តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ជំនុំជម្រះ​អ្នកស្រី អ៊ុង សានសូជី គឺ​ជា​ការ​ទប់​ស្កាត់​មេ​ដឹក​នាំ មិន​ឲ្យ​ប្រព្រឹត្តិ​អំពើ​ហិង្សា​នៅ​ក្នុង​តំបន់ និង​ពិភពលោក

ប្រធាន​គណបក្ស​ជាតិ​សម្ព័ន្ធ​ប្រជាធិបតេយ្យ (NLD) អ្នកស្រី អ៊ុង សាន ស៊ូជី ចេញ​ពី​រដ្ឋ​សភា បន្ទាប់​ពី​ជួប​ប្រជុំ​ជាមួយ​តំណាងរាស្ត្រ​នៃ​គណបក្ស​របស់​អ្នកស្រី កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៦។
ប្រធាន​គណបក្ស​ជាតិ​សម្ព័ន្ធ​ប្រជាធិបតេយ្យ (NLD) អ្នកស្រី អ៊ុង សាន ស៊ូជី ចេញ​ពី​រដ្ឋ​សភា បន្ទាប់​ពី​ជួប​ប្រជុំ​ជាមួយ​តំណាងរាស្ត្រ​នៃ​គណបក្ស​របស់​អ្នកស្រី កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៦។ (AFP)

0:00 / 0:00

សវនាការ​បឋម​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ អាយស៊ីជេ (ICJ) រយៈ​ពេល​បី​ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់​ថ្ងៃ​ទី១៣ ធ្នូ ដើម្បី​ពិនិត្យ​មើល​សំណុំ​រឿង​ចោទ​ប្រកាន់​បទ​ប្រល័យ​ពូជ​សាសន៍​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា នៅ​ប្រទេស​មីយ៉ាន់ម៉ា បាន​ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ។

មេ​ដឹក​នាំ​មីយ៉ាន់ម៉ា អ្នកស្រី អ៊ុង សានសូជី (Aung Sansuu Kyi) បាន​ឡើង​ថ្លែង​ការពារ​មន្ត្រី​យោធា​មីយ៉ាន់ម៉ា​ថា មិន​មាន​អំពើ​ប្រល័យ​ពូជសាសន៍​កើត​ឡើង​ទេ។ អ្នកស្រី​ស្នើ​តុលាការ អាយស៊ីជេ (ICJ) ទុក​ឱកាស​ឱ្យ​តុលាការ​ក្នុង​ប្រទេស​របស់​អ្នក​ស្រី​បើក​ការ​ជំនុំជម្រះ និង​ផ្តន្ទាទោស​ជន​ល្មើស​ដោយ​ខ្លួន​ឯង។

ក្រុម​អង្គការ​សិទ្ធិមនុស្ស​ថា រដ្ឋបាល​របស់​អ្នកស្រី រំលោភ​អនុសញ្ញា​ប្រល័យ​ពូជ​សាសន៍​ឆ្នាំ១៩៤៨ នៅ​ពេល​បណ្ដេញ និង​សម្លាប់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា (Rohingya) កាលពីឆ្នាំ២០១៧។

សវនាការ​បឋម​លើ​សំណុំ​រឿង​មេ​ដឹក​នាំ​ភូមា ឬ​មីយ៉ាន់ម៉ា (Myanmar) នៅ​ឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ គឺ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​សំខាន់ ដែល​មេ​ដឹក​នាំ​គ្រប់គ្រង​ប្រទេស​មួយ​នៅ​អាស៊ី​អាគ្នេយ៍ ឬ​អាស៊ាន ប្រឈម​នឹង​បទ​ចោទ​អំពើ​ប្រល័យពូជសាសន៍ នៅក្នុងសតវត្សទី២១នេះ។

