គ្រួសារសពបុរសដែលស្លាប់នៅពេលចាក់ថ្នាំនៅមន្ទីរសម្រាកព្យាបាល ឃឹម រ៉ានី កំពុងរង់ចាំចំណាត់ការរបស់ប៉ូលិសខណ្ឌទួលគោក ដើម្បីបញ្ជូនសំណុំរឿងបន្តទៅតុលាការ តាមបណ្ដឹងរបស់គ្រួសារសព។
ភរិយាសព គឺអ្នកនាង សុខ រដ្ឋមនី ថ្លែងនៅថ្ងៃទី២៤ ខែឧសភា ថា ពួកគាត់កំពុងរង់ចាំចំណាត់ការរបស់សមត្ថកិច្ចបញ្ជូនសំណុំរឿងទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព ឃឹម រ៉ានី។ អ្នកនាងបន្តថា ក្រុមគ្រួសារគាត់បានដាក់ពាក្យប្ដឹងទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ភ្លាមៗក្នុងថ្ងៃដដែល បន្ទាប់ពីស្វាមីអ្នកនាងបានស្លាប់។
គាត់បញ្ជាក់ថា ក្រុមគ្រួសារនាងមិនទាន់ពេញចិត្តទាំងស្រុងចំពោះចំណាត់ការក្រសួងសុខាភិបាល ចំពោះការបិទមន្ទីរសម្រាកព្យាបាលនេះប៉ុណ្ណោះទេ គឺស្នើឲ្យស្ថាប័នយុត្តិធម៌ផ្ដន្ទាទោសទៅតាមច្បាប់ចំពោះម្ចាស់មន្ទីរសម្រាកព្យាបាលនេះ ដែលធ្វេសប្រហែសចំពោះការព្យាបាលអ្នកជំងឺ៖ «ពេលព្រឹកហ្នឹងគឺគាត់សន្និដ្ឋានវាគាត់គាំងបេះដូង យើងទទួលយកអត់បាន ព្រោះបុគ្គលហ្នឹងយើងអត់ដែលឈឺអីដែលទាក់ទងបេះដូង ពេលព្រឹកក៏គាត់អត់មានចុកអីបេះដូងដែរ ឈឺតែខ្នងម្ដុំទេ ទៅជាមានបញ្ហាអ៊ីចឹងពួកខ្ញុំអត់អស់ចិត្តទេ។ ឥឡូវពួកខ្ញុំកំពុងឲ្យខាងពេទ្យវៀតណាម យកឯកសារពេទ្យគាត់ពីមុនមកយកមកបញ្ជាក់ ព្រោះអីគាត់ឧស្សាហ៍ទៅពិនិត្យសុខភាពណាស់ (Check Up)។ ខ្ញុំនឹងប្រមូលឯកសារពេទ្យយកមកដើម្បីដាក់បន្ទុកលើហ្នឹង។ ខ្ញុំទៅមន្ទីរពេទ្យហ្នឹងពេលថ្ងៃហើយដើម្បីធ្វើពិធីហៅព្រលឹងប្ដីខ្ញុំពីនោះមក ខ្ញុំឃើញពេទ្យហ្នឹងនៅបើទ្វារដដែលមានឡានពេទ្យមានបុគ្គលិកនៅហ្នឹង ហើយមនុស្សនៅពាក់អាវពេទ្យទៀត។ នេះហៅថា បិទជាផ្លូវការ ឬយ៉ាងម៉េចដែរ? គ្លីនិកហ្នឹងថា រឿងប៉ុណ្ណឹងបិទគេគេអយុត្តិធម៌»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោកអធិការខណ្ឌទួលគោក ដើម្បីសួរអំពីបញ្ហានេះ បានទេនៅថ្ងៃទី២៤ ខែឧសភា។
ក្រសួងសុខាភិបាលបានសម្រេចបិទមន្ទីរសម្រាកព្យាបាលជំងឺ ឃឹម រ៉ានី នៅរាជធានីភ្នំពេញ បន្ទាប់យុវជនម្នាក់បានស្លាប់ក្រោយពេលទៅចាក់ថ្នាំនៅទីនោះ និងមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។
កាលពីថ្ងៃទី២៣ ខែឧសភា ក្រសួងសុខាភិបាល បានសេចក្ដីសម្រេចមួយ សម្រេចបិទមន្ទីរសម្រាកព្យាបាល និងសម្ភព ឃឹម រ៉ានី ដែលមានទីតាំងនៅផ្ទះលេខ១៤ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លិខិតបញ្ជាក់ថា មូលហេតុនៃការបិទនេះ ដោយសារមន្ទីរសម្រាកព្យាបាលនេះ បានបង្កឲ្យមានបញ្ហាជាច្រើនលើកច្រើនសា មិនគោរពតាមកិច្ចសន្យារបស់ខ្លួននៅពេលដាក់ពាក្យស្នើសុំបើកមន្ទីរសម្រាកព្យាបាល និងមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ប៉ុន្តែការបិទនេះបន្ទាប់ពីមានការផ្អើល និងក្រុមគ្រួសារសពដាក់ពាក្យបណ្ដឹង កាលពីថ្ងៃទី២២ ខែឧសភា ជុំវិញករណីបុរសវ័យ ២៨ឆ្នាំ ឈ្មោះ ឡាំ តៅគង់ រស់នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ជាបុគ្គលិកក្រុមហ៊ុនប្រេងឥន្ធនៈសាវីម៉ិច បានស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីបានចាក់ថ្នាំនៅគ្លីនិក ឃឹម រ៉ានី ចំនួន ២ម្ជុលបណ្ដាលឲ្យតែជនរងគ្រោះប្រកាច់បែកពពុះមាត់ ដោយគ្រាន់តែអាការៈឈឺខ្នង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។