យុវជន​បរិស្ថាន និង​សង្គម​ស៊ីវិល ជំរុញ​ដល់​រដ្ឋាភិបាល​បើក​ឱកាស​ដល់​យុវជន និង​សហគមន៍​ចូលរួម​ការពារ​ព្រៃ

0:00 / 0:00

យុវជន​បរិស្ថាន និង​សង្គម​ស៊ីវិល ជំរុញ​ដល់​រដ្ឋាភិបាល បើក​ឱកាស​ដល់​យុវជន និង​សហគមន៍​ចូលរួម​ការពារ​ព្រៃឈើ​កម្ពុជា​ដែល​នៅសល់ ។ ពួកគេ​យល់​ឃើញ​ថា បើ​គ្មាន​ការ​ចូលរួម​ការពារ​ពី​យុវជន និង​សហគមន៍​នោះ​ទេ ព្រៃឈើ​កាន់តែ​បាត់បង់​បន្ថែម​ទៀត ។ មន្ត្រី​សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​ត្រូវ​បើក​ជំហរ​សិទ្ធិ​សេរីភាព​ដល់​យុវជន និង​សហគមន៍​មូលដ្ឋាន​ឱ្យ​បាន​ពេញលេញ​ក្នុង​ការ​ចូលរួម​ល្បាត​ព្រៃ និង​បញ្ឈប់​ការ​លាប​ពណ៌​យុវជន​ពី​និន្នាការ​នយោបាយ។

យុវជន​មានការ​ផុសផុល​ក្នុង​ការ​ចូលរួម​ការពារ​ធនធានធម្មជាតិ និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ អនុវត្ត​គោលនយោបាយ​មាន​ស្រាប់ ដោយ​បើក​លំហ​សិទ្ធិ​សេរីភាព​ដល់​យុវជន ក្នុង​ការ​ចូល​រួមការ​ពារ​ព្រៃឈើ ដោយ​មិន​មាន​ការ​លាប​ពណ៌​ផ្នែក​នយោបាយ ។ ក្រុម​យុវជន យល់ឃើញ​ថា​កន្លង​មក​មានការ​រឹតត្បិត​សិទ្ធិ​ការពារ​ព្រៃ​ពី​សំណាក់​អាជ្ញាធរ ដោយ​តម្រូវ​ឱ្យ​យុវជន និង​សហគមន៍​សុំ​ការ​អនុញ្ញាត​សិន មុននឹង​ចុះ​ល្បាត​ព្រៃ។

យុវជន​ម្នាក់​នៅ​ខេត្តព្រះវិហារ ថ្លែង​សុំ មិន​បញ្ចេញ​ឈ្មោះ នៅ​ថ្ងៃទី​២៦ កក្កដា ថា រដ្ឋាភិបាល​គួរ​ឈប់​បិទ​សិទ្ធិ​សេរីភាព និង​លាប​ពណ៌​ដល់​យុវជន​បរិស្ថាន សហគមន៍ ហើយ​គួរ​លើកទឹកចិត្ត អនុញ្ញាត​យុវជន​ចូលរួម​ការពារ​ព្រៃឈើ ។ លោក​បន្ត​ថា លោក​មិន​យល់​ពី​ភាព​ច្បាស់លាស់​ក្នុង​ការ​ការពារ​ព្រៃឈើ​របស់​រដ្ឋាភិបាល ព្រោះ​យុវជន​ស្រលាញ់​បរិស្ថាន និង​ព្រៃឈើ បែរ​ទទួលរង​នូវ​ការ​ចោទប្រកាន់​ទោស​ផ្សេងៗ ក្លាយ​ជា​ការ​បំភ័យ​ដល់​យុវជន​ជំនាន់​ក្រោយ​ទាក់ទង​ការ​ការពារ​ព្រៃឈើ៖ «បើសិនជា​រដ្ឋាភិបាល​គាត់​មាន​ឆន្ទៈ​ក្នុង​ការ​ការពារ​ព្រៃឈើ​ពិតមែន គាត់​ត្រូវតែ​បើក សិទ្ធិ​សេរីភាព​អោយ​សហគមន៍ យុវជន នៅក្នុង​កិច្ច​ការងារ​បរិស្ថាន​ហ្នឹង ព្រោះ​គាត់​កាន់កាប់ ឬ​ក្តាប់​កិច្ចការពារ​ហ្នឹង តែឯង​ទៅ​គ្រប់​គ្រង​នោះ​ទេ ។ បើសិនជា​គាត់​ក្តាប់​យក​តែ​ឯង គាត់​មាន​លទ្ធភាព​ការពារ​ព្រៃ ឱ្យ​បាន​មែន វា​អត់​បញ្ហា​ទេ តែ​ស្ថានភាព​ព្រៃឈើ និង​បទល្មើស​ព្រៃឈើ​វា​នៅតែ​កើតមាន តែ​គាត់​ទារ រឹតត្បិត​សិទ្ធិ​សេរីភាព សហគមន៍ ឬក៏​អ្នក​ពាក់ព័ន្ធ ដែល​ត្រូវ​សិស្ស​និស្សិត​អី​មិន​ឱ្យ​ចូលរួម​ការពារ ។ វា​ដូចជា​មើល​ទៅ វា​មាន​អារម្មណ៍​ថា តើ​កិច្ចការពារ​ហ្នឹង ការពារ​ដើម្បី​អ្វី ។ នៅ​លើ​ចំនុច​ហ្នឹង ដែល​យើង​គិតថា យើង​មិន​អាច​ទទួល​យក​បាន ជា​សហគមន៍ ឬក៏​សិស្ស​និស្សិត​អី​មួយចំនួន ដែល​គាត់​ស្រលាញ់ និង​ចង់​ការពារ​ព្រៃឈើ»។

