រដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឱ្យសមាគមខ្មែរកម្ពុជាក្រោម ប្រារព្ធពិធី រំឭកខួបលើកទី៧៥ នៃថ្ងៃបារាំងកាត់ទឹកដីកម្ពុជាក្រោមទាំងខុសច្បាប់ ឱ្យវៀតណាមគ្រប់គ្រង នៅវត្តសាមគ្គីរង្សី ខណ្ឌមានជ័យ នៅថ្ងៃទី៩ ខែមិថុនា ប៉ុន្តែអាជ្ញាធរដាក់កំហិតសិទ្ធិមួយចំនួន។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ មិនគួរដាក់បំរាមមិនឱ្យនិយាយប៉ះពាល់ដល់រដ្ឋាភិបាលប្រទេសវៀតណាម ខណៈពលរដ្ឋខ្មែររស់នៅកម្ពុជាក្រោមនៅតែបន្តរងការធ្វើទុក្ខបុកម្នេញនោះឡើយ។
រដ្ឋបាលរាជធានីភ្នំពេញ ដាក់កំហិតឱ្យមានអ្នកចូលរួមប្រារព្ធពិធី រំឭកខួបលើកទី៧៥ ថ្ងៃទី៤ ខែមិថុនា ដែលជាថ្ងៃបារាំងកាត់ទឹកដីកម្ពុជាក្រោមទាំងខុសច្បាប់ ឱ្យវៀតណាមគ្រប់គ្រង ចំនួន៣០០នាក់។
លទ្ធផលកិច្ចប្រជុំរវាងសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ និងរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែឧសភា អភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានដាក់កំហិតមិនឱ្យយកពិធីនេះ ធ្វើសកម្មភាពពាក់ព័ន្ធនយោបាយ ឬអ្វីមួយដែលលោកហៅថា ជាការបំផុសឲ្យពលរដ្ឋកើតមានអំពើហិង្សា និងហាមមិនឲ្យ បញ្ចេញមតិប៉ះពាល់ដល់ព្រះមហាក្សត្រ រដ្ឋាភិបាលកម្ពុជា ប្រទេសជិតខាង ឬឥស្សរជនជាន់ខ្ពស់ណាម្នាក់ឡើយ។ ជាពិសេសទៅទៀតនោះ អភិបាលរងក្រុងភ្នំពេញ ហាមមិនឲ្យនិយាយប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមទៀតផង។
ទាក់ទងទៅនឹងរឿងនេះ មន្ត្រីសម្របសម្រួល លេខាធិការដ្ឋាននៃអង្គការសមាគម ខ្មែរកម្ពុជាក្រោម លោក គឹម ស៊ីសំណា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣១ ខែឧសភា ថា ការប្រារព្ធពិធីរំឭកខួបលើកទី៧៥ នៃការកាត់ទឹកដីកម្ពុជាក្រោមឱ្យវៀតណាមគ្រប់គ្រងនេះ នឹងលើកឡើងអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរក្រោម ដែលតែងរងការគំរាមកំហែងសព្វគ្រប់បែបយ៉ាងពីសំណាក់អាជ្ញាធរវៀតណាម និងប្រវត្តិសាស្ត្រការពិតអំពីទឹកដីកម្ពុជាក្រោម។ លោកបន្តថា ដោយសារតែការបាត់បង់ទឹកដីកម្ពុជាក្រោម មិនត្រឹមតែជាប្រវត្តិសាស្ត្រដ៏ឈឺចាប់សម្រាប់ខ្មែរកម្ពុជាក្រោមនោះទេ ក៏ប៉ុន្តែក៏ជាការឈឺចាប់របស់ពលរដ្ឋខ្មែរទាំងអស់ផងដែរ ដូច្នេះលោកស្នើឱ្យពលរដ្ឋខ្មែរគ្រប់រូប គួរចាប់អារម្មណ៍ និងចូលរួមការប្រារព្ធពិធីតាមបណ្ដាញសង្គមនានា ឱ្យបានគ្រប់ៗគ្នាផងដែរ។
