មេដឹកនាំផ្ដាច់ការនៅក្នុងប្រទេសអាស៊ាន មានលំនាំប្រហាក់ប្រហែលគ្នា ក្នុងការក្រាញអំណាច បង្កើតឲ្យមានបក្ខពួក គ្រួសារនិយម និងប្រព្រឹត្តិអំពើពុករលួយជាប្រព័ន្ធ ដើម្បីបន្តអំណាចរបស់ខ្លួនទៅមុខទៀតបាន ក៏ប៉ុន្តែមេដឹកនាំផ្ដាច់ការទាំងនេះ មានវាសនាមិនល្អ ដែលអាចបន្តអំណាចឲ្យកូនចៅរបស់ខ្លួនដឹកនាំបន្តវេនពីខ្លួនបានឡើយ ដូចជា អតីតមេដឹកនាំផ្ដាច់ការនៅឥណ្ឌូនេស៊ី លោក ស៊ូហាតូ (Soeharto ) និងអតីតប្រធានាធិបតី ហ្វីលីពីន លោក ហ្វើឌីណង់ ម៉ាកូស (Ferdinand Marcos) ជាដើម។
សម្រាប់នៅកម្ពុជាវិញ លោក ហ៊ុន សែន បានក្លាយជាមេដឹកនាំប្រទេសយូរជាងគេនៅក្នុងតំបន់ និងបានបង្កើតឲ្យមានអំពើពុករលួយ បក្ខពួកនិយម បិទសិទ្ធិសេរីភាពពលរដ្ឋមិនខុសពីអតីតមេដឹកនាំឥណ្ឌូនេស៊ី និងហ្វីលីពីនឡើយ។
លោក ហ៊ុន សែន ដែលមន្ត្រីសិទ្ធិមនុស្សចាត់ទុកជាមេដឹកនាំផ្ដាច់ការ បានក្លាយជាមេដឹកនាំលំដាប់ទី១ ដែលកាន់អំណាចយូរជាងគេ នៅក្នុងតំបន់អាស៊ាន។
លោក ហ៊ុន សែន ត្រូវបានសហគមន៍អន្តរជាតិ ចាត់ទុកថា ជាមេដឹកនាំម្នាក់ មិនខុសគ្នាពីអតីតមេដឹកនាំ ឥណ្ឌូនេស៊ី លោក ស៊ូហាតូ និងអតីតមេដឹកនាំហ្វីលីពីន ម៉ាកូស ឡើយ ពីព្រោះថា ក្រោមការដឹកនាំរបស់លោក ពោរពេញដោយអំពើហិង្សា អំពើពុករលួយ ការកាប់សម្លាប់ និងបិទសេរីភាពប្រជាពលរដ្ឋរបស់ខ្លួន។
របបដឹកនាំនៃមេដឹកនាំ ដែលក្រាញអំណាចយូរឆ្នាំ ទាំងលោក ម៉ាកូស អតីតប្រធានាធិបតីហ្វីលីពីនចំរយៈពេល ២១ឆ្នាំ និងលោក ស៊ូហាតូ អតីតប្រធានាធិបតីឥណ្ឌូនេស៊ីរយៈពេលជាង ៣០ឆ្នាំ។ រីឯ លោក ហ៊ុន សែន ដឹកនាំប្រទេស ៤០ឆ្នាំមកហើយនោះ គឺមេដឹកនាំទាំងបីប្រកាន់យករបបប្រជាធិបតេយ្យដូចគ្នា ក៏ប៉ុន្តែការអនុវត្តមិនដើរតាមគន្លងប្រជាធិបតេយ្យ និងនីតិរដ្ឋឡើយ។ ប្រជាធិបតេយ្យ និងនីតិរដ្ឋ នៃមេដឹកនាំនេះ គឺយកមកអនុវត្តនៅក្នុងការគ្រប់គ្រងរបបរបស់ខ្លួន ដើម្បីបិទបាំងនូវអំពើផ្ដាច់ការរបស់ខ្លួនទៅវិញទេ។
ប្រជាធិបតេយ្យ មានន័យថា “ប្រជាជនជាធំ ឬប្រជាពលរដ្ឋជាម្ចាស់ នៃអំណាច”។ ចំណែកនៅក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត វិញ ប្រជាធិបតេយ្យ មានន័យថា “ភាពនៃប្រទេស ដែលមានប្រជារាស្ត្រ ជាអធិបតី គឺប្រទេស ឬរដ្ឋបាល ដែលមានប្រជាជនជាធំ ក្នុងការជ្រើសរើសតំណាងរបស់ខ្លួន ឲ្យជាអ្នកសម្រេចកិច្ចការក្នុងប្រទេស”។