ស្រដៀង​គ្នា​នេះ​ដែរ មន្ត្រីជាន់ខ្ពស់​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​គម្រោង​អ្នកការពារ​ព្រៃឈើ (CYN) លោក ម៉ា ចិត្រា ថ្លែង​ថា លោក​យល់​ចំពោះ​ការ​បើកចំហរ​សិទ្ធិ​របស់​យុវជន និង​សង្គម​ស៊ីវិល ព្រោះ​កន្លងមក​រដ្ឋាភិបាល​បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​យុវជន និង​សហគមន៍​មូលដ្ឋាន​មិន​ឱ្យ​ល្បាត​ព្រៃ ។ លោក​បន្ត​ថា ការរារាំង​រឹតត្បិត​សិទ្ធិ​នេះ ធ្វើអោយ​កាន់តែ​បាត់បង់​ព្រៃឈើ​ខ្លាំង និង​គ្មាន​ផល​បាន​ចំណេញ​អ្វី​ចំពោះ​ជាតិ​ឡើយ ។ លោក​លើកឡើង​ថា បទល្មើស​ព្រៃឈើ​មានការ​កើនឡើង ប៉ុន្តែ​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ ហាក់​មិន​មាន​សភាព​ច្រើន​ដូច​ការ​កាប់​បំផ្លាញ​នោះ​ទេ៖ «ពេល​ពួកគាត់​រារាំង​អ៊ីចឹង វា​ធ្វើ​ឱ្យ​ការបាត់បង់​ព្រៃឈើ​ហ្នឹង កាន់តែ​បាត់បង់​ខ្លាំង​ទៅ​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ ហើយ​អ្វី​ដែល​ជា​ផល​ចំណេញ អត់​មាន​ទេ​សម្រាប់​ជាតិ ។ ព្រោះ​អី​កាលណា​ដែល​តំបន់​ព្រៃ​ការពារ​ទាំងមូល ហើយ​រង​ការ​កាប់​បំផ្លាញ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ហ្នឹង វា​ខាត​ប្រយោជន៍​ជាតិ​មែនទែន ។ អាច​ថា​ចំណេញ​បាន​បុគ្គល​មួយ​ចំនួន មួយ​ក្តាប់​តូច អាច​ពាក់ព័ន្ធ​ទៅ​នឹង​មន្ត្រី អាច​ថា​គាត់​ប្រព្រឹត្ត​អំពើ​ពុករលួយ គាត់​យក​លុយ​ពី​ឈ្មួញ​ទុច្ចរិត ដើម្បី​បើក​ឳ​កាស​អោយ​អ្នក​ទាំងអស់​ហ្នឹង​រកស៊ី តាម​រយះ​ការ​បំផ្លិចបំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃ​ការពារ​បាទ ។ អ៊ីចឹង​បើសិនជា​រដ្ឋាភិបាល ឬ​មន្ត្រី​បរិស្ថាន​គាត់​គិតគូរ​ដល់​ជាតិ​យើង​មែន ខ្ញុំ​គិតថា​គួរតែ​បើក​អោយ​ឱកាស បើក​សិទ្ធិ​ឱ្យ​សហគមន៍​មូលដ្ឋាន ក៏ដូចជា​យុវជន សាធារណៈ​ជូន ឱ្យ​ចូល​រួម​ក្នុង​ការ​ការពារ​ព្រៃឈើ»។

