អង្គការតំណាងប្រជាជាតិគ្មានអ្នកតំណាង ហៅកាត់ថា យូ.អិន.ភី.អូ (UNPO) ប្ដេជ្ញាសហការនឹងសហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីធ្វើការតស៊ូមតិនៅអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដើម្បីទាមទាររដ្ឋាភិបាលវៀតណាមឲ្យទទួលស្គាល់ ខ្មែរក្រោម ជាជនជាតិដើម និងផ្តល់សិទ្ធិស្វ័យសម្រេចដោយខ្លួនឯងនៅថ្ងៃអនាគត។ ការប្ដេជ្ញាចិត្តរបស់មន្ត្រីអង្គការ (UNPO) នេះធ្វើឡើងស្របពេល ដែលខ្មែរក្រោមជុំវិញពិភពលោកនឹងធ្វើពិធីរំលឹកខួបបាត់បង់ទឹកដីលើកទី៧៣ នៅថ្ងៃទី៤ មិថុនាខាងមុខនេះ។
តំណាង អង្គការតំណាងប្រជាជាតិគ្មានអ្នកតំណាងលើកឡើងថា រដ្ឋាភិបាលកុម្មុយនិស្តវៀតណាម ត្រូវផ្តល់សិទ្ធិស្វ័យសម្រេចខ្លួនឯងឲ្យដល់ពលរដ្ឋខ្មែរក្រោម ដោយសារតែ រដ្ឋាភិបាលនេះ មិនបានបំពេញតួនាទី ជាតំណាងឲ្យពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅទឹកដីកំណើតនោះទេ។ អគ្គលេខាធិការ អង្គការតំណាងប្រជាជាតិគ្មានអ្នកតំណាង លោក រ៉ាល់ ប៉ាច់ (Ralph Bunche) ប្រាប់វិទ្យុអាស៊ីសេរីថា វៀតណាមគួរផ្តល់ឱកាសឲ្យខ្មែរក្រោម មានសិទ្ធិជ្រើសរើស ទៅតាមក្ដីប្រាថ្នា ដែលពួកគេចង់បាននៅលើទឹកដីកំណើត និងការចូលរួមសង្គមដោយស្មើភាពគ្នា៖ « យើងជាញឹកញាប់បានចងក្រងឯកសារករណីទាំងឡាយ ដែលមានកើតឡើងទៅលើពលរដ្ឋខ្មែរក្រោមនៅវៀតណាម។ យើងរកឃើញ ជាទៀងទាត់ថា អាជ្ញាធរវៀតណាមគ្រប់ជាន់ថ្នាក់មិនបានបំពេញតួនាទីជាតំណាងឲ្យពលរដ្ឋខ្មែរក្រោមនោះទេ។ ក្នុងនោះសិទ្ធិចូលរួមនយោបាយ ត្រូវបានគេរារាំង សិទ្ធិសារព័ត៌មាន និងសិទ្ធិស៊ីវិលក៏ត្រូវបានគេបំបិទ សិទ្ធិប្រើប្រាស់ភាសា និងដីធ្លីកសិកម្ម ក៏ត្រូវបានគេរំលោភបំពាន ថែមទាំងមានការបំផ្លាញបរិស្ថានធម្មជាតិទៀតផង។ រាល់បញ្ហាទាំងនោះ បង្ហាញថា វៀតណាមមិនបានដើរតួនាទីជាអ្នកតំណាងឲ្យពលរដ្ឋនៅវៀតណាមឡើយ។ ខ្មែរក្រោមត្រូវបានគេដកសិទ្ធិបោះឆ្នោត ហើយចាត់ទុកជាមនុស្សមិនសំខាន់ក្នុងសង្គម។ ការសង្កេតរបស់យើងបង្ហាញថា សិទ្ធិស្វ័យសម្រេចរបស់ខ្មែរក្រោមត្រូវបានវៀតណាមរំលោភបំពានជារៀងរាល់ថ្ងៃ»។
ការលើកឡើងរបស់លោក (Ralph Bunche) ធ្វើឡើង ស្របពេលដែលសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងជាសមាជិក (UNPO) កំពុងធ្វើចលនាជុំវិញពិភពលោក ស្វែងរកសិទ្ធិស្វ័យសម្រេចដោយខ្លួនឯងឲ្យពលរដ្ឋខ្មែរក្រោមនៅលើទឹកដីកំណើត។ នៅថ្ងៃទី៤ មិថុនាខាងមុខនេះ ជាខួបលើទី ៧៣ឆ្នាំ នៃថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោម។