នីតិរដ្ឋវិញ (Rule of Law) មានន័យថា "រដ្ឋដែលប្រកាន់យកច្បាប់ជាធំ។ ន័យនីតិសាស្ត្រវិញ មានន័យថា ជាទម្រង់នៃការគ្រប់គ្រងរដ្ឋ ដែលទទួលស្គាល់ និងការពារសិទ្ធិសេរីភាព ធានានូវការប្រើប្រាស់សិទ្ធិសេរីភាព មានតុលាការឯករាជ្យ ដែលជាស្ថាប័នស្វែងរកយុត្តិធម៌ជូនពលរដ្ឋ ការពារការអនុវត្តច្បាប់មិនឱ្យមានការរំលោភច្បាប់"។
មេដឹកនាំទាំងនេះ មិនបានដឹកនាំដែលយកប្រជាធិបតេយ្យ និងនីតិរដ្ឋជាធំទេ ដូចជា ស៊ូហាតូ បានគ្រប់គ្រងអំណាចប្រទេសឥណូនេស៊ី ដែលជាប្រទេសធំជាងគេលំដាប់ទី៣ លើពិភពលោកតាមរយៈ ការធ្វើរដ្ឋប្រហារទម្លាក់ លោកប្រធានាធិបតី ស៊ូកាណូ នៅឆ្នាំ១៩៦៥ ហើយក្រោយមក លោកបានធ្វើកំណែទម្រង់ឥណ្ឌូនេស៊ី តាមរយៈការរៀបចំឲ្យមានការបោះឆ្នោតនៅគ្រប់អាណត្តិទំាងអស់។
រីឯហ្វីលីពីនវិញ ក្រោមការដឹកនាំរបស់លោក ម៉ាកូស ក៏បើកឲ្យមានការបោះឆ្នោតជ្រើសមេដឹកនាំគ្រប់អាណត្តិដែរ ប៉ុន្តែរាល់ការបោះឆ្នោត គឺតែងតែមានអំពើហិង្សា និងមានការតវ៉ាអំពីលទ្ធផលបោះឆ្នោតមិនខុសពីកម្ពុជាឡើយ។
អ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា អតីតមេដឹកនាំឥណូនេស៊ី លោក ស៊ូហាតូ និងអតីតមេដឹកនាំហ្វីលីពីន លោក ម៉ាកូស រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមេដឹកនាំប្រទេស មានរបៀបដឹកនាំប្រហាក់ប្រហែលគ្នា គឺការពង្រឹងអំណាច តាមរយៈការបង្កើតបក្ខពួក អំពើពុករលួយ បង្ក្រាបក្រុមប្រឆាំង ឬអ្នកនិយាយរិះគន់។ លោក គឹម សុខ បន្ថែមថា ការដឹកនាំរបស់មេដឹកនាំបីនេះ គឺធ្វើឲ្យពលរដ្ឋរបស់ខ្លួនឈឺចាប់ដូចគ្នា ហើយប្រព័ន្ធតុលាការមិនមែនជាតុលាការឯករាជ្យ បង្កើតភាពអយុត្តិធម៌ជាច្រើននៅក្នុងសង្គម៖ «ទាត់ចោលនូវការអនុវត្តច្បាប់យុត្តិធម៌មួយមានន័យថា ច្បាប់ដែលគេអនុវត្តនៅក្នុងប្រទេស ដូចដែលយើងឃើញលោក ហ៊ុន សែន ទាំង ម៉ាកូស និង សូហាតូ ការអនុវត្តច្បាប់ បើអ្នកនោះ ជាក្រុមបក្ខពួកគាត់គ្មានបញ្ហាអ្វីទេ បើសិនជាមិនមែនបក្ខពួកគាត់ គឺត្រូវចាប់ដាក់គុកច្រវ៉ាក់ បង្កើតការឈឺចាប់ដល់ប្រជាពលរដ្ឋ គឺការអនុវត្តច្បាប់នេះ គឺមានស្ដង់ដារពីរ ហើយគេអាចបង្កើតសាច់រឿង ដើម្បីចាប់ចង ហើយដែលលើសពី ម៉ាកូស និង សូហាតូ ទៅទៀតនោះ គឺមេដឹកនាំកម្ពុជា លោក ហ៊ុន សែន ត្រូវបានលើកបន្តុបដោយវៀតណាម»។
ក្រៅពីនេះទៀត វិស័យយោធា គឺជាមូលដ្ឋានដ៏សំខាន់ ដែលមេដឹកនាំទាំងបីនេះ យកមកធ្វើជាខ្នងបង្អែកនៃការដឹកនាំរបស់ខ្លួន ដែលធ្វើជាឈ្នាន់សម្រាប់ទ្រទ្រង់ និងការពារអំណាច។ ទោះបីជាយ៉ាងនេះក្ដី ទាំងអតីតមេដឹកនាំហ្វីលីន ម៉ាកូស ទាំងអតីតមេដឹកនាំឥណ្ឌូនេស៊ី លោក ស៊ូហាតូ មិនមានវាសនាល្អ ដែលអាចបន្តអាយុនយោបាយរបស់ពួកគេ ដូចដែលមហិច្ឆតាចង់បានរបស់ខ្លួនឡើយ។ នៅទីបំផុតមេដឹកនាំទាំងពីរ ត្រូវបានពលរដ្ឋរបស់ខ្លួនតវ៉ា បាតុកម្មទម្លាក់ចេញពីអំណាច ទោះបីពួកគេអាងលើអំណាចយោធា ដើម្បីការពាររបបរបស់ខ្លួនក្ដី។
ចំពោះហ្វីលីពីន គិតចាប់ពីឆ្នាំ១៩៨៣ ពលរដ្ឋហ្វីលីពីន នាំគ្នាងើបបះបោរតវ៉ាប្រឆាំង និងការដឹកនាំរបស់ ហ្វើឌីណង់ ម៉ាកូស (Ferdinand Marcos)។ នៅពេលនោះ ម៉ាកូស បានប្រើកងកម្លាំងទ័ព និងបញ្ជាឲ្យបង្ក្រាបទៅប្រជាពលរដ្ឋរបស់ខ្លួន។ ការដឹកនាំរបស់ ម៉ាកូស នេះ គឺជារបបដឹកនាំផ្ដាច់ការ និងគ្រួសារនិយម ។ មេដឹកនាំផ្ដាច់ការរូបនេះ បានបិទកាសែត ហើយចាប់អ្នកប្រឆាំងរាប់រយនាក់ដាក់គុក ក្នុងនោះក៏មាន មេដឹកនាំគណបក្សប្រឆាំងដ៏ធំដែរ ។
ប្រព័ន្ធផ្សព្វផ្សាយវិទ្យុ និងទូរទស្សន៍ ត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។ សេរីភាពសារព័ត៌មាន សេរីភាពបញ្ចេញមតិ ត្រូវបានរឹតត្បិត និងគាបសង្កត់។ ក៏ប៉ុន្តែការគាបសង្កត់កាន់តែខ្លាំង គឺធ្វើឲ្យពលរដ្ឋងើបឈរបះបោរកាន់តែខ្លាំង គឺនៅឆ្នាំ១៩៨៦ ពលរដ្ឋហ្វីលីពីន បានងើបបះបោរនៅទូទាំងប្រទេស ដើម្បីបាតុកម្មទម្លាក់មេដឹកនាំផ្ដាច់ការនេះ។ នៅពេលនោះ អ្វីដែលគួរឲ្យកត់សំគាល់នោះ គឺទាហាន និងឧត្ដមសេនីយ៍មួយចំនួន លែងស្ដាប់បញ្ជា ម៉ាកូស បែរជាមកសហការជាមួយពលរដ្ឋ ដើម្បីទម្លាក់មេដឹកនាំផ្ដាច់ការរូបនេះ ចេញពីអំណាចនៅឆ្នាំ១៩៨៦ ទៅវិញ។
ក្រោយពេលធ្លាក់ពីអំណាច ម៉ាកូស បានរត់និរទេសខ្លួន និងមានបណ្ដឹងជាច្រើនពីពលរដ្ឋ អំពីការកិបកេង និងប្រព្រឹត្តិអំពើពុករលួយដ៏មហិមាក្នុងការដឹកនាំរបស់លោក។ ដោយមានបណ្ដឹងច្រើនដូច្នេះ បានបង្ខំឲ្យ ម៉ាកូស រស់នៅនិរទេសខ្លួន រហូតដល់ទទួលមរណភាព។
ចំពោះ សូហាតូ វិញ ការដឹកនាំរបស់លោក មិនខុសពី ម៉ាកូស ដែរ ទោះបីជាប្រើអំណាចផ្ដាច់ការ និងប្រើកងកម្លាំងយោធា ដើម្បីការពារអំណាចរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏ប៉ុន្តែដោយសារកម្លាំងមហាជនពុះកញ្ជ្រោលចង់ផ្លាស់ប្ដូរ ព្រោះតែរងការឈឺចាប់ អត់ទ្រាំ និងការគាបសង្កត់ និងអំពើពុករលួយជាប្រព័ន្ធ ក្រោមការដឹកនាំរបស់ សូហាតូ មិនបាននោះ ពលរដ្ឋឥណ្ឌូនេស៊ី បានធ្វើបដិវត្តន៍ទម្លាក់មេដឹកនាំផ្ដាច់ការ ស៊ូហាតូ។ នៅទីបំផុត លោក ស៊ូហាតូ បានបង្ខំចិត្តលាលែងពីតំណែងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៩៨។
