ស្លឹកគ្រៃ គឺជាដំណាំស្លឹកមួយប្រភេទដែលគេត្រូវការវា ជំនួយក្នុងគ្រឿងផ្សំសម្រាប់មុខម្ហូបស្ទើរគ្រប់ប្រភេទ ដើម្បីបំពេញសេចក្តីត្រូវការប្រចាំថ្ងៃ។ អ្នកបច្ចេកទេសខាងបន្លែសរីរាង្គយល់ថា ស្លឹកគ្រៃទោះជាប្រភេទរុក្ខជាតិសាមញ្ញមិនសូវមានតម្លៃខ្ពស់ក្តី ប៉ុន្តែអ្នកបច្ចេកទេសណែនាំឲ្យប្រជាកសិករខ្មែរ គួរតែដាំដុះស្លឹកគ្រៃឲ្យបានគ្រប់ក្រុមគ្រួសារ។
តើហេតុអ្វី បានជាអ្នកបច្ចេកទេសខាងបន្លែសរីរាង្គ ចង់ឲ្យកសិករដាំស្លឹកគ្រៃតាមបែបធម្មជាតិ ហើយតើបច្ចេកទេសដាំស្លឹកគ្រៃ ដើម្បីទទួលបានផលខ្ពស់មានអ្វីខ្លះ?
អ្នកបច្ចេកទេសខាងបន្លែសរីរាង្គលើកឡើងថា ទោះស្លឹកគ្រៃជាបន្លែសាមញ្ញងាយស្រួលដាំដុះ ប៉ុន្តែស្លឹកគ្រៃដែលចរាចរនៅលើទីផ្សារ ភាគច្រើនរីកលូតលាស់ដោយប្រើថ្នាំគីមី ដែលបណ្ដាលឲ្យប៉ះពាល់សុខភាពអ្នកបរិភោគ។
អ្នកបច្ចេកទេសខាងបន្លែសរីរាង្គមកពីកសិដ្ឋានហ្គ្រែនភ្នំពេញ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ កញ្ញា នី ពិសី អះអាងប្រាប់វិទ្យុអាស៊ីសេរី ថា ស្លឹកគ្រៃផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ និងក្នុងវិស័យកសិកម្ម។ កញ្ញាថា ហេតុនេះហើយ ស្លឹកគ្រៃត្រូវបានគេជួញដូរ និងដាំដុះច្រើននៅគ្រប់តំបន់ទូទាំងប្រទេសកម្ពុជា។
មិនតែប៉ុណ្ណោះ កញ្ញា នី ពិសី ឲ្យដឹងបន្តថា ស្លឹកគ្រៃមិនត្រឹមតែជារុក្ខជាតិស្លឹកគ្រៃអាចប្រើប្រាស់ជាគ្រឿងផ្សំក្នុងម្ហូបអាហារសម្រាប់មនុស្សប៉ុណ្ណោះទេ ស្លឹកគ្រៃក៏អាចប្រើសម្រាប់ជាចំណីសត្វ ដូចជា មាន់ ទា បានដែរ។ ជាងនេះ វាក៏ជាឱសថ និងជីដ៏មានប្រសិទ្ធភាព ជួយបណ្ដេញសត្វចង្រៃបំផ្លាញបន្លែប្រភេទស្លឹកបានផងដែរ៖ «ស្លឹកគ្រៃក៏ជាអត្ថប្រយោជន៍យ៉ាងខ្លាំងដល់សុខភាពរបស់មនុស្សដែរ វាជួយសម្រួលឲ្យពោះវៀន សរសៃឈាមយើងដើរស្រួលល្អ បើសិនយើងយកវាទៅហាលថ្ងៃ ហើយឆុងជាតែ»។
បច្ចេកទេសដាំដំណាំស្លឹកគ្រៃ ត្រូវបាន កញ្ញា នី ពិសី ជាអ្នកបច្ចេកទេសខាងបន្លែសរីរាង្គអះអាងថា ស្លឹកគ្រៃជាដំណាំមានអត្ថប្រយោជន៍ច្រើន ហើយងាយដាំទៀត តែស្លឹកគ្រៃមិនត្រូវការដាំដោយគ្រាប់ដូចរុក្ខជាតិ និងដំណាំដទៃទៀតនោះឡើយ។ កញ្ញាថា មុនដាំស្លឹកគ្រៃ ត្រូវជ្រើសរើសដើមស្លឹកគ្រៃដែលមានដើមល្អ ដែលមិនរងការបំផ្លាញណាមួយពីសត្វចង្រៃនោះឡើយ។ កញ្ញាបន្តថា ក្រោយជ្រើសរើសពូជដើមល្អបានហើយ ទាមទារត្រូវរៀបចំរណ្ដៅ ១,០៥តឹក ជម្រៅរណ្ដៅ ២០ ទៅ ៣០សង់ទីម៉ែត្រ ហើយគម្លាតរវាងរណ្ដៅមួយទៅរណ្ដៅមួយប្រវែង ៦០ ទៅ ៧០សង់ទីម៉ែត្រ ប៉ុន្តែកញ្ញាថា ក្នុងមួយរណ្ដៅៗដាំបានតែ ១ដើមប៉ុណ្ណោះ ធ្វើបែបនេះដើម្បីសន្សំសំចៃពូជ។
