សកម្មជនដីធ្លីនៅខេត្តកោះកុងចំនួន១១នាក់ក្នុងចំណោមសកម្មជនដីធ្លីចំនួន ១២នាក់ ត្រៀមប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ បន្ទាប់ពីសាលាដំបូងខេត្តកោះកុង ផ្ដន្ទាទោសពួកគាត់ឱ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ ចំនួន ៦ខែ ដោយសារការព្យាយាមទៅដាក់ញត្តិជូនស្ថាប័នពាក់ព័ន្ធនៅភ្នំពេញ ឱ្យជួយដោះស្រាយរឿងវិវាទដីធ្លីជាមួយក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ និងឧកញ៉ា ហេង ហ៊ុយ។ ពួកគាត់អះអាងថា ការដាក់ញត្តិស្នើសុំអាជ្ញាធរឱ្យដោះស្រាយវិវាទដីធ្លី មិនមែនជាការញុះញង់ឡើយ។
តំណាងសហគមន៍មានជម្លោះដីធ្លី នៅខេត្តកោះកុង ចំនួន ១២នាក់ រួមមាន លោកស្រី ដេត ហួរ លោក ហេង ជៃ លោកស្រី អ៊ិន ធូ លោកស្រី ផាវ ញ៉ើង លោកស្រី សេង លីន និងតំណាងសហគមន៍ចំនួន ៧នាក់ផ្សេងទៀត ចាត់ទុកការសម្រេចរបស់តុលាការខេត្តកោះកុង ដែលឱ្យពួកគាត់ជាប់ពន្ធនាគារចំនួន ៦ខែ ដោយសារការព្យាយាមទៅដាក់ញត្តិនៅភ្នំពេញថា ជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបាន។
តំណាងសហគមន៍ដីធ្លី១៩៧ គ្រួសារ លោកស្រី ដេត ហ៊ួរ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៨ ខែមិថុនា ថា លោកស្រី និងសមាជិកចំនួនទៀត នឹងប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍បន្តទៀត ដើម្បីទាមទាររកយុត្តិធម៌។ លោកស្រីបន្តថា គឺជារឿងឈឺចាប់ ដែលពលរដ្ឋរងគ្រោះដីធ្លី ស្នើសុំអាជ្ញាធរឱ្យដោះស្រាយវិវាទដីធ្លី បែរជាជាប់ពន្ធនាគារទាំងអយុត្តិធម៌បែបនេះទៅវិញ។
កាលពីថ្ងៃទី២៦ ខែមិថុនា ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកោះកុង លោក ហុក ច័ន្ទឆាយា បានប្រកាសផ្ដន្ទាទោសសកម្មជនដីធ្លីខេត្តកោះកុងចំនួន ១២នាក់ ឱ្យជាប់ពន្ធនាគារចំនួន ៦ខែ អំពីបទ «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តែទោសទាំងអស់ត្រូវបានព្យួរ។ សកម្មជនដីធ្លី ចំនួន ១១នាក់គ្រោងប្ដឹងទាស់ទៅសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ នៅដើមខែកក្កដាខាងមុខនេះ។ ដោយឡែក សកម្មជនដីធ្លីម្នាក់ទៀត គឺលោកស្រី រ៉ិក សិង មិនបានចូលរួមនោះទេ។
ស្រដៀងគ្នានេះដែរ សកម្មជនដីធ្លីខេត្តកោះកុងម្នាក់ទៀត លោកស្រី ផាវ ញ៉ើង ថ្លែងថា តុលាការកាត់ក្ដីឱ្យលោកស្រី គឺគ្មានភាពឯករាជ្យនោះទេ ពីព្រោះស្ថាប័នតុលាការមិនចុះស៊ើបអង្កេតឱ្យបានច្បាស់លាស់ពីវិវាទដីធ្លីរបស់ពលរដ្ឋ។ លោកស្រីទទូចដល់តុលាការឱ្យទម្លាក់ចោលបទចោទទាំងអស់ឱ្យពួកគាត់មានសេរីភាពឡើងវិញ ពីព្រោះពួកគាត់មិនបានធ្វើខុសដូចការចោទប្រកាន់របស់តុលាការឡើយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង លោក ស៊ូ សុវណ្ណារ៉ា ដើម្បីសុំការបកស្រាយបញ្ហានេះបានទេ នៅថ្ងៃទី២៨ ខែមិថុនា។
