CEDAC​ណែនាំ​អ្នកធ្វើ​ស្រែ​ឲ្យ​បន្សុទ្ធ​ពូជស្រូវ​ក្នុង​ពេល​ត្រៀម​ច្រូត​កាត់

0:00 / 0:00

រដូវ​ច្រូត​កាត់​ជិត​មកដល់​ហើយ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា កសិករ​ជាច្រើន​មិនសូវ​យកចិត្ត​ទុកដាក់ ក្នុង​ការ​បន្សុទ្ធ​ពូជស្រូវ និង​ទុកដាក់​ពូជ​ទៅតាម​បច្ចេកទេស ដើម្បី​ឲ្យ​មានគុណ​ភាព​ល្អ​នោះ​ទេ។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា (អង្គការ​សេដាក) ប្រកាស​នៅ ថ្ងៃ​១២​ខែ​វិច្ឆិកា ណែនាំ​ឲ្យ​កសិករ គួរ​ចាប់​ផ្ដើម​បន្សុទ្ធ​ពូជស្រូវ ដើម្បី​ទទួល​បាន​ពូជ​ស្រូវ​សុទ្ធ និង​ទិន្នផល​ស្រូវ​កើន នៅ​ពេល​យក​គ្រាប់​ពូជ​នោះ​ទៅ​ដាំ​ដុះ​ជាថ្មី។

នាយក​ប្រតិបត្តិ​អង្គការ​សេដាក​លោក សំ វិទូ ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​កសិករ​ជាង​១​លាន​គ្រួសារ ដែល​ចិញ្ចឹមជីវិត ដោយ​ការ​ធ្វើស្រែ ប៉ុន្តែ​ពួកគាត់​ភាគច្រើន មិន​ទាន់​ចេះ​វិធី​ធ្វើ​យ៉ាង​ណា ឲ្យ​ផល​ស្រូវ​កើន​ឡើង និង​លក់​បាន​ថ្លៃ​ទេ។

ដោយ​មើល​ឃើញ នូវ​ការខ្វះចន្លោះ​បែបនេះ និង​ឆ្លៀតឱកាស រដូវ​ច្រូតកាត់​ស្រូវ​វស្សា​មកដល់ អង្គការ​សេដាក ផ្ដល់​នូវ​យោបល់ អំពី​ការ​បន្សុទ្ធ​ពូជស្រូវ ការ​ជ្រើស​រើស​ពូជស្រូវ និង​ការ​ទុកដាក់ ពូជស្រូវ ដើម្បី​ធានា​ពូជ​សុទ្ធ​ល្អ។

លោក សំ វិទូ ពន្យល់​ថា ពេល​ដែល​ត្រៀម​ច្រូតកាត់​ស្រូវ​ទុក ត្រូវ​រើស​មើល​ដើម​ស្រូវ​សម្រាប់​ទុក​ពូជ។ ស្រូវ​ដែល​ទុក​ពូជ​ល្អ គឺ​ដើម​ស្រូវ​ដុះ​ឆ្ងាយ​ពី​ភ្លឺ ២​ម៉ែត្រ​ឡើង​ទៅ។ ការ​ជ្រើសរើស​ដើម​ស្រូវ​នៅ​ឆ្ងាយ​ពី​ភ្លឺ បង្ការ​កុំ​ឲ្យ​ឆ្លង​ពូជ ពី​ស្រូវ​ដែល​ដាំ​ពូជ​ផ្សេង​នៅ​ស្រែ​ក្បែរ​នោះ។ ទី​២​ត្រូវ​មើល​កម្ពស់​ដើម​ស្រូវ និង​ចំនួន​ស្មែង ក្នុង​កួរ​នីមួយៗ​មាន​ច្រើន​ស្មែង ហើយ​កួរស្រូវ​នោះ​វែងៗ ជាដើម៖ «ទុក​ពូជ​បាន​ល្អ​គឺ​យើង​យក​កណ្ដាល​ស្រែ ព្រោះ​វា​មិន​ឆ្លង​ពូជ ឬ​លំអង​ពី ស្រែ​ផ្សេង​ដែល​នៅ​ជាប់​គ្នា​នឹង។ ហើយ​យើង​មើល​ទៅលើ​ក្រុម ឬ​ប្រជុំ​នៃ​ស្រូវ​នឹង ប្រសិន​បើ​វា​ដុះ​លូតលាស់​ស្មើគ្នា ហើយ​មាន​គ្រាប់​ពេញ និង​គ្រាប់​ច្រើន​នឹង»។

