តើ​លោក ដួង តារា អ្នក​បង្កើត​ហ្វេសប៊ុក​ឱ្យ​លោក ហ៊ុន សែន មាន​ប្រវត្តិ​បែប​ណា?

0:00 / 0:00

ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន មាន​មន្ត្រី​ជំនិត​មួយ​រូប ដែល​ជា​តារា​ហ្វេសប៊ុក (Facebook)។ មន្ត្រី​រូប​នោះ​តែង​បង្ហោះ​រូបភាព​របស់​ខ្លួន​ស្ទើរ​ជា​រៀងរាល់​ថ្ងៃ អម​ជាមួយ​នឹង​សារ​ផ្សេងៗ និង​ការ​លើក​សរសើរ​ការដឹកនាំ​របស់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន។ មន្ត្រី​ម្នាក់​នេះ​ក៏​ជា​អ្នក​ជួយ​បង្កើត​ហ្វេសប៊ុក​ឱ្យ​លោក ហ៊ុន សែន ផង​ដែរ។ តើ​មន្ត្រី​ជំនិត​របស់​លោក ហ៊ុន សែន រូប​នេះ ជា​នរណា?

លោក ដួង តារា បច្ចុប្បន្ន ឡើង​ឋានៈ​ដល់​រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។ លោក​ក្លាយ​ជា​មន្ត្រី​ធំ​ក្នុង​ជួរ​រដ្ឋាភិបាល មិនមែន​ដោយសារ​អតីតភាព ឬ​ប្រវត្តិ​តស៊ូ​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ ប៉ុន្តែ​គឺ​ដោយសារ​លោក​ជា​អ្នក​បង្កើត និង​កាន់​ទំព័រ​ហ្វេសប៊ុក (Facebook) ផ្លូវការ​ឱ្យ​លោក ហ៊ុន សែន គឺ​ទំព័រ​ហ្វេសប៊ុក​ជា​ភាសា​អង់គ្លេស Samdach Hun Sen of Cambodia។

លោក ដួង តារា ថ្លែង​ប្រាប់​អាស៊ីសេរី​ថា លោក​មាន​កិត្តិយស​ដែល​បាន​ធ្វើការ​ឱ្យ​លោក ហ៊ុន សែន។

លោក ដួង តារា៖«អ្វី​ដែល​ខ្ញុំ​ធ្វើការ​ជូន​សម្ដេច​នាយករដ្ឋមន្ត្រី[ហ៊ុនសែន]កន្លងមក​នេះ គឺ​ខ្ញុំ​ធ្វើការ​ដោយ​ក្ដី​គោរព​ស្រឡាញ់​ដ៏​ខ្ពង់ខ្ពស់​ចំពោះ​សម្ដេច​ប្រមុខ​ដឹកនាំ សេចក្ដី​គោរព​ស្រឡាញ់​ដ៏​ខ្ពង់ខ្ពស់​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ខ្ញុំ​មាន​ឱកាស​បាន​ជួយ​សង្គម​ជាតិ​យើង»។

ក្រៅពី​កាន់​ទំព័រ​ហ្វេសប៊ុក​ឱ្យ​លោក ហ៊ុន សែន ហើយ​នោះ លោក ដួង តារា គឺជា​អ្នក​ឈ្លប​យក​ការណ៍​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឱ្យ​លោក ហ៊ុន សែន ហើយ​ក៏​ជា​អ្នក​តាមដាន និង​កំណត់​មុខ​សញ្ញា​សមាសភាព​អ្នកចូលរួម​សម្ដែង​ការ​ទទួល​ស្វាគមន៍​លោក ហ៊ុន សែន រាល់​ពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។ បើ​និយាយ​ពី​បុគ្គល​ខ្លួន​លោក​វិញ លោក ដួង តារា ជា​មនុស្ស​ចូលចិត្ត​បង្ហាញ​ពី​ចិត្ត​ធម៌​ជួយ​អ្នក​ក្រីក្រ ហើយ​ថត​ដាក់​ហ្វេសប៊ុក ដែល​មជ្ឈដ្ឋាន​មួយចំនួន​រិះគន់​លោក​ថា ជា​មនុស្ស​ពូកែ​សម្ដែង។

