គណៈរដ្ឋមន្ត្រីបន្តត្រកូលគ្រប់គ្រងដោយលោក ហ៊ុន ម៉ាណែត បានលេចចេញជារូបរាងហើយ ដោយរដ្ឋមន្ត្រីនៃក្រសួងភាគច្រើនត្រូវបានផ្លាស់ប្ដូរ ក្នុងនោះក៏រួមទាំងក្រសួងការងារមួយដែរ។ រដ្ឋមន្ត្រីថ្មីនៃក្រសួងនេះ គឺលោក ហេង សួរ មន្ត្រីជំនិតផ្ទាល់របស់លោក ហ៊ុន ម៉ាណែត។ តើលោក ហេង សួរ មានប្រវត្តិយ៉ាងណា?
លោក ហេង សួរ បានឡើងឋានៈជារដ្ឋមន្ត្រីក្រសួងការងារក្នុងរដ្ឋាភិបាលអាណត្តិទី៧ នេះ ដូចការទស្សន៍ទាយរបស់មជ្ឈដ្ឋាននានា។ លោកអាចឡើងដល់ឋានៈកំពូលបែបនេះបាន មិនមែនដោយសារលោកជួយកែទម្រង់វិស័យការងារឱ្យល្អប្រសើរនោះទេ ក៏ប៉ុន្តែគឺដោយសារលោកស្មោះស្ម័គ្រ និងហ៊ានធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីផ្គាប់ផ្គុនមេកោយរបស់លោក។
ប្រវត្តិសង្ខេប
លោក ហេង សួរ កើតនៅឆ្នាំ១៩៧៤ នៅរាជធានីភ្នំពេញ។ លោកមានបងប្អូនបង្កើត ៥នាក់ ហើយលោកជាកូនច្បង។ លោកមានកូនចំនួន ៣នាក់ ស្រីម្នាក់ និងប្រុស ២នាក់។លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ១៩៩៨ និងមានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតពីប្រទេសជប៉ុន។ លោកធ្លាប់ជាប្រធានសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុនពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៤។
ឡើងតំណែងលឿន តែលម្អៀងទៅរកនាយទុន
លោក ហេង សួរ បានឡើងរាសីជាបន្តបន្ទាប់ និងមានតួនាទីច្រើនស្អេកស្កះក្នុងក្រសួងការងារ មុននឹងក្លាយជារដ្ឋមន្ត្រីថ្មីនៃក្រសួងការងារចាប់ពីថ្ងៃទី២២ សីហា ២០២៣ តទៅ។ ពីដំបូង លោកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រោយមកក្លាយជាអនុរដ្ឋលេខាធិការ និងរដ្ឋលេខាធិការនៃក្រសួងការងារ។ ក្រៅពីនេះ លោកជានាយកខុទ្ទកាល័យរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យក្រសួងការងារ ព្រមទាំងជាសមាជិកដ៏មានឥទ្ធិពលនៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។
ក៏ប៉ុន្តែលោក ហេង សួរ ជាមន្ត្រីជាន់ខ្ពស់មួយរូបដែលតែងមានជំហរផ្អៀងទៅរកក្រុមនាយទុន។ ជំហរលម្អៀងរបស់លោកនេះ សម្ដែងចេញទាំងនៅក្នុងកិច្ចប្រជុំបិទទ្វារ និងជាសាធារណៈ។
ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) អ្នកស្រី យ៉ាង សុភ័ណ្ឌ ដែលធ្លាប់ចូលតុចរចាប្រាក់ឈ្នួលគោលសម្រាប់វិស័យកាត់ដេរជាច្រើនលើកជាមួយលោក ហេង សួរ នោះ បានពណ៌នាថា លោក ហេង សួរ ជាមនុស្សមានចំណេះដឹងជ្រៅជ្រះ មានសមត្ថភាព និងពូកែនិយាយបញ្ចុះបញ្ចូល។ ប៉ុន្តែអ្នកស្រីសង្កេតឃើញថា លោក ហេង សួរ គឺជាមនុស្សធ្វើការតាមអារម្មណ៍ ដោយពេលខ្លះប្រើភាសាគ្រោតគ្រាត និងបែបសម្លុតគំរាមលើសហជីពឯករាជ្យ ដែលធ្វើការដើម្បីបម្រើប្រយោជន៍កម្មករទៀតផង។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ៖«ទីមួយ ខ្ញុំអត់ទុកចិត្តគាត់ទេ ព្រោះគាត់បត់បែនលឿន ហើយបន្ទាប់មកការងារអ្វីក៏គាត់ចេះធ្វើដែរ។ ជួនកាល គាត់និយាយជាមួយយើង ស្ដាប់គាត់ដំបូងដូចយើងស្លុងតែម្ដង ប៉ុន្តែនៅពេលវិភាគមើលយូរៗទៅ គាត់បត់បែនលឿនណាស់។ ខ្ញុំចរចាជាមួយគាត់ច្រើនឆ្នាំ ខ្ញុំអាចសន្និដ្ឋានបានថា មនុស្សគាត់ធ្វើការឱ្យរដ្ឋាភិបាលសុទ្ធ។ អ្វីដែលរដ្ឋាភិបាលឱ្យគាត់ធ្វើ គាត់អាចធ្វើបានទាំងអស់។ គាត់អត់ខ្វល់រឿងចំពោះមុខគាត់ រឿងប្រយោជន៍របស់កម្មករ រឿងប្រយោជន៍រួម ប្រយោជន៍អ្វីហ្នឹង គាត់អត់ខ្វល់ទេ»។
ជំហរលម្អៀងទៅរកនាយទុនមួយទៀតដែលលោក ហេង សួរ បានបង្ហាញជាសាធារណៈ មុនក្លាយជារដ្ឋមន្ត្រីក្រសួងការងារនោះ គឺករណីវិវាទការងារនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Nagaworld)។
ក្នុងពេលកូដករណាហ្គាវើលដ៍ដែលមួយចំនួនជាស្ត្រីមានផ្ទៃពោះ នាំគ្នាចេញតវ៉ារកដំណោះស្រាយកាលពីខែធ្នូ ឆ្នាំ២០២១ លោក ហេង សួរ បានបង្ហោះសារបែបបញ្ឆិតបញ្ឆៀងនៅលើហ្វេសប៊ុកថា នេះជាតាក់ទិចរបស់អ្នករៀបចំបដិវត្តន៍ពណ៌។ លោកចោទថា អ្នករៀបចំតែងតែបន់ស្រន់ឱ្យមានគ្រោះថ្នាក់លើស្ត្រីទាំងនោះ ដើម្បីបញ្ឆេះកំហឹងមហាជន ប៉ុន្តែតាក់ទិចនេះតែងតែត្រូវបានអាជ្ញាធរចាត់ការលើមេក្លោង និងជនដៃដល់ ដែលអនុវត្តផែនការនេះបានទាន់ពេលវេលា។