ចំពោះការដឹកនាំរបស់លោក ហ៊ុន សែន រយៈពេល ៤០ឆ្នាំកន្លងមកវិញ អ្នកវិភាគថា មិនខុសពី ម៉ាកូស និង សូហាតូ ឡើយ។ លោក ហ៊ុន សែន ប្រើប្រាស់កងកម្លាំងយោធា ដើម្បីការពារ និងធានានិរន្តរភាពអំណាចរបស់ខ្លួន និងរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ សិទ្ធិបញ្ចេញមតិ សិទ្ធិក្នុងការចូលរួមក្នុងសកម្មភាពនយោបាយ និងសិទ្ធិប្រព័ន្ធផ្សព្វផ្សាយ។
អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters Without Border) បានចេញផ្សាយលទ្ធផលសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក កាលពីថ្ងៃទី១៨ មេសា បង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជានៅតែបន្តធ្លាក់ចុះមួយលេខទៀត គឺពីលេខ១៤២ ទៅលេខ១៤៣ ក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៩។
ចំណាត់ថ្នាក់នេះមានន័យថា កម្ពុជានៅតែស្ថិតក្នុងចំណោមប្រទេសដែលមានស្ថានភាពលំបាកផ្នែកសេរីភាពសារព័ត៌មាន ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបើកយុទ្ធនាការកម្ចាត់ប្រព័ន្ធផ្សព្វផ្សាយនៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៨ បិទស្ថានីយវិទ្យុប្រមាណ៣០ និងកាសែតបរទេស The Cambodia Dailyជាដើម។
របាយការណ៍របស់ យូមែនរ៉ៃត៍ វ៉ច្ឆ (Human Rights watch) ចេញផ្សាយកន្លងមកវិញ លើកឡើងចំណុចជាច្រើនពាក់ព័ន្ធដល់ការប្រើប្រាស់អំណាចរបស់លោក ហ៊ុន សែន ដើម្បីរក្សាតំណែងចាប់តាំងពីពេលលោកបានកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ១៩៨៥ មក។
លោក ហ៊ុន សែន ត្រូវដាក់បញ្ចូលក្នុងចំណោមអ្នកដឹកនាំ ដែលឋិតក្នុងតំណែងតាមរយៈការប្រើប្រាស់អំពើហិង្សាក្នុងចេតនានយោបាយគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធគៃបន្លំការបោះឆ្នោត ប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ និងមានការគាំទ្រពីបរទេស គឺរដ្ឋាភិបាលទីក្រុងហាណូយ ដែលជ្រើសរើសលោកឱ្យកាន់តំណែង និងអាចបន្តតំណែងទៅមុខទៀត។ លោក ហ៊ុន