បរិវារ​លោក ហ៊ុន សែន ជាប់​ពាក់ព័ន្ធនឹង​ការទិញដូរ​ក្រុមហ៊ុន​លក់ស៊ីហ្គារ​របស់​គុយបា​ក្នុងតម្លៃ​រាប់ពាន់​លានដុល្លារ​ដោយសម្ងាត់

ប្រភពនានា​បានប្រាប់ វិទ្យុអាស៊ីសេរី ថា លោក ចេន ហ្ស៊ី (Chen Zhi) ដែលជាប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន​វិនិយោគទុន​មួយ បាន​ទិញ​ក្រុមហ៊ុន​លក់​ស៊ីហ្គា (Cigar) របស់​គុយបា (Cuba) ក្នុងតម្លៃជាង ១,៤ ពាន់លានដុល្លារ។

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន និង​សមភាគី​របស់លោក​គឺលោក ម៉ានូអ៊ែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) បាន​ព្រមព្រៀងគ្នា​ក្រោយ​មានជំនួបមួយ​នៅក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី០៤ ខែតុលា ក្នុងការ​ពង្រឹងចំណងទាក់ទង​កាន់តែជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ ដោយ​ចុះហត្ថលេខា​សន្យា​សហប្រតិបត្តិការ​លើ​វិស័យនានា​ពាក់ព័ន្ធនឹង​វប្បធម៌ និង​កីឡា។

កាលពី​ពីរឆ្នាំកន្លងទៅ សមាជិក​ដ៏សំខាន់ម្នាក់​នៃ​បរិវារ​របស់លោក ហ៊ុន សែន បានបង្កើត​ចំណងទាក់ទង​ពាណិជ្ជកម្ម​ជាមួយ​រដ្ឋ​ដែនដីកោះ​មួយនេះ​តាមរយៈ​កិច្ចព្រមព្រៀង​ជាសម្ងាត់មួយ​ដើម្បី​ទិញ​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុនថ្នាំជក់​នៃ​រដ្ឋគុយបា។ នេះបើយោងតាម​ប្រភព​ចំនួនពីរ​ដែល​បានដឹងឮ​អំពីបញ្ហានេះ និង​បើយោងតាម​ទិន្នន័យ​សាជីវកម្ម។

លោក ចេន ហ្ស៊ី ដែល​មានកំណើតកើតជា​នៅប្រទេសចិន ក៏ប៉ុន្តែ​ត្រូវបាន​ផ្តល់ឱ្យ​នូវសញ្ជាតិ​កម្ពុជា​កាលពីឆ្នាំ២០១៤ គឺជា​ស្ថាបនិក និងជា​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍ គ្រូប (Prince Group) ដែលជា​សម្ព័ន្ធ​ក្រុមហ៊ុន​ដ៏ធំមួយ និងមាន​ឥទ្ធិពលខ្លាំង​បំផុត​នៅ​កម្ពុជា។ ក្រុមហ៊ុននេះ​ប្រតិបត្តិការ​អាជីវកម្ម​ដោយ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ ទេសចរណ៍ ម្ហូបអាហារ និង​ភេសជ្ជៈ ក្នុងចំណោម​អាជីវកម្ម​ដទៃទៀត។

ទន្ទឹមគ្នានេះ លោក ចេន ហ្ស៊ី បាន​សម្របខ្លួន​យ៉ាងស្ទាត់​ជំនាញ​ចូលក្នុង​ពិភព​នយោបាយ​នៅកម្ពុជា ដោយ​ចំណាយពេល​បីឆ្នាំ​ធ្វើជា​ទីប្រឹក្សា​គ្មានប្រាក់ខែ​របស់​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង។ នេះបើយោងតាម​សៀវភៅ​រាជកិច្ច​ចេញផ្សាយ​កាលពីឆ្នាំ២០១៧។ នៅខែតុលា ឆ្នាំ២០២០ លោក ហ៊ុន សែន បានតែងតាំង​លោក ចេន ហ្ស៊ី ធ្វើជា​ទីប្រឹក្សា​ផ្ទាល់​របស់លោក មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី។ នៅឆ្នាំបន្ទាប់ ក្នុងខែមីនា សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រូប បានប្រកាស ​បរិច្ចាគ​ប្រាក់​ចំនួន ៣លានដុល្លារ ជួយដល់​ប្រទេស​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺរាតត្បាត​សាកល​កូវីដ-១៩។

