លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះនឹងលែងធ្វើជានាយករដ្ឋមន្ត្រីចាប់ពីចុងខែសីហានេះតទៅ។
ប្រាកដណាស់លោក ហ៊ុន សែន មិនត្រឹមតែប្រគល់កេរជាតំណែងនាយករដ្ឋមន្ត្រីឲ្យទៅកូនរបស់ខ្លួន ដើម្បីដឹកនាំតពូជបែបទេ លោកក៏នឹងបន្សល់ទុកនូវកេរដំណែលជាបញ្ហាក្នុងសង្គមជាច្រើនទៀត ដែលលោកហ៊ុន សែន បានបង្កើត ក្នុងរយៈពេលដឹកនាំជិត ៤០ឆ្នាំមកនេះរបស់លោក។
តើកេរដំណែលអ្វីខ្លះ ដែលលោក ហ៊ុន សែន បន្សល់ទុកឲ្យ ហ៊ុន ម៉ាណែត ក្រៅតែពីតំណែងនាយករដ្ឋមន្ត្រី?
កូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត នឹងមានយីអ៊ុនជាងគេ ក្នុងចំណោមបងប្អូននៃត្រកូល ហ៊ុន ទាំង ៥នាក់។ លោកនឹងបានស៊ីកេរជាតំណែងនាយករដ្ឋមន្ត្រីបន្តពីឪពុកលោកចាប់ពីចុងខែសីហានេះតទៅ។
លោក ហ៊ុន សែន ប្រគល់តួនាទីជានាយករដ្ឋមន្ត្រីតពូជ ឲ្យ ហ៊ុន ម៉ាណែត អាចមកពីលោក ជាកូនដែលលោកហ៊ុន សែនទុកចិត្តជាងគេ។ ទន្ទឹមនឹងលោក ហ៊ុន ម៉ាណែត ត្រេកត្រអាលនឹងតួនាទីកំពូលផុតលេខក៏ដោយ ក៏លោកនឹងត្រូវប្រឈមមុខនឹងសំពាយកេរដំណែលជាច្រើន ដែលឪពុករបស់លោកបង្កើតឡើង តែដោះស្រាយមិនបាន ហើយបន្សល់ទុកឱ្យលោក។
នេះក៏វិញ្ញាសាមួយដ៏សំខាន់ដែលមហាជននៅរង់ចាំអ៊ុតមើលថាតើលោក ហ៊ុន ម៉ាណែត អាចមានសមត្ថភាព ឬក៏មានឆន្ទៈក្នុងការដោះស្រាយសំពាយកេរដំណែល ទាំងនោះដែរឬទេ?
កេរដំណែលសំខាន់ៗ មួយចំនួន ដែលលោក ហ៊ុន សែន និងបន្សល់ទុកឱ្យកូនរបស់ខ្លួន មានដូចជា៖
ការដែលលោក ហ៊ុន សែន ប្រើប្រាស់ប្រព័ន្ធតុលាការ ជាឧបករណ៍ការពារអំណាច និងបក្ខពួករបស់លោក ដែលជាបច្ច័យចំបងមួយ ក្នុងការធ្វើឱ្យមានរឿងអយុត្តិធម៌ជាច្រើននៅក្នុងសង្គម។
វិបត្តិដីធ្លី ការកាប់បំផ្លាញធនធានធម្មជាតិ ការលុបបឹងបួ ការកាប់ព្រៃឈើ។
បញ្ហាសេដ្ឋកិច្ច អតិផរណា កម្មករឥតការងារធ្វើ
ការបែកបាក់ជាតិ និងអំពើពុករលួយជាប្រព័ន្ធចាក់ឫសយ៉ាងជ្រៅនៅក្នុងរបបដឹកនាំរបស់លោក ហ៊ុន សែន។ល។