សែន ក៏ជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ រួមមានអំពើកាប់សម្លាប់ក្រៅច្បាប់ ទារុណកម្ម ការចាប់ឃុំខ្លួន ត្រួតត្រា រារាំងសេរីភាពសមាគម ការជួបប្រជុំ និងការបង្កើតបណ្ដាញស៊ើបការណ៍ រាយការណ៍នៅពេញប្រទេស ក្នុងគោលបំណងបំភិតបំភ័យ បំភ័ន្តសាធារណៈមតិ។ យុទ្ធសាស្ត្រចម្បងជាងគេរបស់លោក ហ៊ុន សែន គឺការគំរាមកំហែង និងប្រើប្រាស់កម្លាំងប្រដាប់អាវុធ។
អ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា ប្រើគ្រប់មធ្យោបាយ ដើម្បីបិទមាត់អ្នករិះគន់ និងប្រព័ន្ធផ្សព្វផ្សាយ ហើយកងទ័ពជាវិស័យចម្បង ដើម្បីការពាររបបលោក និងក្រុមគ្រួសារ។ លោក គឹម សុខ បន្ថែមថា ចំពោះកងទ័ពហ្វីលីពីន និងឥណ្ឌូនេស៊ី ដែលមេដឹកនាំផ្ដាច់ការទាំងនេះដួលរំលំនោះគឺ នៅត្រង់ថា មេទ័ពធំៗ មានគំនិតជាតិនិយម ទោះបីជានៅក្រោមការត្រួតត្រាមេដឹកនាំផ្ដាច់ការក្ដី តែនៅទីបំផុតមេទ័ព និងកងទ័ពមួយចំនួនដកខ្លួនចេញពីមេដឹកនាំផ្ដាច់ការរបស់ខ្លួនហើយមកនៅខាងប្រជាពលរដ្ឋវិញ ដូចជា ហ្វីលីពីនជាដើម៖ « ក្នុងតួនាទីកំពូលៗ ហ្នឹង គឺហ្វីលីពីន និងឥណ្ឌូនេស៊ីហ្នឹង គេអ្នកចេះដឹងច្រើន ហើយគេយល់ដឹងអ្វីទៅជាតួនាទីរបស់កងទ័ពកំពូលៗ ហ្នឹង ប៉ុន្តែចំពោះកម្ពុជាវិញ កងទ័ព គត់មិនបានរៀនសូត្រ យល់ដឹងអំពីបញ្ហាហ្នឹង ហើយអ្វីដែលលោក ហ៊ុន សែន កាន់តែខ្លាចទៅទៀតនោះ គឺលោក ហ៊ុន សែន ខ្លាចកងទ័ពយល់ដឹងអំពីតួនាទីរបស់ខ្លួន»។
របាយការណ៍សន្ទស្សន៍ប្រជាធិបតេយ្យឆ្នាំ២០១៨ របស់អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច EIU នៃទស្សនាវដ្ដី (The Economist) របស់ចក្រភពអង់គ្លេសរកឃើញថា កម្ពុជាស្ថិតក្នុងជំពូកក្រុមប្រទេសផ្ដាច់ការ មិនខុសពីបណ្ដាប្រទេសកុម្មុយនិស្តចិន វៀតណាម រុស្ស៊ី និងកូរ៉េខាងជើងឡើយ គឺកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ១២៥ ក្នុងឆ្នាំ២០១៨ ដែលជាប្រទេសផ្ដាច់ការ ក្នុងចំណោម ១៦៧ប្រទេសនៅទូទាំងសាកលលោក។
ប្រវត្តិនៃការផ្លាស់ប្ដូរមេដឹកនាំផ្ដាច់ការនៅក្នុងប្រទេសក្នុងតំបន់បានឆ្លងកាត់ជាច្រើនដំណាក់កាល ហើយកើតចេញពីការតស៊ូពីប្រជាពលរដ្ឋនៅក្នុងប្រទេស និងសម្ពាធពីប្រទេសលោកខាងលិច ដូចជា ហ្វីលីពីននៅក្រោមការដឹកនាំរបស់ ម៉ាកូស ឥណ្ឌូនេស៊ីក្រោមការដឹកនាំរបស់ ស៊ូហាតូ និងភូមា ក្រោមការដឹកនាំរបស់អតីតមេដឹកនាំយោធា ថេន ស៊េន ជាដើម។
