កន្លងទៅថ្មីៗនេះបន្ទាប់ពីអាស៊ានបរាជ័យក្នុងការចេញសេចក្តីថ្លែងការណ៍រួមនៅទីក្រុងវៀងច័ន្ទ ទំនាស់ផលប្រយោជន៍ក្នុងបណ្ដាភាគីជាសមាជិកអាស៊ានកាន់តែលេចរូបរាងច្បាស់ទៅៗ។ ប្រសិទ្ធភាពនៃគោលការណ៍របស់អាស៊ាន ដែលកំណត់ថារាល់ការសម្រេចចិត្តត្រូវធ្វើឡើងជាឯកច្ឆន្ទ កុងសង់ស៊ីស និងការហាមមិនឲ្យលូកដៃចូលការងារផ្ទៃក្នុងប្រទេសដទៃ ដែលគេហៅថា The ASEAN Way ឬវិធានរបស់អាស៊ានត្រូវបានអ្នកសិក្សាយកមកពិចារណាឡើងវិញថា តើអាស៊ានគួរបន្តគោលការណ៍នេះទៀតដែរឬទេ?
The ASEAN Way ប្រែមកថាវិធានរបស់អាស៊ាន ឬក៏ផ្លូវរបស់អាស៊ាន គឺសំដៅទៅគោលការណ៍ដែលរាល់ការសម្រេចចិត្តរបស់សហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ អាស៊ាន ត្រូវផ្អែកទៅលើរឿងពីរ។ ទីមួយ គឺការមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ ទីពីរ តម្រូវឲ្យរាល់ការសម្រេចចិត្តត្រូវធ្វើឡើងជាលក្ខណៈឯកច្ឆន្ទ កុងសង់ស៊ីស ពោលគឺទាល់តែគ្រប់សមាជិកទាំងអស់ឯកភាពគ្នា ទើបអាចធ្វើការសម្រេចចិត្តបាន។
គេឃើញថា គោលការណ៍នេះបានដើរតួយ៉ាងសំខាន់ក្នុងការបញ្ឈប់ និងបញ្ចៀសនូវជម្លោះក្នុងតំបន់ ព្រោះវាជំរុញឲ្យមានដំណោះស្រាយតាមរយៈវប្បធម៌សន្ទនា និងចរចារហូតដល់ភាគីទាំងអស់ពេញចិត្តនឹងលទ្ធផល។ គោលការណ៍នេះ អាស៊ានដែលមានសមាជិកតែ ៥ប្រទេស គឺសិង្ហបុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន បានសម្រេចនូវសមិទ្ធផលគួរឲ្យកត់សម្គាល់មួយចំនួនសម្រាប់កម្ពុជា កន្លងទៅ ដូចជាការជួយតវ៉ាប្រឆាំងនឹងការគ្រប់គ្រងរបស់វៀតណាម ទៅលើកម្ពុជា ក្រោយរបបខ្មែរក្រហម ការជួយរៀបចំឲ្យមានកិច្ចចរចាអន្តរជាតិមួយនៅទីក្រុងញីវយ៉ក ឆ្នាំ១៩៨១ ទាមទារឲ្យមានបទឈប់បាញ់ពីគ្រប់ភាគីនៃជម្លោះ និងឲ្យទាហានបរទេសទាំងនោះដកខ្លួនចេញពីកម្ពុជា។ អាស៊ាន ក៏បានដើរតួយ៉ាងសំខាន់ក្នុងការជួយសម្របសម្រួលឲ្យអង្គការសហប្រជាជាតិ មករៀបចំការបោះឆ្នោតនៅប្រទេសកម្ពុជា នៅឆ្នាំ១៩៩៣ ហើយនិងទទួលកម្ពុជា ចូលជាសមាជិកក្នុងឆ្នាំ១៩៩៩។
