គ្រួសារ និង​មន្ត្រី​សិទ្ធិមនុស្ស​ថ្កោលទោស​ចំពោះ​ការ​ចាប់​ឃុំខ្លួន​យុវជន កាក់ សុវណ្ណច្ឆ័យ

0:00 / 0:00

គ្រួសារ និង​មន្ត្រី​សិទ្ធិមនុស្ស​ថ្កោលទោស​ចំពោះ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ដែល​ចាប់​ឃុំ​ខ្លួន​យុវជន កាក់ សុវណ្ណច្ឆ័យ ដែល​ជា​អនីតិជន។ ពួកគាត់​ចាត់ទុកថា ការ​ចាប់​ឃុំខ្លួន​កូនប្រុស​របស់​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​គឺជា​ការរំលោភ​សិទ្ធិ​កុមារ​ធ្ងន់ធ្ងរ និង​ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ព្រមទាំង​ទាមទារ​ឲ្យ​ដោះលែង​វិញ​ជាបន្ទាន់។

អាជ្ញាធរ​របប​លោក ហ៊ុន សែន ហាក់​ធ្វើទុក្ខបុកម្នេញ​លើ​ក្រុម​គ្រួសារ​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាន់តែ​ធ្ងន់ធ្ងរ​ឡើង ដោយ​សូម្បីតែ​ក្មេងប្រុស​មិន​ទាន់​គ្រប់​អាយុ និង​មាន​បញ្ហា​ផ្នែក​សតិបញ្ញា ក៏​មិន​លើកលែង​ដែរ។ យុវជន កាក់ សុវណ្ណច្ឆ័យ អាយុ​១៦​ឆ្នាំ ដែល​មាន​ជំងឺ​អូទីហ្សឹម (Autism) ពី​កំណើត ត្រូវ​បាន​អាជ្ញាធរ​សម្រុក​ចូលចាប់​ខ្លួន​ក្នុង​ផ្ទះ​ទាំងយប់ យក​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ដោយ​មិន​អនុញ្ញាត​ឲ្យ​ជួប​សាច់​ញាតិ និង​មេធាវី​ការពារ​ក្តី​ឡើយ។

ម្តាយ​របស់ កាក់ សុវណ្ណច្ឆ័យ គឺ​លោកស្រី ព្រុំ ចាន់ថា ថ្លែង​ទាំង​យំ​ខ្សឹកខ្សួល​ថា លោកស្រី បាន​យក​ម្ហូបអាហារ និង​សម្ភារៈ​ខ្លះ ផ្ញើ​ជូន​កូនប្រុស ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស(ម​២) នៅ​ថ្ងៃទី​២៦ មិថុនា ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ មិន​អនុញ្ញាត​ឲ្យ​លោកស្រី​ជួប​កូនប្រុស​ដោយ​ផ្ទាល់​នោះ​ទេ បាន​ត្រឹម​តែ​ផ្ញើ​អីវ៉ាន់​ពី​ខាងក្រៅ​ប៉ុណ្ណោះ​។ លោកស្រី​កំពុង​ព្រួយ​បារម្ភ​ជា​ខ្លាំង​អំពី​សុខទុក្ខ​របស់​កូនប្រុស ខា្លច​មាន​គេ​វាយ​ធ្វើបាប ព្រោះ​គាត់​នៅ​ក្មេង និង​មាន​ជំងឺ​អូទីហ្សឹម​ពី​កំណើត ដែល​ធ្វើ​ឲ្យ​គាត់​មិន​សូវ​ចេះ​បត់បែន​តាម​កាលៈទេសៈ ហើយ​ធ្វើ​សកម្មភាព​ដដែលៗ​ជាដើម។ លោកស្រី​ថ្កោលទោស​ចំពោះ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ដែល​ចាប់​ឃុំខ្លួន​ប្តី​លោកស្រី​ជាង​១​ឆ្នាំ​ហើយ បែរជា​ពេល​នេះ ប្រឌិត​រឿង​ចាប់​កូនប្រុស​លោកស្រី​ម្នាក់ទៀត​យក​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ទាំង​គ្មាន​កំហុស៖ «ហូបចុក​រាល់ថ្ងៃ​នេះ ពេល​ដល់​ម៉ោង​បាយ ខ្ញុំ​ធ្វើ​ឲ្យ​គាត់​ហើយ​ហៅ​គាត់​មក​ញាំ​តែ​ដល់​ក្នុង​នោះ​មិន​ដឹង​ថា យ៉ាងម៉េច​ការ​ញាំ​ការ​គេង​របស់​គាត់។ ខ្ញុំ​ជឿ​ថា មិន​អាច​ងាយស្រួល​ទេ ព្រោះ​នៅក្នុង​ពន្ធនាគារ​មិន​ដូច​ផ្ទះ​យើង​ទេ។ ខ្ញុំ​បារម្ភ មែនទែន ជាពិសេស​ការ​មុជទឹក និង​ការ​អនាម័យ មិនដឹង​ថា​គាត់​អាច​ទទួល​យក​បាន អត់​ ? ។ ណាមួយ​ទៅ កូន​ខ្ញុំ​មិនទាន់​ទាំង​ស្គាល់​លុយ​ផង គាត់​ឃើញ​អី​ថា ហ្នឹង​មិន​ដឹង​ថា គាត់​ចេះ​បត់បែន​អត់ ។ ខ្ញុំ​ខ្លាច​តែ​គេ វាយ​ធ្វើបាប​កូន​ខ្ញុំ ព្រោះ​ក្រែង​ក្នុង​នោះ​មាន​ក្មេង​ញៀន​ថ្នាំ​អ៊ីចឹង»។

