ទាហាន​កង​វិស្វកម្ម​៧១៨​នៅ​កំពង់ចាម​ចោទ​មេ​កង​ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ

0:00 / 0:00

កូន​ទាហាន​កង​វិស្វកម្ម ៧១៨ នៅ​ស្រុក​បាធាយ ខេត្ត​កំពង់ចាម លើក​ឡើង​ថា មន្ត្រី​នាយក​កង​វិស្វកម្ម​របស់​ខ្លួន គឺ​អាច​ស៊ីដាច់​ប្រាក់ខែ​កម្លាំង​ពលកម្ម​របស់​កូន​ទាហាន ឬ​ប្រព្រឹត្ត​អំពើ​ពុករលួយ​តែម្តង។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ប្រាក់​ពលកម្ម​របស់​កូន​ទាហាន​ប្រមាណ ៣​ឆ្នាំ​មក​ហើយ នៅ​មិន​ទាន់​ទទួល​បាន ហើយ​មេ​កង​ប្រាប់​ឱ្យ​កូន​ទាហាន​ជួយ​លាក់​បាំង​រឿង​នេះ​ទៀត​ផង។

កូន​ទាហាន​នៅ​កងវិស្វកម្ម ៧១៨ ស្នើ​ឱ្យ​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ បើក​ការ​ស៊ើបអង្កេត​លើ​ករណី​ប្រាក់​បៀវត្សរ៍​របស់​ពួកគាត់ និង​បញ្ហា​ពុក​រលួយ​មួយ​ចំនួន​ទៀត។ ការ​ស្នើ​នេះ ព្រោះ​កូន​ទាហាន​ទាំង​នោះ​លើក​ឡើង​ថា ប្រាក់ខែ​ក៏​បាត់ បញ្ហា​ពុករលួយ​នៅ​អង្គភាព​ក៏​កើត​មាន រហូត​ធ្វើ​ឱ្យ​ស្ថាប័ន​កាន់​តែ​ធ្លាក់​ចុះ។

កូន​ទាហាន​កង​វិស្វកម្ម ៧១៨ សុំ​បញ្ចេញ​អត្តសញ្ញាណ​ម្នាក់ ឱ្យ​ដឹង​ថា ប្រាក់​ខែកម្លាំង​ពលកម្ម​ដែល​កូន​ទាហាន​ប្រមាណ ៧០​នាក់ ចុះ​ធ្វើ​ផ្លូវ​ថ្នល់​តាំង​ពី​ឆ្នាំ​២០១២ គឺ​បើក​សរុប​បាន​ប្រមាណ ២​ខែ​ប៉ុណ្ណោះ ក្រៅ​ពី​នេះ​បាត់​ឈឹង។ ប្រភព​ដដែល​បន្ត​ថា ក្រៅ​ពី​មិន​បាន​បើក​ប្រាក់ខែ​កម្លាំង​ពលកម្ម​ក្នុង​មួយ​ខែ ៤០​ម៉ឺន​រៀល ជូន​ពួកគាត់​ហើយ មេៗ​ទាហាន​ថែម​ទាំង​ហៅ​កូន​ចៅ​ទៅ​ប្រជុំ​ដោយ​ប្រាប់​ឱ្យ​ជួយ​លាក់​បញ្ហា​នេះ​ទៀត​ផង ពោល​គឺ​នៅ​ពេល​មាន​ថ្នាក់​លើ​សួរ​កូន​ទាហាន​ត្រូវ​ប្រាប់​ថា ប្រាក់​ទាំង​នោះ​គឺ​បើក​អស់​ហើយ នៅ​ឡើយ​សល់​ប្រមាណ ៣​ខែ​ចុង​ក្រោយ​ប៉ុណ្ណោះ។

បញ្ហា​នេះ កូន​ទាហាន​យល់​​ថា គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ ព្រោះ​ខ្លួន​មិន​បាន​ទទួល​ផង ហើយ​ត្រូវ​ចូល​រួម​បិទ​បាំង​អំពើ​អាក្រក់​ទៀត។