ជុំវិញរឿងនេះ អនុប្រធានផ្នែកសិទ្ធិដីធ្លី ធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា ការប្ដឹងជំទាស់របស់ពលរដ្ឋរងគ្រោះដីធ្លីទៅសាលាឧទ្ធរណ៍ ដើម្បីទាមទាររកយុត្តិធម៌ គឺជាសិទ្ធិសេរីភាព។ លោកបន្តថា បើទោះបីជាតុលាការខេត្តកោះកុងសម្រេចព្យួរទោសរបស់ពួកគាត់ក្ដី ប៉ុន្តែករណីនេះពួកគាត់អាចប្រឈមនឹងការបូកទោសបញ្ចូលគ្នា ប្រសិនបើតុលាការចោទប្រកាន់ពួកគាត់លើករណីថ្មីផ្សេងទៀត។
កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ អាជ្ញាធរខេត្តកោះកុង បានចាប់ខ្លួនសកម្មជនដីធ្លីចំនួន ១២នាក់ មកពីសហគមន៍ចំនួន៣ បន្ទាប់ពីពួកគាត់ព្យាយាមឡើងទៅដាក់ញត្តិនៅរាជធានីភ្នំពេញ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត ឫទ្ធិ ឱ្យទម្លាក់ការចោទប្រកាន់លើតំណាងសហគមន៍របស់ពួកគាត់ចំនួន ៣០នាក់ និងដោះស្រាយវិវាទដីធ្លីជួនពួកគាត់។ ក្រោយមក តុលាការបានដោះលែងសកម្មជនដីធ្លីចំនួន ៣នាក់ ឱ្យមានសេរីភាពឡើងវិញ ក្រោមលក្ខខណ្ឌដ៏តឹងរ៉ឹង។ ចំណែកឯសកម្មជនដីធ្លីចំនួន ៧នាក់ ក្នុងចំណោម ៩នាក់ផ្សេងទៀត ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំ បន្ទាប់ពីជាប់ពន្ធនាគាររយៈពេល ២ខែ ហើយចំពោះសកម្មជនដីធ្លី ដែលសកម្មក្នុងការចេញតវ៉ាទាមទារយុត្តិធម៌ គឺលោកស្រី ផាវ ញ៉ើង លោកស្រី សេង លីន ត្រូវបានតុលាការដាក់ពន្ធនាគាររយៈពេល ៥ខែ ជាមួយនឹងកូនតូចម្នាក់អាយុ ១ឆ្នាំ ៣ខែផង។
ពលរដ្ឋរាប់ពាន់គ្រួសារនៅខេត្តកោះកុង បានបាត់បង់ដីធ្លី ដោយសាររដ្ឋាភិបាលកាត់ឆ្វៀលដីឱ្យទៅឧកញ៉ា និងអ្នកមានអំណាចធ្វើជាកម្មសិទ្ធិ ក្នុងនោះមាន លោក លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមឧកញ៉ា និងលោក ហេង ហ៊ុយ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ។ ទំនងជា លោក លី យ៉ុងផាត់ និងលោក ហេង ហ៊ុយ មានអំណាចពេញដៃបែបនេះហើយ បានជាវិវាទដីធ្លីរបស់ពលរដ្ឋរយៈពេលជិត ២០ឆ្នាំមកនេះ នៅតែគ្មានដំណោះស្រាយសមរម្យ រហូតដល់ពលរដ្ឋខ្លះ បានបាត់បង់ជីវិតក្នុងអំឡុងពេលចេញតវ៉ា ខ្លះទៀតធ្លាក់ខ្លួនក្រីក្រ បែកបាក់គ្រួសារ និងជាប់បណ្ដឹងនៅតុលាការជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។