ទោះបីជាអាស៊ាននៅពេលនោះ ថាចេតនារបស់ខ្លួនគឺការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ និងសន្តិភាពក្នុងតំបន់ក៏ដោយ អ្នកសិក្សាមួយចំនួនយល់ថា អាស៊ានមានចេតនាលើសពីនេះ។ នៅក្នុងការសិក្សាមួយរបស់លោក ធីម ហាក់ស្លី (Tim Huxsley) សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ អុកស្វ័ត (Oxford) បានវិភាគថា ចេតនាមួយដែលជំរុញឲ្យប្រទេសដែលមាននិន្នាការសេរីអាមេរិកទាំង ៥ នេះបង្កើតអាស៊ានឡើង គឺដើម្បីប្រឆាំងនឹងការរីកសាយភាយនៃរបបកុម្មុយនីស្តនៅឥណ្ឌូចិន នាទសវត្សរ៍ឆ្នាំ៧០។ ការជួយសម្របសម្រួលរបស់អាស៊ានមកលើកម្ពុជា គឺមិនមែនគ្រាន់តែធ្វើឡើងដោយសារតែវៀតណាម បានរំលោភលើច្បាប់អន្តរជាតិប៉ុណ្ណោះទេ មូលហេតុមួយទៀត គឺអាស៊ានខ្លាចកម្ពុជា ចាប់យករបបផ្ដាច់ការកុម្មុយនីស្ត។ អាស៊ានព្យាយាមច្រានចោលនូវគំនិតនេះជាច្រើនលើកច្រើនសា។
ម៉ាឡេស៊ី ដែលជាប្រទេសស្ថាបនិកអាស៊ានមួយ បាននិយាយនៅពេលនោះថា ភាពជោគជ័យរបស់របបកុម្មុយនីស្តមិនចោទជាបញ្ហាអ្វីដល់អាស៊ានទេ។ ផ្ទុយទៅវិញ អាស៊ាន ព្រមទាំងមានគម្រោងទទួលយកប្រទេសរបបកុម្មុយនីស្តចូលជាសមាជិកទៀតផង។ អាស៊ានព្យាយាមបន្តដកខ្លួនពីការលាបពណ៌ថា ជាស្ថាប័នគាំទ្រនិន្នាការសេរីអាមេរិក ដោយបង្កើតឡើងនូវតំបន់នៃសន្តិភាព សេរីភាព និងអព្យាក្រឹត (Zone of Peace, Freedom and Neutrality) នៅឆ្នាំ១៩៧១។
អាស៊ានទាំង ១០ប្រទេសបានអនុវត្តវិធានរបស់ខ្លួនយ៉ាងរលូនតាំងពីឆ្នាំ១៩៩៩ មក រហូតមកដល់ឆ្នាំ២០១២ ដែលប្រសិទ្ធភាពរបស់វិធានអាស៊ាននេះត្រូវបានអ្នកសិក្សាជាច្រើនយកមកគិតពិចារណាឡើងវិញ។ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៥ នៅទីក្រុងភ្នំពេញ ខែកក្កដា ឆ្នាំ២០១២ អាស៊ានបានបរាជ័យជាលើកដំបូងក្នុងការសម្រេចចិត្តជាឯកច្ឆន្ទ កុងសង់ស៊ីស ដោយសារបញ្ហាសមុទ្រចិនខាងត្បូង។ ៤ឆ្នាំក្រោយមក នៅខែកក្កដា ឆ្នាំ២០១៦ អាស៊ានបានបរាជ័យជាលើកទី២ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដោយសាររឿងសមុទ្រចិនខាងត្បូងដដែល។ កម្ពុជា បានបដិសេធទៅលើការចេញសេចក្តីថ្លែងការណ៍រួមគាំទ្រការសម្រេចចិត្តរបស់តុលាការទីក្រុងឡាអេ។ រដ្ឋាភិបាលកម្ពុជា បានយកអព្យាក្រឹតភាពមកការពារខ្លួន ស្របពេលដែលប្រទេសជាសមាជិកភាគច្រើន ចោទប្រកាន់រដ្ឋាភិបាលកម្ពុជា ថាព្រោះតែផលប្រយោជន៍ សុខចិត្តគាំទ្រចិន ទាំងរំលោភបំពានច្បាប់សមុទ្រ។

