ដើមឈើធំៗ បន្សល់ចុងក្រោយដុះតាមបណ្តោយដងស្ទឹងអារ៉ែង ក្នុងខេត្តកោះកុង កំពុងទទួលរងការលបកាប់រំលំធ្វើអាជីកម្មឥតស្រាកស្រាន្ត ពីសំណាក់ក្រុមឈ្មួញជួលពលរដ្ឋនៅតំបន់ផ្សេងអារឈើលក់ឱ្យខ្លួន។ ក្រុមយុវជនខ្មែរថាវរៈបានចុះស៊ើបអង្កេតពីឧក្រិដ្ឋកម្មព្រៃឈើនៅតំបន់នោះជាលើកទី៣ ស្នើសុំកិច្ចអន្តរាគមន៍ជាបន្ទាន់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយការពារធនធានធម្មជាតិ ដែលជាអាយុជីវិតរបស់អ្នកភូមិរាប់ពាន់គ្រួសារនៅតំបន់អារ៉ែង។
ក្រុមយុវជនខ្មែរថាវរៈ និងជនជាតិដើមភាគតិចជងសោកស្តាយ ដើមឈើធំៗ ជាច្រើនដើម នៅតាមបណ្តោយដងស្ទឹងអារ៉ែង ឋិតក្នុងភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង កំពុងទទួលរងការកាប់ផ្តួល ធ្វើអាជីវកម្មក្បែរស្នាក់ការឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន និងមន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance Cambodia) ដែលឈរជើងយាមព្រៃនៅទីនោះ។
ក្រុមយុវជនជិត ១០នាក់ បានធ្វើដំណើររួមគ្នា ដល់ទីតាំងកាប់ឈើ ប្រទះឃើញ ចម្រៀកឈើគគីរ មុខកាត់ជិត ១ម៉ែត្រ រហូតដល់ជិត ២ម៉ែត្រ ជាង១០ដើម ត្រូវគេលបកាប់ផ្តួលជាថ្មីទៀត ដោយដឹកជញ្ជូនតាមរថយន្តយីឌុបចេញក្រៅនៅពេលថ្ងៃ។
តំណាងក្រុមយុវជនខ្មែរថាវរៈលោក ហ៊ុន វណ្ណៈ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១ ខែមីនាថា ក្រុមពលរដ្ឋមកពីតំបន់ផ្សេង បានស៊ីឈ្នួលកាប់ឈើឱ្យអ្នកមានអំណាច នៅតំបន់អារ៉ែងទ្រង់ទ្រាយធំ ធ្វើឱ្យដើមឈើមុខកាត់ធំៗ មានអាយុកាលរាប់រយឆ្នាំ កំពុងបាត់បង់ជាបន្តបន្ទាប់។ លោកថា ដើមឈើភាគច្រើនប្រភេទ គគីរមានមុខកាត់ជិត ២ម៉ែត្រ ដែលជនជាតិដើមជងថែរក្សា និងគោពបូជា នឹងលែងមានវត្តមាននៅតំបន់អារ៉ែងទៀតហើយ ប្រសិនបើគ្មានចំណាត់ការពីអាជ្ញាធរជំនាញ៖ «អំពើពុករលួយឃុបឃិតគ្នា ដើម្បីយកលុយចូលហោប៉ៅ គឺនៅតែមាន តំបន់អេកូទេសចរណ៍មានសក្ដានុពលខ្លាំង ចិញ្ចឹមឆ្នាំងបាយពលរដ្ឋ និងលើកមុខមាត់ប្រទេសជាតិ ត្រូវគេបំផ្លាញបន្តិចម្តងៗ មិនលើសពី ៥ឆ្នាំទៀតទេ បើគ្មានវិធានការទប់ស្កាត់តំបន់នោះត្រូវខ្ទេចខ្ទីហើយចំនួនទេសចរណ៍ ត្រូវធ្លាក់ចុះតាមហ្នឹងដែរ»។
កាលពីចុងខែកុម្ភៈកន្លងទៅ ក្រុមយុវជនខ្មែរថាវរៈ បានស្ទាក់រថយន្តយីឌុបមួយគ្រឿងផ្ទុកឈើជិត ១០ម៉ែត្រគូប ត្រៀមដឹកជញ្ជូនចេញពីតំបន់អារ៉ែង ស្ថិតក្នុងឃុំជំនាប់ ស្រុកថ្មបាំង។ លើសពីនេះ នៅគ្រាដែលឃាត់រថយន្តជិតកន្លះម៉ោង អ្នកដឹកឈើបង្ហើបប្រាប់ក្រុមយុវជនថា ឈើទាំងនោះ ជារបស់មន្ត្រីយោធាម្នាក់ ប៉ុន្តែគាត់មិនហ៊ានបង្ហាញអត្តសញ្ញាណមន្ត្រីយោធាម្នាក់នោះទេ។
