ក្រសួងពាណិជ្ជកម្មដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់លោក ចម ប្រសិទ្ធ រយៈពេល៤អាណត្តិដែលល្បីរឿងអាស្រូវគ្រួសារនិយម និងពុករលួយនោះ នៅពេលនេះ កូនស្រីដែលជាដំណក់ឈាមរបស់លោកបានឡើងជារដ្ឋមន្ត្រីក្រសួងខ្លាញ់មួយនេះវិញម្តង។ កូនស្រីរបស់លោក គឺអ្នកស្រី ចម និម្មល បានជាប់ប្រឡាក់ឈ្មោះមិនល្អជាច្រើនទសវត្សរ៍មកហើយពីរឿងអាងអំណាចឪពុក និងជួយលាក់ បាំងអាណាចក្រជំនួញរបស់ក្រុមគ្រួសារ។តើអ្នកស្រី ចម និម្មល នឹងក្លាយជារដ្ឋមន្ត្រី ជួយបង្កើនមុខរបរ ទីផ្សារ និងប្រាក់ចំណូលសម្រាប់ពលរដ្ឋ ឬជួយបង្កើនតែឱកាសរកស៊ីនិងបង្កើនប្រាក់ចំណូលសម្រាប់ក្រុមគ្រួសារ និងបក្ខពួករបស់ខ្លួន?
សមាសភាពគណៈរដ្ឋមន្ត្រីក្នុងអាណត្តិទី៧ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត មានតែស្ត្រីវ័យក្មេងម្នាក់គត់ដែលមានសំណាងបានបារមីរបស់ឪពុកក្លាយជារដ្ឋមន្ត្រីថ្មីនៃក្រសួងពាណិជ្ជកម្ម។នោះគឺអ្នកស្រី ចម និម្មល ដែលត្រូវជាកូនស្រីបង្កើតរបស់លោក ចម ប្រសិទ្ធ និងអ្នកស្រី ទេព បុប្ផាប្រសិទ្ធ ដែលមានឥទ្ធិពលខ្លាំងបំផុតទាំងនយោបាយនិងសេដ្ឋកិច្ចហើយមានទំនាក់ទំនងផ្ទាល់ជាមួយ លោក ហ៊ុន សែន និងភរិយារបស់លោក។
ប្រវត្តិ និងសកម្មភាពផ្ទាល់ខ្លួន
អ្នកស្រី ចម និម្មល មានអាយុ៤៣ឆ្នាំ។ អ្នកស្រី កើតនៅថ្ងៃទី១៨ខែឧសភាឆ្នាំ១៩៨០។ អ្នកស្រី បានរៀបការកាលពីឆ្នាំ២០០២ជាមួយឧត្តមសេនីយ៍ឯកផ្កាយ៣ ឈ្មោះ ផាត វិបុលសុភ័ក្ត្រ ជាអគ្គនាយករងនៃនាយកដ្ឋាននយោបាយនិងកិច្ចការបរទេសនិងជានាយកនៃនាយកដ្ឋានទាក់ទងអន្តរជាតិក្រសួងការពារជាតិ។ប្តីរបស់អ្នកស្រីគឺជាកូនប្រុសរបស់នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការនៃក្រសួងការពារជាតិ។ ចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរបង្កើតបានកូនស្រីចំនួន៣នាក់។ចំពោះប្រវត្តិសិក្សាវិញមិនមានប្រភពបញ្ជាក់ថា អ្នកស្រី រៀនសាលាណានិងកម្រិតណានោះទេប៉ុន្តែសារព័ត៌មានក្នុងស្រុកចុះផ្សាយថា អ្នកស្រី បានសិក្សានៅសហរដ្ឋអាមេរិកផ្នែកសេដ្ឋកិច្ចអន្តរជាតិនិងវិទ្យាសាស្ត្រសង្គម។
វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទងអ្នកស្រី ជាច្រើនលើក ប៉ុន្តែពុំមានអ្នកទទួលទូរស័ព្ទ។ ទោះយ៉ាងណា នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងអ៊ីនស្តាក្រាម (Instagram) របស់អ្នកស្រី ក្រៅពីបង្ហាញសកម្មភាពចុះឃោសនានយោបាយ និងសកម្មភាពការងារតំណាងឲ្យក្រសួងពាណិជ្ជកម្មនោះ អ្នកស្រី ក៏ចូលចិត្តបង្ហាញពីជីវភាពហៃសូដែរ ដូចជា រូបភាពជួបជុំគ្រួសារក្នុងភូមិគ្រឹះដ៏ប្រណិត ចូលហាងអាហារទំនើបៗ ការដើរកម្សាន្តនៅក្រៅប្រទេស ការចូលចិត្តបង្ហាញឈុតសម្លៀកបំពាក់ និងកាបូបដៃម៉ាក់ល្បីៗ ព្រមទាំងគ្រឿងអលង្ការប្លែកៗ។ កាលពីថ្ងៃទី១២ សីហាថ្មីៗនេះ អ្នកស្រី ក៏បានក្លាយជាស្ត្រីទី១នៅលើទំព័រទស្សនាវដី្តបរទេសឈ្មោះព្រីសស្តីហ្គ (Prestige) ដែលជាប្រព័ន្ធផ្សព្វផ្សាយផ្ដោតតែលើអ្នកដែលមានឥទ្ធិពល មេដឹកនាំក្រុមហ៊ុនធំៗ និងអភិជននៅក្នុងសង្គមអាស៊ី។ ក្រៅពីនេះនៅលើទំព័រហ្វេសប៊ុក អ្នកស្រី ចម និម្មល តែងផ្សារភ្ជាប់ឥទ្ធិពលនយោបាយជាមួយកូនៗរបស់លោក ហ៊ុន សែន ដែរ ដោយអ្នកស្រី បានចែកចាយបន្តស្ទើរតែទាំងអស់នូវអ្វីដែលលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី បង្ហោះនៅលើបណ្ដាញសង្គមរបស់ពួកលោក។ មិនតែប៉ុណ្ណោះ បើទោះបីជាអ្នកស្រី បានរៀនសូត្រនៅប្រទេសប្រជាធិបតេយ្យក្តី ក៏អ្នកស្រី គ្មានអល់អែកក្នុងការចេញសារគាំទ្រទង្វើរំលាយគណបក្សសង្គ្រោះជាតិ និងការកាត់ទោសមេដឹកនាំគណបក្សជំទាស់ទាំងបំពានច្បាប់ឡើយ។
ចំពោះកិច្ចការនយោបាយវិញ អ្នកស្រី ចម និម្មល ទើបតែឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រលេខរៀងទី៥របស់គណបក្សប្រជាជនកម្ពុជានៅមណ្ឌលខេត្តកំពតដែលឪពុករបស់អ្នកស្រីបានជួយត្រួសត្រាយផ្លូវរួចជាស្រេចព្រោះលោក ចម ប្រសិទ្ធ ជាថ្នាក់ដឹកនាំចុះពង្រឹងសកម្មភាពនយោបាយនៅខេត្តកំពតនិងខេត្តកែប។ អ្នកស្រី ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិម៉ានីនិងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលរបស់សហភាពសហព័ន្ធយុវជនកម្ពុជាដែលដឹកនាំដោយកូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ដែរ។
ការពង្រីងអំណាចនយោបាយ និងជំនួញស្ងាត់ៗរបស់ត្រកូលចម
មិនមែនជារឿងចៃដន្យទេ ដែលអ្នកស្រី ចម និម្មល ក្លាយជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅពេលនេះ។ ប៉ុន្តែឪពុកម្ដាយរបស់អ្នកស្រីបានព្យាយាមពង្រីកឥទ្ធិពលនយោបាយនិងសេដ្ឋកិច្ចនិងត្រួសត្រាយផ្លូវសម្រាប់កូនៗឡើងស្នងតំណែងតាំងពីទសវត្សរ៍ឆ្នាំ២០០០មកម្ល៉េះ។
អ្នកសិក្សាផ្នែកច្បាប់និងជាអ្នកតាមដានបញ្ហាសង្គមនយោបាយ លោក វ៉ន ចាន់ឡូត យល់ឃើញថា លោក ចម ប្រសិទ្ធ គឺជាតួអង្គមួយដ៏សំខាន់ដែលតែងដើរតាមលោក ហ៊ុន សែន តាំងពីដើមមកនិងបានកសាងឥទ្ធិពលកាន់តែខ្លាំងក្នុងពេលបច្ចុប្បន្នដូច្នេះទើបកូនស្រីរបស់លោកមានឱកាសឡើងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
