សកម្មជនគណបក្សប្រឆាំង សម្ដែងសេចក្ដីព្រួយបារម្ភអំពីសុវត្ថិភាព និងលទ្ធភាពនៃការធ្វើទុក្ខបុកម្នេញរបស់ខ្លួន ពីសំណាក់អាជ្ញាធរថៃ បន្ទាប់ពីកូន ស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) គឺអ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paethongtarn Shinawatra) ក្លាយជានាយករដ្ឋមន្ត្រីថ្មី ជំនួសលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ដែលត្រូវតុលាការដកចេញពីតំណែងថ្មីៗនេះ។
សកម្មជនគណបក្សប្រឆាំងលើកឡើងថាអ្នកប្រជាធិបតេយ្យដែលកំពុងជ្រកកោនជាជនភៀសខ្លួននៅលើទឹកដីថៃនឹងអាចប្រឈមមុខនឹងបញ្ហាសុវត្ថិភាពនិងលទ្ធភាពនៃការចាប់បញ្ជូនខ្លួនមកកម្ពុជាវិញពីព្រោះគ្រួសារអ្នកស្រី ផែថងថាន មានទំនាក់ទំនងជិតស្និទ្ធនឹងគ្រួសារលោក ហ៊ុន សែន ដែលជាឪពុកនៃនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត។
សកម្មជនគណបក្សសង្គ្រោះជាតិលោក វឿន វាសនា បានប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៦ ខែសីហា ថា ជនភៀសខ្លួនខ្មែរនៅលើកដីថៃបច្ចុប្បន្នមិនហ៊ានធ្វើសកម្មភាពអ្វីឡើយដោយសារការព្រួយបារម្ភខ្លាចអាជ្ញាធរថៃចាប់បញ្ជូនខ្លួនពួកគាត់មកកម្ពុជាវិញ។
លោក វឿន វាសនា៖«ដោយសារតែប្រទេសថៃនិងប្រទេសកម្ពុជាជាប់ព្រំប្រទល់គ្នាដូច្នេះ ខ្ញុំព្រួយបារម្ភអាយុជីវិតរបស់ខ្ញុំ ហើយនឹងព្រួយបារម្ភការចាប់បញ្ជូនខ្លួនខ្ញុំទៅស្រុកខ្មែរវិញ ពីព្រោះខ្ញុំមានបទពិសោធន៍កាលឆ្នាំ២០២១ គេចាប់ខ្ញុំពីទីក្រុងបាងកកបញ្ជូនឱ្យទៅជាប់គុកព្រៃសនៅប្រទេសខ្មែរម្ដងហើយ»។
រីឯប្រធានគណៈកម្មការប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តកណ្ដាលលោក លី ម៉េងឃៀង បានប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៦ ខែសីហា ថា ស្ថានភាពជនភៀសខ្លួននយោបាយ ក៏ដូចជាពលករខ្មែរមាននិន្នាការទៅរកអ្នកប្រជាធិបតេយ្យនឹងកាន់តែរងគ្រោះ និងជួបផលលំបាកផ្សេងៗជាងមុនជាពិសេសទាក់ទងរឿងសុវត្ថិភាពនិងការបញ្ចេញមតិ។
លោក លី ម៉េងឃៀង៖ «បារម្ភពីសុវត្ថិភាពកាន់តែខ្លាំង ដោយសារតែយើងដឹងហើយ លោក ថាក់ស៊ីន និងលោក ហ៊ុន សែន គឺជាបងប្អូនធម៌នឹងគ្នា យើងឃើញពីរបៀបលោក ថាក់ស៊ីន រៀនពីលោក ហ៊ុន សែន គឺរៀនទី ១ រលាយគណបក្សជំទាស់ រៀនទី២ រៀនលើកកូនឱ្យមកបន្តតំណែងរបស់ខ្លួន។ យើងឃើញហើយ លោក ថាក់ស៊ីន ព្យាយាមឱ្យប្អូនហើយមកដល់កូនគាត់តទៅទៀត។ អ៊ីចឹងវាមិនជាល្អប៉ុន្មានទេ ទំនាក់ទំនងរវាងអ្នកប្រជាធិបតេយ្យ»។
ការព្រួយបារម្ភនេះ ធ្វើឡើងក្រោយកូនស្រីអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលស្និទ្ធនឹងគ្រួសារលោក ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្ត្រី ទី៣១ របស់ថៃ។