នៅ​ចំពោះ​មុខ​ចៅក្រម​នៃ​តុលាការ​យុត្តិធម៌​អន្តរជាតិ ចំនួន ១៧រូប អ្នកស្រីអ៊ុង សាន​ស៊ូជី អាយុ​ ៧៤ឆ្នាំ ដែល​ធ្លាប់​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ភូមា និង​ជា​ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព (Nobel Peace Prize) បាន​ធ្វើ​ឱ្យ​ពិភព​លោក​ភ្ញាក់​ផ្អើល នៅ​ពេល​អ្នកស្រី​ថ្លែង​ការពារ​មេ​យោធា​មីយ៉ានម៉ា ថា ការ​ចោទ​ប្រកាន់​រដ្ឋបាល​អ្នកស្រី​ថា បាន​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជ​សាសន៍​នោះ គឺ​ជា​រឿង​បំភ្លៃ​ការ​ពិត​នោះ។

ទោះ​ជា​យ៉ាង​ណា អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​លើក​ឡើង​ថា អំពើ​ហិង្សា កាប់​សម្លាប់​មនុស្ស​នៅ​ភូមា ឬ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​នោះ គឺ​ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ហើយ​ក៏​ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​ថា ប្រទេស​នេះ នៅ​មិន​ទាន់​អាច​ដោះ​ខ្លួន​ចេញ​ពី​របប​គ្រប់គ្រង​ដោយ​យោធា​នៅ​ឡើយ​ទេ។

មន្រ្តី​ជាន់​ខ្ពស់​នៃ​អង្គការ ខុមហ្វ្រែល លោក គល់ បញ្ញា សំដែង​ការ​សោក​ស្ដាយ ដែល​អ្នកស្រី អ៊ុង សាន​សូជី ថ្លែង​ការពារ​មេ​ដឹក​នាំ​យោធា​នៅ​ក្នុង​សវនាការ​យុត្តិធម៌​អន្តរជាតិ​នេះ។ លោក បញ្ជាក់​ថា អ្នកស្រី អ៊ុង សាន​សូជី ហាក់​គ្មាន​មូលដ្ឋាន​គ្រប់គ្រាន់ ដើម្បី​ការពារ​ខ្លួន​ថា មិន​បាន​ប្រល័យ​ពូជ​សាសន៍​លើ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា កាន់​សាសនា​ឥស្លាម​នោះ​ឡើយ៖ «គេ​យក​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​របប​នោះ​ទៅ​កាន់​ទោស ពីព្រោះ​តុលាការ​នៅ​ក្នុង​ស្រុក​ពិបាក​នៅ​ក្នុង​ការ​នាំ​មេ​ដឹក​នំា​ទៅ​កាត់​ទោស​នៅ​ខណៈ​គេ​នៅ​កាន់​អំណាច​នោះ»