លោក វ៉ន ចាន់ឡូត៖«មិនចម្លែកទេមនុស្សដែលមានឥទ្ធិពលទាំងនៅក្នុងបក្ស ក៏ដូចជាមានទំនុកចិត្តពីរដ្ឋអំណាចកន្លងមកៗ ទោះបីជាអ្នកទាំងនោះ ត្រូវរំសាយពីតួនាទីនិងអំណាចរបស់ខ្លួនក៏ដោយ ប៉ុន្តែត្រូវបានគេផ្តល់អត្ថិភាពឲ្យ ជ្រើសរើសអ្នកបន្តវេននៅក្នុងមុខតំណែងនិងតួនាទីរបស់ខ្លួនជាបន្តបន្ទាប់បានទៀត។កន្លែងនេះហើយដែលយើងមើលឃើញទម្រង់នៃការដឹកនាំនៅកម្ពុជា ខុសពីការដឹកនាំតាមបណ្តាប្រទេសនៅលើពិភពលោក រួមទាំងប្រទេសកុម្មុយនិស្តមួយចំនួនផងដែរ គឺគេមិនឲ្យមានទេខ្សែស្រឡាយសាច់ញាតិនៅក្នុងក្រសួងស្ថាប័ន»។
លោក ចម ប្រសិទ្ធ និងអ្នកស្រី ទេព បុប្ផាប្រសិទ្ធ មានកូនបង្កើតចំនួន៣នាក់។កូនប្រុសទី១ឈ្មោះ ចម បូរិទ្ធ កូនស្រីទី២គឺអ្នកស្រី ចម និម្មល និងកូនស្រីទី៣ ឈ្មោះ ចម ក្រស្នា ព្រមទាំងមានកូនស្រីចិញ្ចឹមម្នាក់ទៀតឈ្មោះសុធារ៉ា។ មុនក្លាយជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ ដែលជាកូនចៅចិនប្រកបរបរពាណិជ្ជកម្មនិងមានឈ្មោះពីកំណើតថា អ៊ឹង យូតឹកហោ គឺជាអ្នកប្រែនិងជាលេខាផ្ទាល់របស់លោក ហ៊ុន សែន។ដោយសារមានទំនាក់ទំនងផ្ទាល់មួយលោក ហ៊ុន សែន នេះហើយនិងអាចជាអ្នកជួយបង្រៀនគ្រួសារលោក ហ៊ុន សែន ឲ្យចេះរកស៊ីផងក៏មិនដឹងទើបលោកក្លាយជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មយូរជាងគេរហូតដល់ជាង២០ឆ្នាំចាប់ពីឆ្នាំ១៩៩៤ដល់ចុងឆ្នាំ២០១៣និងមិនញញើតក្នុងការប្រែក្លាយក្រសួងពាណិជ្ជកម្មឲ្យដូចជាក្រុមហ៊ុនឯកជនរបស់គ្រួសារលោក។ ជាក់ស្តែង នៅពេលនោះប្រពន្ធរបស់លោកគឺអ្នកស្រី ទេព បុប្ផាប្រសិទ្ធ គឺជានាយករដ្ឋបាលរបស់ក្រសួងពាណិជ្ជកម្មខណៈកូនប្រុសច្បងគឺលោក ចម បូរិទ្ធ ជាអគ្គនាយករងកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មដែលចុះត្រួតពិនិត្យទំនិញនាំចូលនិងនាំចេញ។ រីឯកូនស្រីទី២ អ្នកស្រី ចម និម្មល កាលពីទស្សវត្សរ៍ឆ្នាំ២០០០ជាអនុប្រធាននាយកដ្ឋានបរទេសនៃក្រសួងពាណិជ្ជកម្មនិងក្រោយមកក្លាយជាប្រធានខុទ្ទកាល័យរបស់ឪពុកនាងក្នុងក្រសួងពាណិជ្ជកម្ម។ក្រៅពីនេះ លោក ចម ប្រសិទ្ធ ក៏មិនភ្លេចបើកផ្លូវឲ្យប្រពន្ធនិងកូនៗរបស់លោកផ្សេងទៀតជាអ្នកឈរឈ្មោះរកស៊ីជំនួសដែរ។