ពាក់ព័ន្ធនឹងប្រព័ន្ធយុត្តិធម៌ គឺតុលាការនៅកម្ពុជាត្រូវបានគេមើលឃើញថា ស្ថិតក្រោមការបង្គាប់បញ្ជារបស់លោក ហ៊ុន សែន។ តុលាការបានក្លាយជាតុលាការ "តេឡេ" ដោយសារចៅក្រម និងព្រះរាជអាជ្ញានៅតាមសាលាជំនុំជម្រះក្ដីមួយចំនួនមានកេរ្តិ៍ឈ្មោះអាស្រូវពាក់ព័ន្ធអំពើពុករលួយ បក្ខពួក គ្រួសារនិយម និងកាត់ក្ដីលម្អៀងក្នុងសំណុំរឿងនយោបាយជាដើម។
ម្យ៉ាងវិញទៀតមន្ត្រីជាន់ខ្ពស់តុលាការមួយចំនួនសុទ្ធសឹងតែជាសមាជិកកំពូលរបស់គណបក្សប្រជាជនកម្ពុជា និងមានស្នាដៃជាច្រើនជួយគណបក្សប្រជាជនកម្ពុជាឲ្យបន្តរក្សាអំណាច តាមរយៈកម្ទេចគណបក្សប្រឆាំងនិងអ្នកនយោបាយប្រឆាំង ព្រមទាំងបំបិទសំឡេងរិះគន់ដោយប្រើប្រាស់ច្បាប់ជាឧបករណ៍។
ជាក់ស្ដែង លោក ឌិត មន្ទី លោក ឃឹម ប៉ុណ្ណ និងលោក ជីវ កេង ដែលជាសមាជិកជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជានោះ គឺស្ថិតនៅក្នុងសមាសភាពចៅក្រម ៩រូប ដែលសម្រេចរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។ បញ្ហានេះបានធ្វើឲ្យសហគមន៍ជាតិនិងអន្តរជាតិថ្កោលទោស និងរិះគន់ថា ជាការគាស់រំលើងប្រជាធិបតេយ្យ និងជាន់ឈ្លីប្រព័ន្ធយុត្តិធម៌កម្ពុជា។
ក្រៅពីតុលាការបានក្លាយជាឧបករណ៍ផ្ដាច់មុខរបស់លោក ហ៊ុន សែន ហើយធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង សកម្មជននយោបាយ និងអ្នករិះគន់រដ្ឋាភិបាលនោះ តុលាការនេះក៏បង្កើតអំពើអយុត្តិធម៌ជាច្រើនទៀតដល់ប្រជាពលរដ្ឋ។ ក្នុងនោះ រួមមានរឿងជម្លោះដីធ្លី ដូចជា សហគមន៍ដីធ្លីនៅខេត្តកោះកុង វាលយន្តហោះថ្មីខេត្តកណ្ដាល នៅកៀកនឹងផ្ទះលោក ហ៊ុន សែន និងករណីពលរដ្ឋរងគ្រោះដីធ្លីនៅតំបន់បឹងតាមោក ក្នុងរាជធានីភ្នំពេញជាដើម។ ករណីជម្លោះ ដីធ្លីទាំងនេះ ម្ចាស់ក្រុមហ៊ុនបក្ខពួកលោក ហ៊ុន សែន បានកាន់កាប់ដី រីឯម្ចាស់ដីជាប់គុកទៅវិកាលពីឆ្នាំ២០២២ អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) បានចេញរបាយការណ៍មួយស្ដីពីសន្ទស្សន៍នៃការគោរពនីតិរដ្ឋ ដោយបានដាក់ចំណាត់ ថ្នាក់ប្រទេសកម្ពុជា នៅជិតបាតតារាង គឺជាប់លេខ១៣៩ ក្នុងចំណោម ១៤០ប្រទេសដែលមានកេរ្តិ៍ឈ្មោះអសោចខាងមិនគោរពសិទ្ធិមនុស្ស និងរំលោភប្រព័ន្ធនីតិរដ្ឋ។ ចំណាត់ថ្នាក់បាតតារាងនេះគឺ កម្ពុជាស្ថិតនៅលើប្រទេសវេណេហ្ស៊ុយអេឡា(Venezuela) តែមួយគត់។