នៅ​ក្នុង​សវនាការ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ កាល​ពី​ថ្ងៃ​ទី១១ ធ្នូ ទីប្រឹក្សា​រដ្ឋ​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​នៃ​សហភាព​មីយ៉ាន់ម៉ា​អ្នកស្រី អ៊ុង សានសូ បាន​ថ្លែង​នៅ​ចំពោះ​មុខ​សវនាការ​នោះ​ថា ព្រឹត្តិការណ៍​ក្នុង​ឆ្នាំ ២០១៧ នោះ គឺ​កងទ័ព​បាន​ធ្វើ​ប្រតិបត្តិការ​បាន​បង្ក្រាប​លើ​ជនជាតិ ភាគ​​តិច​​រ៉ូហ៊ីងយ៉ា ដើម្បី​បោស​សំអាត​ក្រុម​បះបោរ​មូស្លីម​ភាគ​ខាង​ជើង ដែល​បាន​វាយ​ប្រហារ​ទៅ​លើ​ទី​បញ្ជា​ការដ្ឋាន​ប៉ូលិស​តែ​ប៉ុណ្ណោះ មិនមែន​ជា​ការ​ប្រល័យ​ពូជ​សាសន៍​អ្វី​ទេ។ អ្នកស្រី បាន​​ស្នើ​សុំ​​ឲ្យ​​តុលាការ​យុត្តិធម៌​អន្តរជាតិ ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នេះ៖ «ស្ថានភាព​នៅ​រ៉ាក់ខាញ​មាន​​ភាព​ស្មុគស្មាញ និង​មិន​ងាយ​យល់ ប៉ុន្តែ​រឿង​មួយ​ច្បាស់​ជា​ប៉ះពាល់​ដល់​យើង​ទាំង​អស់​គ្នា​ដូច​គ្នា គឺ ការ​រង​ទុក្ខ​របស់​ប្រជាជន​ស្លូតត្រង់​ជាច្រើន ដែល​ជីវិត​របស់​ពួក​គេ​ត្រូវ​បាន​បែក​បាក់​ជា​ផល​វិបាក​នៃ​ជម្លោះ​ប្រដាប់​អាវុធ​ឆ្នាំ២០១៦ និង ២០១៧ ជា​ពិសេស​​អ្នក​​ដែល​​ត្រូវ​​ភៀស​​ខ្លួន​​ចេញ​​ពី​​ផ្ទះ ហើយ​​ឥឡូវ​​នេះ​​កំពុង​​រស់​​នៅ​​ក្នុង​​ជំរុំ Cox's Bazar»

ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​ច្រាន​ចោល​ការ​លើក​ឡើង​របស់ អ៊ុង សាន​សូជី ថា ជា​ការ​ថ្លែង​ភូតភរ។ ក្រុម​សិទ្ធិមនុស្ស​ដែល​ធ្លាប់​បាន​គាំទ្រ​អ្នកស្រី អ៊ុង សាន​សូជី នៅ​ក្នុង​កំឡុង​ពេល​អ្នកស្រី​តស៊ូ ដើម្បី​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ​ឱ្យ​ប្រទេស​ភូមា រហូត​ដល់​ជាប់​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​រយៈ​ពេល ១៥ឆ្នាំ​នោះ និយាយ​ថា ហេតុការណ៍​សម្លាប់​រង្គាល​ទៅ​លើ​ជន​ស្លូត​ត្រង់​រ៉ូហ៊ីងយ៉ា​នោះ គឺ​ជា​អំពើ​ដ៏​អាក្រក់​មួយ និង​គួរ​ឲ្យ​ស្អប់​ខ្ពើម ដែល​អ្នកស្រី អ៊ុង សាន​សូជី មិន​គួរ​ចេញ​មុខ​ការពារ ។

នាយក​ស៊ើប​អង្កេត និង​ស្វែងរក​ការ​ពិត នៃ​អង្គការ គ្រូពេទ្យ ដើម្បី​សិទ្ធិមនុស្ស (Physicians for Human Rights (PHR) បាន​សរសេរ​នៅ​លើ​វែបសាយ អាស៊ី​ថែម៍ (ASEA time) ថា វា​ជា​រឿង​អកុសល ដែល​អ្នកស្រី អ៊ុង​សានសូជី បាន​និទាន​រឿង​នៅ​ក្នុង​សវនាការ ផ្ទុយ​ទៅ​នឹង​ភស្តុតាង ដែល​ចងក្រង​ដោយ​អង្គការ​សហប្រជាជាតិ ដែល​ជា​បេសកម្ម​ស្វែង​រក​ការ​ពិត​របស់​អង្គការ​អន្តរជាតិ​ឯករាជ្យ​មួយ និង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត ដែល​បាន​រក​ឃើញ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ជា​ប្រព័ន្ធ ដូច​ជា ការ​បាញ់​សម្លាប់ ការ​ចាប់​រំលោភ ការ​ដុត​ផ្ទះ​ចោល និង​ការ​បណ្ដេញ​ចេញ​ពី​ភូមិ​ជា​ដើម។ លោក លោក ហ្វឺលីម គីន (Phelim Kine) បន្ថែម​ថា ឯកសារ​ស្វែង​រក​ការ​ពិត​នោះ គឺ​បង្ហាញ​ពី​ការ​ដាក់​គោលដៅ​សម្លាប់​យ៉ាង​ឃោរឃៅ​រីក​រាល​ដាល និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ទៅ​លើ​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា ដោយ​កង​កម្លាំង​សន្តិសុខ​ភូមា ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍ ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី២៥ ខែ​សីហា ឆ្នាំ២០១៧។