ថ្វីបើលោក ហេង សួរ មិននិយាយចំឈ្មោះលើក្រុមកូដករណាហ្គាវើលដ៍ក៏ដោយ តែលោកបានបង្ហោះសារនេះក្រោយពេលកូដករណាហ្គាវើលដ៍ជាង ១ពាន់នាក់ នាំគ្នាចេញតវ៉ាដោយសន្តិវិធីនៅមុខក្រុមហ៊ុន។ ជាលទ្ធផល អាជ្ញាធរ និងក្រុមសន្តិសុខបានប្រើអំពើហិង្សា ចាប់ទាញ និងចាប់បង្ខំឱ្យកូដករឡើងលើរថយន្តក្រុងដឹកចេញពីមុខក្រុមហ៊ុនជាហូរហែ រហូតដល់កូដករម្នាក់រលូតកូនក្នុងផ្ទៃ។ ជាងនេះទៅទៀត តុលាការគ្រប់ជាន់ថ្នាក់បានផ្ដន្ទាទោសប្រធានសហជីពណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ឱ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ និងសមាជិកសហជីព ៦នាក់ទៀត ឱ្យជាប់ពន្ធនាគារចន្លោះពីមួយឆ្នាំទៅមួយឆ្នាំកន្លះ ដោយសារការចេញតវ៉ាដោយសន្តិវិធីដើម្បីរកដំណោះស្រាយវិវាទការងារ។ កញ្ញា ឈឹម ស៊ីថរ កំពុងជាប់ឃុំក្នុងពន្ធនាគារលើកទីពីរអស់រយៈពេលជិតមួយឆ្នាំមកហើយ ខណៈសមាជិកសហជីពផ្សេងទៀតស្ថិតនៅក្រៅឃុំ។
ងាកទៅដំណោះស្រាយវិញ ក្រុមកូដករឱ្យដឹងថា ក្រសួងការងារដែលត្រូវមានតួនាទីជាអាជ្ញាកណ្ដាលនោះ បែរជាឈរនៅខាងក្រុមហ៊ុន ហើយបង្ខំឱ្យពួកគេទទួលយកសំណងដែលមិនស្របតាមច្បាប់ការងារទៅវិញ។
អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម សុខន ថ្លែងថា ការចរចារកដំណោះស្រាយបញ្ចប់វិវាទការងារនេះ គ្មានការជឿនលឿនទៅមុខនោះទេ។ កញ្ញាមិនរំពឹងលើលោក ហេង សួរ ក្នុងការដោះស្រាយវិវាទការងារនេះឡើយ ព្រោះកន្លងទៅលោកជាជនឈានមុខគេខាងប្រឌិតរឿង លាបពណ៌លើក្រុមកូដករ។
កញ្ញា ឈឹម សុខន៖«គាត់បាននិយាយភាសាលាបពណ៌ថា ពួកខ្ញុំហ្នឹងបានធ្វើបដិវត្តន៍ពណ៌អ៊ីចឹង។ គាត់អ្នកនាំពាក្យអត់អាចនិយាយពាក្យហ្នឹងទេ អ៊ីចឹងទៅធ្វើឱ្យខ្ញុំអត់មានសេចក្ដីសង្ឃឹមក្នុងការដែលគាត់ឡើងជារដ្ឋមន្ត្រីក្រសួងការងារគាត់ដោះស្រាយឱ្យពួកខ្ញុំអ៊ីចឹង»។
ដូចគ្នានេះដែរ ប្រធានសហជីពប្រចាំក្រុមហ៊ុនដឹកអ្នកដំណើរ ចាយអ៊ិន អាយប៊ីស (Giant Ibis) ដែលកំពុងតវ៉ាស្នើសុំឱ្យក្រសួងការងារជួយដោះស្រាយបញ្ហាថៅកែបញ្ឈប់លោក និងសមាជិកសហជីពដោយខុសច្បាប់ គឺលោក សៀម ម៉ូរ៉ាឌី មានប្រសាសន៍ថា លោកគ្មានជំនឿថា លោក ហេង សួរ នឹងជួយដោះស្រាយបញ្ហាជូនកម្មករបាននោះទេ។
លោក សៀម ម៉ូរ៉ាឌី៖«គ្រាន់តែពីមុន គាត់មិនទាន់ឡើងផង កម្មកររោងចក្រ និងកម្មករវិស័យផ្សេងទៀតហ្នឹង វេទនាចង់ងាប់ មិនដែលឃើញខាងក្រសួងការងារមកដោះស្រាយឱ្យបានត្រឹមត្រូវទៅតាមច្បាប់ផង ចុះទម្រាំឥលូវគាត់ឡើងទៀត ខ្ញុំអត់មានសង្ឃឹមសោះតែម្ដង។ ខ្ញុំនិយាយក្នុងបេះដូងរបស់ខ្ញុំតែម្ដង។ អារម្មណ៍ខ្ញុំយល់ថា គាត់ឡើងមកមានតែពិបាកជាងមុន។[ម៉េចអ៊ីចឹង?]ពីព្រោះយើងដឹងហើយបុគ្គលគាត់ ក៏មានការបង្គាប់បញ្ជាពីគាត់ច្រើនដែរ»។
