ក្រុមយុវជនសកម្មជនព្រៃឈើ បង្កើតយុទ្ធនាការប្តូរប្រហ្វីល ហ្វ្រេម (Profile Frames) ហ្វេសប៊ុក (Facebook) ដែលសរសេរថា «សូមឃាត់អ្នកកាប់ កុំចាប់អ្នកការពារព្រៃឈើ» ដែលចែករំលែកនៅលើទំព័រហ្វេសប៊ុកឈ្មោះ «រក្សាទុកព្រៃព្រះរការ» (SAVE PREY PREAH ROKA)។
សមាជិកបណ្តាញយុវជនកម្ពុជា (CYN) លោក សាន់ ម៉ាឡា លើកឡើងថា យុទ្ធនាការប្តូរប្រូហ្វីល ហ្វ្រេម (Profile Frames) នៅលើហ្វេសប៊ុក (Facebook) ជាផ្នែកមួយនៃការតស៊ូមតិលើបណ្តាញសង្គម។ លោកថា យុទ្ធនាការនេះមានរយៈពេលបីខែ ចាប់ពីខែមីនារហូតដល់ខែឧសភា ហើយយុទ្ធនាការនេះបង្កើតឡើងក្នុងគោលបំណងឆ្លើយតបសកម្មភាពរារាំង រឹតត្បិត របស់ក្រសួងបរិស្ថានដែលមិនអនុញ្ញាតឱ្យសហគមន៍មូលដ្ឋាន សកម្មជនព្រៃឈើ និងអង្គការក្រៅរដ្ឋាភិបាល អាចចូលល្បាតព្រៃ ដើម្បីរៀបចំប្រមូលព័ត៌មាន និងភស្តុតាងពីបទល្មើសព្រៃឈើ រួមទាំងកម្មវិធីបំបួសឈើជាដើម។ ក្រៅពីប្តូរប្រូហ្វីល ហ្រ្វេម នៅលើហ្វេសប៊ុក ក្រុមយុវជនក៏មានសកម្មភាពរៀបចំកាន់ផុសស្ទ័រ ថតរូបបង្ហោះ រចនារូបថត ផលិតវីដេអូ បែបតស៊ូមតិ និងមានការដាក់ញត្តិទៅស្ថាប័នម្ចាស់ជំនួយ ដើម្បីឱ្យក្រសួងបរិស្ថានគិតពិចារណាឡើងវិញ៖ «ឱ្យក្រសួងបរិស្ថានគាត់ធ្វើការកំណែទម្រង់ បើមិនអ៊ីចឹងទេប្រហែលត្រូវនាំគ្នា តស៊ូមតិដាក់ញត្តិ ទាមទារឱ្យអង្គការម្ចាស់ជំនួយរបស់ក្រសួងបរិស្ថាន ដូចជា USAID, EU ជាដើមធ្វើការពិចារណាថា តើគួរគាំទ្រសកម្មភាពរបស់ក្រសួងបរិស្ថានទៀតឬយ៉ាងណា »។
លោក អ៊ូច ឡេង និងសកម្មជនការពារព្រៃឈើ ៣នាក់ ទៀតកាលពីដើមឆ្នាំ២០២០ ក៏ធ្លាប់ត្រូវបានសមត្ថកិច្ចនិងសន្តិសុខក្រុមហ៊ុន (Think Biotech) បានចាប់ឃាត់ខ្លួនសាកសួរអស់រយៈពេល ៣ថ្ងៃ ដោយសារពួកគេចុះស៊ើបអង្កេតអាជីវកម្មឈើខុសច្បាប់នៅតំបន់នោះ។ ប៉ុន្តែតំណាងអយ្យការខេត្តក្រចេះ បានដោះលែងពួកគេវិញ ក្រោយពេលបង្ខំឲ្យចុះកិច្ចសន្យាឈប់ការពារព្រៃឈើ និងក្រោយពីមានការតវ៉ាតាមដងផ្លូវពីសំណាក់ព្រះសង្ឃ សកម្មជន និងមន្ត្រីអង្គការសង្គមស៊ីវិល។ កាលពីដើមខែកុម្ភៈ មន្រ្តីបរិស្ថានខេត្តក្រចេះបានឃាត់ខ្លួនលោក អ៊ួច ឡេង និងសកម្មជនការពារព្រៃឈើ ប្រជាសហគមន៍ ៩នាក់ ទៀត ដើរប្រមូលភស្តុតាងបទល្មើសព្រៃឈើ ព្រមទាំងនាំគ្នាដើរបំបួសដើមឈើ និងដាក់ស្លាកសញ្ញាតាមឈើក្រោយមកដោះលែងមកវិញ។
