អ្នក​​វិភាគ​​ថា​​ ការ​ចាប់​​យុវជន​​បរិស្ថាននិង​​កូន​ប្រុសសកម្មជន​បក្សប្រឆាំង ធ្វើ​ឲ្យ​រដ្ឋាភិបាល​ធ្លាក់​​ប្រជាប្រិយ​ខ្លាំង​

អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​​ថា ការ​ចាប់​ខ្លួន​​យុវជន​ការពារ​បរិស្ថាន​និង​សមាជិក​គ្រួសារ​របស់​សកម្មជន​បក្សប្រឆាំង​ជា​បន្ត​បន្ទាប់​​​នៅ​​រយៈ​ពេល​​ចុង​ក្រោយ​​នេះ ដោយសារ​រដ្ឋាភិបាល ភ័យព្រួយ​ខ្លាច​បាត់​បង់​អំណាចពាក់ព័ន្ធនឹង​ប្រជាប្រិយភាព​របស់ខ្លួន​មិន​រឹងមាំ។ ទោះជា​យ៉ាង​ណាការ​បង្ក្រាប់​ទៅលើ​សំឡេងរិះគន់​ឥត​ឈប់ឈរ​នេះ មិន​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចំណេញ​អ្វី​ទេ ផ្ទុយ​ទៅ​វិញ​បែរ​ជា​​​​រងការ​​ថ្កោល​ទោស និងការ​រិះគន់​​ពី​គ្រប់​មជ្ឈដ្ឋានថែមទៀត​។

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេងកញ្ញា លី ស្រីស្រស់ សង្កេត​ឃើញ​ថា ​ការ​​រិះគន់​ខ្លាំង​លើ​រដ្ឋាភិបាល​ដោយសារ​តែ​តុលាការ​បាន​ប្រើ​ប្រាស់​​បទ​​ចោទ​ប្រកាន់​​​​​ធ្ងន់ធ្ងរ​​​​ហួស​ហេ​តុ​លើ​សកម្មជន​បរិស្ថាន​ទាំង ​៣ នាក់ ហើយ​​បទ​ចោទ​នេះ​​បាន​បង្ហាញ​​សារ​អាក្រក់​​​​មួយ​​ ​ដល់​សកម្មជន​ផ្សេង​ទៀត​​។ កញ្ញា​​សោកស្ដាយ​ចំពោះ​សកម្មភាព​បង្ក្រាប​នេះ​ព្រោះ​មិន​បាន​ផ្ដល់​ផល​ចំណេញ​ដល់​ប្រទេស​ជាតិ​ទេ​៖ «ហើយ​ផ្ទុយ​ទៅ​វិញ វា​អត់​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ណា​​ដែល​គាត់​ហ៊ាន​រិះគន់​​ឬ​ក៏​លើក​ឡើង​ពី​បញ្ហា​សង្គម​ហ្នឹង លើក​ទឹក​ចិត្ត​ឲ្យ​ពួកគាត់​និយាយ​ទេ។​ អ៊ីចឹង​ច្បាស់​ណាស់​​​ថា​ ប្រសិន​បើ​រដ្ឋាភិបាល​ធ្វើ​អ៊ីចឹង​ មតិ​សាធារណៈ​ជន​​ហ្នឹង គឺ​វា​កាន់​តែ​មាន​​ការ​រិះគន់​បន្ថែម​ ក៏​ដូច​ជា​​ខ្វះ​ជំនឿ​ជាក់​ទៅ​លើ​ប្រព័ន្ធ​យុត្តិធម៌​ ក៏​ដូច​ជា​របៀប​ដឹកនាំ​របស់​រដ្ឋាភិបាល​»។

រយៈ​ពេល​ ១០ ​ថ្ងៃ​ចុង​ក្រោយ​នេះ តុលាការ​បាន​​ឃុំ​ខ្លួន​យុវជន​​ចំនួន ​៤ ​​នាក់ ក្នុង​នោះ​​​មាន ​៣ ​នាក់ ​គឺ​ជា​សកម្មជន​បរិស្ថានកញ្ញា ស៊ុន រដ្ឋា លោក យឹម លាងហ៊ី និង​លោក ​លី ​ចាន់​ដារ៉ា​វុធ ​និង​ម្នាក់​ទៀត ​គឺជា​កូន​ប្រុស​របស់​​សមាជិក​​ប្រតិបត្តិ​គណបក្ស​​សង្គ្រោះ​ជាតិ​​រាជធានី​ភ្នំពេញ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​លោក កាក់ កុម្ភា គឺយុវជន​ កាក់ សុវណ្ណច្ឆ័យ ដែលមានអាយុ ១៦ ឆ្នាំ និងមានបញ្ហាផ្នែកសតិបញ្ញា​​។ តុលាការ​​បាន​ចោទ​សកម្មជន​បរិស្ថាន​ទាំង​ ៣ នាក់ ​​ពី​បទ​​រួម​គំនិត​ក្បត់​ និង​​ប្រមាថ​ព្រះ​មហាក្សត្រ​។​ ​ដោយ​ឡែក​យុវជន កាក់ សុវណ្ណច្ឆ័យ​ ​​ត្រូវ​បាន​ចោទ​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​​សង្គម និង​បទ​ប្រមាថ​អ្នក​រាជ​ការ​សាធារណៈ​ ពាក់​ព័ន្ធ​​​នឹង​ការ​​​ជជែកនៅក្នុង​​បណ្ដាញ​សង្គម​តេឡេក្រាម​(Telegram)​។​ តែ​យ៉ាង​ណា​​អាជ្ញាធរ​មិន​​​​​​​​បាន​បង្ហាញ​​ខ្លឹម​សារ​​ ឬ​​បញ្ជាក់​ពី​ដើម​ហេតុ​ដែល​​នាំ​ឲ្យ​មាន​ការ​ជេរ​ប្រមាថ​នោះ​ទេ​។