អង្គការ (UNPO) ជាចលនាអន្តរជាតិ បង្កើតឡើង ដើម្បីផ្តល់តម្លៃដល់ក្រុមមនុស្សគ្មានអ្នកតំណាង និងមិនសូវមានគេយកចិត្តទុកដាក់នៅទូទាំងពិភពលោក ដើម្បីការពារសិទ្ធិរបស់ពួកគេឲ្យទទួលសិទ្ធិស្វ័យសម្រេចដោយខ្លួនឯង។ អង្គការនេះត្រូវបានគេបង្កើតឡើងជាផ្លូវការ កាលពីខែកុម្ភៈ ឆ្នាំ១៩៩១ នៅវិមានសន្តិភាព ទីក្រុងឡាអេ (Hague) ប្រទេស ហូឡង់ (Netherland)។
លោក (Ralph Bunche)បន្តថា អង្គការ (UNPO) កំពុងសហការនឹងសហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីជួយឲ្យយុទ្ធនាការរបស់សហព័ន្ធទទួលបានជោគជ័យយើង៖ « យើងកំពុងធ្វើការងារបីយ៉ាង។ យើងកំពុងជួយពង្រឹងសមត្ថភាព ពលរដ្ឋខ្មែរក្រោម ដើម្បីឲ្យពួកគេមានទំនាក់ទំនងនឹងសហគមន៍អន្តរជាតិ ដើម្បីអាចដោះស្រាយបញ្ហាជាមួយនឹងវៀតណាម។ យើងក៏ធ្វើការចងក្រងឯកសារនៃការរំលោភសិទ្ធិមនុស្សកើតឡើងនៅវៀតណាម ជាពិសេស ការមិនទទួលស្គាល់ខ្មែរក្រោមជាជនជាតិដើម។ យើងក៏ធ្វើការងារនឹងសហព័ន្ធខ្មែរកម្ពុជាក្រោម ដាក់ពាក្យបណ្តឹងទៅកាន់អង្គការសហប្រជាជាតិ ចំពោះករណីរំលោភសិទ្ធិមនុស្ស ដូចជា ករណីចាប់ខ្លួន ការធ្វើទារុណកម្ម និងផ្ដន្ទាទោសទៅលើសកម្មជន ដោយគ្រាន់តែពួកគេចែករំលែកឯកសារស្ដីពីសិទ្ធិជនជាតិដើមរបស់អង្គការសហប្រជាជាតិ។ យើងបានយកបណ្ដឹងទាំងនោះ ទៅបង្ហាញសហគមន៍អន្តរជាតិ ដើម្បីឲ្យពួកគេបានដឹងឮ ដូច្នោះ ពួកគេអាចដាក់សម្ពាធទៅលើរដ្ឋាភិបាលវៀតណាមឲ្យមានការផ្លាស់ប្ដូរ»។
លោក (Ralph Bunche)បន្ថែមទៀតថា ទោះបីក្តីសង្ឃឹមពលរដ្ឋខ្មែរក្រោមទទួលបានសិទ្ធិស្វ័យសម្រេចដោយខ្លួនឯង អាចនឹងប្រើប្រាស់រយៈពេលយូរ ប៉ុន្តែដោយសារតែ ពិភពលោកកំពុងមានការវិវឌ្ឍមិនទៀងទាត់ដូច្នោះ ក្តីសង្ឃឹមនេះ នឹងអាចសម្រេចក្នុងពេលឆាប់ៗ ខាងមុខនេះ៖ « ខ្ញុំគិតថា ខ្មែរក្រោមត្រូវបន្តប្រតិបត្តិវប្បធម៌ និងធ្វើអ្វីៗ គ្រប់យ៉ាង ដើម្បីបង្ហាញអត្តសញ្ញាណរបស់ពួកគេ និងបន្តបង្ហាញពិភពលោកថា ពួកគេត្រូវបានវៀតណាមគ្រប់គ្រងបែបអាណានិគម ហើយពួកគេត្រូវបានគេ ពុះជាពីរយ៉ាងអានាធិបតេយ្យ រវាងកម្ពុជា និងវៀតណាម។ ជាចុងក្រោយ វាអាចនឹងមានដំណោះស្រាយមួយ ដើម្បីអនុញ្ញាតឲ្យខ្មែរក្រោមក្លាយជាមនុស្សតែមួយក្រុម ដើម្បីឲ្យពួកគេអាចធ្វើដំណើរទៅវៀតណាម ឬកម្ពុជាដោយសេរី។ ដំណោះស្រាយនេះ អាចនឹងសម្រេចបានក្នុងរយៈពេល ១០ឆ្នាំ ឬ ២០ឆ្នាំខាងមុខទៀត»។