អ្នកឆ្លើយឆ្លងឲ្យទីភ្នាក់ងារសារព័ត៌មានជប៉ុន ខ្យូដូ ( Kyodo ) ប្រចាំកម្ពុជា លោក ពុយ គា បន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំនៅទីក្រុងវៀងច័ន្ទ បានសរសេរក្នុងគេហទំព័រហ្វ្រេសញូវ (Fresh News) ថា ស្ថានការណ៍សព្វថ្ងៃរបស់អាស៊ានប្រៀបដូចជា «គេងលើគ្រែតែមួយ ប៉ុន្តែសុបិនពីរខុសគ្នា» ពោលគឺមួយផ្នែកធំទៅរកអាមេរិក និងមួយផ្នែកតូចទៅរកចិន។
ទោះបីជាអាស៊ានមិនបានប្រកាសជាសាធារណៈពីចេតនាប្រឆាំងនឹងរបបកុម្មុយនីស្តក៏ដោយ ក៏មនុស្សគ្រប់គ្នាមិនពិបាកនឹងយល់ថា មូលហេតុអ្វីបានជាគេនាំគ្នាស្តីបន្ទោសឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន?
តាមពិតទៅ ការស្តីបន្ទោសនេះក៏មិនមែនជារឿងថ្មីឡើយ។ កាលពីឆ្នាំ២០១០ ភ្នាក់ងារវីគីលីក (Wikileak) បានលួចចេញផ្សាយឯកសារសន្ទនារវាងលោក លី ក្វាន់យូ (Lee Kuan Yew) ជាមួយមន្ត្រីជាន់ខ្ពស់អាមេរិកនៅឆ្នាំ២០០៧។ នៅក្នុងឯកសារសម្ងាត់នោះ លោក លី ក្វាន់យូ ដែលគេស្គាល់ថាបិតា និងស្ថាបនិករបស់ប្រទេសសិង្ហបុរី និងជាមេដឹកនាំដ៏មានប្រជាប្រិយភាពបំផុតមួយនៅអាស៊ី បាននិយាយថា អាស៊ានមិនគួរទទួលយកកម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា ជាសមាជិកនោះទេ ព្រោះតែប្រទេសដទៃទៀតនៅក្នុងអាស៊ាន សុទ្ធតែមានតម្លៃរួមមួយ គឺការប្រឆាំងទៅនឹងរបបផ្ដាច់ការកុម្មុយនីស្ត ហើយសមាជិកថ្មីទាំងនោះ អាចធ្វើឲ្យគុណតម្លៃរួមអាស៊ាននេះមានភាពល្អក់កខ្វក់។ លោក លី ក្វាន់យូ បានបន្តទៀតថា យ៉ាងណាក៏ដោយ លោកនៅតែមានអារម្មណ៍វិជ្ជមានចំពោះវៀតណាម ព្រោះពួកគេជាមនុស្សឆ្លាត រៀនឆាប់ចេះ ហើយជាពិសេសពួកគេមិនចង់ឃើញឥទ្ធិពលចិន នៅក្នុងតំបន់ ចំណែកឯខ្មែរវិញ មិនទាន់ជាផ្សះពីប្រវត្តិសាស្ត្ររបស់ខ្លួនឡើយ ហើយប្រព័ន្ធនយោបាយ គឺធ្វើសម្របទៅតាមលោក ហ៊ុន សែន ពេក។