ប្រពន្ធរបស់លោក ត្រូវបានគេស្គាល់ថា ជាអ្នកជំនួញនៅពីក្រោយក្រុមហ៊ុន និងគម្រោងវិនិយោគធំៗមួយចំនួន។ កាលពីឆ្នាំ២០០៣ អង្គការឃ្លាំមើលពិភពលោក គ្លបល វីតនេស(Global Witness) បានរកឃើញថា អ្នកស្រី ទេព បុប្ផា មានភាគហ៊ុន១លានដុល្លារនៅក្នុងក្រុមហ៊ុនអ៊ែតវូត (Attwood Import Export) ដែលជាក្រុមហ៊ុននាំទំនិញចេញ-ចូល។ តំណាងរាស្ត្របក្សប្រឆាំង កាលនោះ ក៏បានទាមទារឲ្យមានការស៊ើបអង្កេតទ្រព្យសម្បត្តិរបស់លោក ចម ប្រសិទ្ធដែរ ប៉ុន្តែគ្មានស្ថាប័នជំនាញណា ហ៊ានប៉ះឡើយ។ មិនតែប៉ុណ្ណោះ ប្រហែលជាទ្រព្យសម្បត្តិគ្រួសារលោក ចម ប្រសិទ្ធ ឡើងដល់កម្រិតកំពូលមួយ ទើបលោក និងប្រពន្ធរបស់លោក ទទួលបានគោរមងារជាឧកញ៉ាដូចគ្នា។
កាន់តែពិសេសជាងនេះ លោក ចម ប្រសិទ្ធ មិនត្រឹមតែប្រមូលកូនៗរបស់លោកមួយចំនួនឲ្យមកកាន់តួនាទីសំខាន់ៗនៅក្នុងក្រសួងពាណិជ្ជកម្មប៉ុណ្ណោះទេ លោក ក៏រៀបចំទុកដាក់កូនចៅរបស់លោកជាមួយក្រុមគ្រួសារអ្នកជំនួញនិងគ្រួសារអ្នកគ្រប់គ្រងអំណាចយោធានិងនយោបាយដែរ។
កូនប្រុសច្បង គឺលោក ចម បូរិទ្ធ រៀបការជាមួយអ្នកស្រី លី ដាលីន ដែលជាពាណិជ្ជករ និងជាម្ចាស់ក្រុមហ៊ុន ចម អ៊ែន លី ខូអបភើរ៉េសិន (Cham & Ly Corporation)ដែលបានទិញសិទ្ធិអាជីវកម្មហាងនំបុ័ងប៊្រេដថក( BreadTalk)នៅប្រទេសសិង្ហបុរី មកប្រកួតទីផ្សារកម្ពុជា ព្រមទាំងជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យដាលីន ប្រផឹធី ឌីវេឡុបម៉ិន (Daline Property Development C.,LDT)។ កូនស្រីទី២ អ្នកស្រី ចម និម្មល រៀបការជាមួយឧត្តមសេនីយ៍ឯកផ្កាយ៣ ឈ្មោះ ផាត វិបុលសុភ័ក្ត្រ ដែលជាកូនប្រុសនៃគ្រួសារគ្រប់គ្រងអំណាចខាងកងទ័ព។កូនស្រីទី៣ គឺអ្នកស្រី ចម ក្រស្នា គឺជាម្ចាស់ក្រុមហ៊ុនសោមាពាណិជ្ជកម្ម (Soma Trading campany) ដែលមានបុត្រសម្ព័ន្ធជាច្រើនតាំងពីវិស័យសំណង់ កសិកម្ម បច្ចេកវិទ្យា ពាណិជ្ជកម្ម អប់រំ បដិសណ្ឋារកិច្ច អភិវឌ្ឍអចលនវត្ថុ ថាមពល ទឹកស្អាត និងការនាំចេញនាំចូលជាដើម។ ប្តីរបស់អ្នកស្រី គឺលោក សុខ សូកេន ដែលទើបក្លាយជារដ្ឋមន្ត្រីថ្មីនៃក្រសួងទេសចរណ៍។លោក សុខ សូកេន គឺជាកូនប្រុសរបស់លោក សុខ អាន ដែលជាគ្រួសារធំមួយមានអំណាចទាំងនយោបាយនិងសេដ្ឋកិច្ច។ ដូច្នេះលោក ចម ប្រសិទ្ធ មិនត្រឹមតែមានកូនបង្កើតជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទេ លោក ក៏មានកូនប្រសារម្នាក់ទៀតជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ដែរ ខណៈកូនប្រុសបង្កើតម្នាក់ទៀត គឺលោក ចម បូរិទ្ធ ទើបតែងតាំងជារដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នេះបង្ហាញថា អំណាចគ្រួសារលោក ចម ប្រសិទ្ធ កាន់តែកើនឡើងដល់លំដាប់កំពូល។
ការទទួលបានតំណែងដោយសារឥទ្ធិពលឪពុកម្តាយ
