សហព័ន្ធខ្មែរកម្ពុជាក្រោម បានបង្កើតវិទ្យុ និងសារព័ត៌មាន តាមបណ្ដាញអ៊ិនធឹណិត ដើម្បីផ្សព្វផ្សាយព័ត៌មានជូនដល់ពលរដ្ឋខ្មែរក្រោម កំពុងរស់នៅលើទឹកដីកំណើត។ ក្រៅពីផ្តល់ព័ត៌មានពិតដល់ពលរដ្ឋខ្មែរក្រោម សារព័ត៌មានតាមបណ្ដាញអ៊ិនធឹណិតនេះ ក៏កំពុងដើរតួនាទីយ៉ាងសំខាន់ ជម្រាបព័ត៌មានជូនសហគមន៍អន្តរជាតិឲ្យដឹងពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជាក្រោម។
វិទ្យុសំឡេងកម្ពុជាក្រោម (Voice of Kampucheah Krom) ហៅកាត់ថា (VOKK) និងសារព័ត៌មានព្រៃនគរ កំពុងពាំនាំព័ត៌មានតាមប្រព័ន្ធអ៊ិនធឹណិតទៅឱ្យដល់ខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅក្រោមការត្រួតត្រារបស់របបកុម្មុយនិស្តវៀតណាម។ នៅខែមិថុនាខាងមុខនេះ ជាខួប ២១ឆ្នាំនៃការបង្កើត វិទ្យុសំឡេងកម្ពុជាក្រោម (VOKK)។ ប្រធាននាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា មានថេរដីកាថា វិទ្យុសំឡេងកម្ពុជាក្រោម (VOKK) កំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់បម្រើពលរដ្ឋខ្មែរក្រោមនៅជុំវិញពិភពលោក ពិសេស នៅលើទឹកដីកំណើតកម្ពុជាក្រោម៖ «ដើម្បីផ្សព្វផ្សាយធ្វើយ៉ាង ដើម្បីឲ្យពលរដ្ឋខ្មែរក្រោមទទួលបានព័ត៌មានរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលកំពុងតស៊ូនៅលើឆាកអន្តរជាតិ។ ចំណុចទីពីរទៀតហ្នឹងគឺ ដើម្បីស្វែងយល់ពីសិទ្ធិ ដើម្បីបានសិទ្ធិជាជនជាតិដើម ចំណុចទីបីធ្វើឲ្យពលរដ្ឋខ្មែរក្រោម បានស្គាល់នូវប្រវត្តិសាស្ត្រពិតនៃទឹកដី ដែលអាណានិគមយួនបានគ្រប់គ្រង»។
វិទ្យុសំឡេងកម្ពុជាក្រោម (VOKK) ត្រូវបានសហព័ន្ធបង្កើតឡើងកាលពីឆ្នាំ២០០១ ចំណែកឯសារព័ត៌មានព្រៃនគរ ត្រូវបានសហព័ន្ធបង្កើតឡើង កាលពីឆ្នាំ២០០៨ ដែលដំបូងឡើយ បោះពុម្ពជាកាសែតនៅកម្ពុជា។ សារព័ត៌មានទាំងពីរនេះ មានមូលដ្ឋាននៅទីក្រុង សានហូសេ (San Jose) រដ្ឋកាលីហ្វ័រញ៉ា (California) និងមានបុគ្គលិក ក្នុងប្រទេសមួយចំនួនក្នុងពិភពលោក រួមទាំងនៅ កម្ពុជាក្រោមផងដែរ។ បុគ្គលិកទាំងនោះ ធ្វើការងារដោយមិនយកប្រាក់កម្រៃឡើយ។ លោកអ្នកនាងអាចចូលទៅស្ដាប់ ទស្សនា និងអានព័ត៌មានរបស់ វិទ្យុសំឡេងកម្ពុជាក្រោម (VOKK) ដែលមានអាសយដ្ឋាន www.VOKK.Netនិងសារព័ត៌មានព្រៃនគរ ដែលមានអាសយដ្ឋាន www.preynokornews.info។
កាលពីពេលថ្មីៗ នេះ សហព័ន្ធក៏បានបង្កើត កម្មវិធីព័ត៌មានថ្មី មួយទៀត ផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត និងបណ្ដាញសង្គម (Facebook) ដែលមានឈ្មោះថា "អរុណសួស្ដីកម្ពុជាក្រោម" ដែល ផ្សាយរាល់ថ្ងៃ អាទិត្យ នៅម៉ោង ៧ព្រឹក ម៉ោងនៅកម្ពុជាក្រោមសម្រាប់រយៈពេលមួយម៉ោង។ កម្មវិធី "អរុណសួស្ដីកម្ពុជាក្រោម" សង្ខេបព័ត៌មាន និងព្រឹត្តិការណ៍ប្រចាំសប្ដាហ៍ កើតឡើងនៅកម្ពុជាក្រោម រួមទាំងព្រឹត្តិការណ៍នៅជុំវិញពិភពលោក និងសកម្មភាពតស៊ូមតិរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងការទាមទារ សិទ្ធិជនជាតិដើម ដល់ពលរដ្ឋខ្មែរក្រោម។ ព័ត៌មានទាំងនេះ ផ្សាយបន្តផ្ទាល់នៅលើទំព័រ(Facebook) ដែលមានអាសយដ្ឋាន Facebook.com/vokk.net។
ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា មានថេរដីកាបន្តថា វិទ្យុសំឡេងកម្ពុជាក្រោម (VOKK) បានជួយផ្លាស់ប្ដូររបៀបនៃការរស់នៅរបស់ពលរដ្ឋខ្មែរក្រោមនៅស្រុកកំណើត៖ «គាត់នៅកម្ពុជាក្រោមហ្នឹងទទួលបានច្រើន។ កែប្រែជីវភាពរស់នៅក្នុងការគ្មានសិទ្ធិសេរីភាព ហើយមិនដឹងរឿងពិត នៃប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម។ បច្ចុប្បន្ននេះ យើងសង្កេតឃើញថា ពលរដ្ឋខ្មែរក្រោមគាត់បានយល់ដឹងពីសិទ្ធិជនជាតិដើម ឬជាសិទ្ធិជាជនជាតិដើម ឬសេរីភាពក្នុងការបញ្ចេញមតិ»។
ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា មានថេរដីកាថា ខ្មែរក្រោម ជាពិសេសយុវជនខ្មែរក្រោម បានប្រើប្រាស់បណ្ដាញសង្គម (Facebook) ដើម្បី ទទួលបានព័ត៌មាន និងបញ្ចេញមតិ។ ពលរដ្ឋខ្មែរក្រោម ក៏តាមដាន កម្មវិធី (VOKK) នៅកម្ពុជាក្រោមច្រើនដែរ ទោះបីពួកគេរងការ ធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាមក៏ដោយ។ យ៉ាងហោចណាស់ ក៏យុវជនខ្មែរក្រោមមួយចំនួនត្រូវវៀតណាមផាកពិន័យធ្វើទារុណកម្ម គំរាមកំហែង និងពលរដ្ឋខ្មែរក្រោមម្នាក់ ត្រូវវៀតណាមចាប់ដាក់ពន្ធនាគាររយៈពេល ៦ខែ រឿងសំដែងមតិ និងទាមទារសិទ្ធិស្វ័យសម្រេចតាមបណ្ដាញសង្គម។
យុវជនខ្មែរក្រោមកម្ពុជាក្រោម លោក យឿង ខាយ ប្រាប់វិទ្យុអាស៊ីសេរីថា លោកចិត្តទុកដាក់ តាមដានព័ត៌មានរបស់ (VOKK) ដើម្បីបង្កើនចំណេះដឹង និងតាមដានស្ថានភាពរបស់ខ្មែរក្រោមនៅស្រុកកំណើត និងនៅក្រៅស្រុក៖ « និយាយរួម មានការរីកចំរើនច្រើនណាស់បងទាំងចំណេះ និងជំនាញ។ ឥឡូវនេះភ្លឺស្វាងច្រើនណាស់ខ្មែរក្រោម មានព័ត៌មានអាស៊ីសេរី និងវីអូអេ និងសំឡេងខ្មែរក្រោមរបស់សហព័ន្ធធ្វើឲ្យពលរដ្ឋខ្មែរក្រោមយល់ដឹងច្រើន»។
របាយការណ៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២២ របស់អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) បានដាក់ចំណាត់ថ្នាក់វៀតណាមនៅលេខ១៧៤ ក្នុងចំណោម ប្រទេស១៨០។ អ្នកសារព័ត៌មាន និងអ្នកសរសេរ(Blog) ជាប្រភពតែមួយគត់ដែលអាចសរសេរដោយសេរី ចំណែក សារព័ត៌មានផ្សេងទៀតឋិតក្រោមការត្រួតត្រារបស់រដ្ឋាភិបាលវៀតណាមចាប់តាំងពីឆ្នាំ១៩៧៥មក។ បច្ចុប្បន្នអ្នកសារព័ត៌មាន វៀតណាម ៤១ កំពុងជាប់ឃុំក្នុងពន្ធនាគារ។ បណ្ដាញសង្គម (Facebook)នៅវៀតណាមមានប្រជាប្រិយភាពខ្លាំងជាងគេ ដែលមានអ្នកប្រើប្រាស់រហូតដល់ទៅប្រមាណ ៦៤លាននាក់។ បណ្ដាញសង្គម (Facebook)នេះ បានក្លាយជាកន្លែងចែកចាយព័ត៌មានដ៏សំខាន់មួយនៅវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។