លោក គឹម ស៊ីសំណា៖ «ដូច្នេះការប្រារព្ធពិធីទិវា ៤ មិថុនា ទិវាបារាំងផ្ទេរទឹកដីកម្ពុជាក្រោមឱ្យវៀតណាមនេះ គឺជាគំរូ ក៏ដូចជាមេរៀនមួយសម្រាប់ខ្មែរយើងទាំងអស់គ្នាចងចាំជាប្រវត្តិសាស្ត្រ សម្រាប់ការពារខ្លួន ភ្ញាក់ខ្លួន ពង្រឹងស្មារតីស្នេហាជាតិ ស្នេហាមាតុភូមិរបស់យើង តទៅថ្ងៃអនាគត មិនមែនជាការមើលបំណាំ ឬក៏រើសអើងចំពោះខ្មែរក្រោម ខ្មែរកណ្ដាល ខ្មែរលើនោះទេ»។
ពលរដ្ឋខ្មែរក្រោមទូទាំងពិភពលោក តែងរំលឹកព្រឹត្តិការណ៍បាត់បង់ទឹកដីកម្ពុជាក្រោម ដើម្បីឲ្យកូនខ្មែរគ្រប់ជំនាន់ចងចាំនូវប្រវត្តិសាស្ត្រដ៏ជូរចត់មួយនេះ និងដើម្បីសំដែងការដឹងគុណដល់វីរភាព និងពលីកម្មរបស់បុព្វបុរសខ្មែរ ដែលបានតស៊ូថែរក្សាពូជសាសន៍ខ្មែរ សាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរ ឲ្យបានគង់វង្សរហូតមកដល់សព្វថ្ងៃ។
សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ នឹងប្រារព្ធទិវាបាត់បង់ទឹកដីកម្ពុជាក្រោមនេះ នៅឯវត្តសាមគ្គីរង្សី ឋិតនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយគ្រោងឱ្យមានអ្នកចូលរួមប្រមាណ៥០០នាក់។ កម្មវិធីនេះនឹងចាប់ផ្ដើមពីម៉ោង៨ព្រឹក រហូតដល់ម៉ោង ១១និង៣០នាទី ថ្ងៃត្រង់ថ្ងៃអាទិត្យ ទី៩ មិថុនា។ នៅក្នុងពិធីនេះនឹងមានពិធីបុណ្យសង្ឃទានប្រគេនព្រះសង្ឃចំនួន ៧៥អង្គ ឧទ្ទិសមហាកុសលប្រគេនគោរពវិញ្ញាណក្ខន្ធ ព្រះវីរៈសមណ និងជូនដួងវិញ្ញាណក្ខន្ធវីរបុរសខ្មែរស្នេហាជាតិ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ដោយសារតែការបាត់បង់ទឹកដីកម្ពុជាក្រោម គឺជាថ្ងៃប្រវត្តិសាស្ត្រដែលកូនខ្មែរគ្រប់រួបគួរយល់ដឹង ដូច្នេះអាជ្ញាធរមិនគួរកំហិតឱ្យមានអ្នកចូលរួមត្រឹមតែ៣០០នាក់ នោះឡើយ។
លោក អំ សំអាត៖ «យើងធ្លាប់ឃើញដែរដូចជា ជនជាតិវៀតណាមដែលគាត់រស់នៅលើទឹកដីខ្មែរ ក៏ប្រទេសវៀតណាមធ្លាប់សុំកិច្ចអន្តរាគមន៍ ក៏ដូចជាសុំសំណូមពរផ្សេងៗដូចជាការរស់នៅ ជីវភាព ឬក៏ពាក់ព័ន្ធការងាររបស់ជនជាតិវៀតណាមនៅទឹកដីកម្ពុជាដែរ អ៊ីចឹងកម្ពុជាក៏ដូចគ្នាដែរ ប្រសិនជាមានប្រទេសណាដែលមានប្រជាពលរដ្ឋរបស់ខ្លួនរស់នៅ អាហ្នឹងទាក់ទងនឹងសុវត្ថិភាព ទាក់ទងនឹងសន្តិសុខ ទាក់ទងបញ្ហាអ្វីមួយ ក៏អាចមានកិច្ចសហការ ស្នើសុំបានដូចគ្នាដែរ»។
តំណាងសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បញ្ជាក់ថា សមាគមបានដាក់លិខិតអញ្ជើញព្រះរាជតំណាងរបស់ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ជាព្រះអធិបតីភាពកាលពីថ្ងៃទី១៣ ខែឧសភា ក៏ប៉ុន្តែមកដល់ពេលនេះ ខាងសមាគមមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។