អ្នកស្រី អ៊ុង សានសូជី បាន​ចូល​ខ្លួន​ក្នុង​​សវនាការ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ តាម​បណ្ដឹង​របស់​ប្រទេស​ហ្គាំប៊ី (Gambia)ដែល​មាន​ការ​គាំទ្រ​ពី​អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម ដែល​មាន​សមាជិក ៥៧ នាក់។ តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​ចោទ​ប្រកាន់​មេ​ដឹក​នាំ​មីយ៉ាន់ម៉ា ពី​បទ​រំលោភ​លើ​អនុសញ្ញា​ឆ្នាំ ១៩៤៨ ស្ដីពី​ការ​ការពារ និង​ការ​បង្ក្រាប​លើ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍។ ប្រទេស​ហ្គាំប៊ី​បាន​ចោទ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ថា ​ ​បាន​រំលោភបំពាន​លើ​អនុសញ្ញា​មួយ​នេះ ដោយ ​បាន​ប៉ុនប៉ង ​លុបបំបាត់​មូស្លីម​រ៉ូហ៊ីងយ៉ា​។

អង្គការ​សិទ្ធិមនុស​សហប្រជាជាតិ​បាន​ចោទ​ក្រុម​យោធា​មីយ៉ាន់ម៉ា​ថា បាន សម្លាប់​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​រាប់​ពាន់​នាក់ និង​បង្ខំ​ឱ្យ​ប្រមាណ ៧សែន ៤ ម៉ឺន​នាក់​ផ្សេង​ទៀត​រត់​ភៀស​ខ្លួន​ឆ្លង​កាត់​ព្រំដែន​ចូល​​ទៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​នៅ ប្រទេស​បង់ក្លាដែស ដោយសារ​តែ​ប្រតិបត្តិការ​របស់​យោធា​បង្ក្រាប​ដ៏​ធំ​មួយ​នៅ​ក្នុង​រដ្ឋ​រ៉ាក់ខាញ​នៅ​ក្នុង​ឆ្នាំ២០១៧។ អង្គការ​សហប្រជាជាតិ​បាន​ចេញ​របាយការណ៍​​​នៅ​ឆ្នាំ២០១៨ ថា រដ្ឋាភិបាល​ភូមា បាន​សម្លាប់​មនុស្ស​រង្គាល និង​ជា​អំពើ​ប្រល័យ​ពូជ​សាសន៍​លើ​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា។

លោក គល់ បញ្ញា មានប្រសាសន៍ថា របប​ដឹក​នាំ​នៅ​ភូមា នៅ​តែ​ជា​របប​ផ្ដាច់ការ​នៅ​ឡើយ ដែល​ក្រុម​យោធា​មាន​ឥទ្ធិពល​ខ្លាំង មិន​មែន​ជា​របប​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ឡើយ៖ «ការ​បោស​សំអាត​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យ​ខ្លាច​រត់​ចោល​ស្រុក​នោះ​មិន​មែន​ជា​ការ​រក្សា​សន្តិភាព​នោះ​ទេ ផ្ទុយ​ទៅ​វិញ គឺ​ជា​ការ​បង្រ្កាប​ធ្វើ​ទុក្ខ​បុក​ម្នេញ​ជន​ស្លូត​ត្រង់ ហើយ​តាម​ពិត​គ្មាន​សន្តិភាព​ឯ​ណា ?»។