ស្រដៀងទៅអ្វីដែលលោក លី ក្វាន់យូ បាននិយាយ ប្រទេសវៀតណាម បានព្យាយាមបង្កើនទំនាក់ទំនងល្អជាមួយអាមេរិក និងប្រទេសសម្ព័ន្ធមិត្តខាងលិច ស្របពេលដែលចិន កំពុងបញ្ជ្រាបឥទ្ធិពលខ្លួនខ្លាំងឡើងៗទៅក្នុងតំបន់។ កាលពីខែឧសភា ឆ្នាំ២០១៦ នេះ លោក អូបាម៉ា (Barack Obama) ប្រធានាធិបតីអាមេរិក បានធ្វើទស្សនកិច្ចទៅប្រទេសវៀតណាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ លោក អូបាម៉ា បានចូលហូបអាហារ និងស្រាបៀនៅហាងតូចមួយតាមចិញ្ចើមថ្នល់ ដើម្បីបង្ហាញពីភាពជិតស្និទ្ធអាមេរិក-វៀតណាម។ លើសពីនេះទៅទៀត កាលពីខែកញ្ញា ឆ្នាំ២០១១ ប្រទេសទាំងពីរនេះបានចុះអនុស្សរណៈយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារសន្តិសុខដែនទឹកទៀតផង។
ឯប្រទេសមីយ៉ាន់ម៉ា វិញកាលពីចុងឆ្នាំ២០១៥ បានសម្រេចនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយ គឺរដ្ឋាភិបាលផ្ដាច់ការយោធាដែលកាន់អំណាចជាង ៥០ឆ្នាំមកហើយនោះ បានចុះចេញពីតំណែងក្រោយពីចាញ់ឆ្នោតបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi)។ ការផ្លាស់ប្ដូរមករបបប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា នេះ ត្រូវបានគេឃើញថាជាបច្ច័យដ៏សំខាន់មួយសម្រាប់ទំនាក់ទំនងប្រទេសនេះ ទៅនឹងបណ្ដាប្រទេសសេរីប្រជាធិបតេយ្យដទៃទៀត។
ចុះចំណែកឯកម្ពុជា វិញ តើយើងកំពុងដើរទៅណាដែរ?
ដើម្បីយល់វិធាន ឬផ្លូវអាស៊ាន ប្រជាជនខ្មែរអាចគ្រាន់តែងាកទៅមើលផ្លូវណាដែលគ្មានប៉ូលិសចាំល្បាតនៅទីក្រុងភ្នំពេញ។ ទោះបីជាផ្លូវចង្អុលឲ្យទិសតែមួយក៏ដោយ ក៏អ្នកដំណើរលើផ្លូវរមែងជិះជែង ឬជ្រួសគ្នា ដោយម្នាក់ៗប្រញាប់ទៅសម្រេចប្រយោជន៍រៀងៗខ្លួន។ ក៏ដូចជាកង្វះប៉ូលិសដែរ អាស៊ានពុំមានស្ថាប័នណាសម្រាប់ដាក់ពិន័យលើអ្នកដែលជិះជ្រួសគេ ឬអនុម័តច្បាប់ឲ្យយកប្រយោជន៍រួមជាធំឡើយ។ វិធានអាស៊ានដែលហាមមិនឲ្យលូកដៃចូលកិច្ចការផ្ទៃក្នុងគ្នា និងសម្រេចចិត្តតាមកុងសង់ស៊ីស បានត្រឹមតែផ្តល់វេទិកាមួយឆ្នាំៗច្រើនជាង ១.០០០លើកសម្រាប់ឲ្យភាគីទាំងអស់ជជែក និងចរចា។
ស្របពេលដែលទំនាស់ផលប្រយោជន៍ក្នុងបណ្ដាភាគីអាស៊ានកាន់តែចេញមកច្បាស់ទៅៗ ប្រសិទ្ធភាពនៃវិធានអាស៊ានត្រូវបានអ្នកសិក្សាលើកយកមកពិចារណាឡើងវិញ។