ជុំវិញ​ការ​ចាប់​ខ្លួន​យុវជន​ទាំង ​៤ នាក់​នេះ ​​​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​​រដ្ឋាភិបាលលោក ផៃ ស៊ីផាន និង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន​ បាន​ទេ ​នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា នេះ។ តែ​យ៉ាង​ណា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃលោក ស ខេង បាន​​​លើក​ឡើង​ក្នុង​ជំនួប​ផ្ទាល់​ជាមួយ​​​​​​ឯក​អគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា​អ្នកស្រី​ អេវ៉ា​ង្វៀន​ប៊ិញ​​ (Eva​​ Nguyen​Binh) ​​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ​ថា​ក្នុង​នាម​ជា​ស្ថាប័ន​អនុវត្ត​ច្បាប់​ អាជ្ញាធរ​​​​គ្មាន​ជម្រើស​អ្វី ​ក្រៅ​​​ពី​ការ​​ចាប់​ខ្លួន​សកម្មជន​ទាំង​នោះ​ទេ​ ព្រោះ​​​​​អាជ្ញាធរ​មាន​ភស្តុតាង​​បញ្ជាក់​ពី​បទ​ល្មើស​។​​​​​

អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម​បណ្ឌិត មាស នី ​យល់​ថា​ ការ​ចាប់​ខ្លួន​យុវជន​ទាំង​នេះ​បណ្ដាល​ឲ្យ​​​ពលរដ្ឋ​និង​សហគមន៍​អន្តរជាតិ​​កាន់​តែ​មិន​ជឿ​​ជាក់​​លើ​​​​​រដ្ឋាភិបាល​និង​ប្រព័ន្ធ​តុលាការ។ ​លោក​​បន្តថា ​​​ការ​ប្រើប្រាស់​បទ​ចោទ​ធ្ងន់ធ្ងរ​លើ​សកម្មជន​បរិស្ថាន​ទៀត​សោត បាន​​​បង្ហាញ​​ឲ្យ​ឃើញ​ថា​ ប្រព័ន្ធ​យុត្តិធម៌​​កម្ពុជា នៅ​តែ​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​​៖ «យើង​ឃើញ​ថា ​ប្រព័ន្ធ​តុលាការ​នៅ​ស្រុក​យើង​នេះ ហាក់​ដូចជា​មិន​ទាន់​​ឃើញ​មាន​ការ​​កំណែ​ទម្រង់​ណា​មួយ ដែល​បាន​សន្យា​ដោយ​​​ឯកឧត្ដម​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​នៅ​ឡើយ​ទេ។ យើង​នៅ​តែ​ឃើញ​ថា ​ប្រព័ន្ធ​តុលាការ​​​នៅ​ស្រុក​ខ្មែរ​បច្ចុប្បន្ន​នៅ​តែ​​ទទួល​ឥទ្ធិពល​ពី​រដ្ឋាភិបាល ឬ​ពី​អ្នក​នយោបាយ​​ដដែល​​ ដោយ​មិន​ទាន់​​ជា​មាន​ការ​ផ្លាស់​ប្ដូរ​ទេ»។

​មក​ទល់​ពេល​នេះ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​ចាប់ខ្លួន​សកម្មជន​​​នយោបាយ ​សង្គម និង​​បរិស្ថាន​ប្រមាណ ​៨០ ​នាក់ហើយ​ដាក់​ក្នុង​ពន្ធនាគារ ដោយ​ភាគ​ច្រើន​​ចោទប្រកាន់​ពី​បទ​ញុះញង់ និង​រួមគំនិត​ក្បត់ ដោយសារ​ការអនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគាត់​។ ក្រុម​អង្គការ​​សង្គម​ស៊ីវិល​ និង​សហគមន៍​អន្តរជាតិ​ តែង​តែ​​ប្រកាស​​​ថ្កោលទោស​ជា​បន្ត​បន្ទាប់​ចំពោះ​ការ​ចាប់​ខ្លួន​ទាំង​នេះ​ហើយ​ពួក​គេ​​ទាមទារ​ឲ្យ​​មាន​ទណ្ឌ​កម្ម​បន្ថែម​ទៀត ​​លើ​​របប​ក្រុង​ភ្នំពេញ​ ក្នុង​ករណី​របប​នេះ​នៅ​តែ​​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ឥត​ឈប់​ឈរ​លើ​​សំឡេង​រិះគន់​ និង​ការ​​មិន​ព្រម​ដោះលែង​សកម្មជន​ទាំង​អស់ ឲ្យ​មាន​សេរីភាព​វិញ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។