តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលគាំទ្រលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ អះអាងថា លោក កឹម សុខា នៅតែបន្តធ្វើដំណើរតាមបណ្ដាខេត្តដដែលក្រោយពីតុលាការក្រុងភ្នំពេញចេញលិខិតព្រមាន កាលពីខែកក្កដា កន្លងទៅក្ដី។ ការអះអាងនេះ ក្រោយពេលមានការរិះគន់ថា លោក កឹម សុខា មិនសូវឃើញចេញជួបពលរដ្ឋនៅតាមខេត្ត ក្រោយតុលាការព្រមាន។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សួន សូរីដា ដែលកំពុងនិទ្ទេសខ្លួននៅប្រទេសអូស្ត្រាលី ឱ្យអាស៊ីសេរី ដឹងថ្ងៃទី២២ ខែសីហា ថា លោក កឹម សុខា នៅតែធ្វើដំណើរតាមមូលដ្ឋាន ឬបណ្ដាខេត្តដដែល ប៉ុន្តែគ្រាន់តែមេបក្សប្រឆាំងរូបនេះមិនបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកដូចមុន។ លោកឱ្យដឹងថា ក្នុងខែសីហានេះ លោក កឹម សុខា បានធ្វើដំណើរទៅខេត្តកំពង់ចាមលែងកូនត្រីតាមស្ទឹង និងបឹងធម្មជាតិ ហើយពេលនោះក៏បានមានពលរដ្ឋមួយចំនួនបានជួបលោក កឹម សុខា ដែរ៖ «ការព្រមានពីតុលាការរាជធានី ភ្នំពេញហ្នឹងក៏លោក ( លោក កឹម សុខា ) គឺជារឿងមួយមិនសមហេតុសមផលហើយគាត់មិនអាចទទួលយកបានទេ ហើយកាត់ក៏ចាប់ផ្ដើមចេញតាមទៅតាមខេត្តដែរដូចថ្មីៗនេះគាត់ទៅខេត្តកំពង់ចាមលែងកូនត្រីតាមបឹងធម្មជាតិដែរ មិនមែនគាត់ថាពេលនិយាយហើយគាត់សំងំនោះទេ»។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលស្និទ្ធនឹង លោក កឹម សុខា រូបនេះបន្តថា នៅពេលលោក កឹម សុខា ចុះបណ្ដាខេត្តលោក កឹម សុខា តែងធ្វើសកម្មភាពសំខាន់ពីរគឺសកម្មភាពមនុស្សធម៌ និងការប្រតិបត្តិគោរពសាសនា។ លោកបន្តទៀតថា លោក កឹម សុខា ដែលជាអ្នកប្រកាន់ភ្ជាប់គោលការណ៍អហិង្សា ក៏នៅតែបន្តការធ្វើការងារដោយស្ងប់ស្ងៀមដើម្បីប្រយោជន៍ជាតិ និងប្រយោជន៍ពលរដ្ឋផងដែរ៖ «បើសិនជាយើងជាអ្នកស្ទូចត្រីហើយយើងស្រែកឡូឡា ប្រកូកប្រកាសពេលយើងស្ទូចត្រីគ្មានត្រីណា មកស៊ីសន្ទូចយើងទេ អ្នកធ្វើនយោបាយពូកែត្រូវយល់កាលៈទេសៈហើយកាលៈទេសៈណាដែលយើងប្រៀបប្រដូចដូចស្ទូចត្រីដែរត្រូវស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់មួយដើម្បីធ្វើម៉េចឱ្យយើងទទួលបានលទ្ធផល»។
ការអះអាងរបស់មន្ត្រីបក្សប្រឆាំងដែលសិទ្ធិនឹងលោក កឹម សុខា បែបនេះ ក្រោយពេល ក្រុមអ្នកវិភាគជំរុញទៅលោក កឹម សុខា ឱ្យសកម្មថែមទៀត ទាំងជួបពលរដ្ឋ ដោយសារ ពួកគេសង្កេតឃើញថា លោក កឹម សុខា ហាក់ស្ងប់ស្ងាត់មិនបានចុះតាមមូលដ្ឋានក្រោយតុលាការក្រុងភ្នំពេញ កាលពីខែកក្កដា បានចេញលិខិត ព្រមានថា សកម្មភាពចុះតាមបណ្ដាខេត្តនានា របស់លោក កឹម សុខា អាចនឹងឈានទៅហួសព្រំដែនដែលតុលាការបានកំណត់។
