតីដែលសកម្មក្នុងយុទ្ធនាការការពារព្រៃឈើ យុវតី ដាំ សុខស្រីនាង ឲ្យដឹងដែរថា បច្ចុប្បន្នក្រុមយុវជនកំពុងតែធ្វើយុទ្ធនាការ នៅលើបណ្ដាញសង្គមដើម្បីទាមទារឲ្យមានការដោះលែងសកម្មជនរបស់ចលនាមាតាធម្មជាតិ ហើយក្រុមយុវជននឹងបន្តស្វែងរកកិច្ចអន្តរាគមន៍ពីបណ្ដាស្ថានទូត និងបណ្ដាប្រទេសលោកសេរីធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកការពារធនធានធម្មជាតិ និងបញ្ឈប់ធ្វើទុក្ខបុកម្នេញទៅលើពួកគេ។ យុវតីរូបនេះបន្ថែមថា ពួកគេមិនបោះបង់ស្មារតី និងឆន្ទៈការពារធនធានធម្មជាតិជាដាច់ខាត ហើយនឹងបន្តបេសកកម្មរបស់យុវជនទាំង៥នាក់នោះបន្តទៀត។
យុវតី ដាំ សុខស្រីនាង៖ «ខ្ញុំសង្ឃឹមថា នឹងមានការចរចាណាមួយគិតម្ដងទៀត បើទោះបីជាប្រកាសសាលក្រមបែបនេះក៏ដោយ ក៏ខ្ញុំសង្ឃឹមថា មានការគិតម្ដងទៀត ហើយដោះលែងពួកគាត់តាមលក្ខខណ្ឌណាមួយឬអត់លក្ខខណ្ឌ»។
ក្រុមយុវជនព្រមានធ្វើយុទ្ធនាការដោយអហិង្សាគ្រប់រូបភាពទាំងអស់ ដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះលែងសកម្មជនទាំង៥នាក់ ហើយអំពាវនាវឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជនត្រូវតែហ៊ានចេញមុខធ្វើការងារការពារបរិស្ថាន និងការងារសង្គមដទៃទៀត ដែលកំពុងរងនូវភាពអយុត្តិធម៌។ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី៣ ខែកក្កដា។ ទោះយ៉ាងណា លោកបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២ ខែកក្កដា ថា «មានការភាន់ច្រឡំ ឬការបំភាន់អំពីសេរីភាពបញ្ចេញមតិ ឬមតិរិះគន់ និងការបំពានច្បាប់»។ ផ្ទុយពីការអះអាងនេះ សំណុំរឿងចាប់ខ្លួនសកម្មជនវ័យក្មេងចលនាមាតាធម្មជាតិនេះ ត្រូវសហគមន៍ជាតិ និងអន្តរជាតិថ្កោលទោសជុំទិសដោយអំពាវនាវឱ្យអាជ្ញាធរកម្ពុជាដោះលែងពួកគេជាបន្ទាន់។
នៅថ្ងៃទី២ ខែកក្កដា តុលាការក្រុងភ្នំពេញ បានផ្ដន្ទាទោសសកម្មជនបរិស្ថានចំនួន ១០នាក់ ឱ្យជាប់ពន្ធនាគារ ចន្លោះពី ៦ ទៅ ៨ឆ្នាំ ពីបទ «រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ» ដោយសារពួកគេចេញមុខការពារបរិស្ថាន រួមមាន លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុធ កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា ជនជាតិអេស្ប៉ាញ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez-Davidson) លោក យីម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា លោក ពក ខើយ លោក រ៉ៃ រក្សា និងលោក ប៉ិញ ពិសិដ្ឋ។
ទាក់ទិននឹងបញ្ហានេះ នាយកប្រតិបត្តិ នៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) លោក ហេង គឹមហុង មានប្រសាសន៍ថា លោកសោកស្ដាយដែលសកម្មជនបរិស្ថាន និងសង្គមត្រូវបានចាប់ឃុំខ្លួន។ លោកលើកទឹកចិត្តដល់យុវជនដទៃទៀតឲ្យបន្តធ្វើការងារសង្គមបន្ត និងប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិដែលធានាដោយរដ្ឋធម្មនុញ្ញ។
លោក ហេង គឹមហុង៖ «ខ្ញុំគាំទ្រឲ្យពួកគេអនុវត្តសិទ្ធិដែលមាននៅក្នុងរដ្ឋធម្មនុញ្ញជាពិសេសនៅក្នុងជំពូក៣ ហើយភាគីពាក់ព័ន្ធទាំងអស់ត្រូវតែទទួលស្គាល់ និងការពារសិទ្ធិរបស់ពួកគេការបំពានសិទ្ធិ ការរំលោភសិទ្ធិនឹងកើតឡើងជាបន្តបន្ទាប់ឬមិនកើតឡើងនឹងជារឿងរបស់អ្នករំលោភសិទ្ធិមនុស្ស និងអ្នកនយោបាយផ្សេងៗ ប៉ុន្តែអ្វីដែលជាពលរដ្ឋកម្ពុជាដែលយើងត្រូវការពារសិទ្ធិការពារទ្រព្យសម្បត្តិរបស់យើង អនុវត្តសិទ្ធិសេរីភាពរបស់យើង ការពារផលប្រយោជន៍សង្គមរបស់យើង»។
ដោយសារតែហ៊ានប្រឈមនឹងគ្រោះថ្នាក់គ្រប់សព្វបែបយ៉ាងដើម្បីការពារបរិស្ថាន យុវជនចលនាមាតាធម្មជាតិ ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ថា ជាវីរជនការពារបរិស្ថាន និងធនធានធម្មជាតិដ៏ស្វាហាប់ ហើយពួកគេទទួលបានពានរង្វាន់អន្តរជាតិចំនួនពីរ គឺពានរង្វាន់អ្នកការពារជួរមុខ ពីអង្គការ Front Line Defenders និងពានរង្វាន់ រ៉ាយឡាយលីហ៊ូត (Right Livelihood) ពីប្រទេសស៊ុយអែត (Sweden) ចំពោះភាពក្លាហាន និងការហ៊ានប្រថុយគ្រោះថ្នាក់ ដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិនៅប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។