ជីវប្រវត្តិ និង​ការងារ​របស់​​​លោក ថុន រដ្ឋា សកម្មជន​​បរិស្ថាន និង​សង្គម

សកម្មជន​ចលនា​មាតា​ធម្មជាតិ​លោក ថុន រដ្ឋា ធ្លាប់​លើក​ឡើង​មុន​ពេល អាជ្ញាធរ​ចាប់​ខ្លួន​ថា លោក​មិន​ដែល​ព្រួយ​បារម្ភ​ពី​ការ​ចាប់​ខ្លួន និង​ការ​​ធ្វើ​ទុក្ខ​បុក​ម្នេញ ដោយសារ​សកម្មភាព​ការពារ​បរិស្ថាន និង​​ឈឺ​ឆ្អាល​រឿង​​សង្គម​ជាតិ​ទេ។

បើ​ទោះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ទៅ​ហើយ​ក្ដី ក៏​សកម្មជន​បរិស្ថាន​រូប​នេះ ប្រាប់​សាច់​ញាតិ​ថា កុំឲ្យ​ភ័យ​តក់ស្លុត ព្រោះ​លោក ​គ្មាន​កំហុស​ឡើយ។ លោក​ថា ការ​សុខ​ចិត្ត​ជាប់​ពន្ធនាគារ​ទាំង​ភាព​អយុត្តិធម៌ ក៏​ព្រោះ​​តែ​លោក​មិន​ចង់​​ឃើញ​​ធនធានធម្មជាតិ​របស់​ខ្មែរ ត្រូវ​បាត់បង់​ជា​បន្តបន្ទាប់​និង​ព្រោះ​តែ​លោក ចង់​រក្សា​កេរ្តិ៍​ដំណែល​​ធនធាន​ទាំង​នេះ​ទុក​ឲ្យ​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ។

ប្រពន្ធ​របស់ លោក ថុន រដ្ឋា គឺ លោកស្រី ប៉ាត់ រស្មី ប្រាប់​ថា ស្ថានភាព​រស់នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស «ម១» របស់​ប្ដី មាន​ភាព​ធម្មតា ហើយ លោក ថុន​ រដ្ឋា មិន​បាក់​ស្មារតី​ឡើយ។ សកម្មជន​បរិស្ថាន​រូប​នេះ​នៅ​តែ​រឹងមាំ នៅ​តែ​មាន​ឆន្ទៈ​ខ្ពស់ ដូច​ពេល​កាល​មិន​ទាន់​ចាប់​ខ្លួន​ដែរ។ ប៉ុន្តែ លោក ថុន រដ្ឋា នឹក​រលឹក​ប្រពន្ធ​និង ​កូន​តូច របស់​លោក​ជា​ខ្លាំង។ លោកស្រី ប៉ាត់ រស្មី ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​​​ដោះលែង​ប្ដី​ដោយ​ឥត​លក្ខខណ្ឌ​ព្រោះ​ ការ​ចាប់​ខ្លួន លោក ថុន រដ្ឋា ជា​រឿង​​​អយុត្តិធម៌៖ « ឲ្យ​អាជ្ញាធរ​ហ្នឹង​ហើយ​និង​តុលាការ​ហ្នឹង ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ ព្រោះ​អ្វី​ប្ដី​ខ្ញុំ​អត់​បាន​ធ្វើ​ខុស​ទេ។ គឺ​ពួកគាត់​ចេះ​តែ​ចោទ​ប្រកាន់​ផ្ដេសផ្ដាស អាង​តែ​ច្បាប់​នៅ​លើ​មាត់​របស់​គាត់។ អ៊ីចឹង ខ្ញុំ​ចង់​ឲ្យ​គាត់​ហ្នឹង ឆាប់​ដោះលែង​ប្ដី​ខ្ញុំ មក​វិញ »