សមាជិកសភាអាមេរិកលោក ថិត យ៉ូហូ (Ted YOHO) មានប្រសាសន៍ថា លោក ហ៊ុន សែន ជាមេដឹកនាំផ្ដាច់ការ និងប្រើប្រាស់ធនធានរដ្ឋ ដើម្បីអំណាចរបស់ខ្លួន ពិសេសប្រើប្រាស់កម្លាំងទ័ពបង្ក្រាបពលរដ្ឋ និងសំឡេងប្រឆាំងជាដើម។ លោក ថិត យ៉ូហូ អះអាងថា បើសិនជាលោក ហ៊ុន សែន មិនកែប្រែរបៀបដឹកនាំទេ របបក្រុងភ្នំពេញក៏គេចមិនផុតពីសម្ពាធអន្តរជាតិហ៊ុមព័ទ្ធសេដ្ឋកិច្ចឡើយ៖ «លោក ហ៊ុន សែន ជាមេដឹកនាំអាក្រក់បំផុត។ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន គឺមានតែបង្ក្រាបសំឡេងប្រឆាំង។ យកល្អ លោក ហ៊ុន សែន ត្រូវតែស្ដារស្ថានការណ៍អាក្រក់នេះឡើងវិញ ដោយរៀបចំឲ្យមានការបោះឆ្នោតមួយ ដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌។ លោក ហ៊ុន សែន ត្រូវក្លាហាន ហ៊ានបើកចំហឲ្យពលរដ្ឋខ្មែរទូទៅ មានសិទ្ធិពេញលេញ ក្នុងការជ្រើសរើសមេដឹកនាំ ដែលខ្លួនពេញចិត្ត។ មិនមែនបង្ខំឲ្យគេបោះឆ្នោតឲ្យគាត់ ដូចរបៀបគាត់ធ្វើនោះទេ»។
លើសពីនេះទៀត របបក្រុងភ្នំពេញសហភាពអឺរ៉ុបបានដាក់លក្ខខណ្ឌឲ្យគោរពនូវកិច្ចព្រមព្រៀងលើការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ទើបអឺរ៉ុបនឹងបន្តប្រព័ន្ធអនុគ្រោះពន្ធ EBA និង ការអនុគ្រោះពន្ធទូទៅរបស់អាមេរិក GSP ដែលសព្វថ្ងៃនេះ ទាំងអឺរ៉ុប និងអាមេរិកកំពុងតែពិនិត្យនីតិវិធីព្យួរអនុគ្រោះពន្ធនេះ។
ម្យ៉ាងវិញទៀត ពលរដ្ឋខ្មែរនៅគ្រប់ទិសទី រួមទាំងអ្នកនៅក្រៅប្រទេសផង កំពុងមានចលនាបាតុកម្មងើបប្រឆាំង និងរបបក្រុងភ្នំពេញ ដែលគេចាត់ទុកថា លោក ហ៊ុន សែន ជាមេដឹកនាំផ្ដាច់ការ បក្ខពួក និងគ្រួសារនិយម ការដឹកនាំធ្វើឲ្យមានអំពើយុត្តិធម៌សង្គមជាច្រើន។ ចលនាចង់ឲ្យមានការផ្លាស់ប្ដូរលោក ហ៊ុន សែន ចេញពីតំណែងនេះ ហាក់កាន់តែរីកធំឡើង ទោះបីជាពលរដ្ឋក្នុងប្រទេស ហាក់បីដូចជាភ័យខ្លាចមិនសូវមានចលនាក្ដី ប៉ុន្តែកម្លាំងប្រឆាំងនៅក្រៅប្រទេសមិនថមថយឡើយ ដូចជា កម្លាំងបាតុកម្មប្រឆាំងរបបលោក ហ៊ុន សែន របស់ក្រុមពលករខ្មែរនៅប្រទេសកូរ៉េ នាពេលថ្មីៗ នេះជាដើម។
មកទល់ពេលនេះ គេចាំមើលទៀតថា តើលោក ហ៊ុន សែន នឹងជ្រើសយកការផ្លាស់ប្ដូររបៀបដឹកនាំរបស់ខ្លួន ឬក៏លោកជ្រើសយកគំរូរបស់មេដឹកនាំ សូហាតូ ឬ ម៉ាកូស ឬយ៉ាងណ?៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។