លោកសាស្រ្តាចារ្យ ឃិន សុខ បង្រៀនប្រវត្តិសាស្រ្តខ្មែរ ថៃ លាវ និងភូមា មានប្រសាសន៍ថា ប្រាសាទព្រះវិហារសង់ឡើងដោយបែរមុខទៅទិសខាងជើង មានជណ្តើរឡើងដែលមានចម្ងាយទាំងអស់ ៨០៤ម៉ែត្រ ។ ដើម្បីឡើងទៅដល់ប្រាង្គប្រាសាទសំខាន់ ដែលនៅលើកំពូលភ្នំខ្ពស់ជាងគេនោះ គេត្រូវឆ្លងកាត់ខ្លោងទ្វារ៥ ។
ទីតាំងដែលធ្វើប្រាសាទនៅលើកំពូលភ្នំខ្ពស់ជាងគេ មានកម្ពស់ ៥២៥ម៉ែត្រ ។ តួប្រាសាទសំខាន់នោះមានទំហំ ៣៥ម៉ែត្រគុណនឹង ៤៥ម៉ែត្រ ដែលគេគិតសង្ស័យថា ជាកន្លែងរក្សាទុកលិង្គអាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ ។
ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ដែលជាព្រះរាជបុត្រានៃព្រះបាទ ជយវរ័ន្មទី២ ក្នុងរជ្ជកាលនៅពាក់កណ្តាលទី១ នៃសតវត្សរ៍ទី៩ ជាអ្នកនាំយកលិង្គអាទិទេពនោះ ទៅដាក់ទៅប្រតិស្ឋនៅលើកំពូលភ្នំខ្ពស់ជាងគេនោះឯង ។ លោកសាស្រ្តាចារ្យ ឃិន សុខ មានប្រសាសន៍បន្ត អំពីជីវប្រវត្តិសង្ខេបរបស់ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ៖ «ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ដល់ពេលដែលលោកចាស់ទៅ លោកទៅរៀនធម៌ តាំងសីលនៅលិង្គបូ ៗ គឺជាវត្តភូ នៅខាងត្បូងស្រុកលាវ សព្វថ្ងៃនេះ ។ រួចហើយ លោកបានកសាងលិង្គមួយ យកថ្មនោះជាបំណែកនៃលិង្គធំមួយ ។ លិង្គនោះឈ្មោះថា ស្រីសិខៈ រិ ស្វារៈ លោកយកលិង្គនេះមកទុកនៅប្រាសាទព្រះវិហារ ។ ឈ្មោះ លិង្គ ស្រីសិខៈ រិស្វារៈនេះ ពេលក្រោយឆ្នាំក្រោយ មកទៀត គេតែងតែហៅសម្រាប់ឈ្មោះលិង្គផង និងឈ្មោះទីប្រាសាទវិហារនេះផង ដូច្នេះអ្នកដែលមកប្រតិស្ឋស្ថាន ស្រីសិខៈ រិស្វារៈ ថ្មហ្នឹងគឺជាបំណែកមួយ ដែលនៅនឹងលិង្គបូ នោះ នៅវត្តភូនោះ គឺយកមកទុកនៅប្រាសាទព្រះវិហារនោះ គឺព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ។ ពេលនោះ អ្នកប្រាជ្ញដែលសិក្សាពីសិលាចារឹក និងអំពីប្រាសាទព្រះវិហារនោះ គេសន្មត់ថា ទីនោះប្រហែលជាទីតាំងទាំងប៉ុន្មាន គឺមិនមែនដូចសព្វថ្ងៃនេះទេ ។ មានតែអាស្រមធ្វើអំពីឈើ ពីព្រោះជាទីកន្លែងសម្រាប់ស្នាក់នៅនៃពួកព្រាហ្មណ៍ ដែលមានភារៈទទួលគោរពថែរក្សាលិង្គ ស្រីសិខៈ រិស្វារៈ នេះឯង» ។
បើតាមអត្ថបទសិលាចារឹក នៅឯប្រាសាទព្រះវិហារ កាលេខ ៣៨១ ដែលសរសេរជាភាសាខ្មែរផងនិងសំស្រ្កឹតផង បានឲ្យដឹងបន្ថែមថា មានព្រាហ្មណ៍ម្នាក់ឈ្មោះ តៈបៈស្វិន្រ្ទបណ្ឌិត ជាមនុស្សសំខាន់ដែលទាក់ទិននឹងប្រវតិ្តប្រាសាទព្រះវិហារ ។ តៈបៈស្វិន្រ្ទៈបណ្ឌិត មានអាស្រមមួយ នៅនឹងដែនដីនៃទីតាំងប្រាសាទព្រះវិហារនោះ ។ នៅរវាងឆ្នាំ១០២៤ គឺលោកបានទទួលអង្រឹងស្នែងមាស និងវត្ថុដ៏មានតម្លៃដទៃទៀតជាច្រើន ពីព្រះបាទសុរិយវរ្ម័នទី១ ព្រោះតែព្រះអង្គដឹងគុណដល់លោក តៈបៈស្វិន្រ្ទៈបណ្ឌិត ដែលបានថែរក្សាលិង្គព្រះអាទិទេព ស្រីសិខៈរិស្វារៈ ។ លោកសាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់បន្ថែមអំពីព្រះបាទ សុរិយវរ្ម័នទី១ ដែលមានជំនឿខ្លាំងចំពោះលិង្គព្រះអាទិទេពនោះ ។