តុលាការ​យុត្តិធម៌​អន្តរជាតិ​ជា (ICJ) ​ផ្នែក​មួយ​នៃ​អង្គការ​សហប្រជាជាតិ ព្រោះ​តុលាការ​នេះ​បង្កើត​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ និង​ទទួល​ថវិកា​ប្រចាំ​ឆ្នាំ​ពី​អង្គការ​សហប្រជាជាតិ។ ប្រទេស​ទាំង​ឡាយ​ណា​ដែល​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ គឺ​ស្ថិត​នៅ​ក្រោម​ដែន​យុត្តាធិការ ឬ​ដែន​អំណាច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នេះ។ តុលាការ​យុត្តិធម៌​អន្តរជាតិ មាន​តួនាទី​ដោះ​ស្រាយ​ទំនាស់​រវាង​ប្រទេស​ជាតិ​មួយ​ជាមួយ​នឹង​ប្រទេស​ជាតិ​មួយ​ទៀត។ ហើយ​តុលាការ​នេះ ក៏​មាន​តួនាទី​ក្នុង​ការ​កាត់​ទោស​មេ​ដឹក​នាំ​ប្រទេស ដែល​ប្រព្រឹត្តិ​អំពើ​ហិង្សា និង​សម្លាប់​មនុស្ស​ជា​ប្រព័ន្ធ ដែល​ជា​អំពើ​ប្រល័យ​ពូជ​សាសន៍​នោះ។

អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត មាស នី មានប្រសាសន៍ថា ជា​ការ​កត់​សម្គាល់​សម្រាប់​នៅ​កម្ពុជា គឺ​តែងតែ​មាន​ការ​សម្លាប់​នៅ​រៀងរាល់​ពេល​បោះ​ឆ្នោត​ម្ដងៗ គិត​តាំង​ពី​ឆ្នាំ១៩៩៣ មក តែ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ មិន​មាន​ការ​សម្លាប់​ទៀត​ទេ​គឺ មាន​ការ​ចាប់​ចង​វិញ។ បណ្ឌិត មាស នី បន្ថែម​ថា សម្រាប់​នៅ​កម្ពុជា​ការ​សម្លាប់​អ្នក​រិះគន់​កន្លង​មក​មិន​ទាន់​ធ្ងន់ធ្ងរ​ដូច​នៅ​ប្រទេស​ភូមា​នៅ​ឡើយ​ទេ៖ «រដ្ឋាភិបាល​បាន​និយាយ​ហើយ​ថា បើ​អត់ EBA ត្រូវ​កម្ទេច​គណបក្ស​ប្រឆាំង​ចោល​ទាំង​ស្រុង បើ​សិន​ជា​អត់ អ៊ីប៊ីអេ នោះ​អ៊ីចឹង​យើង​មិន​ទាន់​ដឹង​ថា ៥ និង ៦ខែ​ទៅ​មុខ​ទៀត​ នឹង​ប្រែប្រួល​ដូច​ទសវត្សរ៍​ឆ្នាំ១៩៩០ ឬ​យ៉ាង​ណា

នៅ​ក្នុង​សវនាការ​នៃ​តុលាការ​យុត្តិធម៌​អន្តរជាតិ នា​ទីក្រុង​ឡាអេ​នោះ អ្នកស្រី អ៊ុង សានសូជី បាន​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់ ដោយ​លើក​ឡើង​ថា អ្នកស្រី​មិន​ចង់​ឲ្យ​បរទេស​ណា​លូក​ដៃ​លើ​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន ហើយ​អះអាង​ថា អ្នកស្រី បាន​រៀបចំ​ឲ្យ​តុលាការ​យោធា​ភូមា​បើក​ការ​ស៊ើប​អង្កេត មេ​ដឹក​នាំ​យោធា​ទាក់ទង​នឹង​ករណី​ប្រើ​អំពើ​ហិង្សា​នៅ​រដ្ឋ​រ៉ាក់ខាញ​នេះ មក​កាត់​ទោស​ដោយ​ខ្លួន​ឯង និង​ដោយ​យុត្តិធម៌​ជា​ទីបំផុត។