លោក ដួង តារា បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ទស្សនវិជ្ជា និង​អក្សរសាស្ត្រ​ខ្មែរ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាល​ពី​ឆ្នាំ​១៩៩៧ និង​មាន​វិញ្ញាបនបត្រ​សិក្សា​វគ្គ​ខ្លីៗ​មួយ​ចំនួន​ទៀត។ លោក​ធ្លាប់​រស់នៅ និង​ធ្វើការ​នៅ​រដ្ឋ​វ៉ាស៊ីនតោន (Washington State) សហរដ្ឋអាមេរិក ចន្លោះ​ពី​ឆ្នាំ២០០០ ដល់​ឆ្នាំ ២០០៩។ នេះ​បើ​យោង​តាម​ប្រវត្តិ​រូប​សង្ខេប​មួយ​ច្បាប់ ដែល​អាស៊ី​សេរី​ទទួល​បាន។ ក្នុង​ប្រវត្តិ​រូប​នោះ​ទៀតសោត លោក​ព្យាយាម​បង្ហាញ​ថា លោក​ជា​មនុស្ស​មាន​ចំណេះ ជំនាញ និង​បទពិសោធន៍​ការងារ​ជោគជាំ។

ប៉ុន្តែ​ប្រភព​ដែល​ធ្លាប់​ស្គាល់ និង​ដឹង​ពី​សកម្មភាព​របស់​លោក ដួង តារា ក្នុង​ពេល​លោក​រស់នៅ​រដ្ឋ​វ៉ាស៊ីនតោន​នោះ បាន​រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ថា លោក ដួង តារា ហាក់​មិន​មាន​ជំនាញ និង​អាជីព​ច្បាស់លាស់​ឡើយ។

ប្រភព​ថ្លែង​លាក់​ឈ្មោះ៖«គាត់​ធ្វើ​នេះ​បន្តិច ធ្វើ​នោះ​បន្តិច​អ៊ីចឹង​ទៅ។ គាត់​ធ្លាប់​ធ្វើ​ការ​នៅAsian Counseling Referral Service (ACRS)ជា​កន្លែង​មួយ​ផ្ដល់​ជា​ធនធាន​ដល់​សហគមន៍​ខ្មែរ​មួយ​ដែរ ប៉ុន្តែ​ដូចជា​មិន​ជាប់លាប់​នោះ​ទេ។ បងប្អូន​ដែល​ធ្លាប់​ធ្វើការ​នៅក្នុង​ហ្នឹង​ជា​បុគ្គលិក​ហ្នឹង ក៏​មាន​ការ​រិះគន់​ច្រើន​លើ​របៀប​ដែល​គាត់​ធ្វើការ ទាំង​សីលធម៌​ក្នុង​ការ​ធ្វើការ និង​ឥរិយាបថ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ខ្មែរ​ក្នុង​សហគមន៍»។

ប្រភព​ដដែល​រៀបរាប់​ទៀត​ថា លោក ដួង តារា ជា​មនុស្ស​គិត​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​ជា​ធំ។ ជា​ឧទាហរណ៍​លោក​ធ្លាប់​បង្កើត​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​មួយ​កន្លែង​នៅ​ទីក្រុង​សៀអាថល (Seattle) នៃ​រដ្ឋវ៉ាស៊ីនតោន ដើម្បី​កៀរគរ​ថវិកា​ពី​សហគមន៍​ខ្មែរ​នៅ​ទីនោះ ប៉ុន្តែ​ដោយសារ​គ្មាន​ទំនុកចិត្ត​ពី​ពលរដ្ឋ​ក្នុង​សហគមន៍ សារមន្ទីរ​នោះ​ក៏​រលាយ​ទៅ​វិញ​ក្នុង​រយៈ​ខ្លី។

លោក ដួង តារា៖«ទីមួយ ដូចជា​ភាព​មិន​ស្មោះត្រង់​របស់​គាត់ ដែល​យើង​សង្កេត​ឃើញ​ទូទៅ។ ទីពីរ គាត់​ជា​មនុស្ស​ឱកាស​និយម ពេលខ្លះ​ដូច​ថា បើ​មាន​ឱកាស គាត់​សុំ​លុយ​កាក់​ពី​បងប្អូន​ខ្មែរ។ ឬ​ក៏​របៀប​ដែល​គាត់​បង្កើត​សារមន្ទីរ​ប្រល័យ​ពូជសាសន៍(Killing Field)ដាក់​ឈ្មោះ​គាត់​ជា​នាយក​ប្រតិបត្តិ(Executive Director)ដើម្បី​ទទួល​បាន​កម្រៃ​ក្នុង​ការ​ទទួល​លុយ​មូលនិធិ​ដែល​ចូល​មក ហើយ​បែងចែក​ប្រាក់​ខែ​សម្រាប់​ខ្លួន​គាត់​ធំ​ជាងគេ​អ៊ីចឹង។ ចំណុច​មួយ​ទៀត ទាក់ទង​នឹង​ការ​រត់ពន្ធ​មនុស្ស​ឱ្យ​មក​រស់នៅ​សហរដ្ឋអាមេរិក​តាមរយៈ​អាពាហ៍ពិពាហ៍ ក៏​ធ្លាប់​មាន​រឿង​អាស្រូវ​នេះ​ដែរ»។