មិនខុសពីកូនៗរបស់លោក ហ៊ុន សែន និងមន្ត្រីកំពូលៗបក្សកាន់អំណាចផ្សេងទៀតនោះទេ អ្នកស្រី ចម និម្មល ដែលត្រូវបានដំឡើងតួនាទីជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅពេលនេះដោយសារឥទ្ធិពលឪពុកម្តាយ។ នៅចុងឆ្នាំ២០១៣នៅពេលលោក ចម ប្រសិទ្ធ ប្តូរទៅធ្វើជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉េ និងថាមពលនិងក្រោយមកបំបែកជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវទ្យា និងនវានុវត្តន៍នោះ លោក បានសណ្តោងកូនប្រុស លោក ចម បូរិទ្ធ ទៅជាធ្វើជាអនុរដ្ឋលេខាក្នុងក្រសួងថ្មីជាមួយលោក។ប៉ុន្តែលោកនៅតែទុកអ្នកស្រី ចម និម្មល ឲ្យនៅចាំសំបុកក្នុងក្រសួងពាណិជ្ជកម្មដដែល។ អ្នកស្រី ចម និម្មល ឡើងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៅឆ្នាំ២០១៣ហើយ៥ឆ្នាំក្រោយមកអ្នកស្រីឡើងជារដ្ឋលេខាធិការរហូតក្លាយជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅពេលនេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងការពារជាទូទៅថាការតែងតាំងអ្នកស្រី ចម និម្មល ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនេះគឺស្របទៅតាម លក្ខណៈសម្បត្តិ ស្នាដៃ និងគុណសម្បត្តិលើសគេប៉ុន្តែលោកមិនបញ្ជាក់លម្អិតនោះទេ។
លោក សុខ ឥសាន៖«ពួកអ្នកវិភាគថា បន្តពូជ បន្តវេននេះគ្រាន់តែជាការ វាយប្រហារដោយគ្មានមូលដ្ឋានទេ។ ពូជទេវតា គេមិនដែលយកពូជនរកមកទេ។ពូជទេវតា តែងយកកូនចៅទេវតាមកបន្តវេន»។
ទោះជាយ៉ាងណា សកម្មជនចលនាមាតាធម្មជាតិនិងជាអ្នកតាមដានបញ្ហាសង្គម កញ្ញា មាន លីសា មិនចោទសួរចំពោះសមត្ថភាពរបស់អ្នកស្រី ចម និម្មល ទេ ប៉ុន្តែ កញ្ញា យល់ថាការតែងតាំងតាមបែបគ្រួសារនិយមនិងគ្មានការប្រកួតប្រជែងត្រឹមត្រូវគឺបង្ហាញពីការគិតគូរផលប្រយោជន៍គ្រួសារច្រើនជាងផលប្រយោជន៍រួម។
កញ្ញា មាន លីសា៖ «ប្រជាជនមួយចំនួនមិនទាំងដឹងផងថា តើលោក ចម ប្រសិទ្ធ ធ្វើលើអាជីវកម្ម ក៏ដូចជាក្រុមហ៊ុនអីខ្លះ អ៊ីចឹងប្រភពចំណូលដែលអត់ច្បាស់ លាស់កន្លែងទាំងនេះ វាបានបង្ហាញឲ្យឃើញពីភាពមិនប្រក្រតី អំពើពុករលួយ ជាច្រើន។ក្រុមហ៊ុនខ្យល់ជាច្រើនដែលយើងអត់ស្គាល់ប្រភពច្បាស់។ បើយើងនិយាយថា តើកូនស្រីរបស់គាត់ដែលមកបន្តតំណែងនេះនឹងជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ ធ្វើជំនួញ ឬក៏ការវិនិយោគ ទាក់ទាញអី គឺខ្ញុំមិនរំពឹងទេ ដោយសារតែ កាលដែលគាត់នៅជួយជ្រោមជ្រែងឪពុកគាត់ ពេលដែលឪពុកគាត់នៅក្នុងតំណែងនោះ ក៏បង្ហាញពីការចូលរួមប្រព្រឹត្តអំពើដែលវាអត់ច្បាស់លាស់សម្រាប់ ប្រជាពលរដ្ឋបាត់ទៅហើយ»។