នគរបាល​រាជធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន លោក ថុន រដ្ឋា កាល​ពី​ថ្ងៃ​ទី៣ កញ្ញា នៅ​ផ្ទះ​ជួល​មួយ​កន្លែង នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ចោទ​ថា សកម្មជន​បរិស្ថាន​រូប​នេះ​លួច​បើក​ស្ទូឌីយោ​ផ្សាយ​ព័ត៌មាន​ដោយ​ពុំ​មាន​ច្បាប់​អនុញ្ញាត ខណៈ​លោក កំពុង​ផលិត​វីដេអូ​មួយ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល បញ្ឈប់​លុប​បឹង​តា​មោក ដែល​ជា​បឹង​ធម្មជាតិ ដ៏​ធំ ចុង​ក្រោយ នៅ​ជាយ​ក្រុង​ភ្នំពេញ។

នៅ​ថ្ងៃ​ជាមួយ​គ្នា​នោះ នគរបាល​ខណ្ឌ​ច្បារ​អំពៅ ក៏​បាន​ឃាត់​ខ្លួន​យុវតី​ចលនា​មាតា​ធម្មជាតិ ២នាក់​ផ្សេង​ទៀត​ គឺ កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវ​រស្មី ដោយ​ចោទ​យុវតី​ទាំង​ពីរ​ថា ញុះញង់​ដោយ​សារ​​ការ​​បង្ហោះ​សារ​ក្នុង​ហ្វេសប៊ុក (Mother Nature Cambodia) ពី​គម្រោង​ដើរ​ទៅ​ភូមិគ្រឹះ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​ប្រាប់​ពី​​មហន្តរាយ​នៃ​ការ​លុប​បឹង​តា​មោក នៅ​ជាយ​ក្រុង​ភ្នំពេញ។ សាលា​ដំបូង​បាន​សម្រេច​ឃុំ​ខ្លួន​សកម្មជន​ទាំង​៣ បណ្ដោះ​អាសន្ន​ក្នុង​ពន្ធនាគារ​ព្រៃ​ស «ម១ និង​ម២» តាម​បទ​ចោទ​របស់​ប៉ូលិស។

ប្រពន្ធ​របស់ លោក ថុន រដ្ឋា គឺ​លោកស្រី ប៉ាត់ រស្មី ដដែល​អះអាង​ថា ការ​បើក​ស្ទូឌីយោ ឬ​ការ​ផ្សាយ​ផ្ទាល់ (live) តាម​ហ្វេសប៊ុក (facebook) គឺ​ជា​ជម្រើស​របស់​លោក ថុន រដ្ឋា ដើម្បី​ផ្សាយ​ព័ត៌មាន​​លាត​ត្រដាង​ភាព​អសកម្ម​និង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ។

លោកស្រី ប្រាប់​ថា ជា​រឿយៗ លោក ថុន រដ្ឋា តែងតែ​ផ្ដាំ​ប្រពន្ធ ឲ្យ​ថែរក្សា​កូន​តូច និង​​​កុំ​ឲ្យ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​​របស់​លោក ព្រោះ​លោក​បាន​ដឹង​ជាមុន​ហើយ​ថា ការ​ហ៊ាន​ចេញ​មុខ​ការពារ​បរិស្ថាន​​​នៅ​កម្ពុជា គ្មាន​​ភ័ព្វ​សំណាង​ល្អ​ទេ។ លោក ធ្លាប់​ប្រាប់​ប្រពន្ធ​ថា នៅ​ថ្ងៃ​ណា​មួយ លោក​នឹង​ត្រូវ​គេ​ធ្វើ​បាប​តែ​​​ជា​ឆន្ទៈ លោក ​ត្រូវតែ​ធ្វើ​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ ព្រោះ​មិន​ចង់​​បណ្ដោយ​ឲ្យ​បាត់បង់ ដើម្បី​​រក្សា​កេរដំណែល​ធនធាន​ទាំង​នេះ​ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ៖ « គាត់​ធ្លាប់​និយាយ​ប្រាប់​ខ្ញុំ​ដែរ​ថា គាត់​ធ្វើ​រឿង​ទាំង​អស់​ហ្នឹង ដើម្បី​​ប្រពន្ធ​កូន ដើម្បី​កូន​ចៅ ជំនាន់​ក្រោយ​ទេ។ មិន​មែន​ធ្វើ​ដើម្បី​គាត់​ទេ។ ដើម្បី​ឲ្យ​កូន​ចៅ ជំនាន់​ក្រោយ​ហ្នឹង បាន​ដឹង​ពី​ប្រទេស​ខ្មែរ​យើង។ ដើម្បី​ឲ្យ​បរិស្ថាន​បាន​ស្អាត​ហ្នឹង។ គាត់​ធ្វើ​ហ្នឹង ដើម្បី​កូន​ខ្មែរ​ជំនាន់​ក្រោយ​ទេ»