វិទ្យុ​អាស៊ី​បាន​សាកសួរ​ព័ត៌មាន​ខ្លះៗ​ពី​លោក ដួង តារា អំពី​ការ​រស់នៅ និង​សកម្មភាព​របស់​លោក​នៅ​ទីក្រុង​សៀអាថល (Seattle) នៃ​រដ្ឋ​វ៉ាស៊ីនតោន ប៉ុន្តែ​លោក​មិន​ផ្ដល់​ព័ត៌មាន​ទាំងនោះ​ទេ ដោយ​លោក​និយាយ​ថា លោក​ឆ្លើយ​សំណួរ​ផ្សេង​ច្រើន​មក​ហើយ។

ចំពោះ​ការ​រិះគន់​ទាំងឡាយ​លើ​រូប​លោក​វិញ លោក ដួង តារា ថ្លែង​ថា លោក​មិន​ទោមនស្ស​នឹង​មតិ​ទាំងនោះ​ទេ។

លោក ដួង តារា៖«ការ​ដែល​អ្នក​ដទៃ ឬ​អ្នក​រិះគន់​ទាំងឡាយ ដែល​គេ​រិះគន់​ខ្ញុំ គេ​គិត​ថា ខ្ញុំ​មាន​គំនិត​ទុច្ចរិត​ចង់​ធ្វើ​ធំ ធ្វើ​អ្វី​នោះ គឺ​ខ្ញុំ​មិន​ដែល​គិត​អ៊ីចឹង​ទេ។ ខ្ញុំ​មិន​ដែល​ចង់​បាន​អ៊ីចឹង​ទេ។ អ្វី​ដែល​ខ្ញុំ​មាន​ឱកាស​ធ្វើ​នៅ​ជិត​សម្ដេច​នាយករដ្ឋមន្ត្រី​នេះ គឺជា​ការ​ផ្ដល់​ឱកាស​ដ៏​ធំធេង​ហើយ​សម្រាប់​រូប​ខ្ញុំ ដើម្បី​មាន​​ឱកាស​ជួយ​ប្រជាពលរដ្ឋ​នៅក្នុង​សង្គម​ជាតិ​យើង​នេះ គឺជា​សេចក្ដី​ដែល​ខ្ញុំ​ចង់​បាន​បំផុត​ហើយ»។

លោក ដួង តារា ថ្លែង​ទៀត​ថា លោក​ចង់​បណ្ដុះ​គ្រាប់​ពូជ​នៃ​អំពើ​ល្អ និង​ចែក​រំលែក​ក្ដី​ស្រឡាញ់​រវាង​ខ្មែរ និង​ខ្មែរ ហេតុដូច្នេះ​ហើយ​បានជា​លោក​តែងតែ​បង្ហោះ​រូបភាព​នៃ​សកម្មភាព​មនុស្សធម៌​នានា​លើ​បណ្ដាញ​សង្គម អម​ជាមួយ​ប្រយោគ​មួយ​ឃ្លា​ថា « គ្រប់​យ៉ាង​ល្អ​ប្រសើរ​នៅ​ក្នុង​ជីវិត​រស់នៅ និង​ការងារ គឺ​ចាប់​ផ្ដើម​ពី​អំពើ​ល្អ ដោយ​ចិត្ត​ជ្រះថ្លា​មិន​បៀតបៀន​ជីវិត​អ្នកដទៃ »

យ៉ាងណាក៏ដោយ​ចុះ មាន​រឿងរ៉ាវ​មួយចំនួន​ដែល​បង្ហាញ​ថា អ្វី​ដែល​លោក​បាន​ធ្វើ គឺ​ខុស​ពី​ការ​និយាយ​អះអាង​ទាំងនេះ។