ក្នុងខែដដែល​ដែល​លោក ចេន ហ្ស៊ី បានក្លាយជា​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន នោះ ក្រុមហ៊ុន អ៊ីមភឺរៀល ប្រេនស៍ (Imperial Brands) ដែលជា​ក្រុមហ៊ុន​ថ្នាំជក់ មាន​មូលដ្ឋាន​នៅ​ចក្រភពអង់គ្លេស (UK) ដែល​មានលក់​បារី​ម៉ាក​វីនស្តុន(Winston) ផងនោះ បានលក់​ភាគហ៊ុន​ចំនួន ៥០ភាគរយ​របស់ខ្លួន​ ក្នុងតម្លៃ ១,២២៥ ពាន់លាន​អឺរ៉ូ (ស្មើនឹង ១,៤៤ ពាន់លាន​ដុល្លារ) នៅក្នុង​ក្រុមហ៊ុន​មួយ​ឈ្មោះ អាបាណូស អេស.អេ (Habanos S.A) ដែល​មាន​មូលដ្ឋាននៅ​ទីក្រុងហាវ៉ាណា(Havana) ទៅឱ្យ​ក្រុម​អ្នកវិនិយោគទុន​សម្ងាត់​មួយ។ ក្រុមហ៊ុន អាបាណូស អេស.អេ ជា​ក្រុមហ៊ុន​រកស៊ី​ចែកចាយ​ស៊ីហ្គារ ម៉ាក​ម៉ុនតេគ្រីស្តូ (Montecristo) និង​ម៉ាក​កូហ៊ីបា (Cohiba)។ ក្រុមហ៊ុន​ថ្នាំជក់​របស់​រដ្ឋគុយបា គឺក្រុមហ៊ុន គុយបាតាបាកូ(Cubatabaco) កាន់កាប់​ភាគហ៊ុន​ពាក់កណ្តាល​ទៀត​នៅក្នុង​ក្រុមហ៊ុន អាបាណូស។

ក្នុងពេលដែល​ក្រុមអ្នកទិញ​ភាគហ៊ុន​នេះ​បាន​ស្នើសុំ​លាក់បាំង​អត្តសញ្ញាណ​របស់​ពួកគេ ប្រភពនានា​ដែលដឹងឮ​ផ្ទាល់អំពី​បញ្ហានេះ បានប្រាប់ វិទ្យុអាស៊ីសេរី ថា លោក ចេន ហ្ស៊ី គឺជា​វិនិយោគិន​មួយរូប​ក្នុងចំណោម​វិនិយោគិន​ជាច្រើនរូប​ដែលបាន​ទិញ​ភាគហ៊ុន​មួយផ្នែក​នៃ​ក្រុមហ៊ុន អាបាណូស នេះ។

អ្នកប្រកបវិជ្ជាជីវៈ​ខាង​វិស័យ​ឧស្សាហកម្ម​ថ្នាំជក់​ប្រចាំតំបន់​ម្នាក់ បានប្រាប់ វិទ្យុអាស៊ីសេរី ក្នុងលក្ខខណ្ឌ​សុំ​លាក់​អត្តសញ្ញាណ​ដោយសារតែ​ពួកគេ​មិនត្រូវបាន​អនុញ្ញាត​ឱ្យ​និយាយ​ជាមួយ​អ្នកសារព័ត៌មាន ថា «លោក ចេន ហ្ស៊ី បានទិញ​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុននេះ​កាលពី​ជាងមួយឆ្នាំកន្លះ​មុន ក៏ប៉ុន្តែ​រឿងរ៉ាវ​នៃ​ការទិញដូរ​ភាគហ៊ុននេះ​ត្រូវបាន​រក្សាទុក​ជា​ការសម្ងាត់»។

