អ្នកជំនាញសុខាភិបាលជំរុញដល់រដ្ឋាភិបាលឲ្យបង្កើនការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃភេសជ្ជៈកំប៉ុង ដែលមានរសជាតិផ្អែមខ្លាំង ក្រោយពីក្រសួងអប់រំយុវជន និងកីឡា បានហាមឃាត់ការលក់ដូរ និងផ្សព្វផ្សាយអំពីភេសជ្ជៈប៉ូវកម្លាំងក្នុងបរិវេណសាលារៀន។
អ្នកជំនាញវិស័យសុខាភិបាលថា មានតែពង្រឹងការផ្សព្វផ្សាយ ដាស់តឿនដល់ពលរដ្ឋ ឲ្យយល់ដឹងពីផលប៉ះពាល់ នៃការទទួលទានភេសជ្ជៈប៉ូវកម្លាំង ដែលមានរសជាតិផ្អែមខ្លាំង ទើបអាចកាត់បន្ថយផលប៉ះពាល់សុខភាពរបស់ពលរដ្ឋ ។
អតីតមន្ត្រីជាន់ខ្ពស់នៃមន្ទីរសុខាភិបាល ខេត្តប៉ៃលិន លោក ខឹម មុនីកុសល ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១១ ខែធ្នូថា ក្រសួងសុខាភិបាល និងក្រសួងអប់រំ គួរតែបង្កើនការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃជំងឺទឹកនោមផ្អែមដល់ពលរដ្ឋ ខណៈវិធានការគ្រប់គ្រងការផ្សព្វផ្សាយអំពីភេសជ្ជៈប៉ូវកម្លាំង នៅលើបណ្ដាញសង្គម និងទីសាធារណៈនៅមានកម្រិត។
លោក ខឹម មុនីកុសល៖«មួយវិញទៀត គឺរបបអាហារដដែលគឺយើងត្រូវតែបន្ថយ នូវជាតិស្ករភេសជ្ជៈ ហើយយើងប្ដូរមកហូបទឹកសុទ្ធធម្មតាអីចឹងវិញ ឬយើងអាចហូបដែរ នៅពេលដែលមានកម្មវិធីម្ដងម្កាលបាន ប៉ុន្តែកុំជាអចិន្ត្រៃយ៍មួយថ្ងៃបីបួនកំប៉ុង ឬបីបួនដប គឺវានឹងប្រឈមនឹងគ្រោះថ្នាក់ ។ មួយវិញទៀត យើងត្រូវការកម្មវិធីមួយដ៏ទូលំទូលាយរបស់រដ្ឋ ក្នុងការអប់រំសុខភាពរហូតដល់ថ្នាក់ចុងកាត់មាត់ញក ឲ្យគាត់យល់អំពីរបៀបរបប»។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១០ ខែធ្នូ បានហាមឃាត់ការលក់ដូរ និងការផ្សព្វផ្សាយអំពីផលិតផលភេសជ្ជៈប៉ូវកម្លាំងនៅក្នុង និងបរិវេណគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅរបស់រដ្ឋ និងឯកជន និងគ្រឹះស្ថានអប់រំបច្ចេកទេស ក្នុងគោលដៅ« គ្រឹះស្ថានសិក្សា គ្មានភេសជ្ជៈ ប៉ូវកម្លាំង »។
ការចេញសេចក្ដីណែនាំពេលនេះ គឺធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានទទួលស្គាល់ពីកំណើនពលរដ្ឋ ដែលកើតជំងឺទឹកនោមផ្អែម ហើយលោក ឲ្យដឹងថា អ្នកផឹកភេសជ្ជៈប៉ូវកម្លាំងទាំងនោះ រាប់ចាប់ពីកុមារ ដល់មនុស្សវ័យចំណាស់។
លោក ហ៊ុន ម៉ាណែត៖«ក្រសួងអប់រំពិនិត្យមើល ធ្វើការអប់រំ ការត្រួតពិនិត្យ ក៏ដូចជា ការណែនាំដល់ការលក់ចំណីអាហារនៅតាមសាលារបស់ក្មេងៗតូចៗផង ព្រោះខ្ញុំឃើញកំណើន នៃអ្នកកើតទឹកនោមផ្អែម កំណើននៃអ្នកទឹកនោមផ្អែម អាយុ៣០ជាង ៤០ជាង ហើយសួរខាងបច្ចេកទេសថ្ងៃមុន ឯកឧត្តម ឈាង រ៉ា ពិនិត្យមើលអំពីកំណើន ព្រោះពេលខ្លះ ការកើតនេះ មិនមែនដល់អាយុអាចហូបចុកបាននោះ ទេ ជួនកាលវាតាំងពីក្មេង ព្រោះជួនកាលក្មេងៗខ្លះ ខ្ញុំឃើញលេងអាប៉ូវកម្លាំងមួយថ្ងៃ ៣កំប៉ុងហើយ ម្ដាយអាណិតកូន ព្រោះកូនចូលចិត្តផ្អែម ដាក់ឲ្យ៣កំប៉ុងពីក្មេង ។ ថ្ងៃមុន ខ្ញុំទៅកំពង់ភ្លុកម្ចាស់ទូកម្នាក់ គាត់មានអាយុប្រហែល៦០ឆ្នាំ គាត់ថា ទាញមកខារ៉ាបាវ៦កំប៉ុងមួយថ្ងៃម្នាក់ឯង ខ្ញុំថា ខ្លាំងផង»។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងអប់រំ អ្នកស្រី ឃួន វិច្ឆិកា និងអ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ ដើម្បីសុំការឆ្លើយតបជុំវិញបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី១១ ខែធ្នូ។
ទោះជាយ៉ាងណា ការផ្សព្វផ្សាយអំពីភេសជ្ជៈប៉ូវកម្លាំង នៅតែរីកដុះដាលដូចផ្សិត រាប់តាំងពីនៅតាមដងផ្លូវសាធារណៈ បណ្ដាញសង្គម និងតាមកញ្ចក់ទូរទស្សន៍ជាដើម។ ក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំងទាំងនោះ ថែមទាំងប្រើប្រាស់រង្វាន់ជាសាច់ប្រាក់ និងរបស់មានតម្លៃជាច្រើនទៀត ដើម្បីទាក់ទាញឲ្យពលរដ្ឋទទួលទាន ដោយពុំបានគិតគូរពីផលប៉ះពាល់សុខភាពរបស់ពលរដ្ឋឡើយ។
ការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រជាច្រើនបានរកឃើញថា ការផឹកភេសជ្ជៈមានរសជាតិផ្អែមពេកនឹងបង្កឱ្យមានជំងឺទឹកនោមផ្អែមបណ្តាលឲ្យ កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ បត់ជើងតូចញឹកញាប់ ឧស្សាហ៍ស្រេកទឹក ឃ្លានឥតឈប់ឈរ ស្រកទម្ងន់ឬឡើងទម្ងន់ ភ្នែកស្រវាំង និងមានអាការៈខ្សោយ និងឆាប់នឿយហត់អស់កម្លាំងជាដើម។
លោក ខឹម មុនីកុសល លើកទឹកចិត្តដល់ពលរដ្ឋ ឲ្យទៅពិនិត្យឈាមឲ្យបានទៀងទាត់ដើម្បីតាមដានកម្រិតជាតិស្ករក្នុងឈាម ហើយករណីរកឃើញថា លើសជាតិស្ករ គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីព្យាបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។