បណ្ឌិតផ្នែកសិក្សាអាស៊ី-ប៉ាស៊ីហ្វិក លោក ឈាង វណ្ណារិទ្ធិ បានវិភាគថា ភាពខុសគ្នារវាងវប្បធម៌ និងនយោបាយនៅតាមបណ្ដាប្រទេសអាស៊ាន មានន័យថាមិនអាចស្ថាបនាស្ថាប័នប្រហាក់ប្រហែលទៅនឹងគណៈកម្មាធិការសហភាពអឺរ៉ុប ឬក៏តុលាការយុត្តិធម៌នៃសហភាពអឺរ៉ុប ដែលគេមានវប្បធម៌ស្រដៀងគ្នាបានឡើយ។ ការបោះបង់នូវវិធាននេះ នឹងនាំឲ្យមានការបែកបាក់ និងជម្លោះក្នុងតំបន់ អាស៊ានចាំបាច់ត្រូវបន្តប្រើវិធានដដែលនេះ តែលោកសង្ឃឹមថានឹងមានការប្រែប្រួល៖ « វិធានរបស់អាស៊ាននៅតែមានសារសំខាន់ ព្រោះវាមាន ភាពជាក់ស្តែង និងបង្ហាញពីភាពស្មុកស្មាញនៃទំនាក់ទំនងការបរទេសនៅក្នុងតំបន់ និងក្នុងបរិបទនៃ ការប្រកួតប្រជែង នៃ មហាអំណាច ក្នុងតំបន់ ប៉ុន្តែវិធាននេះ ត្រូវការ បន្ថែមកត្តា មួយចំនួន ចូល ជាពិសេសគឺ ការប្រើ វិធីសាស្ត្រ Engagement ឲ្យមានប្រសិទ្ធភាពជាងនេះ គឺថា យើងមិន លូកដៃ រឿង ផ្ទៃក្នុង ទេ តែយើងត្រូវ ចរចាស៊ីជម្រៅ បើកចំហ និងត្រង់ ទៅត្រង់មក នៅក្នុង បណ្ដាប្រទេស »។
បញ្ហាមួយនៃវិធានអាស៊ាន គឺការអសមត្ថភាពរបស់វាក្នុងការដោះស្រាយបញ្ហាបន្ទាន់។ អាស៊ីសេរី ធ្លាប់បានលើករឿងនេះឡើងនៅក្នុងអត្ថបទរបស់ខ្លួនដែលចុះផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ដែលចោទសួរថា ហេតុអ្វីបានជាអាស៊ានមិនព្រមធ្វើអ្វីលើរឿងរំលោភសិទ្ធិមនុស្សនៅកម្ពុជា ទោះបីជាអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប បានថ្កោលទោសយ៉ាងណាក៏ដោយ? វិធីសម្រេចចិត្តតាមកុងសង់ស៊ីសរបស់វិធានអាស៊ាន ទាមទារឲ្យមានការចរចាច្រើន ដែលត្រូវការចំណាយពេលយូរ ទោះបីជាបញ្ហានោះមានលក្ខណៈបន្ទាន់យ៉ាងណាក៏ដោយ។ ទីពីរ ទោះបីជាការចរចាបានសម្រេច អាស៊ាននៅតែជួបបញ្ហាមួយទៀត ដោយសារវិធានរបស់ខ្លួន គឺការមិនលូកដៃចូលការងារផ្ទៃក្នុងរបស់ភាគីណាមួយ។ ទោះបីជាសមាជិកអាស៊ានណាមួយមិនគោរពតាមសេចក្តីសម្រេចរួម ក៏សមាជិកដទៃមិនអាចដាក់ទោសពៃរ៍អ្វីបានដែរ ព្រោះវិធានអាស៊ានបានចងខ្លួនឯងមិនឲ្យបង្កើតស្ថាប័នស្រដៀងទៅនឹងគណៈកម្មាធិការសហភាពអឺរ៉ុប (European Commission) ឬក៏តុលាការយុត្តិធម៌នៃសហភាពអឺរ៉ុប (Court of Justice of the European Union) ដែលដើរតួដូចជាប៉ូលិស និងតុលាការឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។