កើត​នៅ​ឆ្នាំ១៩៩២ លោក ថុន រដ្ឋា ជា​កូន​ច្បង ក្នុង​​ចំណោម​បង​ប្អូន ៣នាក់ ដែល​មាន​ឪពុក​ម្ដាយ ជា​កសិករ មាន​ជីវភាព​លំបាក​រស់​នៅ​តាម​បណ្ដោយ​ទន្លេ​មេគង្គ ក្នុង​ឃុំ​ខ្ពបអាទាវ ស្រុក​លើក​ដែក ខេត្ត​កណ្ដាល។ លោក​ប្រឡង​ជាប់​បាក់ឌុប​​​ឆ្នាំ២០១០ តែ​ដោយសារ​ជីវភាព​ក្រីក្រ លោក​​មិន​មាន​ឱកាស​បន្ត​​ការ​សិក្សា​​ថ្នាក់​ឧត្ដម​សិក្សា​នៅ​រាជធានី​ភ្នំពេញ​ឡើយ ដោយ​ត្រូវ​ឈប់​រៀន ហើយ​ជួយ​ធ្វើ​ស្រែ​​ចម្ការ​ឪពុក​ម្ដាយ។​​ចុង​​ឆ្នាំ​២០១១ ទើប​លោក​ ថុន រដ្ឋា មាន​ឱកាស​ទទួល​បាន​អាហារូបករណ៍ ៥០ភាគ​រយ បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ខេមរៈ។ លោក​សិក្សា​ជំនាញ​ទំនាក់​ទំនង​អន្តរ​ជាតិ។

ក្នុង​ជីវភាព​​ជា​និស្សិត​ក្រីក្រ​​​លោក ថុន រដ្ឋា បាន​ដាក់​ពាក្យ​ធ្វើ​ជា​សន្តិសុខ ​​​ដើម្បី​យក​ប្រាក់​ផ្គត់ផ្គង់​ការ​សិក្សា។ លោក​ធ្វើ​ការងារ​ជា​សន្តិសុខ​នេះ បាន​តែ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ដោយសារ​ការងារ​នេះ បាន​តម្រូវ​ឲ្យ​លោក​ធ្វើ​ការ​រយៈ​ពេល​ ១២​ម៉ោង ប៉ះពាល់​ដល់​ម៉ោង​សិក្សា ទើប​លោក​សម្រេច​ចិត្ត​លាឈប់ ហើយ​ទៅ​រក​ការងារ​​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​កន្លែង​វិញ។