លោក ដួង តារា បាន​រួម​ចំណែក​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ទ្រព្យសម្បត្តិ​នៃ​គ្រួសារ​របស់​អតីត​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ថៃ នរៈសត្យា។ នេះ​បើ​យោង​តាម​សំណេរ​ដ៏​វែង​អន្លាយ​លើ​ហ្វេសប៊ុក​របស់​លោក ថៃ នរៈសត្យា កាល​ពី​ថ្ងៃ​ទី ១៩ ខែ​មិថុនា ឆ្នាំ ២០១៩ ដែល​រៀបរាប់​ពី​រឿងរ៉ាវ​ស្នេហា​បែកបាក់​គ្នា​រវាង​លោក និង​អតីត​ភរិយា អ្នកស្រី ងិន ម៉ានីយ៉ា។ លោក ថៃ នរៈសត្យា បាន​ទម្លាយ​ថា លោក ដួង តារា មាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​អតីត​ភរិយា​របស់​លោក​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ លោក​បន្ត​ថា ពួកគេ​បាន​ឃុបឃិត​គ្នា​កម្ទេច​ផ្ទះ​វីឡា​របស់​កូនៗ​លោក ដើម្បី​ធ្វើ​ជា​ផ្ទះ​ល្វែង​ចំនួន ៣ ល្វែង ក្នុង​នោះ​លោក ដួង តារា ទទួល​បាន​ចំណែក​ផ្ទះ​មួយ​ល្វែង​នៅ​ចំ​កណ្ដាល។

លោក ដួង តារា បាន​បង្ហោះ​សារ​តប​ទៅ​វិញ​ថា អតីត​ប្រពន្ធ​របស់​លោក ថៃ នរៈសត្យា ជា​អ្នក​កំណត់​ឱ្យ​លោក​ទទួល​បាន​ផ្ទះ​ល្វែង​កណ្ដាល​នោះ ហើយ​លោក​ក៏​មិន​បាន​ឱ្យ​គាត់​វាយ​កម្ទេច​ផ្ទះ​វីឡា​ចាស់​នោះ​ចោល​ដែរ។ លោក ដួង តារា បាន​ចាត់​ទុក​សំណេរ​របស់​លោក ថៃ នរៈសត្យា ថា ជា​ការ​មួល​បង្កាច់​កេរ្តិ៍​ឈ្មោះ​របស់​លោក ប៉ុន្តែ​លោក​បញ្ជាក់​ថា លោក​នឹង​អនុគ្រោះ​ឱ្យ​លោក ថៃ នរៈសត្យា។

យ៉ាងណាក៏ដោយ​ចុះ លោក ថៃ នរៈសត្យា បាន​អស់​តំណែង​ភ្លាម​មួយ​រំពេច ក្រោយ​លោក​ទម្លាយ​រឿងរ៉ាវ​ប្រេះឆា​ក្នុង​គ្រួសារ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​លោក ដួង តារា នេះ។ នៅ​ថ្ងៃ​ដដែល​នោះ លោក ហ៊ុន សែន បាន​ដក​លោក​ពី​តួនាទី​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌ ខណៈ​លោក ដួង តារា វិញ នៅ​បន្ត​ការងារ​ជា​ជំនួយការ​ផ្ទាល់​របស់​លោក និង​ជា​អនុរដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី។ មួយ​ឆ្នាំ​ក្រោយ​មក​ទៀត លោក ហ៊ុន សែន ក៏​បាន​តែងតាំង​លោក ដួង តារា ជា​រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

ក្រៅ​ពី​រឿង​អាស្រូវ​មួយ​នេះ​ហើយ ឥលូវ​នេះ លោក ដួង តារា ក៏​កំពុង​ជាប់​ជំពាក់​ក្នុង​រឿង​អាស្រូវ​ធំ​មួយ​ទៀត​ដែរ។ នោះ​គឺជា​ករណី​ឆបោក​លុយ​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ក្នុង​គម្រោង​វិនិយោគ​ដីធ្លី និង​ផ្ទះ​សម្បែង​របស់​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប (Phum Khmer Group) នៅ​ខេត្ត​ស្វាយរៀង។ លោក ដួង តារា ធ្លាប់​ប្រាប់​ពលរដ្ឋ​ថា ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប​នឹង​មិន​បោកប្រាស់​ពួកគាត់​ទេ។