ជុំវិញរឿងនេះ អាស៊ីសេរីមិនអាចទាក់ទង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្រ្តា ដើម្បីសាកសួរព័ត៌មាននេះបានទេ នៅថ្ងៃទី១៣ ខែមីនា។ ប៉ុន្តែលោក នេត្រ ភក្រ្តា ធ្លាប់អះអាងថា អ្វីដែលក្រសួងបរិស្ថានបានធ្វើ និងមានវិធានការលើសកម្មជនព្រៃឈើជាការអនុវត្តច្បាប់។ លោកឱ្យដឹងទៀតថា ក្រសួងបរិស្ថានត្រូវមានការត្រួតពិនិត្យលើសកម្មភាពរបស់ក្រុមសកម្មជនព្រៃឈើ ព្រោះកន្លងមកមានសកម្មជនមួយចំនួនគ្មានភាពស្មោះត្រង់ជាមួយក្រសួងក្នុងកិច្ចការពារព្រៃឈើនោះទេ៖ «កន្លងទៅយើងផ្តល់កិច្ចសហការ ក៏ប៉ុន្តែកិច្ចសហការ របស់គាត់បែរទៅជាចាប់ដៃជាន់ជើងវិញ ឬក៏បង្ហាញភាពមិនស្មោះត្រង់ នូវកិច្ចសហប្រតិបត្តិការនេះ ដែលនេះយើងមិនអាចទទួលយកបានទេ ចាំបាច់យើងត្រូវការអនុវត្តទៅតាមច្បាប់ ហើយត្រូវការដៃគូដែលស្មោះត្រង់មិនមែនដៃគូដែលចាប់ដៃជាន់ជើងនោះទេ»។
យុវជនរស់នៅរាជធានីភ្នំពេញលោក ម៉ៅ ឆន លើកឡើងថា ក្នុងនាមជាយុវជនស្រឡាញ់ព្រៃឈើ ធនធានធម្មជាតិ ត្រូវចូលជាមួយយុទ្ធនាការនេះ ដើម្បីជំរុញទៅអាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថានពិនិត្យមើលឡើងវិញនូវបញ្ហាដែលបានកើតឡើងកន្លងមក ចំពោះការកាប់បំផ្លាញ និងដឹកជញ្ជូនឈើពីមួយថ្ងៃទៅមួយថ្ងៃ។ លោកបារម្ភចំពោះការបន្តកាប់បំផ្លាញព្រៃឈើ ដែលនាំបាត់បង់ជម្រកសត្វព្រៃ។ លោកសំណូមពរទៅយុវជន ចូលរួមផ្សព្វផ្សាយយុទ្ធនាការនេះ ឱ្យបានទូលំទូលាយដើម្បីការពារព្រៃឈើប្រទេសកម្ពុជា៖ «មិនត្រឹមតែព្រៃឈើទេ គឺគ្រប់ទាំងអស់ ទាំងធនធានខ្សាច់ រ៉ែ ធនធានផ្សេងៗ ធ្យូងថ្មក៏ដោយ ក្នុងនាមជាយុវជន យើងនៅតែគោរពស្រឡាញ់ ហើយយើងនឹងការពារ ព្រោះផលប្រយោជន៍នេះមិនមែនរបស់បុគ្គលណា គឺជារបស់ប្រជាជនខ្មែរជិត១៦លាននាក់»។
ជនភៀសខ្លួនកំពុងរស់នៅប្រទេសថៃលោក ឆាំ សុភន់ លើកឡើងថា លោកបានប្តូរប្រូហ្វីល ហ្វ្រេម (Profile Frames) បង្ហាញនៅគណនីហ្វេសប៊ុកផ្ទាល់ខ្លួន (Facebook) និងបានប្តូរចែករំលែកទៅកាន់មិត្តផ្សេងទៀត ដើម្បីចូលរួមជាមួយយុទ្ធនាការនេះផងដែរ។ លោកយល់ថា យុទ្ធនាការនេះនឹងជួយឱ្យពលរដ្ឋខ្មែរបានដឹងកាន់តែច្បាស់អំពីការហិនហោចព្រៃឈើ ក៏ដូចជាសកម្មភាពសកម្មជនការពារព្រៃឈើ។ លោកថា កន្លងមកអាជ្ញាធរមិនទៅចាប់អ្នកកាប់បំផ្លាញព្រៃឈើទេ តែបែរជាទៅរារាំង និងចោទប្រកាន់ ចាប់សកម្មជនព្រៃឈើទាំងនោះដាក់ពន្ធនាគារទៅវិញ៖ «មានព្រះសង្ឃ មានសកម្មជន គាត់ទៅការពារព្រៃឈើ មិនឱ្យចូលទេ ជួនកាលបាញ់គាត់ ចាប់គាត់ដាក់គុក ច្រើនបែបច្រើនយ៉ាង ខ្ញុំយល់ឃើញអ៊ីចឹង យល់ថាល្អខ្ញុំយកមកតាំងរូបអ្នកកាប់ អ្នកដែលបំផ្លាញនៅកណ្តាលព្រៃអីមិនចាប់ទេ ជួលកាលមកចាប់គ្នាអ្នកកាប់ឈើក្នុងចំការរបស់គាត់»។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ កាលពីពេលថ្មីនេះៗបានបង្ហាញក្តីកង្វល់ តាមរយៈសេចក្តីថ្លែងការណ៍ ស្តីពី ដែនជម្រកសត្វព្រៃឡង់ កាលពីថ្ងៃទី០៨ ខែមីនា ចំពោះការបំផ្លាញ់ព្រៃឈើ ដែលចេះតែបន្តកើតមាននៅតំបន់ការពារនៃប្រទេសកម្ពុជា។ ស្ថានទូតសហរដ្ឋអាមេរិកកត់សម្គាល់ឃើញថា