អតីត​សកម្មជន​អង្គការ​មាតា​ធម្មជាតិ កញ្ញា លឹម គឹមស័រ ឲ្យ​ដឹង​ថា លោក ថុន រដ្ឋា បាន​ចូលរួម​ជាមួយ​អង្គការ​មាតា​ធម្មជាតិ នៅ​ឆ្នាំ​២០១៣ គឺ​ពេល​ដែល​​យុវជន​រូប​នេះ កំពុង​រៀន​ឆ្នាំ​ទី​២។ កញ្ញា​ប្រាប់​ថា លោក ថុន រដ្ឋា បាន​ចាប់​អារម្មណ៍​ការងារ​បរិស្ថាន និង​សង្គម រហូត​ដល់​ហ៊ាន​លះបង់​ការងារ ​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់ ហើយ​​ចូលរួម​ជាមួយ​អង្គការ​មាតា​ធម្មជាតិ​ដោយ​ស្ម័គ្រ​ចិត្ត។ អ្នក​ស្រឡាញ់​​​បរិស្ថាន​មួយ​នេះ ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​លាប​ពណ៌​សកម្មជន​​​​​បរិស្ថាន​ថា ធ្វើ​សកម្មភាព​ប្រឆាំង និង​ទទូច​ឲ្យ​ដោះលែង​សកម្មជន​​ការពារ​ធនធាន​ធម្មជាតិ​​ទាំង​អស់៖ « រដ្ឋា គាត់​គ្រាន់​តែ​បំពេញ​តួនាទី​មួយ ជា​យុវជន​មួយ​ផ្សព្វផ្សាយ​​ព័ត៌មាន​ទៅ​ឲ្យ​ថ្នាក់ដឹក​នាំ​​បាន​ដឹង​ដើម្បី​ឲ្យ​គាត់​បាន​ដឹង​ពី​បញ្ហា​ទាំង​អស់ ពីព្រោះ​យើង​ជា​ប្រជាពលរដ្ឋ​សាមញ្ញ​ធម្មតា បើ​យើង​ចង់​ទៅ​ជួប​ថ្នាក់ដឹកនាំ​ម្ដងៗ វា​ពិបាក​ណាស់។ ទាល់​តែ​យើង​​ធ្វើ​សកម្មភាព​អ្វី​មួយ ឲ្យ​គាត់​បាន​ឃើញ​អ៊ីចឹង​ទៅ​ណា។ នៅ​ថ្ងៃ​នោះ គន្ធា គាត់​ដើរ​តែ​ម្នាក់​ឯង​ទេ ហើយ​រដ្ឋា គាត់​នៅ​ឯណា​ឯណោះ ហើយ​ដល់​ពេល​គាត់​ទៅ​ចាប់ រដ្ឋា ទៅ​ចាប់ គន្ធា ទាំង​ដែល​​យើង​គ្រាន់​តែ​ធ្វើ​យុទ្ធនាការ ហើយ​គាត់​ថា យើង​មិន​តាម​គាត់​បង្កើត​ភាព​អសន្តិសុខ​ម្ដេច​កើត ព្រោះ​គាត់​ហាម​យើង ជួបជុំ​គ្នា​លើស​ពី ១០នាក់ ក៏​យើង​មិន​ជួបជុំ។ មិន​ឲ្យ​ជួបជុំ ៥នាក់ ក៏​យើង​មិន​ជួបជុំ ហើយ​ឥឡូវ​នេះ សូម្បី​តែ​ម្នាក់ ដែល​យើង​គិត​ថា កុំ​ឲ្យ​ស្ដាប់​ថ្នាក់ដឹកនាំ មិន​ស្ដាប់​អ្វី​អ៊ីចឹង។ យើង​ធ្វើ​យុទ្ធនាការ​សូម្បី​តែ​ម្នាក់​ឯង​​ក៏​គាត់​ចាប់​ខ្លួន​ដែរ។ គាត់​មិន​ត្រឹមតែ​ចាប់​ខ្លួន គន្ធា និង​រស្មី គាត់​ទៅ​ចាប់​ខ្លួន​រដ្ឋា ម្នាក់​ទៀត ដែល​ រដ្ឋា នៅ​ឯណា ឯណោះ»

លោក​ ថុន រដ្ឋា ចាប់​ផ្ដើម​ប្រឡូក​ការងារ​ជាមួយ​អង្គការ​មាតា​ធម្មជាតិ​ពេញ​ទំហឹង​នៅ​ឆ្នាំ​២០១៥ ដោយ​​ផ្ដើម​ចេញពី​ខេត្ត​កោះកុង គឺ​​​ការ​សង្កេត​មើល​​អាជីវកម្ម​បូម​ខ្សាច់​ខុស​ច្បាប់​នៅ​ខេត្ត​កោះកុង ទៅ​លក់​នៅ​បរទេស។ កញ្ញា លឹម គឹមស័រ ប្រាប់​ថា ​ពេល​ដំបូង លោក ថុន រដ្ឋា មិន​សូវ​បំពេញ​ការងារ​បាន​ល្អ​ទេ តែ​​ដោយសារ យុវជន​រូប​នេះ មាន​ឆន្ទៈ​ខ្ពស់ ទើប​អាច​អភិវឌ្ឍន៍​សមត្ថភាព​របស់​ខ្លួន បាន​យ៉ាង​រហ័ស។