លោក ហ៊ុន វណ្ណៈ បន្ថែមថា ស្ទើរជារៀងរាល់ថ្ងៃ មានរថយន្តយីឌុបដឹកឈើចេញពីតំបន់អារ៉ែងចន្លោះ ២ ទៅ ៣គ្រឿង ក្នុងមួយថ្ងៃ ដោយក្នុងមួយគ្រឿងស្តុកឈើជិត ១០ម៉ែត្រគូប។ លោកថា ដើមឈើធំៗ នៅតំបន់អារ៉ែង កំពុងដួលរាយប៉ាយតាមបណ្តោយស្ទឹង ដោយពុំមានអាជ្ញាធរណាចាប់ជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ឡើយ បើទោះបីជា ពួកលោករកឃើញភស្តុតាងជាច្រើនក្តី។ លោកបញ្ជាក់ថា បទល្មើសព្រៃឈើទាំងនេះ កើតមានជាង ២ខែមកហើយ បណ្តាលឱ្យបាត់បង់ជម្រកត្រីពងកូន និងជីវចម្រុះដែលជាប្រភពម្ហូបអាហារយ៉ាងសំខាន់របស់អ្នកភូមិ តាំងពីបុរាណកាលមក។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ហ៊ុន ម៉ារ៉ាឌី និងអភិបាលខេត្តកោះកុងអ្នកស្រី មិថុនា ភូថង បាននៅឡើយទេ នៅថ្ងៃទី១ ខែមីនា ដោយទូរសព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។
ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ក៏មិនអាចសុំការបំភ្លឺបានដែរនៅថ្ងៃដដែលនេះ។
ប៉ុន្តែកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់លើកឡើងថា បំណងរបស់លោក ចង់រក្សាតំបន់អារ៉ែង ទុកឲ្យក្មេងជំនាន់ក្រោយជាអ្នកសម្រេចថា តើត្រូវធ្វើដូចម្ដេច? ការលើកឡើងនេះ ស្របទៅនឹងអ្វីដែលក្រុមយុវជន ចង់រក្សាតំបន់ព្រៃភ្នំអារ៉ែងនេះ ឲ្យគង់វង្សយូរអង្វែង។
ពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះប្រាប់វិទ្យុអាស៊ីសេរីថា ដើមឈើធំៗ ដុះតាមបណ្តោយដងស្ទឹងអារ៉ែង គឺជាជម្រកត្រីកម្រ សត្វក្រពើភ្នំ និងជាកន្លែងសែនព្រេនបែបប្រពៃណីរបស់អ្នកភូមិជាយូរលង់មកហើយ។ លោកសោកស្តាយ ដើមឈើធំ ៗ ផ្តល់ម្លប់ និងទេសភាពស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរ រកចំណូលដល់សហគមន៍ កំពុងប្រឈមការបាត់បង់ជាបន្តបន្ទាប់៖ «សូមរដ្ឋាភិបាលការពារធនធានធម្មជាតិ របស់យើងឱ្យគង់វង្សជានិរន្ត ដើម្បីទុកកូនចៅជំនាន់ក្រោយ ជាពិសេសខ្ញុំចង់រក្សាវា ដើម្បីឃើញឈើធំៗ»។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តកោះកុង លោក ថោង ច័ន្ទតារា ចាត់ទុក ការបណ្តែតបណ្តោយឱ្យកើតមានបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅតំបន់អភិរក្ស ជាការឃុបឃិតគ្នារបស់អាជ្ញាធរពាក់ព័ន្ធមួយចំនួន ដើម្បីចែកផលប្រយោជន៍ ដោយមិនគិតពីផលប៉ះពាល់បរិស្ថាន និងជីវភាពពលរដ្ឋ។ លោកស្នើឱ្យ រដ្ឋាភិបាលពិនិត្យមើលពីប្រសិទ្ធភាពការងារ របស់អាជ្ញាធរខេត្តកោះកុង ដែលធ្វើមិនដឹងមិនឮ ចំពោះឧក្រិដ្ឋកម្មព្រៃឈើទាំងនេះ៖ «មន្ត្រីជំនាញបរិស្ថានគួរតែមានវិធានការដើម្បី ធ្វើម៉េចឱ្យមានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព ចៀសវាង ឃុបឃិតគ្នាចែកផលប្រយោជន៍ អំពើពុករលួយ គួរតែទប់ស្កាត់អាហ្នឹងដែរ»។
ជ្រលងអារ៉ែង គឺជាកន្លែងដ៏ស្រស់ស្អាតមួយក្នុងខេត្តកោះកុងដែលមានប្រភេទសត្វព្រៃដ៏កម្រ អមដោយព្រៃឈើដ៏ស្រស់ត្រកាល បន្សល់ចុងក្រោយនៅកម្ពុជា។ តំបន់នោះជាកន្លែងដែលជនជាតិដើមភាគតិចជង ១.៥០០នាក់ កំពុងរស់នៅ ជាមួយនឹងបរិស្ថានធម្មជាតិស្រស់បំព្រង តាមបណ្តោយជ្រលងភ្នំ ដែលមានសត្វព្រៃកម្ររស់នៅរួមមាន សត្វក្រពើភ្នំ ត្រីនាគ ដំរីធំៗ ជាដើម។ បច្ចុប្បន្នដើមគគីរ និងដើមឈើទាលជាដើម ដុះតាមបណ្តោយដងស្ទឹងអារ៉ែង ដែលជាអត្តសញ្ញាណប្រពៃណី ជនជាតិដើមភាគតិច កំពុងប្រឈមការបាត់បង់ទាំងស្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។