យុវជន កាក់ សុវណ្ណច្ឆ័យ គឺជា​កូនប្រុស​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក កាក់ កុម្ភារ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស ក្រោម​បទ​ចោទ​ញុះញង់ និង​រួមគំនិត​ក្បត់​។ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ មាន​គ្នា​ជាង ២០​នាក់ បាន​សម្រុក​ចូល​ចាប់​ខ្លួន​យុវជន កាក់ សុវណ្ណច្ឆ័យ ដល់​ក្នុងផ្ទះ​នៅ​សង្កាត់​បឹងទំពុន​២ ខណ្ឌ​មានជ័យ កាលពី​ម៉ោង​៨​យប់​ថ្ងៃទី​២៤ ខែ​មិថុនា ដោយ​ចោទ​ថា គាត់​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ពាក់ព័ន្ធ​នឹង​ការប្រើ​ពាក្យ​សម្តី​ញុះញង់ និង​ការ​ជេរប្រមាថ​ថ្នាក់ដឹកនាំ ក្នុង​ពេល​ជជែក​គ្នា​ជា​ក្រុម​តាម​បណ្ដាញ​សង្គម​តេឡេក្រាម​(Telegram)​។ តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់​អនីតិជន​រូប​នេះ ចំនួន​ពីរ​បទល្មើស គឺ​រួមមាន​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ប្រមាថ​អ្នករាជការ​សាធារណៈ ហើយ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស (ម​២) កាល​ពី​ព្រលប់​ថ្ងៃទី​២៥ ខែ​មិថុនា។

លោកស្រី ព្រុំ ចាន់ថា លើកឡើង​ថា ចំណាត់ការ​របស់​អាជ្ញាធរ​លើ​កូនប្រុស​លោកស្រី​នេះ គឺជា​រូបភាព​ឃោរឃៅ និង​ជា​ការ​អនុវត្ត​ច្បាប់​តាម​ទំនើងចិត្ត ព្រោះ​អាជ្ញាធរ និង​តុលាការ​មិន​បាន​អនុញ្ញាត​ឲ្យ​លោកស្រី រួម​ទាំង​មេធាវី បាន​ជួប​កូនលោក​ស្រី​ដែល​ជា​អនីតិជន​នោះ​ទេ ចាប់​តាំង​ពី​ថ្ងៃ​ចាប់ខ្លួន​រហូត​ដល់​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ។ លោកស្រី​ជឿ​ថា អាជ្ញាធរ​ចាប់ខ្លួន​កូនប្រុស​របស់​លោក​ស្រី​មា្នក់​ទៀត​នេះ គឺ​ក្នុង​បំណង​បំបាក់​ស្មារតី​លោកស្រី ដែល​តែង​ចេញ​តវ៉ា​ទាមទារ​យុត្តិធម៌​ឲ្យ​ប្តី​ជា​រៀងរាល់ថ្ងៃ​សុក្រ។ ទោះជា​យ៉ាងណា លោកស្រី នឹង​មិន​រក្សា​ភាព​ស្ងៀមស្ងាត់​នោះ​ទេ ដរាប​ណា អាជ្ញាធរ មិន​ព្រម​ដោះលែង​ប្តី និង​កូនប្រុស​ព្រមទាំង​សកម្មជន​នយោបាយ​ផ្សេងទៀត។ លោកស្រី រួម​ជាមួយ​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ផ្សេង​ទៀត នឹង​បន្ត​តវ៉ា​រៀងរាល់ថ្ងៃ​សុក្រ ហើយ​បន្ត​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​ស្ថានទូត​នានា រួម​ទាំង​អង្គការ​អន្តរជាតិ​ធំៗ​រួមមាន អង្គការ​យូនីសេហ្វ (UNICEF) ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​កុមារ៖ «ចាប់​កូន​ខ្ញុំ​មក​គំរាម​ខ្ញុំ ទាំង​កូន​ខ្ញុំ​គ្មាន​កំហុស​សោះ តើ​ឲ្យ​ខ្ញុំ​ស្ងៀមស្ងាត់​ម៉េច​កើត។ វា​ជា​ប្រវត្តិសាស្ត្រ​ហើយដោយ​សារ​គាត់​ចាប់​ក្មេង​មិន​ទាន់​គ្រប់ អាយុ ហើយ​សតិ​មិនល្អ​ទៀត​ទៅ​ដាក់គុក ។ សួរ​ថា តើ​មាន​ទោសទណ្ឌ​ត្រង់ណា​ ? អាក្រក់​បំផុត មក​ចូល​ចាប់​ហើយ​លួច​ទាំង​របស់​របរ​មាន​ទាំង​ទូរស័ព្ទ​ខ្ញុំ​ទៀត។ មក​ចាប់ មក​ធ្វើ​បាប​គ្រួសារ​ខ្ញុំ​មួយ​លើក​ហើយ​មួយ​លើក​ទៀត»។