បុគ្គល​ម្នាក់ទៀត​ដែលដឹងឮ​អំពី​ការទិញដូរ​ភាគហ៊ុន​របស់​លោក ចេន ហ្ស៊ី កាលពីពេល​ទិញដូរ​ភាគហ៊ុននោះ បានប្រាប់ វិទ្យុអាស៊ីសេរី ថា លោក ចេន ហ្ស៊ី បាន​ពាក់ព័ន្ធនឹង​ការទិញ​យក​ក្រុមហ៊ុននេះ​មកគ្រប់គ្រង។ ប្រភព​របស់ វិទ្យុអាស៊ីសេរី ក៏បាន​បង្ហាញ​ឈ្មោះ​ប្រតិបត្តិករ​កាស៊ីណូ​ដែល​បាន​ចុះបញ្ជីនៅទីក្រុង​ហុងកុង គឺក្រុមហ៊ុន សាន់ស៊ីធី គ្រូប ហូលឌីងស៍ (Suncity Group Holdings) ថា​ក្រុមហ៊ុននេះ​ក៏​ស្ថិតក្នុងចំណោម​ក្រុមអ្នកទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន អាបាណូស ដែរ។ ប្រធានអគ្គនាយក​ដែលជា​មហាសេដ្ឋី​មាន​លុយរាប់កោដិ​នៃ​ក្រុមហ៊ុន សាន់ស៊ីធី លោក អាល់វីន ចៅ (Alvin Chau) ត្រូវបាន​ចាប់ខ្លួន​នៅទីក្រុងម៉ាកាវ (Macau) កាលពី​ចុងខែវិច្ឆិកា ឆ្នាំមុន ក្រោយពី​មាន​ការស៊ើបអង្កេត​ទៅលើ​ប្រតិបត្តិការ​អាជីវកម្ម​បនល្បែង​អនឡាញ​ខុសច្បាប់ និង​អំពើលាងលុយ​កខ្វក់។ កាលពីខែ​កញ្ញា​កន្លងទៅ លោក អាល់វីន ចៅ បាន​ថ្លែង​ក្នុង​សវនាការ​បឋម​នៅឯ​តុលាការ​ថា លោកពុំបាន​ប្រព្រឹត្ត​កំហុស​ដូចការ​ចោទ​ប្រកាន់​ទាំងអស់​នោះឡើយ។

ប្រភពទីពីរ​បានប្រាប់ វិទ្យុអាស៊ីសេរី ក្នុងលក្ខខណ្ឌ​សុំ​លាក់​អត្តសញ្ញាណ​ដោយសារ​បារម្ភ​ពី​ផលវិបាក ថា «ក្រុមហ៊ុននេះ ត្រូវបាន​កាន់កាប់​ដោយ​លោក ចេន ហ្ស៊ី និង​ក្រុមហ៊ុន សាន់ស៊ីធី»។

ការជាប់ពាក់ព័ន្ធ​នានា​របស់​ក្រុមហ៊ុន សាន់ស៊ីធី ទៅនឹងការទិញដូរ​ភាគហ៊ុននេះ ត្រូវបាន ​សារព័ត៌មាន ប៊្លូមបឺក (Bloomberg) រាយការណ៍​កាលពី​ខែឧសភា ឆ្នាំ២០២០ កន្លងទៅ ដោយ​កត់សម្គាល់​ថា ប្រធាន​ជាន់ខ្ពស់​ផ្នែកហិរញ្ញវត្ថុ (Chief Financial Officer) នៃ​សម្ព័ន្ធក្រុមហ៊ុន​នេះ គឺលោក ជីវ ឃីង-យ៉ាន (Chiu King-yan) មានឈ្មោះ​ជា​នាយក​សាជីវកម្ម​មួយ​ចុះបញ្ជី​នៅក្រុងហុងកុង ឈ្មោះ Allied Cigar Corp។

ក្រុមហ៊ុន​សាជីវកម្ម Allied គឺជា​ម្ចាស់ភាគហ៊ុន​តែមួយគត់​នៃ​ក្រុមហ៊ុន​សញ្ជាតិ​អេស្ប៉ាញ​មួយ ដែលមាន​ឈ្មោះថា ក្រុមហ៊ុនAllied Cigar Corporation SL។ ក្រុមហ៊ុន​នេះ បានត្រៀម​រួចរាល់​ក្នុងការគ្រប់គ្រង​ភាគហ៊ុន​ពាក់កណ្តាល​របស់​ក្រុមហ៊ុន អាបាណូស ដែល​ជារបស់​ក្រុមហ៊ុន អ៊ីមភឺរៀល ប្រេនស៍ ជា​ក្រុមហ៊ុន​រួមទុន​ជាមួយ​របស់​រដ្ឋាភិបាល​គុយបា។

ក្រុមហ៊ុន សាន់ស៊ីធី បាន​បដិសេធ​ប្រាប់​សារព័ត៌មាន ប៊្លូមបឺក ថា​ខ្លួនមិនជាប់​ពាក់ព័ន្ធនឹង​ការទិញដូរ​ភាគហ៊ុន​នេះទេ។

កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ការគ្រប់គ្រង​សាជីវកម្ម Allied Cigar Corporation SL ត្រូវបាន​ផ្ទេរទៅ​ឱ្យ​ក្រុមហ៊ុនសាជីវកម្មAsia Uni Corp.។ នេះបើយោងតាម​ទិន្នន័យ​សាជីវកម្ម​អេស្ប៉ាញ។ របាយការណ៍​ប្រចាំឆ្នាំ​ចុងក្រោយ​របស់​សាជីវកម្ម Asia Uni Corp បង្ហាញថា ភាគហ៊ុន​របស់​ខ្លួន​ត្រូវបាន​កាន់កាប់​ដោយក្រុមហ៊ុន​មួយ​ចុះបញ្ជី​នៅ​កោះ ប្រ៊ីធីស វឺរជីន អាយលែនស៍(British Virgin Islands)។