ក្នុង​ជីវប្រវត្តិ​សង្ខេប​របស់ លោក ថុន រដ្ឋា ចេញ​ផ្សាយ​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បង្ហាញ​ថា លោក ថុន រដ្ឋា សម្រេច​ចិត្ត​ប្រាប់​ឪពុក​ម្ដាយ​ថា លោក​ជា​សកម្មជន​អង្គការ​ចលនា​មាតា​ធម្មជាតិ នៅ​​ឆ្នាំ២០១៥ គឺ​នៅ​ពេល​ដែល​នគរបាល​ខេត្ត​កោះកុង​ចាប់​ខ្លួន​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ៣នាក់ ហើយ​បន្ទាប់​មក​តុលាការ​ខេត្ត​នេះ ផ្ដន្ទាទោស​សកម្មជន​ទាំង​៣ ដាក់​ពន្ធនាគារ ១៨ខែ ដោយ​ព្យួរ​ទោស​នៅ​សល់។ នៅ​ពេល​លឺ​​ដូច្នេះ ឪពុក​ម្ដាយ​របស់​លោក ថុន រដ្ឋា​បាន​ស្នើ​ឲ្យ​កូន​ត្រលប់​មក​ផ្ទះ​វិញ តែ​​ដោយសារ​ចិត្ត​ស្រលាញ់​ធនធាន​ធម្មជាតិ និង​មិន​អាច​បោះបង់​ចោល​មិត្តភ័ក្ដិ ដែល​ធ្វើ​សកម្មភាព​តស៊ូ​​ជាមួយ​គ្នា​ច្រើន​ខែ​មក​ហើយ​នោះ រដ្ឋា បាន​​​ប្រាប់​ហេតុផល​ជា​ច្រើន ទៅ​ឪពុក​ម្ដាយ​វិញ និង​បន្ត​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ​រហូត​មក។

លោកស្រី ប៉ាត់ រស្មី ប្រាប់​ថា ទោះ​ជា​ពេល​ខ្លះ ឪពុក​ម្ដាយ របស់ លោក ថុន រដ្ឋ មាន​ការ​បារម្ភ​ពី​សុវត្ថិភាព​កូន ប៉ុន្តែ​ ពួកគេ គោរព​ឆន្ទៈ​​របស់​កូន​​និង យល់​ថា សកម្មភាព​របស់​កូន​ជា​រឿង​គួរ​​ឲ្យ​មោទនភាព​។ លោកស្រី ប្រាប់​ថា ច្រើន​ឆ្នាំ​មក​នេះ លោក ថុន រដ្ឋា រង​ការ​វាយ​ប្រហារ និង​រង​ការ​រើសអើង​ជា​ច្រើន​ពី​អ្នក​ផង​ទូទៅ​និង​មាន​ការ​​​ជំរុញ​​​​ឲ្យ​ឈប់​ធ្វើ​សកម្មភាព​ការពារ​បរិស្ថាន និង​ឈឺឆ្អាល​សង្គម។ ប៉ុន្តែ ​លោក ថុន រដ្ឋា​យល់​ថា ការ​ងារ​​ចេញ​ពី​ឆន្ទៈ​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន៖ « បង​អើយ ! ធម្មតា​ទេ ធ្វើ​ការងារ​ហ្នឹង តែង​មាន​​ការ​រង​សម្ពាធ​ខ្លះៗ ហើយ ពី​អ្នក​ជិត​ខាង។ គេ​ថា ហែង​ខំប្រឹង​ម្ល៉េះ​ធ្វើ​បាន​អ្វី​មក​វិញ ព្រោះ​អ្វី ហែង​មិន​មែន​អត់​ដឹង​ឯណា ច្បាប់​នៅ​លើ​គេ​ទេ។តែង​តែ​មាន​គេ​ថា ​ឲ្យ​គាត់​អ៊ីចឹង​ណា។​គាត់​ថា គាត់​ធ្វើ​ដើម្បី​សង្គម។ គាត់​អត់​ខ្វល់។ មាន​តែ​គាត់​និយាយ​ថា ពួក​អ្នក​​​និយាយ​ហ្នឹង គឺ​​អត់​យល់ ហើយ​អ្វី​ដែល​ជំរុញ​ទឹក​ចិត្ត​គាត់​ខ្លាំង​ជាង​គេ គឺ​ប្រពន្ធ​មិន​ដែល​ថា អត់​គាំទ្រ​គាត់​អ៊ីចឹង​ណា។ អ៊ីចឹង ធ្វើ​ឲ្យ​គាត់​មាន​កម្លាំង​ចិត្ត​ធ្វើ​រឿង​ហ្នឹង បន្ត​ទៅ​មុខ»