កញ្ញាបញ្ជាក់ថា គេដាំដើមស្លឹកគ្រៃភ្លាមៗក៏បាន ឬផ្សាំគល់វាឲ្យដុះឫសសិនក៏បាន ប៉ុន្តែកញ្ញាថា បើចង់ឲ្យស្លឹកគ្រៃដុះល្អ និងឆាប់លូតលាស់លឿន គួរតែផ្សាំវាឲ្យដុះឫស ៣ថ្ងៃ ចាំយកទៅដាំ៖ «ក្រោយយើងជីករណ្ដៅដាំរួចហើយជម្រៅ ២០ ទៅ ៣០សង់ទីម៉ែត្រ បន្ទាប់មកយើងដាក់កម្ទេចស្លឹកឈើងាប់ ហើយដាក់ជីលាមកសត្វធម្មជាតិច្របល់បញ្ចូលគ្នាដាក់ក្នុងរណ្ដៅនោះ ស្រោចទឹកវាចាំយកដើមមកដាំ»។
អ្នកបច្ចេកទេសខាងបន្លែសរីរាង្គរូបនេះ បានឲ្យដឹងទៀតថា ស្លឹកគ្រៃមានពីប្រភេទ គឺប្រភេទស្លឹកគ្រៃអំបោះ និងស្លឹកគ្រៃត្រែង។ កញ្ញាថា ស្លឹកគ្រៃត្រែង ដើមពណ៌ក្រហម ហើយមានដើមរឹងពិបាកហាន់ ចំណែកស្លឹកគ្រៃអំបោះមានដើមស្រួយមានជាតិទឹកច្រើន និងងាយស្រួលហាន់ជាង។ តែក្នុងកសិដ្ឋានកញ្ញា ដាំស្លឹកគ្រៃអំបោះ ព្រោះពូជប្រភេទនេះតម្រូវការទីផ្សារច្រើនជាង។ កញ្ញាបញ្ជាក់ទៀតថា ស្លឹកគ្រៃ គេអាចដាំវាបានច្រើនរបៀប អាចដាំតាមភ្លឺព័ន្ធជុំវិញស្រះ ភ្លឺស្រែ ជុំវិញផ្ទះ អាចដាំលើកជារង ដាំចម្រុះជាមួយរុក្ខជាតិផ្សេងទៀតក៏បាន ប៉ុន្តែកញ្ញាអះអាងថា បើដាំលក្ខណៈចម្រុះល្អជាង ព្រោះវាអាចបំពេញជីជាតិឲ្យគ្នាទៅវិញទៅមក៖ «បើស្លឹកគ្រៃដែលខ្ញុំដាំដាច់វាដាច់ម្នាក់ឯង វាល្អដែរ តែមានស្លឹកពណ៌លឿង ក្រហម អត់សូវល្អ តែបើយើងដាំវាក្បែរដើម វាដើមស្លឹកកន្ធំថេត និងដើមអង្គាដី ឃើញថាស្លឹករបស់វាលាស់ខ្ចីៗ និងដើមថ្លោសល្អ»។
ចំណែកការថែទាំដំណាំស្លឹកគ្រៃក្រោយដាំរួច អ្នកបច្ចេកទេសណែនាំថា ដោយសារស្លឹកគ្រៃជាដំណាំងាយស្រួលដាំ មិនសូវមានសត្វចង្រៃបំផ្លាញ ដូច្នេះគ្រាន់តែស្រោចទឹកក្នុងមួយសប្ដាហ៍តែពីរដងប៉ុណ្ណោះ គឺពេលព្រឹក និងពេលល្ងាច។ ដោយឡែកជីបំប៉នវិញ ស្លឹកគ្រៃត្រូវការប្រភេទស្លឹកឈើរលួយដាក់ក្បែរគល់ជាការស្រេច៖ «ពេលដែលយើងដាំបានរយៈពេល ១អាទិត្យ វាចាប់ផ្ដើមលាស់ត្រួយ ហើយនៅពេលបានអាយុពី ៤ ទៅ ១៥ថ្ងៃ វាចាប់ផ្ដើមដុះកូនតូច។ រយៈពេលនេះ យើងចាប់ផ្តើមដាក់កម្ទេចកម្ទី និងជ្រោយគល់វាដើម្បីបានលូតលឿន»។

រីឯរបៀបប្រមូលផលវិញ អ្នកបច្ចេកទេសរូបនេះអះអាងថា ស្លឹកគ្រៃមានអាយុ ៦ខែ អាចប្រមូលផលបានពេញលេញ ប៉ុន្តែស្លឹកគ្រៃអាយុបាន ៤ខែ គេអាចប្រមូលផលបានបណ្ដើរៗហើយ៖ «រយៈពេល ៦ខែ ជាអាយុអាចប្រមូលផលបាន ហើយកុំទុកយូរពេក ព្រោះបើយើងទុកឲ្យលើសពីនេះ វាខាតសេដ្ឋកិច្ចវិញទេ»។