លោក ដួង តារា៖«ខ្ញុំ​មក​ថ្ងៃ​នេះ ដើម្បី​បញ្ជាក់​អំពី​ភាព​ត្រឹមត្រូវ។ ហើយ​បងប្អូន អាច​ថតរូប​ជាមួយ​ខ្ញុំ​អាច​ទុក ថា​បើ​ខ្ញុំ​ទិញ​របស់​នៅ​ទី​នេះ បើ​មិន​បាន​ទេ គឺ​ឯកឧត្ដម ដួង តារា អ្នកធានា គឺ​ខ្ញុំ​ធានា​ជូន​បងប្អូន។ គឺ​ក្រុមហ៊ុន​នេះ គឺ​មិន​រកស៊ី​បោកប្រាស់​ជាមួយ​បងប្អូន​អតិថិជន​នៅ​ខេត្ត​ស្វាយរៀង​នោះ​ទេ»។

ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ២០១៦ ដោយ​មាន​លោក សោម សុធា ជា​ម្ចាស់​ក្រុមហ៊ុន។ ក្រុមហ៊ុន​មួយ​នេះ​វិនិយោគ​លើ​វិស័យ​កសិកម្ម គម្រោង​ដី​ឡូតិ៍ និង​ផ្ទះល្វែង ព្រមទាំង​ការ​ដាក់​លុយ​យក​ចំណេញ​ការ​ប្រាក់ ជាដើម។ ប៉ុន្តែ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ-១៩ ក្រុមហ៊ុន​បាន​លើកឡើង​ថា មាន​បញ្ហា​សេដ្ឋកិច្ច និង​មិន​បាន​បំពេញ​តាម​លក្ខខណ្ឌ​សន្យា ដូចជា ផ្ដល់​ការ​ប្រាក់ និង​សាងសង់​ផ្ទះ​ឱ្យ​អតិថិជន នោះ​ឡើយ រហូតដល់​ពួកគាត់​ផ្ទុះ​ការ​តវ៉ា ហើយ​ម្ចាស់​ក្រុមហ៊ុន​លោក សោម សុធា ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ។ ចំណែក​លោក ដួង តារា ដែល​ធ្លាប់​ចេញ​មុខ​ធានា​អះអាង​ឱ្យ​ក្រុមហ៊ុន​នោះ​វិញ លោក​បែរជា​បដិសេធ​ថា លោក​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​នេះ​ឡើយ។

លោក ដួង តារា៖«ចំពោះ​ក្រុមហ៊ុន គឺ​ថា ខ្ញុំ​បញ្ជាក់​ពី​ការ​ធានា​ថា បងប្អូន​ទិញ​ថ្ងៃ​ហ្នឹង បាន​ថ្ងៃ​ហ្នឹង​ពិតប្រាកដ​មែន។ អ៊ីចឹង​ចំពោះ​ក្រុមហ៊ុន​ដែល​គាត់​បាន​បើក​យូរ​ណាស់​មក​ហើយ ខ្ញុំ​មិន​ដែល​បាន​ដឹង​ថា តើ​គាត់​បាន​បើក​ពី​ពេល​ណា​មក គឺ​ខ្ញុំ​អត់​ដឹង​ទេ ហើយ​ទីពីរ​ចំពោះ​ក្រុម​វិនិយោគ​របស់​គាត់ ៤-៥-៦ នាក់ ដែល​គាត់​ដាក់​លុយ​រកស៊ី​ជាមួយ​គ្នា ក៏​ខ្ញុំ​មិន​បាន​ដឹង​ដែរ។ ហើយ​អ្វី​ដែល​ខ្ញុំ​និយាយ​នេះ គឺ​មិនមែន​និយាយ​ធានា​ចំពោះ​អ្នក​វិនិយោគ​របស់​គាត់ ហើយ​ក៏​ខ្ញុំ​មិន​បាន​ធានា​ដល់​អ្នក​ទិញ​របស់​គាត់​ទាំងអស់​ដែរ»។

ទោះ​ជា​មាន​ការ​បដិសេធ​បែប​នេះ​ក្ដី ពលរដ្ឋ​ជា​ច្រើន​ដែល​ចាញ់​បោក​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប (Phum Khmer Group) បាន​ទាមទារ​ឱ្យ​លោក ដួង តារា ចេញ​មុខ​ទទួល​ខុសត្រូវ​រឿង​នេះ ព្រោះ​លោក​ជា​អ្នក​សន្យា​នៅ​ចំពោះ​មុខ​ពលរដ្ឋ។