ការបិទបាំងជំនួញ និងទំនាស់ផលប្រយោជន៍
ក្រសួងពាណិជ្ជកម្ម ដែលធ្លាប់ស្ថិតក្រោមការដឹកនាំរបស់លោក ចម ប្រសិទ្ធ ជាង៤អាណត្តិ ទទួលរងការរិះគន់ជាយូរមកហើយ ពាក់ព័ន្ធនឹងការជួយបិទបាំងទំហំពិតប្រាកដនៃមុខជំនួញចាក់ស្រេះរបស់ក្រុមគ្រួសារលោកផ្ទាល់ និងក្រុមគ្រួសារលោក ហ៊ុន សែនព្រមទាំងសម្ព័ន្ធមិត្តដ៏មានអំណាចរបស់ពួកគេផ្សេងទៀត។ របាយការណ៍ អង្គការឃ្លាំមើលពិភពលោកគ្លបល វីនេស (GlobalWitness) ផ្សាយកាលពីឆ្នាំ២០១៦ បង្ហាញថា ត្រកូល"ហ៊ុន" កំពុងក្ដោបក្ដាប់សេដ្ឋកិច្ចធំៗរបស់កម្ពុជា ដោយអំពើពុករលួយ រំលោភអំណាច និងរំលោភសិទ្ធិមនុស្សដើម្បីការពារអំណាច។ គ្រួសារត្រកូល"ហ៊ុន"បានកាន់កាប់ផ្ទាល់ ឬកាន់កាប់ដោយផ្នែកក្នុងក្រុមហ៊ុនជាច្រើនដែលមានដើមទុនចុះបញ្ជីជាង២០០លានដុល្លារសហរដ្ឋអាមេរិក ហើយបានដាក់ភាគហ៊ុនជាមួយក្រុមហ៊ុនបរទេសដែលមានយីហោល្បីៗ។ ចំនួនទឹកប្រាក់ជាង ២០០លានដុល្លារនេះ ជាចំនួនទឹកប្រាក់ដែលដាក់ចេញឱ្យឃើញក្នុងក្រុមហ៊ុនរបស់ត្រកូល"ហ៊ុន"ដែលបានចុះបញ្ជីក្នុងក្រសួងពាណិជ្ជកម្ម ប៉ុន្តែអង្គការ គ្លបល វីនេស អះអាងថា ពួកគេមានភាគហ៊ុនច្រើនជាងនេះ ប៉ុន្តែលាក់ព័ត៌មាន។ អង្គការគ្លបល វីនេស ក៏ធ្លាប់ចេញរបាយការណ៍រកឃើញពីទំនាក់ទំនងវិនិយោគរួមគ្នារវាងប្តីប្រពន្ធលោក ចម ប្រសិទ្ធ ជាមួយនឹងមហាសេដ្ឋីលំដាប់កំពូលៗជាច្រើនទៀតដែរ ប៉ុន្តែសុទ្ធតែបិទបាំងព័ត៌មានដូចគ្នា។
នៅពេលនេះ ក្រុមគ្រួសារលោក ចម ប្រសិទ្ធ កាន់តែរីកធំតាមរយៈការរៀបការកូនចៅរបស់លោកជាមួយគ្រួសារវណ្ណៈអ្នកដឹកនាំ និងអ្នកជំនួញ។ មនុស្សនៅក្នុង គ្រួសាររបស់លោកមួយក្រុមគឺជាអ្នករកស៊ីនិងមនុស្សមួយក្រុមទៀតគឺជាអ្នកកាន់អំណាចក្នុងរដ្ឋាភិបាលពាក់ព័ន្ធនឹងការគ្រប់គ្រងវិស័យរកស៊ី ទីផ្សារ ការប្រកួតប្រជែងនិងឱកាសវិនិយោគទាំងក្នុងប្រទេស និងក្រៅប្រទេស។ ដូច្នេះ អ្នកឃ្លាំមើល យល់ថា ទម្រង់នៃការឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនេះ អ្នកស្រី ចម និម្មល ប្រហែលនឹងមិនជួយបង្កើនមុខរបរ ទីផ្សារ និងប្រាក់ចំណូលសម្រាប់ពលរដ្ឋនោះទេប៉ុន្តែអ្នកស្រីនឹងប្រើតួនាទីដើម្បីជួយបង្កើនឱកាសរកស៊ីនិងបង្កើនប្រាក់ចំណូលសម្រាប់ក្រុមគ្រួសារនិងបក្ខពួករបស់ខ្លួនថែមទៀតដើម្បីបន្តក្តោបក្តាប់អំណាចនយោបាយនិងសេដ្ឋកិច្ចកាន់តែរឹងមាំថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។