កេរដំណែលមួយទៀត ដែលលោក ហ៊ុន ម៉ាណែត នឹងប្រឈមខ្លាំងដែរនោះគឺ បញ្ហាសេដ្ឋកិច្ច ដែលរបបដឹកនាំរបស់លោក ហ៊ុន សែន កំពុងតែរងសម្ពាធគ្រប់ទិសទី។ សហរដ្ឋអាមេរិកជាប្រទេសនាំមុខក្នុងការដាក់ទណ្ឌកម្មបន្ថែមលើរដ្ឋាភិបាល លោក ហ៊ុន សែនគឺអាមេរិកដកជំនួយ ១៨លានដុល្លារ និងបង្កកវីសា (Visa) មន្ត្រីដែលរួមដៃជាមួយលោក ហ៊ុន សែន ដែលបំផ្លាញប្រជាធិបតេយ្យ។ ទណ្ឌកម្មនេះ ធ្វើឡើងភ្លាមៗ ក្រោយពីការរៀបចំការបោះឆ្នោតក្លែងក្លាយកាលពីថ្ងៃទី២៣ កក្កដា។ ក្រៅពីនេះ ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាមេរិក បានបង្កកតាំងពីឆ្នាំ២០២០ មកទល់ពេលនេះ ក៏មិនទាន់បន្តឲ្យកម្ពុជាវិញដែរ។
សហភាពអឺរ៉ុបវិញក៏នឹងបន្តពិនិត្យមើលពីលទ្ធភាពដកប្រព័ន្ធអនុគ្រោះពន្ធ EBAទាំង ស្រុងពីកម្ពុជាដែរ បើសិនជាការដឹកនាំរបស់ត្រកូលហ៊ុននេះ មិនងាកមកស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សវិញទេនោះ។
ទាក់ទងនឹងរឿងសេដ្ឋកិច្ចប្រទេសជាតិវិញ កំណើនសេដ្ឋកិច្ចមិនរីកចំរើនដូចរដ្ឋាភិបាលលោក ហ៊ុន សែន រំពឹងទុកឡើយ។ ធនាគារអភិវឌ្ឍអាស៊ី ADB បានព្យាករកំណើនសេដ្ឋកិច្ចប្រមាណជាង៥%ប៉ុណ្ណោះនៅឆ្នាំ២០២៣នេះ។ កំណើននេះមិនដូចការរំពឹងទុករបស់រដ្ឋាភិបាល ដែលថាកើន៧%ឡើយ។
របាយការណ៍របស់ធនាគារពិភពលោក (World Bank) ចេញផ្សាយកាលពីថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០២២ បង្ហាញថា រយៈពេល ១០ឆ្នាំចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ អត្រាភាពក្រីក្ររបស់កម្ពុជាបានធ្លាក់ចុះពីកម្រិតជិត ៣៤% (៣៣,៨) មកនៅត្រឹមជិត ១៨% (១៧,៨) ដោយជួយឱ្យពលរដ្ឋជិត ២លាននាក់បានរួចផុតពីភាពក្រីក្រ។ ប៉ុន្តែ ចាប់តាំងពីឆ្នាំ២០២០ មក ប្រជាជនប្រមាណជាងកន្លះលាននាក់ បានធ្លាក់ចូលនៅក្រោមកម្រិតប្រាក់ចំណូលនៃភាពក្រីក្រវិញ គឺរកចំណូលបានប្រមាណជាង ១ម៉ឺនរៀល ឬ២,៧ដុល្លារក្នុងមួយថ្ងៃ។