ដោយឡែក ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ យល់ឃើញ​ថា នៅ​កម្ពុជា​បច្ចុប្បន្ន​មានការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ផ្នែក​បញ្ចេញមតិ សេរីភាព​ដើរហើរ​បញ្ចេញមតិ​នៅ​ទីធ្លា​សាធារណៈ ។ លោក​សង្ឃឹមថា អាជ្ញាធរ​កម្ពុជា នឹង​អនុលោម​ទៅតាម​សេចក្តី​ស្នើ​សុំ​របស់​សហគមន៍​អន្តរជាតិ​ផង និង​អនុលោម​ទៅ​តាម​សច្ចាប័ន​ដែល​កម្ពុជា​បាន​ធ្វើ​ជាមួយ​អង្គការសហប្រជាជាតិ​អំពី​ការគោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ។ លោក​បន្ត​ថា អាជ្ញាធរ គួរ​បង្ក​បរិយាកាស​អំណោយ​ផល ដល់​យុវជន​ក្នុង​កិច្ចការ​ការពារ​ព្រៃឈើ ខណៈ​យុវជន​ជា​អ្នក​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​បន្ត​ដល់​យុវជន​ជំនាន់​ក្រោយ​ឱ្យ​ស្រលាញ់​ធនធាន​ព្រៃឈើ​ធម្មជាតិ៖ «ខ្ញុំ​តែងតែ​សង្កេត​ឃើញ​ថា អាជ្ញាធរ​កម្ពុជា​តែងតែ​ទទូច បញ្ជាក់​ឱ្យ​យុវជន " បរិស្ថាន​ក្តី យុវជន​សង្គម​ដែល​គាត់​ធ្វើ​រឿង​ផ្សេងៗ​ក្តី​ឱ្យ​មាន​ការ​ដាក់​លិខិត​សុំ​ការអនុញ្ញាត ប៉ុន្តែ​បើ​យើង​ទៅ​មើល​លើ​ច្បាប់ មើល​លើ​បទដ្ឋាន វា​អត់​មានច្បាប់​ណាមួយ​ដែល​ចែង​អោយ​យុវជន សកម្មជន​ដែល​គ្រាន់តែ​សម្ដែង​មតិ​ទៅលើ​រឿង​បរិស្ថាន ធ្វើ​អ្វី​ទៅលើ​រឿង​បរិស្ថាន​ហ្នឹង គឺ​ត្រូវ​សុំ​ការអនុញ្ញាត​ទេ ។ គឺ​អាច​គ្រាន់តែ​ធ្វើជា​សេចក្តី​ជូន​ដំណឹង​ជា​សាធារណៈ តាម​បណ្ដាញ​សង្គម ឬ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​សារ​ព័ត៌មាន​ណាមួយ​តែ​ប៉ុណ្ណឹង ។ ការ​លើកឡើង​របស់​ភាគី​រដ្ឋាភិបាល​ហ្នឹង វា​អត់​ឆ្លុះបញ្ចាំង​ពី​គតិយុត្តិ​ (​ ច្បាប់​ ) នៅ​ក្នុង​ប្រទេស​កម្ពុជា»។