មិន​ខុស​គ្នា​នេះ កូន​ទាហាន​ម្នាក់​ទៀត​លើក​ឡើង​ថា ពួកគេ​សុខ​ចិត្ត​រស់​នៅ​ឆ្ងាយ​ពី​ផ្ទះសម្បែង ឆ្ងាយ​ពី​ប្រពន្ធ​កូន​រាប់​ខែ​រាប់​ឆ្នាំ ដោយ​សង្ឃឹម​ប្រាក់​បៀវត្ស​ទាំង​នោះ ប៉ុន្តែ​ក្ដី​រំពឹង​ទុក​ប្រែ​ជា​ខុស​ស្រលះ។ លើស​ពី​នេះ​ទៀត ប្រភព​ដដែល​បញ្ជាក់​ថា នៅ​អង្គភាព ៧១៨ គឺ​មាន​អំពើ​ពុករលួយ​ផ្សេង​ទៀត​ដូច​ជា​មេកង​យក​សែស្រឡាយ​របស់​ខ្លួន​ទៅ​ដាក់​ស្ថាប័ន​ខ្លាញ់ៗ ដូចជា​កន្លែង​ស្បៀង ប្រេង និង​កន្លែង​ហិរញ្ញវត្ថុ​ ហើយ​ខ្លះ​ទៀត​មិន​បាន​មក​ធ្វើ​ការ​ពេញលេញ តែ​មាន​សិទ្ធិ​បើក​ប្រាក់ខែ​ពេញ​ជាដើម។

ទាក់ទង​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​នាយ​កង​វិស្វកម្ម ៧១៨ លោក អេង គឹមអូន បាន​ទេ នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ប៉ុន្តែ​កន្លង​មក​លោក​ធ្លាប់​បញ្ជាក់​ថា មិន​មាន​បញ្ហា​នេះ​កើត​ឡើង​ទេ គឺ​កូន​ទាហាន​បើក​ប្រាក់ខែ​កម្លាំង​ពលកម្ម​បាន​ដូច​ធម្មតា។ បន្ថែម​លើ​នេះ នាយ​រង​កង​វិស្វកម្ម ៧១៨ លោក ចាន់ សុភឿន មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​កូន​ទាហាន គឺ​ជា​ការ​ចោទ​ប្រកាន់​ដោយ​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់ ព្រម​ទាំង​មិន​យល់​ពី​ការងារ​ទៀត​ផង។

លោក​ថា ប្រាក់ខែ​កម្លាំង​ពលកម្ម​របស់​កូន​ទាហាន គឺ​បើក​នៅ​សល់​តែ​បី​ខែ​ចុង​ក្រោយ​ប៉ុណ្ណោះ ពីព្រោះ​ដោយសារ​គ្រឿង​ចក្រ​ខូច​ទើប​បង្វិល​លុយ​នោះ​ទៅ​ជួសជុល​គ្រឿង​ចក្រ​សិន។ ចំណែក​រឿង​ថា មេទាហាន​ប្រាប់​កូន​ទាហាន​ឱ្យ​ជួយ​លាក់​បាំង​នោះ លោក​បដិសេធ ហើយ​ថែម​ទាំង​សួរ​រក​លេខ​ទូរស័ព្ទ​ប្រភព​ដែល​ផ្ដល់​ព័ត៌មាន​ឱ្យ​វិទ្យុ​អាស៊ីសេរី ទៀត​ផង។ យ៉ាង​ណា​ប្រាក់ខែ​ដែល​នៅ​សេសសល់ លោក​ថា​នឹង​បើក​ជូន​កូនទាហាន​នៅ​ខែ​ក្រោយ៖ «អត់​មាន​ដូច​ពួក​វា​ថា​ទេ គេ​បាន​បើក​ឱ្យ​ហើយ ប៉ុន្តែ​យើង​នៅ​អា​ខ្លះ​មួយ​ចំនួន​ប៉ុន្មាន​ខែ​ហ្នឹង យើង​ព្យាយាម​បើក​ឱ្យ ប៉ុន្តែ​លុយ​ហ្នឹង​មិន​ទាន់​បាន​ឱ្យ​វា​ណា»