ឯកសារកសិកម្មរបស់អង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជា ស្ដីពីអត្ថប្រយោជន៍ដំណាំស្លឹកគ្រៃ បង្ហាញថា ស្លឹកគ្រៃជាដំណាំរុក្ខជាតិស្លឹកវែងៗ ក្លិនប្រហើរឈ្ងុយ ដុះបែកជាគុម្ព ស្លឹក និងគល់វាប្រើជាគ្រឿងផ្សំក្នុងអាហារ ជួយបន្ថែមក្លិនក្រអូបឲ្យម្ហូបមានរសឆ្ងាញ់។ ដំណាំស្លឹកគ្រៃ ក៏ជាឱសថបន្ថយជាតិពុលក្នុងរាងកាយ ព្រមទាំងជួយបន្ថយសម្ពាធឈាមខ្ពស់ ប៉ូវភ្នែក ប៉ូវឆ្អឹង និងធ្មេញផងដែរ។ ជាងនេះទៀត ស្លឹកគ្រៃក៏ជួយកម្ចាត់សត្វល្អិតបានយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះ ស្លឹកគ្រៃក៏មានគុណតម្លៃជាច្រើន និងសម្បូរទៅដោយសារធាតុដែលមានប្រយោជន៍ជាច្រើនមុខ ដូចជា ជាតិរ៉ែ វីតាមីន និងអង់ស៊ីម រួមនឹងជីវជាតិសំខាន់ច្រើនទៀត ដែលមនុស្សត្រូវការជាចាំបាច់ ដើម្បីឲ្យមានសុខភាពល្អ។
ចំណែកឯកសារស្រាវជ្រាវរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញស្ដីពី «កំណត់លក្ខណៈប្រេងស្លឹកគ្រៃ និងប្រសិទ្ធភាពរបស់វាចំពោះការបណ្ដេញសត្វខ្មូតក្នុងស្រូវក្រោយប្រមូលផល» បង្ហាញឲ្យដឹងដែរថា ជារៀងរាល់ថ្ងៃ តម្រូវការស្លឹកគ្រៃនៅក្នុងទីក្រុងភ្នំពេញជាង ១០តោនក្នុងមួយថ្ងៃៗ។
ដោយសារគុណតម្លៃស្លឹកគ្រៃច្រើននេះហើយ បានជាស្លឹកគ្រៃក្លាយជាទិសដៅសំខាន់របស់កសិដ្ឋានហ្គ្រែនភ្នំពេញ ដើម្បីបំពេញសេចក្តីត្រូវការអ្នកប្រើប្រាស់ប្រចាំថ្ងៃ។ ជាក់ស្តែង កញ្ញា នី ពិសី អះអាងថា ស្លឹកគ្រៃដាំតាមបែបធម្មជាតិជាង ១.០០០គុម្ព លក់ទៅឲ្យទីផ្សារសេដាក (CEDAC) ក្នុងទីក្រុងភ្នំពេញ បានតម្លៃក្នុង ១គីឡូក្រាមជាង ៣.០០០រៀល ដែលតម្លៃនេះ កញ្ញាអះអាងថា ជាតម្លៃខ្ពស់ជាងស្លឹកគ្រៃដែលដាំប្រើថ្នាំគីមីជាងពាក់កណ្ដាល។
ទោះបីដំណាំស្លឹកគ្រៃត្រូវបានគេដឹងថា ងាយស្រួលដាំ មិនចាំបាច់ចំណាយថវិកាថែទាំច្រើនក្តី អ្នកបច្ចេកទេសរូបនេះអះអាងថា ពលរដ្ឋមួយចំនួននៅតែមិនចាប់អារម្មណ៍ដាំ ហើយបែរជាត្រូវចំណាយលុយទិញស្លឹកគ្រៃទៅវិញ។ ជាងនេះទៀត អ្នកបច្ចេកទេសអះអាងទៀតថា បច្ចុប្បន្ននៅលើទីផ្សារកម្ពុជា ស្លឹកគ្រៃកំពុងនាំចូលខ្លាំងពីបណ្ដាប្រទេសជិតខាង ហើយភាគច្រើនមានប្រើថ្នាំគីមី។
អ្នកបច្ចេកទេសខាងបន្លែសរីរាង្គរូបនេះ ជំរុញឲ្យប្រជាកសិករងាកមកដាំដំណាំស្លឹកគ្រៃតាមបែបធម្មជាតិឲ្យបានច្រើន ទោះជាស្លឹកគ្រៃជាដំណាំសាមញ្ញ តែអ្នកបច្ចេកទេសអះអាងថា វាក៏ជាចំណែកមួយជួយបំពេញសេចក្តីត្រូវការប្រចាំថ្ងៃមិនអាចខ្វះបាន និងជួយលើកកម្ពស់ជីវភាពគ្រួសារកសិករបានមួយកម្រិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។