លោក ថុន រដ្ឋា រៀបការ​នៅ​ឆ្នាំ២០១៩។ លោក មាន​កូន​តូច​ម្នាក់ អាយុ ៧ខែ នៅ​ក្នុង​បន្ទុក។ មុន​ចាប់​ខ្លួន លោក ថុន រដ្ឋា ប្រាប់​ឲ្យ​ប្រពន្ធ នាំ​កូន​ខ្ចី ទៅ​រស់​នៅ​ជាមួយ​ម្ដាយ​នៅ​ស្រុក​កំណើត​មួយ​រយៈ​សិន។

ជា​​អ្នក​​ហ៊ាន​ចេញ​មុខ​ការពារ​បរិស្ថាន​ម្នាក់ លោក ថុន រដ្ឋា ទទួល​រង​ការ​​សម្លុត​គំរាម ប្រមាថ​ យាយី ការ​ឃ្លាំមើល​ពី​អាជ្ញាធរ និង​ការ​ឃាត់​ខ្លួន ច្រើន​ដង​​​រួច​ទៅ​ហើយ​។ ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៧ នគរបាល​ស្រុក​ស្អាង ខេត្ត​កណ្ដាល ធ្លាប់​ព្យាយាម​ឃាត់​ខ្លួន លោក ថុន រដ្ឋា មិន​បាន​សម្រេច​ម្ដង​ក្នុង​ពេល​សកម្មជន​បរិស្ថាន​រូប​នេះ កំពុង​ចូលរួម​ការ​តវ៉ា ជាមួយ​ពលរដ្ឋ​ប្រមាណ ២០០​នាក់ ដែល​រស់​នៅ​តាម​បណ្ដោយ​ច្រាំង​ទន្លេ ករណី​បាក់​ច្រាំង​បណ្ដាល​មក​ពី​ការ​បូម​ខ្សាច់​ក្នុង​ទន្លេ​បាសាក់។ កាល​នោះ​ ពលរដ្ឋ​​ក្នុង​សហគមន៍​បាន​ព្យាយាម​ជួយ​ជម្លៀស​លោក ថុន រដ្ឋា ពី​ការ​ប្រឈម​មុខ​ជាមួយ​ប៉ូលិស។

ក្រោយ​មក​ទៀត លោក ថុន រដ្ឋា នៅ​តែ​បន្ត​ចេញ​មុខ​ការពារ​បរិស្ថាន​បន្ត​ទៀត ដោយ​ប្ដូរ​ពី​ការ​តវ៉ា​ដោយ​ផ្ទាល់ មក​ជា​ការ​ថត​វីដេអូ​ឃ្លិប ទាមទារ​ឲ្យ​កែ​លម្អ​ការ​បំផ្លាញ​បរិស្ថាន ការ​បង្ហូរ​ទឹក​កង្វក់​ចូល​សមុទ្រ​ស្ទឹង ការ​លុប​បឹង ការ​ជន់​លិច​ទីក្រុង ស្ថានភាព​អំពើ​ពុករលួយ​ជាដើម។ លោក ថុន រដ្ឋា បាន​បង្កើន​សកម្មភាព​សកម្ម ក្នុង​ការ​ឈឺឆ្អាល​​រឿង​សង្គម ចាប់​តាំង​ពី​​​ខែ​កុម្ភៈ ឆ្នាំ២០២០ មក ក្រោយ​ពេល​អាជ្ញាធរ​ខណ្ឌ​ចំការមន ឲ្យ​លោក ផ្ដិត​មេដៃ​លើ​កិច្ចសន្យា បង្គាប់​ឲ្យ​លោក កែ​ខ្លួន ធ្វើ​ជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គម។