ពលរដ្ឋ​មួយ​រូប លោក ឡុង ប៊ុនធឿន ថ្លែង​ថា លោក និង​ពលរដ្ឋ​ផ្សេង​ទៀត ជឿជាក់​លើ​ក្រុមហ៊ុន ដោយសារ​មាន​លោក ដួង តារា ជា​អ្នក​ធានា​អះអាង​នេះ​ឯង។

លោក ឡុង ប៊ុនធឿន៖«បងប្អូន​អតិថិជន​ទាំងអស់ រួម​ទាំង​ខ្ញុំ ទុក​ចិត្ត​គាត់[ដួង តារា]ដោយសារ​តែ​គាត់​និយាយ​អ៊ីចឹង ទើប​គាត់​ហ៊ាន​ទិញ។ ដល់​ឥឡូវ វា​អត់​ដូច​ពាក្យ​ដែល​គាត់​និយាយ​ពី​ដំបូង​ហ្នឹង បានជា​ចង់​តវ៉ា​ទៅ​គាត់ សួរ​គាត់ ឱ្យ​គាត់​ជួយ​រក​ដំណោះស្រាយ ដើម្បី​ឱ្យ​គាត់​ជួយ​ដោះស្រាយ ដូច​ដែល​ពាក្យ​គាត់​ធានា​ថា បាន បើ​ទិញ​មិន​បាន គាត់​អ្នក​ធានា»។

ទាក់ទង​នឹង​រឿង​ការ​វិនិយោគ​ឆបោក​នេះ ពលរដ្ឋ​រងគ្រោះ​នៅ​ខេត្ត​ស្វាយរៀង​អាច​នឹង​ខកចិត្ត នៅ​ពេល​ឮ​ការ​បកស្រាយ​របស់​លោក ដួង តារា ប៉ុន្តែ​សម្រាប់​អ្នក​ធ្លាប់​ស្គាល់ និង​ដឹង​ពី​សកម្មភាព​របស់​លោក​ពី​មុន​មក​នោះ ករណី​បែប​នេះ​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ។

ប្រភព​ថ្លែង​លាក់​ឈ្មោះ៖«បង​ប្អូន​យើង​នៅ​ខាង​ក្រៅ​ដែល​ស្គាល់ ជាពិសេស​នៅ​រដ្ឋ​វ៉ាស៊ីនតោន ដែល​ស្គាល់​ចរិត​លក្ខណៈ​របស់​គាត់ គឺ​មិន​​សូវ​មាន​ភាព​ចម្លែក​នោះ​ទេ ដោយសារ​គេ​ស្គាល់​ចរិត​របស់​គាត់​ពី​មុន​មក។ ប៉ុន្តែ​ដែល​យើង​ឃើញ​ផល​ប៉ះពាល់​ហ្នឹង​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​អ្នក​ក្រីក្រ គ្នា​រងគ្រោះ​ដោយសារ​តែ​ការ​រកស៊ី​របស់​គាត់ ខ្ញុំ​គិត​ថា វា​ជា​រឿង​មួយ​អកុសល​មែន​ទែន​សម្រាប់​ជាតិ​យើង ដែល​ប្រជាពលរដ្ឋ​ក្រ​ហើយ មាន​អ្នក​ទៅ​ជាន់ក ដោយ​យក​តួនាទី យក​តំណែង​អស់​ហ្នឹង​ទៅ​គាបសង្កត់​គាត់​ទៀត។ បើ​ក្នុង​សង្គម​ប្រជាធិបតេយ្យ កិច្ចការ​ទាំងអស់​ហ្នឹង បុគ្គល​ដែល​ប្រព្រឹត្ត​លក្ខណៈ​ឆបោក​អ៊ីចឹង ប្រហែលជា​មិន​រួច​ខ្លួន​ទេ»។

ថ្វីបើ​មាន​រឿង​អាស្រូវ និង​បញ្ហា​ចម្រូង​ចម្រាស់​ជាប់​ខ្លួន​ក៏​ដោយ លោក ដួង តារា នៅតែ​អាច​រស់នៅ​យ៉ាង​សុខសាន្ត និង​ប្រើ​ជីវិត​ដ៏​ហ៊ឺហា​ជា​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល បើ​តាម​អ្វី​ដែល​លោក​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។