សកម្មជនបរិស្ថានមាតាធម្មជាតិ គ្រោងរៀបចំតាំងពិព័រណ៍រូបភាពផ្សព្វផ្សាយពីកោះកុងក្រៅ នៅល្ងាចថ្ងៃទី២២ មិថុនា ខាងមុខនេះ នៅរាជធានីភ្នំពេញ។ សកម្មភាពថ្មីនេះ ធ្វើឡើងបន្ទាប់ពីយុទ្ធនាការជិះកង់ទាំងពីរលើករបស់ក្រុមយុវជន ត្រូវបានរារាំងដោយអាជ្ញាធរ។
សកម្មជនបរិស្ថានមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី១៩ មិថុនា ថា ក្រុមយុវជន នឹងដាក់តាំងពិព័រណ៍រូបភាពកោះកុងក្រៅ ជាសាធារណៈនៅសួនច្បារមុខវត្តបទុមវតី ដើម្បីឱ្យប្រជាពលរដ្ឋបានស្គាល់កោះកុងក្រៅកាន់តែច្រើន។ កញ្ញារំពឹងថា ការតាំងពិព័រណ៍នេះនឹងមានការចូលរួមច្រើនពីសំណាក់ប្រជាពលរដ្ឋ និងអង្គការមួយចំនួនផងដែរ។
យុវជន ភួន កែវរស្មី បញ្ជាក់ថា ទោះជាសកម្មភាពកន្លងទៅ មានការរារាំងពីសំណាក់អាជ្ញាធរក៏ដោយ ក៏ក្រុមយុវជនមាតាធម្មជាតិនៅតែបន្តសកម្មភាពទាំងនេះទៀត ដើម្បីសង្គ្រោះកោះកុងក្រៅពីសំណាក់អ្នកមានអំណាច។ កញ្ញាអះអាងថា គោលជំហររបស់ក្រុមយុវជន គឺទាមទារឲ្យរាជរដ្ឋាភិបាលលុបអាជ្ញាប័ណ្ណវិនិយោគកោះនេះពីក្រុមហ៊ុនកោះកុង អេសអ៊ីហ្សិត (Koh Kong SEZ) របស់ឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភា និងជាអ្នកជំនួញជិតស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ « ចំពោះសកម្មភាពទាំងអស់ហ្នឹង វាអត់មានអីធ្វើឱ្យពួកយើងស្ទាក់ស្ទើរក្នុងការធ្វើសកម្មភាពបន្តបន្ទាប់ទៀតទេ ព្រោះថា គេអត់មានអីក្រៅពីការហាមឃាត់ រារាំងយើងទេ បើយើងច្បាស់ថា ខ្លួនឯងធ្វើហ្នឹង វាត្រូវ ធ្វើហ្នឹងវាជាប្រយោជន៍ទាំងអស់គ្នា ធ្វើហ្នឹងវាមិនខុសច្បាប់ យើងនៅតែបន្តធ្វើសកម្មភាពបន្តបន្ទាប់ទៀត ដើម្បីសង្គ្រោះកោះកុងក្រៅហ្នឹង។ ពួកយើងនៅតែមានទឹកចិត្ត ហើយហ្នឹងកម្លាំងចិត្ត ព្រោះថា កោះហ្នឹង គឺជាកោះរបស់យើងទាំងអស់គ្នា ហើយទោះបីជាមានការបំភិតបំភ័យ គំរាមកំហែង ឬមួយក៏រារាំងពីអាជ្ញាធរម៉េចក្តី ក៏យើងនៅតែមានសកម្មភាពបន្តបន្ទាប់ទៀត »។
ក្រុមយុវជនមាតាធម្មជាតិធ្លាប់បានធ្វើយុទ្ធនាការជិះកង់ដើម្បីផ្សព្វផ្សាយអំពីកោះកុងក្រៅនេះពីរដងរួចមកហើយ តែត្រូវបានអាជ្ញាធររារាំងជាបន្តបន្ទាប់។ យុទ្ធនាការជិះកង់លើកទីមួយធ្វើឡើងកាលពីដើមខែមិថុនា ត្រូវអាជ្ញាធរខេត្តកោះកុងរារាំង ចំណែកលើកទីពីរធ្វើឡើងនៅថ្ងៃទី១៤ មិថុនា ត្រូវអាជ្ញាធររាជធានីភ្នំពេញរារាំង ក្រោមហេតុដូចគ្នាគឺ ក្រុមយុវជនមិនបានសុំច្បាប់។