ចរិតកោងកាចត្រូវបានទម្លាយ
កេរ្តិ៍ឈ្មោះរបស់លោក ហេង សួរ បានល្បីរន្ទឺពេញស្រុកខ្មែរ និងខ្ទរខ្ទារទៅដល់សហគមន៍ខ្មែរនៅក្រៅប្រទេសថែមទៀត នៅពេលសារសំឡេងរយៈពេលជាងមួយនាទីត្រូវបានគេចែកចាយព្រោងព្រាតលើបណ្ដាញសង្គម កាលពីខែតុលា ឆ្នាំ២០១៨។ សារសំឡេងដែលគេជឿថា ជារបស់លោក ហេង សួរ នោះ និយាយអំពីគម្រោងជួលក្រុមជើងកាង ដើម្បីវាយធ្វើបាបក្រុមពលករខ្មែរនៅក្រៅប្រទេសដែលគាំទ្រគណបក្សប្រឆាំង។
លោក ហេង សួរ៖«ពិនិត្យមើល យើងនៅហ្នុង[ជប៉ុន]មិនដឹងជាមានស្គាល់បណ្ដាញខាងណា។ ត្រូវចាប់ផ្ដើមធ្វើដូចនៅកូរ៉េអ៊ីចឹង រកពួកជើងកាងមួយចំនួន មើលមុខសញ្ញាណាដែលចាំបាច់ យកជើងកាងទៅវ៉ៃវាទៅ ហើយជើងកាងហ្នឹងត្រឡប់មកវិញ យើងចិញ្ចឹម។ ធ្វើយ៉ាងម៉េចឱ្យអាមួយហ្នឹង វាប្រកាច់ប្រកិននៅទីនោះចុះ។ ហើយបើអាជើងកាងហ្នឹង គេមិនដែលចាប់ដាក់គុកនៅស្រុកគេទេ អាហ្នឹងគេចាប់បន្តិច គេប្រលែងមកហើយឱ្យជាប់គុកស្រុកយើង។ ចាំមកដល់ស្រុកយើង ចាំយើងចិញ្ចឹម។ រឿងនេះមិនអាចលេងសើចបានទេ។ ច្រើនដងហើយ លើកមុនយើងមិននេះទេ តែលើកនេះទៅ គឺនៅចំពោះមុខ ហើយវាហ៊ានជាន់បែបនេះ គឺយើងមិនអាចលើកលែងឱ្យវាបានទេ។ ហើយបងស្រេង ថ្ងៃមុនថា ឱ្យមុខសញ្ញាអ្នកដែលជាសកម្មជនពួកវាមកហ្នឹង តែឥលូវនេះ គឺយើងត្រូវធ្វើការងារហ្នឹងបន្តិច។ អានេះមក ឱ្យវាគ្រោះថ្នាក់ចរាចរណ៍នៅស្រុកខ្មែរចុះ»។
កាលនោះ លោក ហេង សួរ បានបដិសេធសារសំឡេងនេះតាមរយៈប្រព័ន្ធឃោសនារបស់រដ្ឋាភិបាល ហើយលោកចោទថា ក្រុមគណបក្សប្រឆាំងជាអ្នកប្រឌិតរឿងនេះ ដើម្បីវាយប្រហារលើរូបលោក។ ប៉ុន្តែទោះជាលោកប្រឹងប្រកែកយ៉ាងណាក្ដី ក៏ប្រភពមួយចំនួនបញ្ជាក់ថា សារសំឡេងនេះពិតជារបស់លោកមែន។
ប្រធានចលនាសង្គ្រោះជាតិនៅជប៉ុន លោក ហៃ វណ្ណា ឱ្យដឹងថា លោកទទួលបានសារជាងមួយនាទីនេះពីប្រភពនៅក្នុងក្រុមតេឡេក្រាមរវាងមន្ត្រីក្រសួងការងារ និងភ្នាក់ងារបញ្ជូនពលករទៅប្រទេសជប៉ុន។ លោកថា សារនេះបង្ហាញថា លោក ហេង សួរ ជាមនុស្សកោងកាច និងអមនុស្សធម៌។