លោក សំ វិទូ បន្ថែម​ថា នៅ​ពេល​សម្រាំង​កន្លែង​ទុក​ធ្វើ​ពូជស្រូវ​រួច ត្រូវ​ទុក​ឲ្យ​វា​ទុំ​ដល់​ស្លឹក​ទង់ជ័យ​វា ឡើង​ពណ៌​លឿង​បន្តិច យើង​ត្រូវ​បេះ​គ្រាប់ស្រូវ​មួយ​គ្រាប់​មក​ខាំ​មើល បើ​វា​បែក​ខ្លាំង មិន​អាច​ទុក​ពូជ បាន​ល្អ​ទេ ព្រោះ​វា​ទុំ​ញោស​ពេក៖ «នៅ​ពេល​សន្លឹក​ទង់ជ័យ​ចាប់​ផ្ដើម​ទុំ រាង​ពណ៌​ស្លាបសេក ចាស់​ឬ​ពណ៌​បៃតង​ចាស់ ឡើង​រាង​លឿង បន្តិច​នឹង គឺ​យើង​អាច​ចាប់​ផ្ដើម​ច្រូត​បាន​ហើយ គឺ​វា​ទុំ ប៉ុន្តែ​មិន​ទុំ​ញោស ឬ​ទុំ​ជ្រុល​ទេ ឬក៏​យើង​អាច យក​គ្រាប់ស្រូវ​ក្នុង​ស្រែ​នឹង​យក​មក​ខាំ ប្រសិនបើ​វា​បែក​ខ្លាំង មានន័យថា​វា​ទុំ​ញោស អីចឹង​បើ​យើង​ខាំ​ទៅ​វា​អាច​បាក់​ជា​ពីរ គឺ​វា​ទុំ​ល្អ»។

កសិករ​នៅ​ភូមិ​ជំទាវ​ជ្រែង ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង លោកស្រី គង់ សារួន អះអាង​ថា គាត់​ទុក​ពូជ​ដោយ​ខ្លួនឯង ទទួល​បាន​ផល​ច្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ក្រោម​ការ​ជួយ បង្ហាត់​ពី​អង្គការ​សេដាក ចាប់ពី​ឆ្នាំ​២០០៧​មក។ លោកស្រី​ថា គាត់​ទុក​ពូជស្រូវ ហើយ​ដាំ​ច្រើន​ឆ្នាំ សង្កេត​ឃើញ​ក្នុង​១​កួរស្រូវ មាន​បែក​ស្មែង ពី​១៥​ទៅ​២០​ស្មែង។ ក្នុង​មួយ​ស្មែង មាន​គ្រាប់​ជាង ២០០​គ្រាប់ សុទ្ធ​តែ​ជា​គ្រាប់ស្រូវ ដែល​ពេញ​ទឹក គ្មាន​ស្ពៀត ឬ​ស្វិត​ឡើយ៖ «ហើយ​ក្នុង​គ្រាប់​វា​នឹង​មាន ២៥០​ឡើង​ទៅ​៣០០​មាន​ឡើង មាន​ឡើង​៤០០​ទៀត​នោះ ពូជ​ផ្កា​រំដួល។ បើ​យើង​ធ្វើ​ស្រូវ​ធ្ងន់ វា​បាន​ឡើង​ដល់ ៥០០​គ្រាប់​ជាង​ក៏បាន​ដែរ»។