ច្បាប់​ស្តីពី​ការរក្សាភាពសម្ងាត់​ផ្នែក​សាជីវកម្ម​ដ៏តឹងរ៉ឹង​របស់កោះ ប្រ៊ីធីស វឺរជីន អាយលែនស៍ បង្ក​ការលំបាក​មិនអាចឱ្យគេដឹង​បាន​ពី​សមាសភាព​កម្មសិទ្ធិ​ភាគហ៊ុន​នៅក្នុង​សាជីវកម្ម Asia Uni Corp។ ក៏ប៉ុន្តែ បញ្ជីឈ្មោះ​នាយក​ក្រុមហ៊ុន​នេះ​នៅក្នុង​ឯកសារប្រកាស​ចំណូល​ប្រចាំឆ្នាំ​ដដែល​នោះ បង្ហាញពី​ការពាក់ព័ន្ធ​ជាមួយ​នឹង​លោក ចេន ហ្ស៊ី។

ក្នុងចំណោម​នាយកគ្រប់គ្រង​ ៥នាក់ របស់​ក្រុមហ៊ុន​នេះ ក៏មាន​លោក ឈៀវ វៃ រិន (Qiu Wei Ren) ដែលជា​ពលរដ្ឋ​សញ្ជាតិ​កម្ពុជា​ម្នាក់ និងជា​នាយក​ក្រុមហ៊ុននានា​ដែល​កាន់កាប់​ដោយលោក ចេន ហ្ស៊ី នៅក្រុងហុងកុង និង​នៅកម្ពុជា។

មិនខុសពី​លោក ចេន ហ្ស៊ី លោក ឈៀវ វៃ រិន មានកំណើត​កើតជា​នៅ​ប្រទេសចិន ក៏ប៉ុន្តែ​បាន​ធ្វើ​សញ្ជាតូបនីយកម្ម​ក្លាយជា​ពលរដ្ឋ​កម្ពុជា។ ពួកលោកទាំងពីរ​រួមទាំង​បញ្ជីឈ្មោះ​នៃ​នាយកប្រតិបត្តិ​មួយក្រុម​នៃ​ក្រុមហ៊ុន ព្រីនស៍ គ្រូប នេះ ត្រូវបាន​ព្រះមហាក្សត្រ​កម្ពុជា​ប្រទាន​មេដាយ​កាលពីឆ្នាំ២០២០។ នេះបើយោងតាម​សៀវភៅ​រាជកិច្ច ដែល​បោះពុម្ពផ្សាយ​នូវរាល់​សេចក្តីសម្រេច​នានា​របស់​រដ្ឋាភិបាល​កម្ពុជា។

hun-sen-and-cruz.jpg
លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី គុយបា លោក ម៉ានូអ៊ែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) ធ្វើ​វន្ទនៈកិច្ច​ដល់​កងការពារ​សន្តិសុខ​ក្នុងអំឡុងពេល​មាន​ជំនួបមួយ​ជាមួយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមានសន្តិភាព ក្រុងភ្នំពេញ។ ប្រភព៖ អា.អេហ្វ.ប៉េ (AFP)/ទីស្តីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា/កុយ គី (KOK KY/AFP)

លំហែ​កាយ​នៅ​ក្រុងហាវ៉ាណា (Havana)

គេអាច​ឃើញមាន​វត្តមាន​របស់លោក ចេន ហ្ស៊ី នៅក្នុង​ពិធីជប់លៀង​បង់កេ​មួយ​ដែល​លោក ហ៊ុន សែន បានរៀបចំ​ធ្វើ​នៅក្នុង​សប្ដាហ៍​ដំបូង​នៃខែតុលា​នៅក្រុងភ្នំពេញ​ដើម្បី​ស្វាគមន៍​ដល់​លោក ម៉ានូអ៊ែល ម៉ារ៉េរ៉ូ គ្រុស ដែលបាន​អញ្ជើញ​មកបំពេញ​ទស្សនកិច្ច​នៅ​ប្រទេសកម្ពុជា នៅក្នុង​រូបថត​​មួយសន្លឹក​បង្ហោះនៅ​លើទំព័រហ្វេសប៊ុក​របស់​បុរសខ្លាំងកម្ពុជា​ដែលបាន​កាន់អំណាច​អស់​រាប់សិបឆ្នាំ​មកហើយ។