លោក ហៃ វណ្ណា៖«ខ្ញុំមិននឹកស្មានថា គាត់មានចរិតអ៊ីចឹងសោះ តាំងពីធ្លាយសារហ្នឹងមក គឺឃោរឃៅមែនទែន។ មិនគួរណាគាត់យង់ឃ្នងបែបហ្នឹង។ ខ្ញុំមានការភ្ញាក់ផ្អើល ហើយមានការសោកស្ដាយ»។
លោក ហៃ វណ្ណា អះអាងទៀតថា ការងារស្នូលសំខាន់មួយទៀតរបស់លោក ហេង សួរ គឺគ្រប់គ្រងភ្នាក់ងារ ឬពួកមេខ្យល់បញ្ជូនពលករទៅក្រៅប្រទេស។ លោកចោទថា តាមរយៈការងារនេះ លោក ហេង សួរ ទទួលបានផលប្រយោជន៍ជាលុយកាក់ពីភ្នាក់ងារបញ្ជូនពលករ ហើយអាចប្រើប្រាស់ពួកគេដើម្បីគាបសង្កត់ ឬធ្វើទុក្ខបុកម្នេញលើពលករណាដែលគាំទ្រគណបក្សប្រឆាំងនៅក្រៅប្រទេសទៀតផង។
លោក ហៃ វណ្ណា៖«ក្រុមហ៊ុនដែលអាចបញ្ជូន[ពលករ]មកបាន ទាល់តែមានលុយ ១០ម៉ឺនដុល្លារ។ សួរថា ពួកគាត់អស់ហ្នឹងមានលុយ ១០ ម៉ឺនដុល្លារហ្នឹងមកពីណាទៅតម្កល់នៅធនាគារ ឬរតនាគារ។ អ៊ីចឹងវាអាចកើតឡើងរឿងអំពើពុករលួយមួយបានបាត់ហើយ ត្រង់ថា ហេង សួរ ទារ ១ ម៉ឺន[ដុល្លារ]ឬក៏ ២ ម៉ឺន[ដុល្លារ]អាហ្នឹងស្រេចតែគាត់ទារ ខ្ញុំអត់អាចដឹងបានទេ។ ទីពីរ គាត់ស៊ីពីលើពលករ។ មិនដឹងជាក្នុងម្នាក់គាត់ស៊ីប៉ុន្មាននោះទេ។ បើយើងថា ក្នុងម្នាក់ គាត់ស៊ីមួយខែតែ ១រយ[ដុល្លារ]មិនដឹងថា គាត់មានស្អីខ្លះនៅស្រុកខ្មែររាល់ថ្ងៃហ្នឹង។ អ៊ីចឹង រឿងហ្នឹងវាជារឿងមួយដែលយើងអាចស៊ើបអង្កេត នៅពេលរបបហ្នឹងផុតរលត់ទៅ»។
កន្លងទៅ មិនធ្លាប់មានព័ត៌មានបែកធ្លាយពីទ្រព្យសម្បត្តិរបស់លោក ហេង សួរ នោះទេ ហើយលោកក៏មិនបានសម្ញែងទ្រព្យសម្បត្តិហ៊ឺហា ដូចមន្ត្រីមួយចំនួនទៀតនោះដែរ។ ប៉ុន្តែភរិយារបស់លោក ឈ្មោះ សោម រស្មី គឺជាម្ចាស់សណ្ឋាគារធំមួយនៅក្បែរឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ ដែលអាចមានតម្លៃដល់រាប់លានដុល្លារ។ បើតាមការបង្ហោះលើហ្វេសប៊ុកផ្ទាល់ខ្លួន ភរិយារបស់លោក ហេង សួរ គឺជាអ្នកជំនួញអចលនទ្រព្យម្នាក់ដែរ ដែលគាត់បានបង្ហោះសារលក់ដី និងផ្ទះនៅលើហ្វេសប៊ុកជាបន្តបន្ទាប់។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងលោក ហេង សួរ ជាច្រើនដង ដើម្បីសុំការបកស្រាយរឿងនេះ តែមិនទទួលបានការឆ្លើយតបនោះទេ។
ជុំវិញការលើកឡើងទាំងឡាយពាក់ព័ន្ធនឹងលោក ហេង សួរ នេះ តំណាងគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកថា ជារឿងដែលមិនអាចយកជាការបាន។