ចំណែក​ការ​ចោទ​ប្រកាន់​ថា មេ​ទាហាន​យក​សែស្រឡាយ​ខ្លួន​ទៅ​បំពេញ​ការងារ​កន្លែង​ខ្លាញ់ ឬ​កន្លែង​រក​លុយ​បាន​នោះ លោក​បញ្ជាក់​ថា វា​មិនមែន​ជា​កន្លែង​ខ្លាញ់​អ្វី​នោះ​ទេ ប៉ុន្តែ​ជា​ធម្មតា​ស្ថាប័ន​ហិរញ្ញវត្ថុ គឺ​ត្រូវ​រក​មនុស្ស​ដែល​អាច​ទុក​ចិត្ត​បាន ព្រមទាំង​មាន​ចំណេះ​ដឹង ឬ​ជំនាញ​ផ្នែក​នោះ​ដើម្បី​ជៀសវាង​មាន​បញ្ហា។ លោក​បន្ថែម​ថា កូន​ទាហាន​ដែល​រាយការណ៍​ អាច​ច្រណែន​គេ ព្រម​ទាំង​ការ​យល់​ដឹង​របស់​ពួកគេ​នៅ​មាន​កម្រិត​ទៅ​វិញ​ទេ។

ទោះ​បី​ជា​យ៉ាង​ក៏ដោយ ការ​រុញ​ច្រាន​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​នេះ ប្រធាន​កម្មវិធីសិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា មាន​ប្រសាសន៍​ថា ស្ថាប័ន​ពាក់ព័ន្ធ រួម​មាន​ក្រសួង​ការពារ​ជាតិ ឬ​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ផង​ត្រូវ​ចុះ​ស៊ើប​អង្កេត​ករណី​នេះ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ឈាន​ទៅ​បញ្ចប់​វិវាទ៖ «គប្បី​ធ្វើ​ការងារ​ហ្នឹង​ឱ្យ​បាន​ដិតដល់ ហើយ​មាន​តម្លាភាព។ ចាត់​វិធានការ​ចំពោះ​មន្ត្រី​ណា​ដែល​ប្រព្រឹត្ត​បទល្មើស​ដើម្បី​កុំ​ឱ្យ​មាន​ការ​បំពេញ​ថវិកា​ជាតិ»

លោក​បន្ត​ថា ប្រសិន​បើ​អ្វី​ដែល​កូន​ទាហាន​លើក​ឡើង​ជា​រឿង​ពិត​ប្រាកដ​មែន វា​គឺ​ជា​ការ​រំលោភ​ច្បាប់​លក្ខន្តិកៈ​ការងារ​របស់​មន្ត្រី​រាជការ ព្រម​ទាំង​ផ្ទុយ​ទៅ​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ​ទៀត​ផង។ ជាង​នេះ​ទៀត ការ​ប្រាប់​ឱ្យ​កូន​ទាហាន​ជួយ​លាក់បាំង ឬ​មិន​ឱ្យ​និយាយ​ទៅ​ក្រៅ លោក មឿន តុលា ថា ជា​ការ​គំរាម​កំហែង និង​រំលោភ​សិទ្ធិ​បុគ្គល ព្រោះ​ស្ថាប័ន​មួយ​អ្នក​គ្រប់គ្រង​អាច​ប្រាប់​កូនចៅ​ពី​របៀប​បំពេញ​ការងារ​ឱ្យ​បាន​ល្អ ប៉ុន្តែ​ពួកគេ​មិន​អាច​ហាមឃាត់​បុគ្គលិក​ខ្លួន​ឱ្យ​ជួយ​លាក់បាំង​អំពើ​អាក្រក់ ឬ​អំពើ​ពុករលួយ​របស់​ខ្លួន​បាន​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។