សហព័ន្ធខ្មែរកម្ពុជាក្រោមបានចូលជាសមាជិក អង្គការ (UNPO) ចាប់តាំងពីខែកក្កដា ឆ្នាំ២០០១។ សហព័ន្ធបង់ថវិកាប្រមាណ ២ពាន់ដុល្លារ ក្នុងមួយឆ្នាំ ជាសមាជិកអង្គការនេះ។ ពាក់ព័ន្ធកិច្ចសហការនឹងអង្គការ (UNPO) នេះ នាយកប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា អង្គការ (UNPO) បានជួយសហព័ន្ធខ្មែរកម្ពុជាក្រោម នៅលើឆាកអន្តរជាតិ ឲ្យសហគមន៍អន្តរជាតិ ទទួលស្គាល់ការតស៊ូមតិរបស់ខ្មែរក្រោម និងជួយតវ៉ាប្រឆាំងនឹងការរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាលវៀតណាម៖ « បាទមានសារៈសំខាន់ច្រើន ពីព្រោះទំនាក់ទំនងយើងនឹងអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវហ្នឹង យើងមានទំនាក់ទំនងដែរ ប៉ុន្តែមិនបានស្និទ្ធស្នាលដូចជាអង្គការ (UNPO) ពីព្រោះគេនៅក្បែរ ហើយអ្នកធ្វើការងារនៅ (UNPO) មានអ្នកទំនាក់ទំនង។ ពេលយើងមានការនៅកម្ពុជាក្រោម គេ ( វៀតណាម ) ចាប់សំបុត្រយើងអីហ្នឹងគេជួយបន្តទៅអង្គការសហប្រជាជាតិ។ កិច្ចការងារយើងបានសម្រេចច្រើនណាស់»។
លោកបន្តថា សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងបន្តធ្វើការងារជាមួយអង្គការ (UNPO) ដើម្បីទទួលបានសិទ្ធិស្វ័យសម្រេចជូនដល់បងប្អូនខ្មែរកម្ពុជាក្រោម។ លោក ប្រាក់ សេរីវុឌ្ឍ ថ្លែងថា ឆ្នាំនេះ សហព័ន្ធខ្មែរក្រោមនឹងប្រារព្ធខួប ៧៣ឆ្នាំ នៃថ្ងៃបាត់បង់ទឹកដីខ្មែរក្រោមតាមទីកន្លែងមួយចំនួន ដូចជា នៅរដ្ឋ (California) ជាដើម ដែលជាផ្នែកមួយនៃយុទ្ធនាការតស៊ូមតិរបស់សហព័ន្ធ៖ « យើងចង់ឱ្យបងប្អូនទាំងខ្មែរក្រោមទាំងនៅកម្ពុជា និងបរទេស ឲ្យនឹកថា ទឹកដីយើងបានបាត់បង់ទៅប្រទេសវៀតណាមហ្នឹងតាំងពីឆ្នាំឮ១៩៤៩ ជាការរំលឹក និងចងចាំហ្នឹង។ ទី២ ឲ្យយើងខិតខំទាមទារសិទ្ធិសេរីភាពរបស់ពួកយើង ដែលជាម្ចាស់ដើមនៃទឹកដីហ្នឹង ដែលរស់នៅក្រោមការគាបសង្កត់របស់វៀតណាម ឲ្យមានការភ្ញាក់រលឹក ខំប្រឹងតស៊ូទាមទារសិទ្ធិជាជនជាតិដើម»។
អាណានិគមនិយមបារាំង បានកាត់ទឹកដីខ្មែរកម្ពុជាក្រោម ឱ្យស្ថិតក្រោមអាណានិគមវៀតណាមគ្រប់គ្រងបន្តទាំងខុសច្បាប់ កាលថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩។ ចាប់តាំងពីបានគ្រប់គ្រងទឹកដីខ្មែរកម្ពុជាក្រោមមក អាណានិគមវៀតណាមបានប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីរំលាយពូជសាសន៍ខ្មែរក្រោម។ កត្តានេះហើយ ទើបជំរុញឲ្យខ្មែរកម្ពុជាក្រោម ចាប់ផ្ដើមតស៊ូពលីជីវិត ដើម្បីការពារអត្តសញ្ញាណ វប្បធម៌ អក្សរសាស្ត្រ ព្រះពុទ្ធសាសនា ទំនៀមទម្លាប់ និងប្រពៃណីជាតិខ្មែរ៕