លោក សុខ ឥសាន៖«គាត់មនុស្សល្អ។ គាត់ធ្វើការត្រឹមត្រូវតាមតួនាទីភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ឱ្យគាត់ ហើយដែលគណបក្សប្រគល់ជូនគាត់។ បើឯកឧត្តម ហេង សួរ ទៅធ្វើសកម្មភាពដោយមានការគំរាមកំហែងដល់ពលករខាងក្រៅ អាជ្ញាធរ[ប្រទេស]គេនឹងចាត់ការហើយ។ យើងមានសិទ្ធិអ្វីទៅគ្របដណ្ដប់ទៅលើឯករាជ្យ និងអធិបតេយ្យភាពរបស់ប្រទេសដទៃ អត់មានទេ»។
ផ្អែមមាត់ ឬល្វីងមុខ ?
ដូចមន្ត្រីគ្រាក់ៗមួយចំនួនទៀតដែរ លោក ហេង សួរ បានបង្ហាញភក្ដីភាពចំពោះលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដោយឥតងាករេ ជាពិសេសលោករហ័សរហួនខ្លាំងក្នុងការគាំទ្រជាសាធារណៈចំពោះផែនការផ្ទេរអំណាចពីឪពុកទៅកូន។ ម្យ៉ាងវិញទៀត លោកបម្រើលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បានយ៉ាងល្អ តាមរយៈការប្រឹងអូសទាញពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសក្នុងតំបន់អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ឱ្យងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជា។ ក្នុងពេលជាមួយគ្នានេះ លោកក៏ប្រឹងប្រែងខ្ទប់សំឡេងគណបក្សប្រឆាំងដែលមាននៅតាមបណ្ដាប្រទេសទាំងនោះដែរ តាមរយៈមធ្យោបាយទុច្ចរិតផ្សេងៗ ដូចជា ការគំរាមកំហែង និងការបំបែកបំបាក់ ជាដើម។ ហេតុដូច្នេះហើយទើបលោកអាចទទួលបានលាភធំពីមេកោយរបស់លោក ក្លាយទៅជារដ្ឋមន្ត្រីថ្មីនៃក្រសួងការងារនៅពេលនេះ។
ទោះជាយ៉ាងណា លោក ហេង សួរ ឡើងមកចំពេលនេះក៏ទំនងជាមិនផ្អែមមាត់ប៉ុន្មាននោះដែរ ព្រោះមានបញ្ហារាប់ជំពូកដែលកំពុងរង់ចាំឱ្យលោកដោះស្រាយ មានជាអាទិ៍ បញ្ហាអត់ការងារធ្វើរបស់កម្មករកើតចេញពីការបិទរោងចក្រ ឬព្យួរការងារ បញ្ហាចំណាកស្រុករបស់ពលរដ្ឋ និងការបង្កើនឱកាសការងារសម្រាប់យុវជនដែលហក់ចូលទីផ្សារការងារកាន់តែច្រើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានេះ លោកក៏ត្រូវដោះស្រាយបំណុលចាស់មួយទៀតដែរ គឺការដែលរដ្ឋាភិបាលមិនអនុវត្តឱ្យបានពេញលេញទៅតាមលិខិតុបករណ៍អន្តរជាតិស្ដីពីសិទ្ធិការងារ ដែលធ្វើឱ្យកម្ពុជាបន្តជាប់ឈ្មោះថា ជាប្រទេសមានករណីរំលោភសិទ្ធិការងារ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។