អាស៊ីសេរីបានទាក់ទងអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ដើម្បីសាកសួរអំពីវិធានការរបស់អាជ្ញាធរលើគម្រោងតាំងពិព័រណ៍របស់ក្រុមយុវជននេះ តែលោកបញ្ជាក់ដោយខ្លីថា កំពុងរវល់ប្រជុំ រួចបង្វែរឱ្យទៅសួរអ្នកនាំពាក្យសាលារាជធានីភ្នំពេញវិញ។ អាស៊ីសេរីបានទាក់ទង លោក ម៉េត មាសភក្តី ដែលជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ តែលោកមិនលើកទូរស័ព្ទទេ នៅថ្ងៃទី១៩ មិថុនា។
ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អ៊ុល វ៉ាន់ ថ្លែងថា កម្មវិធីតាំងពិព័រណ៍ផ្សព្វផ្សាយអំពីកោះកុងក្រៅរបស់ក្រុមយុវជនមាតាធម្មជាតិ គឺជាសកម្មភាពជួយការពារធនធានធម្មជាតិ និងជាការអនុវត្តសិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋ៖ « ខ្ញុំមើលឃើញថា សកម្មភាពបែបនេះ គឺជាសកម្មភាពដែលរារាំងនូវសិទ្ធសេរីភាពរបស់យុវជន ក៏ដូចជាប្រជាពលរដ្ឋដែលគាត់មានឆន្ទៈ មនសិការ លះបង់ពេលវេលា ធនធាន ដើម្បីចូលរួមការពារសម្បត្តិធនធានទាំងអស់ហ្នឹង។អាជ្ញាធរគួរតែកែប្រែនូវឥរិយាបថពួកគាត់ចំពោះក្រុមយុវជនដែលស្រលាញ់បរិស្ថាន ហើយងាកមកគាំទ្រពួកគាត់ ហើយលើកទឹកចិត្តឲ្យពួកគាត់បន្តសកម្មភាព ដើម្បីការពារបរិស្ថានរបស់យើងទាំងអស់គ្នា »។
មន្ទីរទេសចរណ៍ខេត្តកោះកុង អះអាងថា កោះកុង ឬដែលពលរដ្ឋនិយមហៅថា កោះកុងក្រៅនេះ គឺជាកោះធំជាងគេរបស់កម្ពុជា ដែលមានទំហំសរុប ១០៣ គីឡូម៉ែត្រការ៉េ ហើយក៏ជាកោះខ្ពស់ជាងគេ ក្នុងតំបន់ឈូងសមុទ្រថៃផងដែរ គឺមានកម្ពស់រហូតដល់ ៤១៨ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ កោះនេះ ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង និងសម្បូរដោយសក្ដានុពលធនធានធម្មជាតិ និងជីវចម្រុះ ព្រមទាំងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត និងទឹកសមុទ្រមានពណ៌ខៀវស្រងាត់។
ក្រសួងបរិស្ថានបានប្រកាសជាសាធារណៈថា ក្រសួងបានសិក្សាពីសក្ដានុពលកោះនេះតាំងពីឆ្នាំ២០១៦ ហើយគ្រោងនឹងដាក់តំបន់នោះជាឧទ្យានជាតិសមុទ្រនៅឆ្នាំ២០២១ ខាងមុខ ក៏ប៉ុន្តែថ្មីៗនេះស្រាប់តែរដ្ឋាភិបាលបានទម្លាយព័ត៌មានថា កោះនេះទាំងមូលត្រូវបានប្រគល់សិទ្ធិវិនិយោគទៅឱ្យក្រុមហ៊ុនលោក លី យ៉ុងផាត់ រួចទៅហើយកាលពីឆ្នាំ២០១៩៕