ចំណែក​កសិករ​ឆ្នើម​របស់​ក្រសួង កសិកម្ម រុក្ខ​ប្រមាញ់​និង​នេសាទ លោក សួន ប៉ាល់ ឃុំ​ក្រាំងយ៉ូវ ស្រុក​ស្អាង ខេត្ត​កណ្ដាល អះអាង​ថា​ដើម្បី​បាន​ពូជ​សុទ្ធ មុនដំបូង គាត់​បក​គ្រាប់ស្រូវ រើស​យក​គ្រាប់​ណា​ថ្លា​ល្អ ទៅ​ដាំ​ធ្វើ​ពូជ។ ពេល​វា​ដុះ​ផ្លែ​ទុំ​ល្អ គាត់​ច្បូត​គ្រាប់​ស្រូវ យក​ទៅ​ហាល​លើ​ចង្អេរ។ ការ​ហាល​គ្រាប់ស្រូវ​នោះ គឺ​ហាល​នៅ​ម៉ោង ៧​ដល់​ម៉ោង​៩​ព្រឹក រួច​សារ​ទុក​ឲ្យ​វា​ស្ងួត។ បន្ទាប់​មក​គាត់​យក​គ្រាប់ស្រូវ​នោះ ទៅ​សាប​រង្វើលៗ​លើ​ថ្នាល​ដែល​រៀបចំ​តាម​បច្ចេកទេស​កសិកម្ម។ នៅ​ពេល​គ្រាប់​ពូជ​ដុះ​បាន​១៨ ទៅ​២០​ថ្ងៃ គាត់​ដក​យក ដើម​សំណាប​ថ្លោសៗ ទៅ​ដាំ​ឲ្យ​ត្រង់​ជួរ។ នៅ​ពេល​វា​ចេញ​ផ្កា គាត់​ដើរ​មើល បើ​ដើម​ស្រូវ​ណា​ផ្កា​ចេញ​មុនគេ និង​ចេញ​ផ្កា​ក្រោយ​គេ គាត់​ច្រូត​ដើម​នោះ​ចោល ព្រោះ​វា​មិនមែន​ជា​ពូជ ដែល​គាត់​ត្រូវការ​ទេ និង​បង្ការ​កុំ​ឲ្យ​វា​ឆ្លង​លំអង​ទៅ​ដើម​ស្រូវ​ដែល​ទុក​ពូជ៖ «ដែល​យើង​ឃើញ​ថា វា​ចេញ​មុនគេ​ឬ ក្រោយ​គេ​ពេក​ក៏​មិន​មែន​ជា​ពូជ របស់​យើង​ដែរ។ ហើយ​លក្ខណៈ​ពិសេស​មួយទៀត គឺ​រៀន​ស្គាល់​អត្តសញ្ញាណ ដើម​របស់​វា តាំងពី​ទំហំ​គ្រាប់ ប្រវែង​គ្រាប់ ពណ៌​គ្រាប់ ហើយ​យើង​មើល​សង្កេត​តាំងពី​ស្លឹក​ទង់ជ័យ ទៀតហើយ​នេះ ដំណាក់កាល​ចេញ​ផ្កា ហើយ​ដំណាក់កាល​មួយទៀត គឺ​មុន​ពេល​ច្រូតកាត់ ប្រមូល​ផល​នឹង​១​សប្ដាហ៍ គឺ​យើង​ត្រូវ​កាត់​សំអាត​វា​ម្ដង​ទៀត មុន​ពេល​ប្រមូល​ផល គឺ​កាត់​ពូជ​ដែល​យើង មើល​ឃើញ​ថា វា​ខុស​អត្តសញ្ញាណ​ដើម​របស់​វា គឺ​យើង​ត្រូវតែ​កាត់​ចេញ អីចឹង​តែម្ដង»។

