ក្រុម​យុវជន​រិះគន់​អាជ្ញាធរ​បណ្តោយ​ឱ្យ​មាន​កាក​សំណល់​សំរាម​កខ្វក់​ក្នុង​ស្ទឹង​សៀមរាប

0:00 / 0:00

ក្រុម​យុវជន​រិះគន់​អាជ្ញាធរ​បណ្តោយ​ឱ្យ​មាន​កាក​សំណល់​កខ្វក់​អណ្ដែត​លើ​ទឹក​ស្ទឹង​សៀមរាប ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ និង​សុខភាព​ពលរដ្ឋ។ ពួកគេ​ស្នើ​ឱ្យ​អាជ្ញាធរ​ស្ដារ ឬ​កែ​លម្អ​សោភ័ណភាព​បរិស្ថាន​នៅ​តាម​ដងស្ទឹង​ឱ្យ​បាន​ស្អាត។ មន្ត្រី​សង្គម​ស៊ីវិល និង​យុវជន​បរិស្ថាន​យល់​ថា​ការ​រក​ឃើញ​របស់​ក្រុម​យុវជន​ជា​បន្តបន្ទាប់​នេះ​ជា​ចំណុច​ល្អ ដែល​អាជ្ញាធរ​គួរតែ​ដោះស្រាយ ដើម្បី​ចូលរួម​កែ​លម្អ​ចំណុច​ខ្វះខាត​របស់​ខ្លួន។

ក្រុម​យុវជន​យល់​ថា អាជ្ញាធរ​មិន​គួរ​ទុក​ឱ្យ​ទឹកស្ទឹង​សៀមរាប​កខ្វក់​ផ្ទុក​ដោយ​សំរាម​ស្អុយ​នោះ​ទេ។ ពួកគេ​ចង់​ឃើញ​ទឹកស្ទឹង​សៀមរាប​មាន​ទឹកថ្លា​ទាក់ទាញ​ភ្ញៀវ​ទេសចរ ដោយ​មិនមែន​ជា​ស្ទឹង​សំបូរ និង​ទឹកលូ​ទឹក​ស្អុយ​ឡើយ។ យុវជន​បញ្ជាក់​ការ​លើកឡើង​ទាំងនោះ​កើត​ចេញ​ពី​ក្តី​ស្រឡាញ់​របស់​លោក​ចំពោះ​បរិស្ថាន ពុំ​មាន​ចេតនា​ញុះញង់ និង​បង្ខូច​កេរ្តិ៍ឈ្មោះ​រដ្ឋាភិបាល​នោះ​ទេ។

យុវជន​ធ្វើ​ការងារ​សង្គម​លោក ស្វាយ សំណាង ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៧ ខែ​មេសា​ថា​អំឡុង​ពេល​លោក​ទៅ​លេង​កម្សាន្ត​នៅ​ខេត្ត​សៀមរាប គឺ​លោក​បាន​ចុះ​អង្កេត​បញ្ហា​បរិស្ថាន​នៅ​តាម​បណ្តោយ​ដងស្ទឹង​ខេត្ត​នេះ។ លោក​រក​ឃើញ​ថា អាជ្ញាធរ​បាន​សម្អាត​ទឹកស្ទឹង​បាន​ស្អាត​សម្រាប់​រៀបចំ​កម្មវិធី​ជិះទូក​នៅមុខ​ព្រះរាជដំណាក់​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ។ ប៉ុន្តែ​លោក​ថា​ទីតាំង​ចាប់ពី​មុខ​វត្ត​ដំណាក់ និង​មុខ​ផ្សារ​ចាស់​រហូត​ដល់​ភ្នំ​ក្រោម​វិញ អាជ្ញាធរ​មិន​បាន​សម្អាត ឬ​ស្ដារ​សំរាម​នោះ​ទេ។ លោក​បន្ត​ថា ស្មៅ និង​ស្លែ​ដុះ​លាយឡំ​នឹង​កាកសំណល់​ស្លឹកឈើ និង​ប្លាស្ទិក​អណ្ដែត​ពាសពេញ​ផ្ទៃ​ទឹក ដែល​ធ្វើ​ឱ្យ​ទឹកល្អក់​ខ្មៅ ហើយ​ជះក្លិន​ស្អុយ​ដល់​អ្នក​ដំណើរ និង​ភ្ញៀវ។ លោក ស្វាយ សំណាង នៅតែ​សង្ស័យ​ថា ទឹក​កខ្វក់​ដែល​មាន​ជះក្លិន​ស្អុយ​ទំនង​ចេញ​ពី​បំពង់​លូ​ផ្ទុក​កាក​សំណល់​ណា​មួយ​ដែល​មិន​បាន​ឆ្លងកាត់​ប្រព័ន្ធ​ចម្រោះ​ត្រឹមត្រូវ។

SR_canal1-041823.jpg
ទិដ្ឋភាព​ស្ទឹង​សៀមរាបមានសំរាមប្លាស្ទិក ពេល​បុណ្យចូលឆ្នាំ ១៤-១៦ មេសា ២០២៣។ រូបផ្ដល់ដោយ​លោក ស្វាយ សំណាង

