យោងតាមឯកសារស្តីពីការបណ្តុះផ្សិតចំបើង ការបណ្តុះផ្សិតជាអាជីពមួយដែលកសិករខ្មែរគួរធ្វើ ជាពិសេសផ្សិតចំបើង ព្រោះខ្មែរធ្វើស្រែមានចំបើង មានជញ្ជ្រាំងនៅពាសវាល។ ខណៈនេះកំពុងមានយុទ្ធនាការជំរុញឲ្យកសិករបណ្តុះផ្សិតនៅតាមខេត្តនានាក្នុងប្រទេស។ វិទ្យុអាស៊ីសេរី សូមចូលរួមកម្មវិធីនេះ ដោយនឹងស្វែងរកទិន្នន័យស្តីពីការបណ្តុះផ្សិតមកជម្រាបបន្ថែម ដែលរួមមានការបណ្តុះផ្សិតចំបើង ផ្សិតអំបោះ ឬផ្សិតងាវ និងផ្សិតដទៃទៀតតាមការគួរ។
ផ្សិតបរិភោគបាន គឺជារុក្ខជាតិដែលកកើតពីសរសៃឆ្មារដែលរួមគ្នាជាដុំក្លាយជាផ្សិត។ កាលណាផ្សិតធំពេញរូបពេញរាង វាមានផ្នែកផ្សេងៗដូចតទៅ គឺមួក ឬ Cap នៅចុងរបស់ផ្សិតដែលដុះរីកចម្រើនទៅក្នុងអាកាស មានលក្ខណៈស្រដៀងនឹងឆ័ត្រ។ បន្ទាប់មកគឺស្រកី ឬ Gillរបស់ផ្សិត ស្ថិតនៅប៉ែកខាងក្រោមមួក បាញ់ចេញជាឆ្នូតៗ ជុំវិញទងផ្សិត ឬ Stalk។ លំអងផ្សិត ឬ ស្ព័រឋិតនៅក្នុងស្រកីផ្សិត។ ទងផ្សិតគឺជាដើមដែលទ្រមួកផ្សិត ភាគច្រើនមានរូបជាបំពង់។ ចិញ្ចៀន ឬ ring គឺជាភ្នាសស្តើងៗភ្ជាប់មួកផ្សិតទៅនឹងទងផ្សិត។ ហើយផ្នែកមួយទៀតគឺស្រោមផ្សិត ឬ Vulva គឺជាភ្នាសដែលខ្ចប់ផ្សិតពេលនៅក្រពុំ។
យោងតាមឯកសារស្តីពីការបណ្តុះផ្សិតចំបើង មានវិធីបណ្តុះផ្សិតនេះ ៣វិធី គឺបណ្តុះក្នុងរង ឬពំនូកទាប បណ្តុះក្នុងម្លប់ធ្វើជារោងមានដំបូល និងបណ្តុះកណ្តាលវាលតាមបែបចិន។
លោក សុមេធ អ្នកបណ្តុះផ្សិតនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ប្រាប់ថា ការដាំផ្សិតក្នុងម្លប់បានលទ្ធផលល្អ ៖ «បើសិនជាកន្លែងហ្នឹង កន្លែងដូចវាល របៀបដូចវាលស្រែ កន្លែងវាលស្រែល្អ ឬកន្លែងត្រង់ណាដែលមានដើមឈើម្លប់អី អាហ្នឹងល្អ វាបានថ្ងៃឡើងវាជួយឲ្យត្រជាក់។ ធម្មតាថ្ងៃឡើងវាមានអុកស៊ីហ្សែន វារាងត្រជាក់ យើងមានដើមឈើ ហើយថ្ងៃ បើត្រូវក៏ត្រូវតិចដែរ មិនឲ្យត្រូវច្រើនប៉ុន្មានទេ។ ប៉ុន្តែបើមិនឲ្យត្រូវថ្ងៃក៏បាន បើសិនជានៅក្រោមដើមឈើល្អ ក្រោមដើមឈើ យើងធ្វើរោង បើបានរោងស្បូវល្អជាងគេ បើក្រៅពីរោងស្បូវវាក្ដៅ»។
ទោះជាយ៉ាងនេះក្តី ផ្សិតចំបើងមិនដូចផ្សិតអំបោះ ផ្សិតម្ជុល ផ្សិតក្រអូប ឬផ្សិតជប៉ុនផ្សេងៗដែលនិយមអាកាសធាតុត្រជាក់។ ផ្សិតចំបើងជាផ្សិតដុះក្នុងតំបន់ក្តៅដូចស្រុកខ្មែរ ចូលចិត្តអាកាសក្តៅដែលមានសំណើមខ្ពស់ គឺអាកាសដែលមានសំណើមប្រមាណ៨០% និងមានសីតុណ្ហភាពចន្លោះ ៣២ និង ៣៨អង្សា។
មានវិធីបណ្តុះផ្សិតចំបើងមួយប្រភេទទៀតដែលគេបណ្តុះក្នុងរោងតែមិនបណ្តុះជាពំនូកទេបែរជាព្យួរដូចផ្សិតស ផ្សិតងាវ ឬផ្សិតអំបោះទៅវិញ។