យុវជន និង​សង្គម​ស៊ីវិល បង្ហាញ​ក្ដី​បារម្ភ​ថា បើ​រដ្ឋាភិបាល​នៅតែ​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពួកគេ​ក្នុង​ការ​ចូលរួម​ការ​ការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ រហូតដល់​អ្នកខ្លះ​ឈាន​ដល់​មាន​ទោស​ទណ្ឌ និង​រង​ការ​គំរាមកំហែង​គ្រប់​រូបភាព។

កន្លងមក​អាជ្ញាធរ​បាន​ហាមឃាត់ និង​ចាប់​សកម្មជន​ការពារ​ព្រៃឈើ​ចំនួន ៣​នាក់​ដាក់​ពន្ធនាគារ​ពី ៥ ទៅ ៦​ឆ្នាំ ពី​បទ​ផ្ដើមគំនិត​ញុះញង់​ឱ្យ​ប្រជាជន​កាប់​រុករាន​ដី​ព្រៃ​ដើម្បី​ធ្វើជា​កម្មសិទ្ធិ ដោយ​ក្នុង​នោះ​សកម្មជន​ព្រៃឈើ លោក ស៊ីថាន់ ញ៉ាន់ និង​លោក ខាំ ម៉ាសូក ដាក់​ពន្ធនាគារ​៥​ឆ្នាំ តែ​សម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ ។ ចំណែក លោក ឆន ផល្លា ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នោះ​វិញ តុលាការ​កាត់ទោស​ជាប់​ពន្ធនាគារ ៦​ឆ្នាំ ។ លោក ឆន ផល្លា បាន​ចំណាយ​ពេល​ជាង ១០​ឆ្នាំ ចងក្រង​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​បំផ្លាញ​ព្រៃឈើ និង​ដាក់​ពាក្យ​បណ្ដឹង​បរិហារ អាជ្ញាធរ​ដែល​មិន​បំពេញ​តួនាទី ការពារ​ព្រៃឈើ និង​ដីធ្លី ។ សកម្មជន​រូប​នេះ បែរ​ជា​ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​ព្រួត​វាយដំ​លើ​រាងកាយ​បង្ខំ​ឲ្យ​ដក​បណ្តឹង​វិញ ហើយ​អាជ្ញាធរ​ទាំង​នោះ ថែម​ទាំង​ដាក់​បណ្តឹង​បក​ទៅ​លោក ឆន ផល្លា ទៀត​ផង។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ភ្រា ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ទេ ថ្ងៃទី​២៦ កក្កដា ដោយ​ទូរសព្ទ​ចូល​គ្មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ អ្នកសម្របសម្រួល​ផ្នែក​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អ៊ិន គង់ជិត លើកឡើង​ថា យុវជន​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ គឺជា​ឧត្តមគតិ​ខ្ពង់ខ្ពស់ គួរ​គោរព ព្រោះ​ពួកគាត់​ចំណាយ​ពេលវេលា​ផ្ទាល់ខ្លួន ក្នុង​បុព្វហេតុ​ជាតិ ។ លោក​បន្ត​ថា កម្ពុជា​មាន​ច្បាប់ និង​គោល​នយោបាយ​ក្នុង​ការ​លើកទឹកចិត្ត​ពលរដ្ឋ​ឱ្យ​ចូលរួម​ដាំ​ដើមឈើ និង​ការពារ​ព្រៃឈើ ប៉ុន្តែ​ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​មួយចំនួន​ហាក់​រឹត​បន្តឹង​ដល់​ពលរដ្ឋ៖ «គាត់​លះបង់​ពេលវេលា លះបង់​ថាមពល ដើម្បី​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​មូលដ្ឋាន​ហ្នឹង គឺជា​ការ​លះបង់​ប្រកប​ដោយ​ឧត្តមគតិ​ខ្ពង់ខ្ពស់ ដូច្នេះ​មន្ត្រី​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ ដូចជា​រដ្ឋបាល​ព្រៃឈើ គួរតែ​ផ្តល់​ឱ្យ​គាត់​ចូលរួម​ក្នុង​កិច្ចសហការ​ទប់ស្កាត់​បទល្មើស ព្រោះ​គាត់​លះបង់​នេះ ដើម្បី​ប្រយោជន៍​សហគមន៍ ប្រយោជន៍​សង្គមជាតិ ។ អាជ្ញាធរ​ត្រូវ​លើកទឹកចិត្ត​គាត់ ហើយ​ចូលរួម​ការពារ​ពួកគាត់​បាទ​នឹង​ទើប​បាន​គេ​ហៅថា​មន្ត្រី​អាជ្ញាធរ​ពិត​ប្រាកដ ដែល​មាន​ឧត្តមគតិ​ខ្ពង់ខ្ពស់​ចំពោះ​ជាតិ»។ របាយការណ៍​ស្រាវជ្រាវ របស់​ក្រុម​អ្នកឃ្លាំមើល​បរិស្ថាន​បង្ហាញ​ថា រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​ឯកជន​ជាច្រើន​នៅ​ជុំវិញ​ព្រៃ​អភិរក្ស​នៅ​ខេត្ត​ឦសាន ខេត្តកំពង់ធំ ក្រចេះ និង ខេត្ត​ព្រះវិហារ ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​អាជីវកម្ម​ឈើ​ខុសច្បាប់​រីក​រាលដាល​ខ្លាំង​ជាង ១០​ឆ្នាំ​មក​ហើយ រហូត​មក​ទល់​ពេល​នេះ មិនទាន់​បញ្ឈប់​នៅឡើយ​ទេ ។ លើស​ពី​នេះ ក្រុមហ៊ុន​ទាំងនោះ គឺជា​ប្រភព​ធ្វើ​ឱ្យ​ព្រៃឈើ ក្នុង​តំបន់​ការពារ និង​ក្រៅ​ដែន​អភិរក្ស វិនាស​ហិនហោច ដោយសារ​ក្រុម​ឈ្មួញ បាន​បើក​ដេប៉ូ​អារឈើ និង​ស្តុក​ឈើ ក្នុង​ទីតាំង​របស់​ក្រុមហ៊ុន ដើម្បី​កាប់​ឈើ​ខុសច្បាប់ ធ្វើ​អាជីវកម្ម ដោយមាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន​មួយចំនួន បាន​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ឯកជន​ទាំងនោះ ដើម្បី​ទទួលផល​ប្រយោជន៍ ។ អ្នកឃ្លាំមើល​ព្រៃឈើ​រក​ឃើញ​ថា ក្រុម​ឧកញ៉ា​មួយចំនួន ជា​ឈ្មួញ​រកស៊ី​ឈើ​ធំៗ និង​ជា​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល មិន​ត្រឹមតែ​គ្មាន​ចំណាត់ការ​ច្បាប់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះ​ទេ គឺ​រដ្ឋាភិបាល តែងតែ​ចេញមុខ​ការពារ​អ្នក​ជួញ​ឈើ​ខុសច្បាប់ របស់​ក្រុម​ឧកញ៉ា និង​ក្រុមហ៊ុន​ឯកជន​មួយចំនួន​។ រីឯ វិធានការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​កន្លងទៅ ទាល់​តែ​មាន​បទបញ្ជា​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទើប​សមត្ថកិច្ច​ហ៊ាន​អនុវត្ត​ច្បាប់។

កាលពី​ចុងខែ​សីហា ឆ្នាំ​២០២១ សហព័ន្ធ​កូរ៉េ​ដើម្បី​ចលនា​បរិស្ថាន (Korea Federation for Environmental Movements) ចេញ​ផ្សាយ​របាយការណ៍​ពិស្ដារ​មួយ រក​ឃើញ​ថា ទំហំ​ព្រៃឈើ​បាន​ថយ​ចុះ​ជាង ៥​ម៉ឺន ៦​ពាន់​ហិកតារ (៥៦.០៨៤ ) ក្នុង​ឆ្នាំ ២០១៥ និង​បាត់បង់ ព្រៃ​ជាង ១​ម៉ឺន ៥ ពាន់ ហិកតារ​ទៀត នៅ​ឆ្នាំ​២០២០​។ ការរកឃើញ​នេះ ផ្អែក​តាម​ទិន្នន័យ​ផ្កាយរណប​សាធារណៈ​ផ្តល់​ដោយ​សាកលវិទ្យាល័យ​ម៉ា​រី​លែ​ន (University of Maryland) នៃ​សហរដ្ឋអាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។