លោកសាស្ត្រាចារ្យ ឃិន សុខ មានប្រសាសន៍បន្តដូច្នេះថា ៖ «ព្រះបាទ សុរិយវរ្ម័នទី១ លោកជឿខ្លាំងណាស់ នេះបើតាមសិលាចារឹក ។ លោកជឿថា លិង្គដែលមានព្រះនាម ស្រីសិខៈ រិស្វារៈ ដែលធ្វើរួចហើយពីវត្តភូ យកមកទុកនៅនឹងប្រាសាទព្រះវិហារ លិង្គនេះឯង តែងតែសម្តែងមហិទ្ធិឫទ្ធិ បដិហារឲ្យលោកឃើញ ។ លោកគ្មានពេលនឹងទៅធ្វើពិធីគោរពបូជាដល់លិង្គហ្នឹង មានតែ តៈបៈស្វិន្រ្ទៈបណ្ឌិត នោះទេ គាត់ធ្វើ ហើយលោកសុំឲ្យខំធ្វើនោះតទៅទៀត ដើម្បីឲ្យបានបុណ្យបានផលហ្នឹងដល់លោកនិងប្រទេសកម្ពុជា ។ សេចក្តីក្នុងសិលាចារឹកនោះ បញ្ជាក់ហើយបញ្ជាក់ទៀត ព្រះអង្គម្ចាស់ខំធ្វើខ្លាំងណាស់ ខ្ញុំសូមបញ្ជាក់ថា អ្នកដែលនៅបម្រើនៅក្នុងប្រាសាទព្រះវិហារ នៅដើមសតវត្សរ៍ទី១ នៃរជ្ជកាលរបស់ព្រះបាទ សុរិយវរ្ម័នទី១ មានមនុស្សច្រើនណាស់ មិនមែនមានតែព្រាហ្មណ៍ទេ មានអ្នកខ្លះ ជាពល ជាអ្នកស្រុកនៃភូមិដែលនៅជិតៗហ្នឹង គេមានឈ្មោះភូមិគេ ប៉ុន្តែភូមិខ្លះយើងអត់ដឹងថា ទីតាំងនៅត្រង់ណា តែនៅនឹងជើងភ្នំ អាចឡើងមកនៅលើភ្នំទៀត សុទ្ធតែជាអ្នកនៅគោរព នៅបូជា អ្នកដែលជួយធ្វើនេះធ្វើនោះ ដើម្បីថែរក្សា ។ អ៊ីចឹង ព្រះបាទ សុរិយវរ្ម័នទី១ លោកសុំឲ្យយកអ្នកទាំងអស់គ្នានេះ ចូលមកស្បថធ្វើឲ្យបានត្រឹមត្រូវ ។ មិនមែនគ្រាន់ជាអ្នកបម្រើ យើងធ្វើតាមចិត្ត អត់ទេ ។ សម្បថនោះមានអីខ្លះទៅ? គឺថា សម្បថនោះមាន បើអ្នកឯងស្បថថា យាមប្រាសាទ គឺប្រាកដជាយាមប្រាសាទ ។ បើអ្នកឯងថែទាំប្រាសាទ ប្រាកដជាថែទាំប្រាសាទ ។ ហើយលោកបញ្ជាក់ថា បើអ្នកឯងជាអ្នកថែទាំប្រាសាទ អ្នកឯងជាអ្នកការពារ អ្នកនៅបម្រើទាំងអស់ហ្នឹង សូម្បីតែនៅក្នុងប្រាសាទ ក៏ត្រូវការរពារ អ្នកអស់ហ្នឹង សូម្បីតែគេទៅធ្វើការនៅក្រៅប្រាសាទ ឧទាហរណ៍ដូចជាទៅធ្វើស្រែ ឃ្វាលគោ ដែលនៅក្រៅរង្វង់ប្រាសាទ អ្នកឯងក៏ត្រូវការពារគេនោះដែរ ។ ហើយលោកឲ្យការពារកុំឲ្យមានពួកបះបោរ មកធ្វើបាបអ្នកស្រុកអស់នោះ ។ ដូច្នេះសម្បថនេះមិនដូចសម្បថដែលពួកអ្នករាជការ គេហៅតម្រួតលោកឲ្យធ្វើស្បថចំពោះលោក ដែលគេចារនៅលើខ្លោងទ្វារប្រាសាទវិមានអាកាស នៅអង្គរនោះមិនដូចគ្នាទេ ។ នេះគឺយើងស្បថ យើងសម្រេចថា យើងនៅបម្រើអាទិទេព សិខៈ រិស្វារៈ នៅនឹងភ្នំព្រះវិហារនេះ» ។
លោកសាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់ថា អត្ថបទសិលាចារឹក នៅឯប្រាសាទព្រះវិហារ កាលេខ ៣៨១ នោះ ត្រូវបានសរសេរឡើងកាលពីឆ្នាំ១០៣៧ ៕