កាល​នោះ អាជ្ញាធរ​បាន​ឃាត់​ខ្លួន​លោក ថុន រដ្ឋា និង​យុវជន ២នាក់​ផ្សេង​ទៀត ក្នុង​ពេល​ពួក​គេ​កំពុង​ថត​វីដេអូ​ឃ្លិប ស្នើសុំ​ឲ្យ​ក្រសួង​បរិស្ថាន បង្ហាញ​ទីតាំង​ទុក​ភ្លុក​ដំរី កុយ​រមាស ឆ្អឹង​ខ្លា និង​ស្រកា​ពង្រូល​ដែល​​​ចាប់​បាន​កាល​ពី​ឆ្នាំ២០១៣ និង​ឆ្នាំ២០១៨។ ពួក​គេ​សង្ស័យ​ថា មាន​អំពើ​ពុក​រលួយ ក្នុង​ការ​លាក់​ទុក​វត្ថុ​ទាំង​​នេះ ដោយសារ​បាន​ស្រាវជ្រាវ​តាម​សារមន្ទីរ​​​ជាតិ និង​សារមន្ទីរ​​ខេត្ត​សៀមរាប រួច​ហើយ នៅ​តែ​មិន​ឃើញ។

ទោះ​យ៉ាង​ណា អាជ្ញាធរ​ខណ្ឌ​ចំការមន​​មិន​សូវ​ជា​ចាប់​កំហុស​ការ​ថត​វីដេអូ​ឃ្លិប​នេះ​ទេ តែ​សួរ​នាំ​ច្រើន​អំពី​​ខ្លឹមសារ​នៃ​ពាក្យ​ថា ក្រោក​ឡើង នៅ​លើ​អាវយឺត​របស់ លោក ថុន រដ្ឋា ដែល​ពាក់​ថត​វីដេអូ​នោះ។ អាជ្ញាធរ បាន​ដក​ហូត​អាវ​​​ហើយ​​​ឲ្យ​ផ្ដិត​មេដៃ ធ្វើ​ជា​ពលរដ្ឋ​ល្អ រួច​ហើយ​ឲ្យ​លោក ថុន រដ្ឋា ត្រឡប់​ទៅ​ផ្ទះ​វិញ ក្នុង​ស្ថានភាព​គ្មាន​អាវ​ពាក់៖ « អត់ ! អត់​មាន​អាវ ដោយសារ​គេ​ ដោះ​យក ហើយ​ខ្ញុំ​ហួស​ចិត្ត​ដែរ ដោយសារ​តែ​អាវ​យើង មិន​មាន​ពាក្យ​អ្វី​ខ្លាំងក្លា​ផង អាជ្ញាធរ​ខ្លាច​គ្រាន់​តែ​ពាក្យ​ថា « ក្រោក​ឡើង » ហើយ​ខ្ញុំ​បាន​ព្យាយាម​ពន្យល់​ទៅ​អាជ្ញាធរ​អ៊ីចឹង​ទៅ»

នៅ​​ក្នុង​​បុណ្យ​ខួប ៤ឆ្នាំ នៃ​ឃាតកម្ម​បណ្ឌិត កែម ឡី កាលពី​​ខែ​កក្កដា អាជ្ញាធរ​ខណ្ឌ​ចម្ការ​មន បាន​រុញច្រាន លោក ថុន រដ្ឋា ម្ដងទៀត ឲ្យ​ចេញ​ឲ្យ​ផុត ពី​បរិវេណ​ការ៉ាស់​សាំង កាល់តិច (Caltex) ដែល​ជា​ទី​ដាក់​កម្រង​ផ្កា​កន្លែង​ឃាតកម្ម​បណ្ឌិត កែម ឡី។

កាល​នៅ​មាន​សេរីភាព លោក ថុន រដ្ឋា តែង​និយាយ​ផ្ដាំ​ផ្ញើ​ប្រពន្ធ​ថា សកម្មភាព​ទាំង​អស់ របស់​លោក គឺ​ចង់​ឲ្យ​រដ្ឋាភិបាល​គាំទ្រ​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​រក​យុត្តិធម៌ និង​គាំទ្រ​សកម្មភាព ការពារ​ធនធាន​ធម្មជាតិ ដើម្បី​បន្សល់​ឲ្យ​គង់​វង្ស​សម្រាប់​ខ្មែរ​ជំនាន់​ក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។