ទោះ​បី​ជា​មាន​ការ​ស្នើសុំ​បែប​នេះ​ក្ដី អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​ផ្នែក​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៃ​ការិយាល័យ​យុត្តិធម៌​ព្រហ្មទណ្ឌ​សកល​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ដែល​បាន​ចូលរួម​ក្នុង​សវនាការ​នេះ​ដែរ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ភាសា​ភូមា​ថា ប្រធាន​ជំនុំជម្រះ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​ច្រាន​ចោល​សំណើ​របស់​អ្នក​ស្រីអ៊ុង សានស៊ូជី។ លោក​មាន​ប្រសាសន៍​ថា អំពើ​ហិង្សា​សម្លាប់​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​នេះ​មិន​មែន​ជា​កើត​មាន​ឡើង​តែ​ម្ដង​នៅ​ក្នុង​ឆ្នាំ២០១៧ នោះ​ទេ គឺ​ទាហាន​ភូមា​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​ជនជាតិ​ភូមា​តាំង​ពី​មុន​ឆ្នាំ២០១៧ និង​ជា​បន្ត​បន្ទាប់​មក​ទៀត ដែល​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​អ្នកស្រី អ៊ុង សានសូជី ដែល​បណ្ដោយ​ឲ្យ​មាន​ការ​សម្លាប់​មនុស្ស​ជា​ប្រព័ន្ធ​នេះ​កើត​ឡើង។

អ្នកស្រី អ៊ុង សាន ស៊ូជី (Aung San Suu Kyi) មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ២០១៥ របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (National League for Democracy) លើ​អតីត​ប្រធានាធិបតី​ភូមា លោក ថេន សេន (Thein Sein) ដែល​ជា​មេ​ដឹក​នាំ​ផ្ដាច់ការ​មួយ​រូប​នៅ​អាស៊ាន។ ក្រោយ​ពី​គណបក្ស​ប្រឆាំង​បាន​ឈ្នះ​ឆ្នោត បាន​ធ្វើ​ឲ្យ​ប្រទេស​ប្រជាធិបតេយ្យ​ជា​ច្រើន​អបអរសាទរ ដែល​ធ្វើ​ឲ្យ​ប្រទេស​ភូមា​រួច​ផុត​ពី​ការ​ហ៊ុំ​ព័ទ្ធ​សេដ្ឋកិច្ច​ពី​ប្រទេស​លោក​សេរី។

ក៏​ប៉ុន្តែ​ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រឆាំង​នេះ ក៏​អំណាច​ច្រើន​លើសលប់​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ក្រុម​យោធា​ដដែល ដែល​ជា​បន្ត​បន្ទាប់​មក​ក្រុម​យោធា​មាន​យុទ្ធនាការ​បោះ​សម្អាត​ជន​ជាតិ​ដើម​ភាគ​តិច​រ៉ូហ៊ីងយ៉ា ដែល​ពិភពលោក​ថ្កោលទោស ចំពោះ​ការ​សម្លាប់​រង្គាល​នេះ ប៉ុន្តែ​អ្នកស្រី អ៊ុង សានសូជី មិន​បាន​ប្រឹងប្រែង​ទប់​ស្កាត់ ចំពោះ​អំពើ​រំលោភ​សិទ្ធិមនុស្ស ដែល​គេ​ចាត់​ទុក​ថា ជា​អំពើ​ប្រល័យ​ពូជសាសន៍​នេះ​ឡើយ ផ្ទុយ​ទៅ​វិញ អ្នកស្រី​បែរ​ជា​ព្យាយាម​និយាយ ការពារ​ចំពោះ​សកម្មភាព​យោធា​កាប់​សម្លាប់​មនុស្ស​នេះ​ទៅ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។