លោក ស្វាយ សំណាង៖ «យើង​មើល​ឃើញ​ថា ការ​អនុវត្ត ការ​ព្រងើយ​កន្តើយ​របស់​ថ្នាក់ដឹកនាំ​មន្ត្រី អាជ្ញាធរ​ដែល​មាន​កាតព្វកិច្ច​ការពារ និង​សម្អាត​បរិស្ថាន​ក្រុង​ហ្នឹង ខ្ញុំ​មើល​ឃើញ​ថា វា​ហាក់​ពុំ​មាន​ប្រសិទ្ធភាព​ទេ ហើយ​ព្រងើយកន្តើយ​ចំពោះ​មតិ​របស់​យុវជន​ដែល​លើក​ឱ្យ​មន្ត្រី​ទាំងអស់​នោះ​គាត់​ដោះស្រាយ សំណួរ​សួរ​ថា នៅពេល​មន្ត្រី​ទាំងនោះ​គាត់​ដោះស្រាយ គាត់​រៀបចំ​បាន​ស្អាត សួរ​ថា តើ​មុខមាត់​អ្នកណា​គេ គឺ​មុខមាត់​របស់​អាជ្ញាធរ​ទាំ​ង​អស់​នោះ​ទេ ហើយ​មិនមែន​មុខមាត់​ក្រុម​យុវជន​ដែល​និយាយ​ពី​បញ្ហា​នេះ​បញ្ហា​នោះ​ជូន​ពួកគាត់​(​អាជ្ញាធរ​)​ទេ»។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប​លោក សោម វុទ្ធី ថ្លែង​ថា លោក និង​ពលរដ្ឋ​មួយចំនួន​មិន​ពេញចិត្ត​នោះ​ទេ ពេល​ឃើញ​ទឹកស្ទឹង​សំបូរ​ដោយ​សំរាម​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន និង​អារម្មណ៍​ភ្ញៀវ​ដើរលេង​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​នេះ។ លោក​យល់​ថា បញ្ហា​ទឹកស្ទឹង​សៀមរាប​កខ្វក់​បាន​​កើត​ឡើយ​ដដែលៗ ហើយ​មាន​ច្រើន​ឆ្នាំ​មក​ហើយ តែ​អាជ្ញាធរ​មិនសូវ​យកចិត្តទុកដាក់​ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព​នៅឡើយ។

លោក សោម វុទ្ធី៖ «(​ស្ទឹង​សៀមរាប​)ជា​កន្លែង​ដែល​ប្រជាពលរដ្ឋ​ធ្វើដំណើរ​កម្សាន្ត ជាទី​ក្រុង​បៃតង តែ​ប្រជាពលរដ្ឋ​ឃើញ​ថា ទឹកស្ទឹង​កខ្វក់​ពេញ​ដោយ​ស្លែ​ផ្សេងៗ​ដែល​មិន​សម្អាត​វា​គឺ​មាន​ក្លិន​ដែរ ប៉ះពាល់​សុខភាព​ពុក​ម៉ែ​បងប្អូន​យើង​ដែរ​។ ក្លិន​មិនល្អ មាន​ស្លែ​ចេញ​ពី​ក្នុង​ស្ទឹង​ហើយ​ប្រជាពលរដ្ឋ​ជិះ​កាត់​ទៅ​គាត់​មិនសូវ​សប្បាយចិត្ត​ទេ ពេល​ឃើញ​របៀប​ហ្នឹង»។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អភិបាលក្រុង​សៀមរាប​លោក នួន ពុទ្ធារ៉ា និង​អភិបាល​ខេត្ត​សៀមរាប​លោក ទៀ សីហា ដើម្បី​បកស្រាយ​ជុំវិញ​មតិ​រិះគន់​នេះ​បាន​ទេ នៅ​ថ្ងៃទី​១៧ ខែ​មេសា ដោយ​ទូរស័ព្ទ​ចូល​ជាច្រើនលើក​តែ​ពុំ​មាន​អ្នកទទួល។

កាល​ពី​ដើម​ឆ្នាំ​២០២២ អតីត​សកម្មជន​ចលនា​មាតា​ធម្មជាតិ​លោក ថុន រដ្ឋា បាន​ចេញ​ផ្សាយ​វីដេអូ​បង្ហាញ​ទីតាំង​លូ​បង្ហូរ​ទឹក​កខ្វក់​ជាច្រើន​កន្លែង ហូរ​ចូល​ដងស្ទឹង​សៀមរាប ហើយ​លោក​សង្ស័យ​ថា ទឹក​កខ្វក់​ដែល​មាន​ជះក្លិន​ស្អុយ​ចេញពី​បំពង់​លូ​ផ្ទុក​ដោយ​កាកសំណល់​រលួយ​នោះ មិន​បាន​ឆ្លងកាត់​ប្រព័ន្ធ​ចម្រោះ​នោះ​ទេ។ យុវជន​ស្រឡាញ់​បរិស្ថាន​រូប​នេះ​ធ្លាប់​ឱ្យ​ដឹង​ថា ទឹក​កខ្វក់​ទាំងនោះ​ហូរ​ចេញ​ពី​មន្ទីរពេទ្យ ផ្សារ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ផ្ទះ​ប្រជាពលរដ្ឋ ខណៈ​លោក​រក​ឃើញ​ថា អាង​ចម្រោះ​ទឹក​សំណល់​ក្រុង​សៀមរាប​មួយ​កន្លែង​មាន​ទំហំ​១២​ហិកតារ ចំណាយ​លុយ​អស់​១៤​លាន​ដុល្លារ និង​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០១០ បាន​ក្លាយ​ជា​អាង​ចិញ្ចឹម​ត្រី។