លោក សុខេន កសិករពេលទំនេរនៅកៀនស្វាយ ខេត្តកណ្តាល មានប្រសាសន៍ដូច្នេះ ៖ «ខ្ញុំឃើញនៅក្នុងទូរទស្សន៍ នៅបាត់ដំបង តែមិនដឹងបច្ចេកទេសពីណាមក គេធ្វើផ្សិតចំបើងព្យួរដូចផ្សិតអំបោះដែរ ព្យួរស្បោងៗដែរ។ បើធ្វើផ្សិតចំបើងអ៊ីចឹងបានល្អមែនទែន ព្រោះអីផ្សិតចំបើងវាថ្លៃ»។
និយាយពីផ្សិតចំបើងមិនមែនមានន័យថាបណ្តុះបានតែក្នុងគំនរជញ្រ្ជាំង ឬចំបើងតែប៉ុណ្ណោះទេ គឺគេអាចប្រើសំបកសណ្តែកបាយ ដើមចេក កំប្លោក កម្ទេចកប្បាស ស្នូលគ អាចម៍រណារដែលគេប្រើបណ្តុះផ្សិតផ្សេងទៀតរួចហើយ ធ្លាយដូងប្រេងដែលគ្មានផ្លែ ។ល។ យកមកជាវត្ថុធាតុសម្រាប់បណ្តុះក៏បាន។
ចំពោះដីនិងវត្ថុធាតុសម្រាប់បណ្តុះផ្សិតចំបើង ត្រូវមានតម្លៃ pH ឬ អត្រាជូរនិងប្រៃប្រមាណ ៧ ទៅ ៧កន្លះ។ បើសម្ភារៈបណ្ដុះជូរពេកត្រូវរោយកំបោរសនិងមនោសិលា តែបើសម្ភារៈ ឬដីនោះប្រៃ ត្រូវយកលាមកសត្វហាលស្ងួតនិងមនោសិលារោយពីលើ រួចហើយសឹមកាយដីលុបលាយឲ្យចូលគ្នាជាល្បាយ។ មុននឹងចាប់ផ្តើមបណ្តុះត្រូវទុកដីចោល ២-៣ថ្ងៃសិន។ មានការកត់សម្គាល់មួយទៀតគឺ ផ្សិតចំបើងមិនចូលចិត្តឲ្យមានទឹកដក់។ ដូច្នេះត្រូវធ្វើចង្អូរក្នុងរងនៅរដូវវស្សានិងត្រូវពូនកន្លែងបណ្តុះឲ្យជាទួលខ្នងអណ្តើកសម្រាប់សម្រួលដល់លំហូរទឹក។
ក្នុងការត្រៀមដីធ្វើរងដំណាំ គេចាំបាច់ត្រូវជម្រះស្មៅឲ្យស្អាត និងកាប់គាស់ដីឲ្យដីធូរមុនធ្វើការបណ្តុះផ្សិត ដើម្បីឲ្យសរសៃឆ្មាររបស់ផ្សិតចំបើងអាចរីកសាយចុះទៅក្នុងដីស្វែងរកធាតុអាហារក្រោមដីយកមកជាអាហារបន្ថែមបាន ដែលការនេះនឹងជួយឲ្យផលិតផលកើនកាន់តែច្រើន។ គេច្រើនឃើញផ្សិតចំបើងដុះលើដីច្រើនជាងលើពំនូកសម្ភារៈបណ្ដុះនៅរដូវក្តៅ ព្រោះបរិស្ថានសមស្របជាង និងមានចំណីអាហារដែលផ្សិតចំបើងចូលចិត្តច្រើនជាង។
សូមជម្រាបថា កាលណាបណ្តុះផ្សិតចំបើងមួយសាហើយ នឹងមានកើតសត្វល្អិតនិងការប្រមូលផ្តុំមេរោគដែលមានគ្រោះថ្នាក់ចំពោះផ្សិតចំបើង។ ដូច្នេះមិនគបី្បបណ្តុះផ្សិតចំបើងនៅកន្លែងដដែលភ្លាមៗទេ ត្រូវទុករយៈដកឃ្លាយ៉ាងតិច ៦ខែ បើមិនដូច្នោះទេ ត្រូវធ្វើការបំបាត់សត្រូវផ្សិតចំបើងជាមុនសិន ដោយកាប់គាស់ដីហាលថ្ងៃ ឬធ្វើការដុតដីជាមុនសិន តែផលិតផលនឹងមិនបានល្អដូចលើកដំបូងឡើយ។
តើការបណ្តុះផ្សិតចំបើងលើរងទាបត្រូវមានសម្ភារៈនិងឧបករណ៍អ្វីខ្លះ?
ដំបូងត្រូវមានមេផ្សិតដែលមានលក្ខណៈល្អ មានសរសៃឆ្មារ ពណ៌ស មិនផ្អូម ឬមានផ្សិតចង្រៃផ្សេងទៀតលាយឡំ។ មេផ្សិតនេះគេអាចទិញពីអ្នកផលិតមេផ្សិតយកមកបណ្តុះ ឬ ផលិតមេផ្សិតដោយខ្លួនឯងក៏បាន។
លោក ថា សុមេធ មានប្រសាសន៍ដូច្នេះ ៖ «មេ យើងធ្វើខ្លួនយើង។ មេធ្វើអំពីស្រូវ បើស្រុកថៃ គេច្រើនធ្វើអំពីស្រូវសាលី គេហៅពោតសាលីៗ ប៉ុន្តែខ្ញុំធ្វើតែអំពីស្រូវយើង»៕