ការបាត់បង់ព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ និងទូទាំងប្រទេសកម្ពុជា មានការទាក់ទងនឹងកត្តាមួយចំនួនដែលរួមមាន ការពង្រឹងការអនុវត្តច្បាប់នៅខ្សោយ និងប្រព័ន្ធអភិបាលកិច្ចគ្មានភាពច្បាស់លាស់។ ភ្ជាក់ងារផ្តល់ជំនួយសហរដ្ឋអាមេរិក USAID តែងតែធ្វើការដើម្បីលើកកម្ពស់សមត្ថភាពបច្ចេកទេសនៅគ្រប់លំដាប់ថ្នាក់ ជំរុញឱ្យមានតម្លាភាពនិងគណនេយ្យភាព គាំទ្រការចូលរួមយ៉ាងសកម្មរបស់សហគមន៍។ ទីភ្ជាក់ងារផ្តល់ជំនួយ USAID របស់ស្ថានទូតសហរដ្ឋអាមេរិក បានជួបជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីពិភាក្សាពីការបាត់បង់ព្រៃឈើ និងការរឹតត្បិតមិនឱ្យប្រជាជាជនកម្ពុជាចូលក្នុងតំបន់ការពារ ដើម្បីតាមដានសកម្មភាពទាក់ទងនឹងព្រៃឈើ។ ទីភ្ជាក់ងារ USAID បានផ្តល់ដល់ក្រសួងបរិស្ថាននូវព័ត៌មានជាច្រើនលើកមកហើយ ទាក់ទងនឹងសកម្មភាពកាប់ឈើខុសច្បាប់ នៅដែនជម្រកសត្វព្រៃឡង់។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ក្រុមយុវជន និងសកម្មជនព្រៃឈើរៀបចំយុទ្ធនាការតស៊ូមតិ ការពារព្រៃឈើលើបណ្តាញសង្គម ជាយុទ្ធនាការល្អមួយងាយស្រួលក្នុងការផ្តល់ឱកាសឱ្យអ្នកលេងនៅលើបណ្តាញសង្គមដោយសន្តិវិធី ស្រមតាមរដ្ឋធម្មនុញ្ញកម្ពុជា ដែលពលរដ្ឋគ្រប់រូបអាចទាមទារតវ៉ាទៅក្រសួងបរិស្ថានឱ្យយកចិត្តទុកជាងនេះ។ លោកសង្កេតឃើញថា យុទ្ធនាការនេះ មានការចូលរួមពីមហាជនយ៉ាងផុលផុសក្នុងបណ្តាញសង្គម។ លោកថា ក្រសួងបរិស្ថានគួរពិចារណាឱ្យសកម្មជនព្រៃឈើ ក្រុមអង្គការសង្គមស៊ីវិល សហគមន៍ ចូលរួមល្បាតការពារព្រៃឈើ នៅតំបន់ព្រៃឡង់ រួមចំណែកការពារព្រៃឈើជាការចូលរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីជៀសវាងមានមន្ទិលសង្ស័យពីសាធារណៈមតិជាតិ និងអន្តរជាតិ៖ «ខ្ញុំមើលឃើញយុទ្ធនាការនេះ ជាយុទ្ធនាការមួយល្អប្រសើរហើយ ជាយុទ្ធនាការដោយសន្តិវិធី ទាំងតាមការធ្វើហ្រ្វេម ( Frames) តាមបណ្តាញសង្គម ទាំងការដាក់ញត្តិទាំងអស់ហ្នឹង គឺជាសិទ្ធិមួយដែលផ្តល់ដោយផ្លូវច្បាប់ ចំពោះពលរដ្ឋកម្ពុជាគ្រប់រូប ដែលពួកគេអាចធ្វើការទាមទារតវ៉ាទៅតាមស្ថាប័នពាក់ព័ន្ធ »។
របាយការណ៍រកឃើញថា បម្រាមរបស់ក្រសួងបរិស្ថានចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០ មិនឱ្យបណ្តាញសហគមន៍ព្រៃឡង់ចុះល្បាតព្រៃបានបណ្តាលឱ្យកើតឡើងការបាត់បង់ព្រៃឈើបន្ថែមទៀត វត្តមាននៃការចុះល្បាតព្រៃរបស់សហគមន៍ ពិតជាបានចូលរួមចំណែកបង្អាក់ កុំឱ្យមានអ្នកកាប់ឈើខុសច្បាប់។ ទិន្នន័យពីផ្កាយរណបបង្ហាញថា មានការកើនឡើងយ៉ាងខ្លាំងនូវការបាត់បង់ព្រៃឈើធៀបនឹងឆ្នាំមុនៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។