ទោះ​យ៉ាងណា យុវជន​បរិស្ថាន​គឺ​លោក ថុន រដ្ឋា ថាបើ​សិន​បញ្ហា​បរិស្ថាន ជាពិសេស​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​ស្ទឹង​ទេសចរណ៍ ក្នុង​ខេត្ត​នេះ​នៅតែ​កើតឡើង​នោះ លោក​បារម្ភ​ថា ធ្វើ​ឱ្យ​ប៉ះពាល់​មុខមាត់​ជាតិ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​កំពុង​សម្រុក​ទៅលេង​តំបន់​អង្គរ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​-១៩។ លោក​បន្ត​ថា ការ​រក​ឃើញ​របស់​ក្រុម​យុវជន​ជា​បន្តបន្ទាប់​នេះ​ជា​ចំណុច​ល្អ ដែល​អាជ្ញាធរ​គួរតែ​ដោះស្រាយ ដើម្បី​ចូលរួម​កែ​លម្អ​ចំណុច​ខ្វះខាត​របស់​ខ្លួន។

លោក ថុន រដ្ឋា៖ «ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា​នៅ​ពេល​មាន​តំបន់​ទេសចរណ៍​ដែល​ទាក់ទាញ ប៉ុន្តែ​មាន​អាង​ចម្រោះ​ទឹក​កខ្វក់​បែរជា​មាន​ទឹក​ស្អុយ មាន​សំរាម​ជាដើម​នៅ​តាម​ស្ទឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សោភ័ណភាព​ហ្នឹង ខណៈ​ខេត្តសៀមរាប​បច្ចុប្បន្ន​នេះ​កំពុង​ទាក់ទាញ​ខ្លាំង​សម្រាប់​ភ្ញៀវ​ទេសចរ»។

ជុំវិញ​រឿង​នេះ មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​សៀមរាប​លោក សួស ណារិន មើល​ឃើញ​ថា កន្លងមក​អាជ្ញាធរ​បាន​រៀបចំ​សំអាត​ដងស្ទឹង​មួយចំនួន​ហើយ។ ទោះ​យ៉ាងណា លោក​យល់ថា​ចំណុច​ខ្វះខាត​មួយ​ចំនួន​ទៀត​ទាក់ទង​បញ្ហា​បរិស្ថាន​ជាដើម​អាជ្ញាធរ​ត្រូវ​យក​ចិត្ត​ទុកដាក់​កែ​លម្អ​ដងស្ទឹង​ឱ្យ​មាន​សោភ័ណភាព​ឱ្យ​ដូច​នឹង​ប្រទេស​ជិតខាង​ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​សុខមាលភាព​ពលរដ្ឋ។

លោក សួស ណារិន៖ «យើង​ចង់ឱ្យ​អាជ្ញាធរ​ហ្នឹង​មានការ​អនុវត្ត​ច្បាប់​ដាក់​ពិន័យ​សម្រាប់​អ្នក​ដែល​ចោល​សំរាម អ្នក​ប្រព្រឹត្ត​អ្វី​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សោភ័ណភាព​ស្ទឹង គឺ​យើង​ចង់​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់ ដាក់​ពិន័យ​កុំឱ្យ​និយាយ​តែ​មាត់​ទទេ​ហើយ​ទុកចោល ហើយ​ធ្វើ​យ៉ាងណា​ដើម្បី​ធានា​ដល់​ដងស្ទឹង​យើង​ក្លាយ​ជា​ការ​ទាក់ទាញ»។

ក្រុម​យុវជន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប លើកកម្ពស់​សោភ័ណភាព​បរិស្ថាន​ស្ទឹង​សៀមរាប​ដែល​ជា​ស្ទឹង​ប្រវត្តិសាស្ត្រ ដើម្បី​ពលរដ្ឋ​អាច​ប្រើប្រាស់​ទឹក​បាន និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍។ ពួកគេ​បារម្ភ​ថា ទឹក​កខ្វក់ សំរាម​អណ្ដែត​ដែល​មាន​ក្លិន​ស្អុយ​ទាំងនេះ​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​មនុស្ស សត្វ ជីវចម្រុះ ការ​នេសាទ​ត្រី និង​ការប្រើប្រាស់​ទឹក​របស់​ប្រជា​កសិករ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។