អាស៊ីសេរីបានព្យាយាមសុំការអត្ថាធិប្បាយពីមេធាវី លោក កឹម សុខា គឺលោក ចាន់ ចេន ចាប់ថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែសីហា ប៉ុន្តែ លោកមិនបានឆ្លើយតបនោះទេ ប៉ុន្តែ មេធាវីលោក កឹម សុខា ម្នាក់ទៀត អ្នកស្រី ម៉េង សុធារី ធ្លាប់ឱ្យអាស៊ីសេរីដឹងដែរថា ក្រោយពីតុលាការបន្ធូរបន្ថយការត្រួតពិនិត្យលើលោក កឹម សុខា គឺលោក កឹម សុខា ក៏បានធ្វើដំណើរតាមបណ្ដាខេត្តដែរគ្រាន់តែលោកមិនបានបង្ហាញជាសាធារណៈ។
ពលរដ្ឋរស់នៅខេត្តសៀមរាប លោក ឃូ ហាំងមាង ជាអ្នកគាំទ្រលោក កឹម សុខា ប្រាប់ថា លោកចង់ឃើញលោក កឹម សុខា ធ្វើដំណើរតាមបណ្ដាខេត្តទៀតដែរ។ លោក ឃូ ហាំងមាង ដែលធ្លាប់បានថតរូបជាមួយលោក កឹម សុខា កាលពីខែកក្កដា ក្នុងពេលលោក កឹម សុខា ទៅខេត្តសៀមរាប ឱ្យដឹងទៀតថា លោកសប្បាយចិត្តពេលដឹងពីសុខទុក្ខលោក កឹម សុខា។ ពលរដ្ឋរូបនេះ ក៏ជំរុញទៅតុលាការឱ្យទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា ដោយលោកយល់ថា លោក កឹម សុខា មិនបានប្រព្រឹត្តកំហុស ឬផ្ដួលរំលំរដ្ឋាភិបាលហិង្សានោះទេ៖ «កំហុស គាត់អញ្ជើញទៅគោរពសាសនាហ្នឹងទៅប្រថុចញ៉ុចហ្នឹងក៏ឆ្លៀតបានទៅជួបគាត់ ( លោក កឹម សុខា ) ព្រោះយើងធ្លាប់ជាអតីតសកម្មជនហើយឥឡូវនេះក្លាយជាពលរដ្ឋហើយមានការនឹករលឹកចំពោះគាត់អ៊ីចឹង ទៅគាត់ទឹកដីសៀមរាបដែលខ្ញុំនៅសៀមរាបហ្នឹងស្រាប់ ខ្ញុំក៏ទៅជាប់គាត់ខ្ញុំមានសេចក្ដីរីករាយរំភើបដែលបានដឹកសុខទុក្ខគាត់ដែលគាត់អាចដើរហើរក្នុងស្រុកបាន»។
ប្រធានគណបក្សសង្គ្រោះជាតិត្រូវសមត្ថកិច្ចចាប់ខ្លួន និងឃុំក្នុងផ្ទះក្រោយរងការចោទប្រកាន់ពីទោសក្បត់ជាតិ កាលពីឆ្នាំ២០១៧ ប៉ុន្តែកាលពីចុងឆ្នាំ២០១៩ តុលាការបានបន្ធូរបន្ថយការត្រួតពិនិត្យដោយអនុញ្ញាតធ្វើដំណើរក្នុងប្រទេស តែហាមឃាត់ធ្វើសកម្មភាពនយោបាយ។
ក្រុមអ្នកវិភាគជំរុញទៅលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ឱ្យកាន់តែសកម្មជួបពលរដ្ឋ ដើម្បីអាចរកដំណោះស្រាយនយោបាយ និងជំរុញស្មារតីពលរដ្ឋ និងអ្នកប្រជាធិបតេយ្យនៅតែគាំទ្រគណបក្សសង្គ្រោះជាតិ និងមានចិត្តចង់ផ្លាស់ប្ដូរសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។