នៅស្របពេលកម្ពុជាកំពុងមានវិបត្តិសេដ្ឋកិច្ចនេះ ប្រជាពលរដ្ឋសម្រុកឆ្លងដែនទាំងខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃមិនថយចុះនោះទេ។ នៅចុងខែមេសាកន្លងទៅនេះ ពលករខ្មែរជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចថៃចាប់ឃុំខ្លួនពីបទមិនមានឯកសារស្របច្បាប់ ដែលក្នុងនោះមានទាំងការដាក់ច្រវាក់ចងជាក្រុមៗ ទៀតផង។
ម្យ៉ាងវិញទៀត ការព្រឹត្តិ « អំពើពុករលួយ » ក៏ជាបញ្ហាស្មុគស្មាញ ដែលលោក ហ៊ុន សែន ដោះមិនចេញដែរ។ មន្ត្រី នាម៉ឺនមានទ្រព្យមហាសាល ក្នុងពេលដែលពលរដ្ឋ អត់ការងារធ្វើសឹងតែរកអង្ករច្រកឆ្នាំងគ្មានផងនោះ។ បញ្ហានេះ ធ្វើឲ្យគម្លាតអ្នកមាននិង អ្នកក្រតែច្រើន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺរដ្ឋាភិបាលលោក ហ៊ុន សែន នៅតែជាប់ផុងក្នុងចំណោមប្រទេសដែលមានអំពើពុករលួយខ្ពស់ដដែល។
លទ្ធផលសន្ទស្សន៍របស់អង្គការតម្លាភាពអន្តរជាតិ សម្រាប់ឆ្នាំ២០២២ បង្ហាញថា កម្ពុជាទទួលបានពិន្ទុ២៤ លើពិន្ទុអតិបរមា ១០០ពិន្ទុ ធៀបនឹងឆ្នាំចាស់ គឺកម្ពុជាកើនតែ ១ពិន្ទុប៉ុណ្ណោះ។ ពិន្ទុទាបបែបនេះ ធ្វើឱ្យកម្ពុជាត្រូវស្ថិតនៅចំណាត់ថ្នាក់ទី១៥០ កាលពីឆ្នាំ២០២២ ដែលធ្លាក់ចុះពីចំណាត់ថ្នាក់១៥៧ កាលពីឆ្នាំ២០២១ ក្នុងចំណោមប្រទេស និងដែនដីសរុប១៨០ ដែលត្រូវបានដាក់បញ្ចូលក្នុងការវាយតម្លៃ។
ក្រៅពីនេះ នៅមាន កេរ្តិ៍ដំណែលដ៏ធំមួយទៀត គឺលោក ហ៊ុន សែន បន្សល់ទុកនោះ គឺការបែកបាក់ជាតិ។ លោក ហ៊ុន សែន បានប្រកាន់យកនយោបាយកម្ទេចដៃគូរ និងកម្ទេចអ្នកប្រឆាំងក្នុងទិសដៅរក្សាអំណាចតពូជ។
ទាក់ទងនឹងបញ្ហានេះអ្នកវិភាគនយោបាយ លោក គឹម សុខ លើកឡើងថា លោក ហ៊ុន ម៉ាណែតនឹងរងថ្មបាក់ពីឪពុក។ លោកបន្ថែមថា លោក ហ៊ុន ម៉ាណែត នឹងមិនអាចផ្សះផ្សាជាតិបានឡើយ។
លោក គឹម សុខ៖ «លោក ហ៊ុន សែន បន្សល់ទុកឲ្យ ហ៊ុន ម៉ាណែត គឺ ការបែកបាក់ជាតិ ញុះញង់ឲ្យខ្មែរស្អប់គ្នា ពិបាកដោះស្រាយ។ វិបត្តិបែកបាក់ជាតិធ្ងន់ធ្ងរហើយ ក៏វានាំឲ្យកើតវិបត្តិគ្រប់វិស័យទាំងអស់ អំពើអបាយមុខ អយុត្តិធម៌សង្គម បក្ខពួកនិយម ការប្លន់ដីប្រជាពលរដ្ឋ ល្បែងស៊ីសង គ្រឿងញៀន ភាពឥតការងារធ្វើ។ វិបត្តិធ្ងន់ធ្ងរនេះកាន់តែធំ ក៏ក្លាយជាវិបត្តិសង្គម ដោះមិនចេញតែម្ដង។