កាល​ពី​ដើម​ខែ​តុលា ឆ្នាំ​២០២០ អាជ្ញាធរ​របប​ក្រុងភ្នំពេញ ធ្លាប់​បាន​ចាប់​ឃុំ​ខ្លួន និង​ប្រើ​ហិង្សា​សួរចម្លើយ​លើ​យុវជន កាក់ សុវណ្ណច្ឆ័យ អស់​រយៈពេល​៤៨​ម៉ោង ដោយសារ តែ​បាន​ចូល​ទៅ​ប្រមូល​ទង់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​នេះ។ បន្ទាប់​មក​នៅ​ពី​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០២០ កាក់ សុវណ្ណច្ឆ័យ បាន​ជួប​គ្រោះថ្នាក់​ម្ដង​ទៀត ដោយ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់ ជិះ​ម៉ូតូ​លប​គប់​នឹង​ដុំ​ថ្ម​ពីក្រោយ​ខ្នង​បណ្តាល​ឱ្យ​បែកក្បាល​ដេរ ២០​ថ្នេរ ក្នុង​ពេល​កំពុង​ធ្វើ​ដំណើ​រ​ជាមួយ​ម្តាយ​នៅ​ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹងទំពុន​២ ខណ្ឌ​មានជ័យ។ ទោះជា​យ៉ាងណា សមត្ថកិច្ច​បាន​ខកខាន​ក្នុង​ការ​តាម​ចាប់​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស​តាមច្បាប់ ប៉ុន្តែ​បែរ​ជា​ចាប់ខ្លួន កាក់ សុវណ្ណច្ឆ័យ ដែល​ជា​ជនរងគ្រោះ​នៅ​ពេល​នេះ​ទៅ​វិញ។

អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា សុំ​មិន​ឆ្លើយតប​ជុំវិញ​ការ​ចាប់​ឃុំខ្លួន​យុវជន កាក់ សុណ្ណច្ឆ័យ ទៀត​នោះ​ទេ ក្រោម​ហេតុផល​ថា សំណុំ​រឿង​នេះ ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ​រួច​ហើយ៖ «បើ​និយាយ​ទៅ​រឿង​នេះ បញ្ជូន​ជូន​ដល់​តុលាការ​ហើយ ការងារ​បន្ត​ចង់​សួរ​ម៉េច សួរ​ទៅ​ខាង​តុលាការ ព្រោះ​ការងារ​នេះ ចៅក្រម​ស៊ើបសួរ​បាន​ចេញ​ដីកា​ឃុំខ្លួន​បញ្ជូន​ទៅ​ខាង​ពន្ធនាគារ​ហើយ ដូច្នេះ​ផុតដៃ​ពី​សមត្ថកិច្ច​ហើយ»។

អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ទេ​នៅ​ថ្ងៃទី​២៦ មិថុនា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ជុំវិញ​ករណី​នេះ នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា ប្រសិនបើ​តុលាការ សាកសួរ​និង​សម្រេច​ឃុំខ្លួន​ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ដោយ​មិន​មាន​មេធាវី​ការពារ​ក្តី​នៅ​អម​ជាមួយ និង​មិន​អនុញ្ញាត​ឲ្យ​ជួប​ជាមួយ​គ្រួសារ​ផង នោះ គឺជា​ការរំលោភ​នីតិវិធី​ច្បាប់​។ លើស​ពី​នេះ លោក​បន្ត​ថា ប្រសិនបើ​តុលាការ យក​កិច្ច​សន្ទនា​ឯកជន​នៅក្នុង​បណ្ដាញ​តេឡេក្រាម មក​ធ្វើជា​ភស្តុតាង​ចោទ​ប្រកាន់ គឺ​រឹតតែ​រំលោភ​ទៅលើ​សិទ្ធិ​ឯកជន​ភាព​របស់​គាត់​ថែម​ទៀត។ លោក អំ សំអាត យល់​ថា ការ​ចាប់​ឃុំខ្លួន​យុវជន កាក់ សុវណ្ណច្ឆ័យ នេះ នឹង​នាំ​ឲ្យ​មានការ​រិះគន់​បន្ថែម​ទៀត​ទៅលើ​រដ្ឋាភិបាល​ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​ក្រុម​គ្រួសារ​របស់​សកម្មជន​បក្ស​ប្រឆាំង​ដោយសារ កាក់ សុវណ្ណច្ឆ័យ និង​ម្តាយ​របស់​គេ ជា​មនុស្ស​សកម្ម​ក្នុង​ការ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​ឪពុក និង​សកម្មជន​នយោបាយ​ទាំង​អស់​ពី​ក្នុង​ពន្ធនាគារ៖ «ទី​១ ខ្ញុំ​យល់​ថា ពន្ធនាគារ​យើង​កំពុង​ចង្អៀត​ណែន ហើយ​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​នេះ តុលាការ​គួរតែ​ពិនិត្យ​និង​ពិចារណា​ដែរ​ថា បើ​ករណី​មិន​ចាំបាច់​នៅក្នុង​ការ​តម្រូវ​ឲ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន​ទេ គួរតែ​ពិចារណា​ជាពិសេស​ទៅលើ​អនីតិជន​ហើយ​បើ​ដូច​កុមារ កាក់ សុវណ្ណច្ឆ័យ ដែល​មាន​ជំងឺ​អូទីហ្សឹម​អ៊ីចឹង​ទៀត ហើយ​រង​ភាព​អយុត្តិធម៌​កន្លងមក​អ៊ីចឹង​ទៀត គួរតែ​ពិចារណា​ក្នុង​ការ​ដោះលែង ព្រោះ​ការ​ឃុំខ្លួន​ប៉ះពាល់​ច្រើន​សម្រាប់​កុមារ បើសិន​គាត់​នៅ​រៀន​។ ទី​២ ការ​ឃុំខ្លួន​កុមារ កាក់ សុវណ្ណច្ឆ័យ​នេះ វា​នាំ​ឲ្យ​មានការ​រិះគន់​ទាក់ទង​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ ឬ​ការ​គំរាមកំហែង​ទៅ​លើ​ក្រុម​គ្រួសារ​នៃ​អតីត​បក្ស​ប្រឆាំង»។

មក​ទល់​ពេល​នេះ អាជ្ញាធរ​របប​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​សកម្មជន​សកម្មជន​នយោបាយ សកម្មជន​សង្គម និង​សកម្មជន​បរិស្ថាន​ប្រមាណ​៨០​នាក់​ហើយ​ដាក់​ក្នុង​ពន្ធនាគារ ដោយ​ភាគ​ច្រើន​ចោទប្រកាន់​ពី​បទ​ញុះញង់ និង​រួមគំនិត​ក្បត់ ដោយសារ​ការអនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគាត់​។ ក្រុម​អង្គការ​ជាតិ​-​អន្តរជាតិ រួម​ទាំង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ តែងតែ​ថ្កោលទោស​ជា​បន្តបន្ទាប់​ថា ការ​ចាប់​ឃុំខ្លួន​ទាំងនេះ ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់ និង​ទាមទារ​ឲ្យ​ដោះលែង​ពួកគេ​វិញ​ជាបន្ទាន់ បើ​ពុំ​នោះ​ទេ ប្រទេស​កម្ពុជា​នឹង​ទទួលរង​ទណ្ឌកម្ម​បន្ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។