ឯកសារ​ណែនាំ​របស់​អង្គការ​សេដាក ប្រាប់​ពី​វិធី​សម្រាំង​ពូជស្រូវ​គឺ​ទី​១ ជ្រើសរើស​កន្លែង​ណា ដែល​ស្រូវ​លូតលាស់​ល្អ (កន្លែង​ឆ្ងាយ​ពី​ភ្លឺ​បន្តិច) សម្រាប់​ច្រូត​ទុក​ធ្វើ​ពូជ។ ទី​២ រើស​យក​កួរ​មិន​សុទ្ធ និង​កួរ​ខ្លី​ចេញ យក​តែ​កួរ​វែង ហើយ​គ្រាប់​ណែន​ល្អ ដោយ​ប្រឡេះ​យក​ស្មែង​ខាងលើ និង​ស្មែង​ខាងក្រោម ចេញ ទុក​តែ​ស្មែង​កណ្ដាល។ ទី​៣ យក​កួរ​ដែល​រើស​បាន មក​ប្រឡេះ​គ្រាប់ ឬ​បែន​នឹង​ជើង ដើម្បី​យក គ្រាប់​ទុក​ធ្វើ​ពូជ ឬ​យក​ល្អ​មែនទែន គួរ​ប្រឡេះ​ដោយ​ដៃ ហើយ​ចៀសវាង ការ​យក​គ្រាប់​ពូជ ទៅ​បោក​​នឹង​ក្ដារ​រឹង ឬ​បោក​ដោយ​ម៉ាស៊ីន ដែល​វា​ធ្វើ​ឲ្យ បណ្ដូល​ពូជ បាក់​នៅ​ខាងក្នុង និង​អាច​ច្រឡំ​ជាមួយ ពូជ​ផ្សេងទៀត ដែល​នៅសល់​គ្រាប់ស្រូវ ក្នុង​ម៉ាស៊ីន​បោក។ ទី​៤ យក​គ្រាប់​ពូជស្រូវ ហាល​ឲ្យ​ស្ងួត ក្នុង​ក្ដៅ​ថ្ងៃ​ម៉ោង​៧ ដល់​ម៉ោង​៩​ព្រឹក និង​ពេល​រសៀល​ហាល​ពី​ម៉ោង​៤​ទៅ​ម៉ោង​៥​ល្ងាច ហើយ​ច្រក គ្រាប់​ពូជ​ទូក​ក្នុង​ស្មុគ ឬ​ថង់​សំណាញ់ ដែល​មាន​រន្ធ​ខ្យល់​ចេញចូល​ល្អ។ តែ​គួរ​ឧស្សាហ៍ យក​វា​ទៅ​ហាលថ្ងៃ ដើម្បី​រក្សា​នូវ ភាព​ស្ងួត​ល្អ។

លោក សំ វិទូ បន្ថែម​លើ​នោះ​ថា​យក​ល្អ​មែនទែន ច្រូត​រួច​ត្រូវ​ចង ជា​កណ្ដាប់ ព្យួរ​សម្ងូត​នៅ​ក្រោម​ផ្ទះ កន្លែង​ដែល​មាន​ពន្លឺ​ថ្ងៃ និង​ខ្យល់​ចេញចូល​ល្អ តែ​ត្រូវ​ការពារ គ្រាប់​ពូជ ពី​សត្វ​កណ្ដុរ និង​សត្វ​ផ្សេងទៀត ដែល​វា​ស៊ី​បំផ្លាញ​គ្រាប់​ពូជ៖ «គឺ​គាត់​មិន​ចាំបាច់​យក​ទៅ​ហាល ឲ្យ​មាន​កម្ដៅ​ស្ងួត​ខ្លាំង​ទេ ព្រោះ​ឧទាហរណ៍​ថា​គាត់​យក​ទៅ​ហាល​លើ​ស័ង្កសី ឬក៏​ហាល​លើ​ស៊ីម៉ងត៍ វា​នឹង​ចម្លង​ក្ដៅ​ខ្លាំង ធ្វើ​ឲ្យ​គ្រា​បើ​ពូជ​នឹង​អាច​ងាប់ មានន័យថា​អំព្រីយ៉ុង​របស់​វា​នឹង​អាច​ងាប់។ បើ​អីចឹង គឺ​ដំណុះ​របស់​វា សម្រាប់​ឆ្នាំ​ក្រោយ គឺ​តិច»។

ចំណែក​ប្រធាន​អង្គការ​សេដាក បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់​បន្ថែម​ថា ការ​មានពូជ​ស្រូវ​សុទ្ធ​ល្អ​​ជា​ការ​ចាប់​ផ្ដើម​ដ៏​សំខាន់ សម្រាប់​ឈាន​ទៅ​រក​ភាព​ជោគជ័យ ក្នុង​ការ​ធ្វើស្រែ​នៅ​រដូវ​ក្រោយ។

ប្រសិនបើ​កសិករ អ្នក​ផលិត​ស្រូវ អនុវត្ត​បាន​នូវ​ការណែនាំ​បែបនេះ រៀងរាល់​រដូវ នោះ​ផល​ស្រូវ នឹង​កើន​ឡើង​ជាប់​ជានិច្ច ហើយ​កសិករ នឹង​មាន​ភាពជា​ម្ចាស់ លើ​ពូជស្រូវ​ខ្លួនឯង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។