មេដឹកនាំគណបក្សភឿថៃ គឺអ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ត្រូវបានរដ្ឋសភាថៃ បោះឆ្នោតរើសជានាយករដ្ឋមន្ត្រីនៅថ្ងៃទី១៦ ខែសីហា ក្រោយពីលោក សេដ្ឋា ថាវីស៊ីន ត្រូវបានតុលាការធម្មនុញ្ញដកតំណែងកាលពីថ្ងៃទី១៤ ខែសីហា ពាក់ព័ន្ធនឹងបញ្ហាតែងតាំងមន្ត្រីជាប់ពន្ធនាគារ។ ភ្លាមៗនេះប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជាកូនគឺលោក ហ៊ុន ម៉ាណែត បានផ្ញើសារអបអរសាទរអ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ។
នៅក្នុងលិខិតអបអររបស់លោក ហ៊ុន សែន ជឿជាក់ថាក្នុងតួនាទីថ្មីរបស់អ្នកស្រីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរនឹងត្រូវបានបន្តពង្រឹងនិងពង្រីកបន្ថែមទៀតដោយផ្អែកលើស្មារតីនៃការគោរពគ្នាទៅវិញទៅមកការជឿទុកចិត្តគ្នានិងកិច្ចសហការរវាងគ្នាលើបញ្ហាផ្សេងៗដែលជាផលប្រយោជន៍រួម។
ជុំវិញរឿងនេះអ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកលោក សេង វណ្ណលី យល់ឃើញថាទោះបីជាអ្នកស្រី ផែថងថាន ក្លាយជានាយករដ្ឋមន្ត្រីថៃក៏ដោយប៉ុន្តែលម្ហសិទ្ធិសេរីភាពនិងការរួបរួមរបស់ពលករខ្មែរសកម្មជននយោបាយបក្សប្រឆាំងនៅតែរងការរឹតត្បិតដដែល។
លោកថាប្រសិនបើមានការប្រមូលផ្ដុំគ្នានៅលើទឹកដីថៃនោះអាចនឹងមានការចាប់បញ្ជូនខ្លួនពួកអ្នកតវ៉ាមកកម្ពុជាវិញតាមសំណើរបស់រដ្ឋាភិបាលកម្ពុជាដូចពេលកន្លងមក។
លោក សេង វណ្ណលី៖ «គណបក្សដែលចូលរួមរដ្ឋាភិបាលចម្រុះ កាលដែលរដ្ឋាភិបាលលោក សេដ្ឋា ថាវីស៊ីន ជានាយករដ្ឋមន្ត្រីអត់បានមានការផ្លាស់ប្ដូរទេ នៅតែគាំទ្រអ្នកស្រី ផែថងថាន ជានាយករដ្ឋមន្ត្រីដដែល។ អ៊ីចឹងស្ថានភាពទំនាក់ទំនងទ្វេភាគី រវាងថៃជាមួយកម្ពុជាអត់ផ្លាស់ប្ដូរទេ។ ខ្ញុំគិតថា ក្នុងអាណត្តិរបស់លោកស្រី ផែថងថាន ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជាមួយថៃ អាចនឹងកើនឡើង ហើយដំណើរទស្សនកិច្ច ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចក្នុងកម្រិតខ្ពស់ញឹកញាប់ជាងមុន។ ខ្ញុំគិតថា កិច្ចសហប្រតិបត្តិការក៏អាចនឹងបង្កើនដែរ ដោយសារត្រកូលទាំងពីរហ្នឹង ជិតដិត ទាំងថ្នាក់ដឹកនាំគណបក្សផង ទាំងត្រកូលស៊ីណាវ៉ាត្រាជាមួយនឹងត្រកូលហ៊ុនផង»។
ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣ ដល់ដើមឆ្នាំ២០២៤ សមត្ថកិច្ចថៃបានឃាត់ខ្លួន ជនភៀសខ្លួនខ្មែរជិត២០នាក់ ពួកគេភាគច្រើនត្រូវបានសមត្ថកិច្ចថៃសម្រុកចុះ ចាប់ខ្លួនដល់បន្ទប់ជួល តាមសំណើរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក្នុងអំឡុងពេលលោក ទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ កាលពីខែកុម្ភៈ កន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។