ជាសរុបសេចក្ដីមក ថ្វីដ្បិតតែលោកហ៊ុន ម៉ាណែតអាចជោគជ័យទទួលយកកេរ្តិ៍ដំណែលតួនាទីជានាយកមន្ត្រីតពូជពីលោកហ៊ុន សែនក៏ពិតមែនតែកេរដំណែល នៃការដឹកនាំ ដែលលោក ហ៊ុន សែន ដោះមិនចេញនោះ លោក ហ៊ុន ម៉ាណែត វិញ ក៏នឹងមិនអាចដោះស្រាយបានដូចគ្នាដែរ។ លោក ហ៊ុន ម៉ាណែត ដោះស្រាយមិនបាន ដោយសារតែលោក បានប្ដេជ្ញាដឹកនាំប្រទេសដើរតាមគន្លង ឪពុកដដែល។ មានភស្តុតាងច្រើនណាស់ដែលផ្ដល់ជាតម្រុយឱ្យគេទាញការសន្និដ្ឋានបានថា លោកនឹងចាប់យកកុម្មុយនិស្តចិនជាខ្នងបង្អែក ដូចដែលលោកហ៊ុន សែនបានដាក់លិខិតទៅប្រាប់មេដឹកនាំចិនកាលពីពេលថ្មីៗនេះថា គោលនយោបាយដឹកនាំរបស់ហ៊ុន ម៉ាណែត គឺមិនងាករេចេញពីចិនឡើយ។ ចិនជាមិត្តដែកថែបមិនអាចខ្វះបានដដែល។
ជាងនេះទៅទៀត លោក ហ៊ុន ម៉ាណែត នៅមុនពេលព្រះមហាក្សត្របានចេញព្រះរាជ្យក្រឹត្យចាត់តាំងជានាយករដ្ឋមន្ត្រីថ្មីនេះ លោកបានប្ដេជ្ញាគោរពតាមបណ្ដាំរបស់លោក ហ៊ុន សែន ដ៏សំខាន់មួយទៀតនោះ គឺការពារអ្វីដែលឪពុកលោកហៅថា "សន្តិភាព"។ សន្តិភាពដែលឱនិងកូនអះអាងការពារនេះ មិនមែនសេចក្ដីសុខសាន្តត្រាណ ដែលពលរដ្ឋរស់នៅក្នុងសង្គមមានសេចក្ដីសុខឡើយ។
ពាក្យ "ការពារសន្តិភាព" នេះ គឺមានន័យថាលោក ហ៊ុន ម៉ាណែត នឹងបន្តការពារអំណាចតពូជឲ្យបាន ទោះជាក្នុងតម្លៃណាក៏ដោយ ដូចដែលលោកបានហ៊ុន សែនបានអះអាងប្ដូរផ្ដាច់កន្លងមកដូច្នោះដែរ ទោះជាត្រូវសម្លាប់ ឬកម្ទេច ក៏លោកមិនញញើតដៃដែរ។
ដោយឈរលើមូលដ្ឋានទាំងនេះ រដ្ឋបាលដឹកនាំដោយ ហ៊ុន ម៉ាណែត នឹងមិនខុសពីឪពុករបស់លោកនោះទេ ដូចដែលពាក្យស្លោកខ្មែរថា «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់»។ លោកនឹងមិនខ្វល់អំពីការដោះស្រាយសម្ពាយកេរដំណែល ដែលឪពុករបស់លោកបន្សល់ទុកឲ្យពលរដ្ឋរងទុក្ខលំបាក និងសង្គមជាតិបែកបាក់ ហិនហោចនោះទេ។ អ្វីដែលលោកខ្វល់នោះ តាមមើលទៅមិនខុសពីឪពុកលោកឡើយ គឺខ្វល់តែ « ការពារអំណាចតពូជ » ដោយយកពាក្យសន្តិភាពមកបិទបាំង ឬឆ្ពិនភ្នែកសហគមន៍ជាតិ និងអន្តរជាតិតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។