លោក ចេន ហ្ស៊ី ក៏បានធ្វើដំណើរ​ហែរហម​លោក ហ៊ុន សែន ដែរ ក្រោយពេល​ដែល​លោក ហ៊ុន សែន បាន​ថ្លែង​សុន្ទរកថា​ទៅកាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​បុរី​ញូវយ៉ក (New York)។ ពួកគេ​បាន​ជិះយន្តហោះ​ទៅ​ប្រទេសគុយបា តាម​យន្តហោះ​ប៊ូអ៊ីង​ពិសេសមួយ ដែលជា​កម្មសិទ្ធិ​របស់​អាជីវករ​ជនជាតិចិន​ម្នាក់ ដែលក្លាយខ្លួន​ជា​អ្នកការទូត​កម្ពុជា​ដ៏​ចម្រូងចម្រាស។ នោះ​គឺលោក វ៉ាង យ៉ៅហ៊ុយ (Wang Yaohui)។ នេះបើយោងតាម​សេចក្ដីថ្លែងការណ៍​ជា​លាយលក្ខណ៍​អក្សរ​ដាក់ជូន​តុលាការ​សិង្ហបុរី​ដោយ​វរសេនីយ៍ទោ​ដែលជា​មនុស្សជំនិត​ម្នាក់​​របស់លោក វ៉ាង។ លោក វ៉ាង បានក្លាយជា​ប្រធានបទ​នៃ ​របាយការណ៍​ស៊ើបអង្កេត​ចុងក្រោយ​របស់ វិទ្យុអាស៊ីសេរី ដែល​ពិនិត្យមើល​ពី​អតីតកាល​ពិបាកយល់​របស់លោក​នៅក្នុងប្រទេសចិន និង​នៅ​ទ្វីប​អាហ្វ្រិក ព្រមទាំង​ការលេចមុខ​លេចមាត់​របស់​លោក​សារជាថ្មី​ឡើងវិញ​នៅកម្ពុជា ជាទីដែលលោក​បានព្យាយាម​រកភាពស្របច្បាប់​តាមរយៈ​ចំណង​ទាក់ទងផ្នែក​នយោបាយ និង​ការវិនិយោគ​បែប​អាថ៌កំបាំង​នៅក្នុង ​ក្លឹបបាល់ទាត់​មួយ​នៅ​ប្រទេសអង់គ្លេស

រូបថតដែល​ផុសនៅលើ​ទំព័រហ្វេសប៊ុក​របស់​លោក ហ៊ុន សែន បង្ហាញថា លោក ចេន ហ្ស៊ី ស្ថិតក្នុងចំណោម​ក្រុមអ្នកតាម​ហែរហម​លោក​ដែលបាន​ជួបជាមួយប្រធានាធិបតី​គុយបា លោក មីហ្គួល ឌៀស-កានែល (Miguel Diaz-Canel ) និង​ប្រធាន​រដ្ឋសភាជាតិ​គុយបា លោក អេស្តេបាន ឡាហ្សូ អ៊ែរណង់ដេស៍ (Esteban Lazo Hernández)។

សេចក្តីថ្លែងការណ៍​នៅលើ​គេហទំព័រ​រដ្ឋសភាជាតិ​គុយបា ក៏បាន​កត់សម្គាល់​ដែរ​ថា លោក ចេន ហ្ស៊ី មានវត្តមាន​នៅប្រទេសគុយបា ក្នុងឋានៈលោកជា​ទីប្រឹក្សា​របស់លោក ហ៊ុន សែន។

ប្រធាន​ផ្នែកទំនាក់ទំនង​នៃក្រុមហ៊ុន ព្រីនស៍ គ្រូប អ្នកស្រី ហ្គាប្រ៊ីយេល តាន់ (Gabriel Tan) បានប្រាប់ វិទ្យុអាស៊ីសេរី ឱ្យ​សួរទៅ​ភ្នាក់ងារ​ទំនាក់ទំនង​សាធារណៈ​របស់​ក្រុមហ៊ុន ឈ្មោះ ហ៊ីល អេន ណូលតុន (Hill and Knowlton) ដែលភ្នាក់ងារ​នៃ​ក្រុមហ៊ុននេះ​មិនបាន​ឆ្លើយតប​ទៅនឹង​សំណួរ​របស់ វិទ្យុអាស៊ីសេរី ទេ គិតត្រឹមពេល​ចេញផ្សាយ​អត្ថបទនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។